គណបក្ស​នយោបាយ​មួយ​ចំនួន​ស្នើ​ឱ្យ​គ.ជ.ប​រក្សាទុក​កំណត់ហេតុ​រាប់​សន្លឹកឆ្នោត​ទម្រង់​១១០២

0:00 / 0:00

គណបក្ស​នយោបាយ​ចំនួន​៣ ដែល​ជំទាស់​នឹង​ការ​កែប្រែ​កំណត់ហេតុ​រាប់​សន្លឹកឆ្នោត ឬ​ហៅថា​ទម្រង់​១១០២ ស្នើ​ឱ្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (គ.ជ.ប) រក្សាទុក​ទម្រង់ និង​នីតិវិធី​នេះ​ឲ្យ​នៅ​ដដែល។ សង្គម​ស៊ីវិល​យល់​ថា នីតិវិធី​របស់​គ.ជ.ប ដែល​បាន​កែ​លម្អ​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ កាល​មុន​ឆ្នាំ​២០១៧ មាន​លក្ខណៈ​ល្អ​ស្រាប់​ហើយ។ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន គណបក្ស​កម្ពុជា​និយម និង​គណបក្ស​កែទម្រង់​កម្ពុជា នៅតែ​ទាមទារ​ឲ្យ គជប រក្សាទុក និង​ចែក​កំណត់ហេតុ​រាប់​សន្លឹកឆ្នោត (​ទម្រង់ 1102) ឲ្យ​នៅ​ដដែល សម្រាប់​ដំណើរការ​នៃ​ការរៀបចំ​បោះឆ្នោត​ក្រុមប្រឹក្សា ឃុំ​សង្កាត់​ឆ្នាំ ២០២២។

អ្នកនាំពាក្យ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន លោក ឡឹក សុធារ ឲ្យ​ដឹង ថា គណបក្ស​ទាំង​៣ បាន ដាក់​សំណើ​ឲ្យ​គ.ជ.ប លុបចោល​គម្រោង​កែប្រែ​២​ចំណុច គឺ​ការ​លុប​ព័ត៌មាន​លទ្ធផល​រាប់​សន្លឹកឆ្នោត​បឋម និង​ការ​បិទ​ផ្សាយ​កំណត់ហេតុ​រាប់​សន្លឹកឆ្នោត ក្នុង​ទម្រង់​១១០២ ឲ្យ​នៅ​តាម​ការិយាល័យ​បោះឆ្នោត​ដដែល។ លោក​បន្ត​ថា ព័ត៌មាន​បឋម​ក្នុង​ទម្រង់​១១០២ មាន​សារសំខាន់​ណាស់ សម្រាប់​គណបក្ស​នយោបាយ​នីមួយៗ ដើម្បី​យក​មក​ធ្វើការ​ផ្ទៀងផ្ទាត់​លទ្ធផល​ឆ្នោត។

លោក ឲ្យ​ដឹង​ទៀត​ថា ក្នុង​ជំនួប​កាលពី​ថ្ងៃទី​១៤ មករា មន្ត្រី​បច្ចេកទេស​របស់​គ.ជ.ប បាន​សន្យា​ថា នឹង​យក​សំណើ​របស់​គណបក្សនយោបាយ​ទាំង​៣ ដាក់​ជូន​ថ្នាក់ដឹកនាំ​គ.ជ.ប ដើម្បី​ពិចារណា៖ «យើង​នៅតែ​រក្សា​ជំហរ​ដដែល។ ជំហរ​របស់​យើង ដោយសារតែ​ទម្រង់​១១០២​ក្ដី ទាំង​ការ​បិទ​ផ្សាយ​នូវ​ការ​ចែក​ជូន​លទ្ធផល​បោះ​ឆ្នោត​នេះ គឺ​វា​មាន​សារសំខាន់​ណាស់​សម្រាប់​គណបក្ស​នយោបាយ​ដែល​នឹង​ធ្វើ​ការ​ជជែក​គ្នា ឬក៏​តវ៉ា​នៅពេល​ណាមួយ​ដែល​រក​ឃើញ​ថា លទ្ធផល​ហ្នឹង​មិន​ប្រក្រតី ឬក៏​មិន​ច្បាស់លាស់​អ្វី​ជាដើម»។

គណបក្ស​នយោបាយ​ទាំង​៣ បាន​ដាក់​សំណើ​កាលពី​ចុងឆ្នាំ​២០២១ ដើម្បី​ស្នើសុំ គ.ជ.ប រក្សាទុក និង​ចែករំលែក ឬ​បិទ​ផ្សាយ​ព័ត៌មាន និង​ទិន្នន័យ​បឋម ក្នុង​ទម្រង់​១១០២ នៅ​តាម​ការិយាល័យ​បោះឆ្នោត​ដដែល​។ សំណើ​នេះ ដោយសារ​គ.ជ.ប មាន​គម្រោង​កែប្រែ​ការ​បិទ​ផ្សាយ​ទម្រង់​១១០២ ដោយ​ប្ដូរ​មក​ជា​ការ​ស្កេន (Scan) រួច​បោះពុម្ព​ចេញ​តាម​កុំព្យូទ័រ ហើយ​ប្រគល់​ឲ្យ​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​តាម​ឃុំ សង្កាត់ ចែក​ជូន​តំណាង​គណបក្ស​នយោបាយ​តាម​ឃុំ​សង្កាត់​

