ពលរដ្ឋ​ចង់​ឲ្យ​លោក ហ៊ុន សែន ស្ដារ​ប្រជាធិបតេយ្យ និង​សិទ្ធិ​មនុស្ស​ក្រោយ​ទទួល​បាន​មេដាយ​សន្តិភាព

0:00 / 0:00

ពលរដ្ឋ​មួយ​ចំនួន​ចង់​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ស្ដារ​ប្រជាធិបតេយ្យ និង​គោរព​សិទ្ធិ​មនុស្ស​ឡើង​វិញ ក្រោយ​ពេល​លោក​ទទួល​បាន​មេដាយ​សន្តិភាព​ពី​កិច្ច​ប្រជុំ​កំពូល​សន្តិភាព​ពិភព​លោក​ឆ្នាំ២០២១ (World Summit Peace)។ ចំណែក​អ្នក​ឃ្លាំ​មើល​ហៅ​មេដាយ​នោះ​ថា ជា​មេដាយ​ប្រជាភិថុតិ​បោកប្រាស់​ពលរដ្ឋ។

ការ​ដែល​ពលរដ្ឋ​មួយ​ចំនួន​មិន​បាន​ឲ្យ​តម្លៃ​មេដាយ​សន្តិភាព​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ដែល​ទើប​តែ​ទទួល​បាន​នៅ​ពេល​ថ្មីៗ នេះ ព្រោះ​ពួក​គាត់​បាន​ដឹង​ច្បាស់​ថា លោក ហ៊ុន សែន គឺ​ជា​មេ​ដឹក​នាំ ដែល​បាន​បំផ្លាញ​លទ្ធិ​ប្រជាធិបតេយ្យ និង​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ។

យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​បាត់ដំបង លោក រុន ចន្ធី ថ្លែង​ថា មេដាយ​សន្តិភាព​នេះ មិន​បាន​ឆ្លុះ​បញ្ចាំង​ពី​ស្ថានភាព​កម្ពុជា​ពិត​ប្រាកដ​ទេ ព្រោះ​សង្គម​សព្វ​ថ្ងៃ​នៅ​តែ​ពោរ​ពេញ​ដោយ​អសន្តិសុខ អំពើ​ចោរកម្ម ថ្នាំ​ញៀន និង​ពលរដ្ឋ​រង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ពី​ក្រុម​អ្នក​មាន​អំណាច​ជាដើម។ លោក​ជឿ​ថា ពលរដ្ឋ​មិន​ត្រេកអរ​នឹង​មេដាយ​បែប​ប្រជាភិថុតិ​នេះ​ទេ៖ « ដូច​សព្វ​ថ្ងៃ​ហ្នឹង​គេ​មិន​ហៅ​ថា​ប្រទេស​សន្តិភាព​ ហើយ​មាន​លទ្ធិ​ប្រជាធិបតេយ្យ​មាន​នីតិរដ្ឋ​ពិត​ប្រាកដ​ទេ​គ្មាន​ទេ។ អ៊ីចឹង​សូម​លោក ហ៊ុន សែន ហ្នឹង​សូម​ឲ្យ​អនុវត្ត​នូវ​អ្វី​ដែល​គាត់​បាន​ទទួល​នេះ។ មេដាយ​មាស​ហ្នឹង សុំ​ឲ្យ​ធ្វើ​ខ្លួន​ឲ្យ​បាន​ជា​អ្នក​នូវ​រក្សា​សន្តិភាព​ពិត​ប្រាកដ»

កាល​ពី​ថ្ងៃ​ទី១២ ខែ​កញ្ញា ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បង្ហោះ​ក្នុង​ហ្វេសប៊ុក (facebook) ថា លោក​ទទួល​បាន​មេដាយ​សន្តិភាព​មួយ តាម​រយៈ​ការ​ធ្វើ​ជា​សហ​ប្រធាន​កិច្ចប្រជុំ​កំពូល​សន្តិភាព​ពិភព​លោក ២០២១ (World Summit Peace) ពី​មហា​សន្និបាត​នៃ​ក្ដី​សង្ឃឹម​លើក​ទី៧ ក្រោម​ប្រធាន​បទ​ស្ដីពី​សន្តិភាព​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក។

មេដឹកនាំ​របប​ឯក​បក្ស​រូប​នេះ​អះអាង​ទៀត​ថា លោក​ជា​ស្ថាបនិក​សន្តិភាព​នៅ​កម្ពុជា និង​ជា​មេ​ដឹក​នាំ​គំរូ​ដ៏​អស្ចារ្យ​ក្នុង​តំបន់​អាស៊ី។ បន្ថែម​ពី​នេះ​លោក​ក៏​បាន​ផ្ដាំ​ឲ្យ​មេដឹកនាំ​លើ​ពិភព​លោក យក​គំរូ​តាម​លោក​ទៀត​ផង។ ក្រៅពី​មេដាយ​មាស​នេះ លោក​ ហ៊ុន សែន ក៏​ទទួល​បាន​រង្វាន់​លុយ​មួយ​លាន (១លាន) ដុល្លារ​ផង​ដែរ ហើយ​លោក​អះអាង​ថា នឹង​ប្រើ​ថវិកា​នេះ​សម្រាប់​ធ្វើ​ផ្ទះ​ជូន​អតីត​យុទ្ធជន។

