ពលរដ្ឋមួយចំនួន នឹងមិនទៅបោះឆ្នោត ដោយសារគ្មានគណបក្ស ដែលខ្លួនគាំទ្រ
2023.06.05

ក្រុមប្រជាពលរដ្ឋមួយចំនួនអះអាងថា ពួកគេនឹងមិនទៅចូលរួមបោះឆ្នោតនៅខែកក្ដដា ខាងមុខនេះទេ ដោយសារតែពុំមានគណបក្សដែលពួកគាត់ស្រលាញ់។ ទោះជាយ៉ាងណា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់ថា គ.ជ.ប លើកឡើងថា អត្រាប្រជាពលរដ្ឋមិនទៅចូលរួមបោះឆ្នោតទាំងនេះ នឹងមិនធ្វើឱ្យប៉ះពាល់ដល់ប្រក្រតីភាពនៃការបោះឆ្នោតនោះឡើយ។ ដោយឡែក មន្ត្រីអង្គការសង្គមស៊ីវិលធ្វើការងារទាក់ទងនឹងការបោះឆ្នោតលើកឡើងថា ការមិនទៅចួលរួមការបោះឆ្នោត គឺជាសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ ដែលអាជ្ញាធរមិនត្រូវរងនូវការគំរាមកំហែងពួកគាត់ដោយប្រការណាមួយឡើយ។
ក្រុមប្រជាពលរដ្ឋលើកឡើងថា ពួកគេនឹងមិនទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រក្នុងខែកក្កដា ខាងមុខនេះឡើយ ប្រសិនបើគ្មានវត្តមានគណបក្សភ្លើងទៀនចូលរួមប្រកួតប្រជែងការបោះឆ្នោត។
ពលរដ្ឋម្នាក់មានដើមកំណើតក្នុងខេត្តសៀមរាប និងបច្ចុប្បន្នកំពុងធ្វើការនៅប្រទេសថៃ (Thailand) គឺលោក គួរ សាវឿន ប្រាប់វិទ្យុអាស៊ីសេរីថា លោក និងក្រុមការងាររបស់លោក ដែលកំពុងធ្វើការនៅក្រុងបាងកក នឹងមិនទៅចូលរួមការបោះឆ្នោតនោះឡើយ ដោយសារតែគណបក្ស ដែលពួកគាត់គាំទ្រ មិនអាចចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត។ លោកថា ការមិនទៅចូលរួមបោះឆ្នោតនេះ ក៏ជាការបង្ហាញថា ប្រជាពលរដ្ឋមិនគាំទ្រការបោះឆ្នោតក្លែងក្លាយ នឹងបង្កើតសភាឯកបក្សដឹកនាំប្រទេសបន្តទៀតនោះទេ។
លោក គួរ សាវឿន៖ «មិនអាចចូលរួមបានទេ ព្រោះអីអត់មានគណបក្សដែលខ្លួនស្រលាញ់ អ៊ីចឹងខ្ញុំអត់ចូលរួមបោះឆ្នោត។ បងប្អូន មិត្តភក្ដិខ្ញុំនៅប្រទេសថៃទាំងអស់ គឺបើថាមានវត្តមានគណបក្សដែលខ្លួនស្រលាញ់ ខ្ញុំអាចចុះទៅបើបាន បើសិនជាអត់មានគណបក្សដែលខ្លួនស្រលាញ់ គឺខ្ញុំមិនអាចទៅចុះឈ្មោះបោះឆ្នោតឱ្យបានទេ»។
ស្រដៀងគ្នានេះដែរ សកម្មជនគណបក្សភ្លើងទៀន លោក ឈួ ផេង លើកឡើងថា ប្រជាពលរដ្ឋដែលគាំទ្រគណបក្សភ្លើងទៀននៅក្នុងខ័ណ្ឌដង្កោ រាជធានីភ្នំពេញ នឹងមិនទៅបោះឆ្នោតនោះឡើយ ព្រោះមិនមានគណបក្សនយោបាយដែលខ្លួនស្រលាញ់។ លោកបញ្ជាក់ថា គណបក្សភ្លើងទៀនមិនបានបញ្ចុះបញ្ចូលឱ្យអ្នកគាំទ្រ មិនទៅចូលរួមបោះឆ្នោតនោះទេ គឺប្រជាពលរដ្ឋយល់ឃើញដោយខ្លួនឯងថា ការមិនទៅបោះឆ្នោត គឺជាការបញ្ជាក់ថា សិទ្ធិនយោបាយរបស់ពួកគាត់ត្រូវបានរំលោភបំពាន ដោយសារគណបក្ស ដែលពួកគេពេញចិត្ត ត្រូវបានដកចេញមិនឱ្យចូលរួមប្រកួតប្រជែងនយោបាយ។