ជុំវិញ​ករណីនេះ វិទ្យុ​អាស៊ីសេរី​មិន​អាច​សុំ​ការ​បញ្ជាក់​ពី​អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត លោក ហង្ស ពុទ្ធា បាន​ទេ នៅ​ថ្ងៃទី​១៥ មករា។ តែ​យ៉ាងណា ក្នុង​ជំនួប​ជាមួយ​គណបក្ស​នយោបាយ​ទាំង​៣ និង​តំណាង​អង្គការ​សង្គម​ស៊ីវិល កាលពី​ថ្ងៃទី​១៤ មករា អគ្គលេខាធិការ​គ.ជ.ប លោក ទេព នីថា បញ្ជាក់​ថា ហេតុផល​ដែល​មាន​ការ​កែប្រែ​លើ​ចំណុច​នេះ ដោយសារ​រាជរដ្ឋាភិបាល​ផ្ដល់​ថវិកា​មួយចំនួន​ឱ្យ​គ.ជ.ប​មានលទ្ធភាព​ទិញ​កុំព្យូទ័រ និង​ម៉ាស៊ីនថតចម្លង​(Scanner) សម្រាប់​ផ្តល់​ជូន​ទៅដល់​គណៈកម្មការ​ឃុំ សង្កាត់ រៀបចំ​ការបោះឆ្នោត។

លោក​អះអាង​ថា ការបោះឆ្នោត​កន្លងមក គណៈកម្មការ​ឃុំ សង្កាត់ ពុំ​មាន​សម្ភារ​ឧបករណ៍​ទាំងអស់​នេះ​ទេ ហើយ​ម្យ៉ាងទៀត​ការប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​នឹង​ជួយ​កាត់បន្ថយ​កំហុសឆ្គង​មួយ​ចំនួន​របស់​មន្ត្រី​ការិយាល័យ​បោះឆ្នោត​។ លោក ទេព នីថា អះអាង​ទៀត​ថា តំណាង​គណបក្ស​នយោបាយ​នៅតែ​ទទួល​បាន​ទម្រង់​១១០២​ដដែល ដោយ​គណៈកម្មការ​ឃុំ សង្កាត់​រៀបចំ​ការបោះឆ្នោត​ថតចម្លង​លទ្ធផល​នៃ​ការ​រាប់​សន្លឹកឆ្នោត​ហើយ​ប្រគល់​ឲ្យ​តំណាង​គណបក្ស​នយោបាយ ដែល​មាន​វត្តមាន​តាម​ឃុំ​សង្កាត់​។ លោក​បញ្ជាក់​ថា សាធារណជន​ក៏​អាច​ចូល​មើល​លទ្ធផល​ទម្រង់​១១០២​នេះ បាន​ដែរ នៅ​លើ​គេហទំព័រ​របស់​គ.ជ.ប។

ទោះជា​យ៉ាងណា អង្គការ​សង្គម​ស៊ីវិល​ឃ្លាំមើល​ការបោះឆ្នោត មិន​ចង់​ឲ្យ​គ.ជ.ប កែប្រែ​នីតិវិធី​ការ​បោះឆ្នោត​ទេ។

អ្នកសម្របសម្រួល និង​អង្កេត​នៃ​អង្គការ​ខុមហ្វ្រែល (Comfrel) លោក កន សាវាង្ស សង្កេត​ឃើញ​ថា នីតិវិធី​បោះឆ្នោត​ទាំងឡាយ​ដែល​បាន​សម្រេច​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ​នា​ពេល​កន្លង​ទៅនោះ ជា​នីតិវិធី​ល្អ​បំផុត៖ «អ៊ីចឹង​ ! សម្រាប់​ខុមហ្វ្រែល​យល់ឃើញ​ថា ការងារ​ដែល​ទាក់ទង​រឿង​ការ​រក្សា​ក្នុង​ការ​ចេញ​១១០២ ក្នុង​ការិយាល័យ​ហ្នឹង គឺ​នៅតែ​ជា​អាទិភាព ហើយ​វា​កាន់តែ​តម្លាភាព​រវាង​គ . . ប ជាមួយ​នឹង​គណបក្ស​នយោបាយ​ថែម​ទៀត»។

គ.ជ.ប​កំពុង​បន្ត​បិទ​ផ្សាយ​បញ្ជី​ឈ្មោះ​បោះឆ្នោត​ដំបូង និង​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត​ដែល​នឹង​ត្រូវ​លុប​ចេញពី​បញ្ជី​បោះឆ្នោត​សម្រាប់​ឆ្នាំ​២០២១​។ គិត​ត្រឹម​ថ្ងៃទី​១៤ មករា ក្រុមប្រឹក្សាឃុំ​សង្កាត់ (​ក​.​ប​.​ឃ​.​ស​) ទទួល​បាន​បណ្ដឹងតវ៉ា​ចំនួន​៣៦ បណ្ដឹង​។ បើ​គ្មាន​អ្វី​ប្រែប្រួល​ទេ ការ​បោះឆ្នោត​ក្រុមប្រឹក្សាឃុំ​សង្កាត់​អាណត្តិ​ទី ៥ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​៥ ខែមិថុនា ខាង​មុខ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។