ភ្លាមៗ ក្រោយ​ពី​លោក ហ៊ុន សែន បង្ហោះ​សារ​ទទួល​មេដាយ​នេះ មាន​មន្ត្រី​ដឹក​នាំ​ស្ថាប័ន​ជាតិ​ក្រោម​ឱវាទ​របស់​លោក​ជា​ច្រើន​ បាន​នាំ​គ្នា​ផ្ញើ​សារ​អបអរ​សាទរ ដើម្បី​យក​ចិត្ត លោក ហ៊ុន សែន គ្រប់ៗ គ្នា។ ស្ថាប័ន​ព្រះ​មហាក្សត្រ និង​ស្ថាប័ន​តុលាការ រួម​មាន​អយ្យការ​អម និង​សាលា​ឧទ្ធរណ៍​ខេត្ត​ត្បូងឃ្មុំ​ ជាដើម ក៏​បាន​ផ្ញើ​សារ​លិខិត​លើក​សរសើរ​ពី​លោក ហ៊ុន សែន ដែរ។

ទោះ​ជា​យ៉ាង​ណា អ្នក​ធ្លាប់​រង​គ្រោះ​ពី​អំពី​ហិង្សា​របស់​អាជ្ញាធរ មិន​ឲ្យ​តម្លៃ​មេដាយ​នេះ​ទេ។ តំណាង​ក្រុម​ស្ត្រី​តវ៉ា​ថ្ងៃ​សុក្រ លោកស្រី សេង ចាន់ថន អំពាវនាវ​ឲ្យ​លោក ហ៊ុន សែន ណែនាំ​មន្ត្រី​ក្រោម​ឱវាទ​ឲ្យ​ឈប់​ប្រើ​ហិង្សា​លើ​ស្ត្រី និង​គួរ​តែ​ដោះលែង​អ្នក​នយោបាយ​ឲ្យ​មាន​សេរីភាព ទើប​សាក​សម​នឹង​មេដាយ​សន្តិភាព​នេះ៖ « កូន​ចៅ​គាត់​ហ្នឹង ធ្វើ​ទុក្ខ​បុក​ម្នេញ​ដល់​ប្រជាពលរដ្ឋ​ហ្នឹង​ម្ដេច​ខ្លះ សូម​ឲ្យ​គាត់​ហ្នឹង​បើក​ភ្នែក បើក​ព្រះនេត្រ​មើល​ផង។ កុំ​ឲ្យ​បាន​មេដាយ​មក​ហើយ​សម្ងំ​ឈឹង​នៅ​ស្ងៀម​អ៊ីចឹង»

ចំណែក​ពលករ​ធ្វើ​ការ​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង លោក ម៉ាត់ វណ្ណនី ក៏​ចង់​ឲ្យ​របប​លោក ហ៊ុន សែន បញ្ឈប់​ការ​ប្រើ​ហិង្សា ឬ​ការ​ចាប់​ចង​ពលរដ្ឋ និង​គួរ​តែ​ស្ដារ​ប្រជាធិបតេយ្យ​វិញ​ដែរ ក្រោយ​ពេល​លោក​បាន​ទទួល​មេដាយ​សន្តិភាព​នេះ។ ពលករ​រូប​នេះ សង្កេត​ឃើញ​ថា មេដាយ​របស់​លោក ហ៊ុន សែន ជា​មេដាយ​ទទួល​បាន​ពី​អង្គការ​ដែរ​គ្មាន​ប្រភព​ច្បាស់​លាស់ ខណៈ​ដែល​សហគមន៍​អន្តរជាតិ​នៅ​តែ​បន្ត​ថ្កោល​ទោស លោក ហ៊ុន សែន អំពី​ការ​បំផ្លាញ​លទ្ធិ​ប្រជាធិបតេយ្យ និង​រំលោភ​សិទ្ធិ​មនុស្ស៖ « មែនទែន​អង្គការ​ដែល​គាត់​ផ្ដល់​ពាន​រង្វាន់​ឲ្យ​ហ្នឹង វា​មិន​មែន​ជា​អង្គការ​ដែល​គេ​ទទួល​ស្គាល់​ដោយ​ពិភព​លោក ហើយ​មិន​មែន​ជា​អង្គការ​ដែល​ល្បីល្បាញ​អ្វី​នោះ​ទេ។ អ៊ីចឹង​រឿង​ទាំង​អស់​ហ្នឹង លោក​នាយក​រដ្ឋមន្ត្រី គាត់​អាច​ជា​ការ​សម្ដែង ឬ​ក៏​ធ្វើ​យ៉ាង​ណា​ជា​ការ​ទាក់ទាញ​ចំណាប់​អារម្មណ៍​ទៅ​កាន់​អន្តរជាតិ ក៏​ដូចជា​ប្រជាជន​ខ្លួន​ឯង ដើម្បី​យក​ប្រជាប្រិយ​ភាព​ខ្លួន​ឯង»