លោក ឈួ ផេង៖ «គាត់ថាដោយសារតែអត់មានបក្សដែលខ្លួនស្រលាញ់ពេញចិត្ត។ វាមិនសង្ឃឹមថាមានបក្ស មានសេរីពហុបក្សអីទៀតទេ បើទៅអ៊ីចឹងទៅនោះ។ គាត់សង្ឃឹមថាបោះឆ្នោតទៅមានការផ្លាស់ប្ដូរអី អ៊ីចឹង។ អ្នកបោះឆ្នោតគាំទ្រគណបក្សភ្លើងទៀនភាគច្រើន គាត់សង្ឃឹមថាចូលរួមបោះឆ្នោតដើម្បីមានការផ្លាស់ប្ដូរ ឬក៏ដើម្បីឱ្យប្រទេសមានប្រជាធិបតេយ្យ ដល់តែពេលវាឯកបក្សអ៊ីចឹងហើយ បក្ស ១៧ទៀតនោះ មានអ្នកគាំទ្រតិចមែនទែន ស្ទើតែគ្មានអ្នកគាំទ្រ អ៊ីចឹងមានតែគណបក្សប្រជាជនមួយហ្នឹង»។
ក្រោយពីការរំលាយគណបក្សសង្គ្រោះជាតិក្នុងឆ្នាំ២០១៧ ប្រជាពលរដ្ឋដែលបានទៅចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ក្នុងឆ្នាំ២០១៨ បានត្រឹមតែ៨០ភាគរយតែប៉ុណ្ណោះ បើប្រៀបធៀបទៅការបោះឆ្នោតឃុំ សង្កាត់ ឆ្នាំ២០១៧ មានរហូតទៅដល់៩០ភាគរយ។ លើសពីនេះ ដោយសារតែមានការគំរាមកំហែងពីអាជ្ញាធរទៅតាមសហគមន៍ និងសារគំរាមកំហែងពីលោក ហ៊ុន សែន ចំពោះអ្នកដែលមិនទៅចួលរួមបោះឆ្នោតផងនោះ ប្រជាពលរដ្ឋបានបង្ខំចិត្តទៅបោះឆ្នោត ទោះជាយ៉ាងណាការបោះឆ្នោតនៅក្នុងឆ្នាំ២០១៨ មានសន្លឹកឆ្នោតរហូតទៅ ៦សែនសន្លឹក (៦០០.០០០)ជាសន្លឹកឆ្នោតមិនបានការ។
ក្រៅពីគណបក្សប្រជាជនកម្ពុជាដែលទំនងអាចបន្តកាន់កាប់អាសនៈទាំង១២៥កៅអី នៅក្នុងរដ្ឋសភា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ខាងមុខ អ្នកវិភាគនយោបាយលើកឡើងថា គណបក្ស១៧ផ្សេងទៀតដែលចូលរួមប្រកួតការបោះឆ្នោត នឹងមិនទទួលបានការគាំទ្រពីអ្នកទៅបោះឆ្នោតនោះឡើយ។ គណបក្សភ្លើងទៀន ដែលជាគណបក្សនយោបាយតែមួយគត់អាចប្រកួតប្រជែងដណ្ដើមអាសនៈពីគណបក្សកាន់អំណាច ត្រូវបានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប ដែលនៅក្រោមបញ្ជារបស់លោក ហ៊ុន សែន បដិសេធមិនអនុញ្ញាតឱ្យចូលរួមប្រកួតប្រជែងការបោះឆ្នោត ដោយលើកហេតុផលថា គណបក្សនេះមិនមានឯកសារគ្រប់គ្រាន់ កាលពីថ្ងៃទី១៥ ខែឧសភា។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ដើម្បីបកស្រាយជុំវិញរឿងនេះបានទេនៅថ្ងៃទី៥ ខែមិថុនា ដោយទូរស័ព្ទចូល ក៏ប៉ុន្តែគ្មានអ្នកទទួល។
ក៏ប៉ុន្តែអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ហង្ស ពុទ្ធា ប្រាប់វិទ្យុអាស៊ីសេរីថា អត្រាប្រជាពលរដ្ឋទៅបោះឆ្នោតនៅតែមានអត្រាខ្ពស់ ប្រៀបធៀបជាមួយបណ្ដាប្រទេសជិតខាង និងប្រទេសនានា នៅលើពិភពលោក។ លោកបន្ថែមថា ប្រសិនបើប្រជាពលរដ្ឋមិនទៅចូលរួមបោះឆ្នោតយ៉ាងណាក្ដី ក៏មិនអាចធ្វើឱ្យប៉ះពាល់ភាពត្រឹមត្រូវនៃការបោះឆ្នោតនោះឡើយ។