ជុំវិញ​ករណី​នេះ វិទ្យុ​អាស៊ី​សេរី​មិន​អាច​សុំ​ការ​បញ្ជាក់​ពី​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន និង​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បាន​ទេ នៅ​ថ្ងៃ​ទី១៤ កញ្ញា។ ប៉ុន្តែ​ក្រុម​អ្នក​ឃ្លាំមើល​នៅ​ក្រៅ​ប្រទេស ហៅ​មេដាយ​នោះ​ថា ជា​មេដាយ​ប្រជាភិថុតិ។

ប្រធាន​ក្រុម​ប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត យល់​ថា បញ្ហា​នៃ​រឿង​នេះ​ត្រង់​ថា លោក ហ៊ុន សែន បាន​លាក់​បាំង​ប្រភព​ដែល​ប្រគល់​មេដាយ​នោះ។ លោក ម៉ែន ណាត ជឿជាក់​ថា​មាន​តែ​ក្រុម​ប្រទេស​កុម្មុយនិស្ត​ប៉ុណ្ណោះ​ ដែល​ប្រគល់​មេដាយ​​សន្តិភាព​ជូន​ លោក ហ៊ុន សែន។ តែ​ទោះ​ជា​យ៉ាង​ណា លោក​លើក​ទឹក​ចិត្ត​ឲ្យ​របប​ក្រុង​ភ្នំពេញ ស្ដារ​ប្រជាធិបតេយ្យ និង​គោរព​សិទ្ធិ​មនុស្ស​ឡើងវិញ ទើប​ទទួល​បាន​ការ​កោត​សរសើរ​ពិត​ប្រាកដ​ពី​ពលរដ្ឋ៖ « សរុប​សេចក្ដី​មក​ មេដាយ​ហ្នឹង​មេដាយ​ប្រជាភិថុតិ ហើយ​មិន​អាច​ទាញ​ប្រជាប្រិយភាព​អ្វី​ពី​ប្រជាពលរដ្ឋ​ទេ។ បើ​សិន​ជា​ប្រជា​ពលរដ្ឋ​មាន​ឱកាស​សម្ដែង​មតិ ប្រជា​ពលរដ្ឋ​មាន​ឱកាស​សម្ដែង​សុឆន្ទៈ ឬ​មាន​ការ​បោះ​ឆ្នោត​ ឬ​មាន​ការ​ជួប​ប្រជុំ​អ្វី ឬ​ក៏​បើក​ចំហ​ឲ្យ​មាន​ការ​តិះ​ទៀន​ហ្នឹង មុខ​ជា​លោក ហ៊ុន សែន ហ្នឹង​ស្ពឹក​មុខ​ហើយ»

លោក ហ៊ុន សែន ធ្លាប់​ទទួល​បាន​សញ្ញាប័ត្រ​បណ្ឌិត​កិត្តិយស ប័ណ្ណ​សរសើរ ឬ​មេដាយ​មាស​ជា​អ្នក​ដឹកនាំ​ល្អ​ពី​ក្រុម​អង្គការ និង​ប្រទេស​កុម្មុយនិស្ត​ច្រើន​មក​ហើយ។ ប៉ុន្តែ​ពី​ខាង​លោក​សេរី​ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ រួម​ទាំង​ឧត្ដម​ស្នងការ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស​វិញ ភាគច្រើន​ពួកគេ​ចេញ​ផ្សាយ​របាយការណ៍​រំលោភ​សិទ្ធិ​មនុស្ស ការ​សម្លាប់​មនុស្ស​ក្រៅ​ច្បាប់ អំពើ​ទារុណកម្ម ការ​ចាប់​ឃុំ​ខ្លួន​តាម​អំពើ​ចិត្ត ការ​បំបិទ​សិទ្ធិ​ពលរដ្ឋ ជា​ជាង​ការ​សរសើរ​ការ​ដឹកនាំ​ល្អ​របស់​ លោក ហ៊ុន សែន។ ពួក​គេ​ក៏​ទាមទារ​ឲ្យ​រដ្ឋាភិបាល​បញ្ឈប់​អំពើ​រំលោភ​សិទ្ធិ​មនុស្ស​ទាំង​អស់​នេះ​ដែរ៕



កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។