លោក សុខ ឥសាន៖ «ដើម្បីពង្រឹងប្រជាធិបតេយ្យ និងការអនុវត្តសិទ្ធិមនុស្សឱ្យបានពេញលេញ ពលរដ្ឋមានតួនាទីចេញទៅបោះឆ្នោត ដើម្បីបញ្ចេញមតិរបស់ខ្លួនតាមរយៈសន្លឹកឆ្នោត អ៊ីចឹងការអាក់ខានមិនបានទៅបោះឆ្នោត គឺជាការផ្ដាច់សិទ្ធិខ្លួនឯង បោះបង់សិទ្ធិខ្លួនឯង នោះមិនមែនជាគំរូ តាមបែបប្រជាពលរដ្ឋនៃសង្គមប្រជាធិបតេយ្យនោះទេ ផ្ទុយទៅវិញការចេញទៅបោះឆ្នោត គឺជាការសម្ដែងមតិតាមរយៈសន្លឹកឆ្នោតនេះហើយ អ៊ីចឹងសូមអំពាវនាវឱ្យប្រជាពលរដ្ឋបងប្អូនដែលមានក្នុងបញ្ជី ចេញទៅបោះឆ្នោតឱ្យបានគ្រប់ៗ គ្នា»។
ផ្ទុយនឹងការលើកឡើងនេះ អ្នកគាំទ្រគណបក្សភ្លើងទៀនលើកឡើងថា អ្នកដែលមិនលើកស្ទួយលទ្ធិប្រជាធិបតេយ្យ គឺគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ទៅវិញទេ ដែលមិនអនុញ្ញាតគណបក្សភ្លើងទៀន ដែលជាគណបក្សដែលមានលទ្ធភាពប្រកួតប្រជែងជាមួយគណបក្សកាន់អំណាចតែមួយគត់ឱ្យចូលរួមបោះឆ្នោត។
ជុំវិញរឿងនេះ អ្នកសម្របសម្រួលផ្នែកអង្កេតរបស់អង្គការឃ្លាំមើលការបោះឆ្នោត ខុមហ្វ្រេល (COMFREL) លោក កន សាវាង្ស ថ្លែងថា ការសម្រេចមិនទៅចូលរួមការបោះឆ្នោត គឺជាសិទ្ធិរបស់ប្រជាពលរដ្ឋម្ចាស់ឆ្នោត។ លោកបន្ថែមថា អ្នកមិនទៅចូលរួមការបោះឆ្នោតមិនត្រូវរងការគំរាមកំហែងអ្វីឡើយ ព្រោះប្រជាពលរដ្ឋដែលបានគាំទ្រគណបក្សភ្លើងទៀនជិត ២លាន កាលពីការបោះឆ្នោតឃុំ សង្កាត់ឆ្នាំ២០២២ អាចនឹងមិនពេញចិត្តចំពោះការបោះឆ្នោត ដែលគ្មានវត្តមានបក្សដែលខ្លួនស្រលាញ់ ហើយធ្វើពហិការមិនទៅចូលរួមបោះឆ្នោត។
លោក កន សាវាង្ស៖ «តំណាងរបស់ប្រជាពលរដ្ឋ កាលណាបើមានចម្រុះគណបក្សនយោបាយនៅក្នុងសភា វាធ្វើឱ្យតំណាងរាស្ត្រមានការប្រកួតប្រជែង នៅក្នុងការដោះស្រាយបញ្ហា ឬក៏វាធ្វើឱ្យការជជែកគ្នា ការពាំនាំនូវមតិ ដែលមិនស្របហ្នឹងអាចជួយឱ្យមានការលើកមួយចំនួន ការខ្វះខាត ឬក៏បញ្ហាមួយចំនួនរបស់ប្រជាពលរដ្ឋទៅដាក់នៅក្នុងសភាផងដែរ ប៉ុន្តែវាពិបាកណាស់ដែលធ្វើឱ្យប្រជាពលរដ្ឋដែលលោកធ្លាប់ពេញចិត្តគណបក្សនយោបាយ ១,៦លាននាក់ ក្នុងការសម្រេចចិត្តជ្រើសរើសគណបក្សណាមួយថ្មី ក្រៅពីខ្លួនធ្លាប់បោះឆ្នោតឆ្នាំ២០២២ អ៊ីចឹងរឿងសំខាន់គឺការសម្រេចចិត្តរបស់គាត់ទេ»។
គណបក្សកាន់អំណាច កាលពីការបោះឆ្នោតឆ្នាំ២០១៨ បានធ្វើការបំភិតបំភ័យប្រជាពលរដ្ឋគ្រប់រូបភាព ឱ្យពលរដ្ឋទៅបោះឆ្នោត។ ការបំភិតបំភ័យទាំងនេះរួមមាន ប្រសិនបើមន្ត្រីរាជការមិនទៅបោះឆ្នោតនឹងត្រូវកាត់ឈ្មោះចេញពីក្របខ័ណ្ឌរដ្ឋ ហើយចំពោះពលរដ្ឋមិនទៅបោះឆ្នោត អាចនឹងត្រូវមានការរើសអើងក្នុងការទទួលបានសេវាសាធារណៈជាដើម។ មន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំងធ្លាប់បានលើកឡើងថា បើទោះជាទៅបោះឆ្នោត ក៏ប៉ុន្តែមន្ត្រីរាជការ ឬប្រជាពលរដ្ឋដែលរងសម្ពាធពីកន្លែងធ្វើការ នៅតែអាចសម្ដែងការមិនពេញចិត្តចំពោះការបោះឆ្នោតបង្គ្រប់កិច្ច ក្នុងខែកក្កដាខាងមុខនេះ តាមរយៈការទៅបោះឆ្នោត ប៉ុន្តែគូសឱ្យសន្លឹកឆ្នោតឱ្យខូចជាដើម៕