បក្សនយោបាយមួយចំនួនរិះគន់រដ្ឋាភិបាលដែលណែនាំឱ្យអាជ្ញាធរសម្រួលឯកសារជូនអ្នកគាំទ្រ បក្សកាន់អំណាចដើម្បីបោះឆ្នោតនៅពេលខាងមុខថា ជាការរើសអើងនយោបាយ ខណៈដែលគណបក្សផ្សេងទៀតក្រៅពីបក្សខ្លួនមិនទទួលបានការយកចិត្តទុកដាក់នោះទេ។ សង្គមស៊ីវិលមើលឃើញថា នេះជារឿងដែលមិនត្រឹមត្រូវហើយបង្ហាញពីភាពលំអៀងនៃបក្សនយោបាយ។
អនុប្រធានគណបក្សភ្លើងទៀនលោក ថាច់ សេដ្ឋា បានប្រតិកម្មនឹងប្រធានព្រឹទ្ធសភាលោក សាយ ឈុំ ដែលបានណែនាំទៅអាជ្ញាធរគណបក្សកាន់អំណាចឱ្យសម្រួលធ្វើឯកសារជូនដល់អ្នកគាំទ្រគណបក្សប្រជាជនដើម្បីឱ្យបានទៅចូលរួមបោះឆ្នោតថាជាការរើសអើងនយោបាយដែលមិនមានតម្លាភាព។ លោកបន្តថាការចេញលិខិតណែនាំនេះគួរតែផ្ដើមចេញពី គ.ជ.ប ដែលអព្យាក្រឹតខណៈដែលការចេញលិខិតដោយលោក សាយ ឈុំ ដែលមានតួនាទីជាប្រធានព្រឹទ្ធសភានេះមិនត្រឹមត្រូវ។
លោក ថាច់ សេដ្ឋា បានបន្តថាសម្រាប់បក្សកាន់អំណាចអាចធ្វើអ្វីក៏បានព្រោះមានអំណាចពេញដៃប៉ុន្តែការធ្វើបែបនេះជាការរើសអើងនយោបាយសម្រាប់គណបក្សជំនាស់ផ្សេងទៀតមិនទទួលបានការលើកទឹកចិត្ត៖ « រឿងទាំងអស់ហ្នឹង ដូចយើងដឹងស្រាបហើយ គេចង់ធ្វើអ្វីក៏ធ្វើបានដែលនៅក្នុងគណបក្សកាន់អំណាច ។ សូម្បីតែការបោះឆ្នោតលើកមុនក៏មានបទពិសោធហើយយកពីកន្លែងមួយទៅបោះកន្លែងមួយ ប៉ុន្តែថា នៅក្នុងនោះគឺអ្វីដែលគេធ្វើបែបបទសម្រាប់សម្រួលដល់អ្នកបោះឆ្នោតដែលបាត់អត្តសញ្ញាណប័ណ្ណគឺវាមាននៅក្នុង គ.ជ.ប » ។
ចំណែកប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋានលោក យ៉េង វិរៈ ឱ្យអាស៊ីសេរីដឹងថាការអំពាវនាវនេះមាននិន្នាការនយោបាយលើបក្សអំណាចច្រើនជាង។ លោកបន្តថា ការធ្វើបែបនេះគួរតែចេញពីក្រសួងមហាផ្ទៃឬគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដែលហៅថា គ.ជ.ប ជារឿងប្រសើរជាង។ លោកបានចោទជាសំណួរថាការចេញលិខិតដោយផ្ដោតតែទៅលើអ្នកគាំទ្របក្សកាន់អំណាចចុះអ្នកដែលគាំទ្របក្សផ្សេងមិនទទួលស្វាគមន៍ទេឬ?
លោកបានបន្តថាការចេញពីសំណាកប្រធានព្រឹទ្ធសភានេះគួរតែមានភាពទូលំទូលាយដែលមិនមានការរើសអើងនយោបាយ៖ «យើងគិតថាគួរតែចេញពីអាជ្ញាធរ និងពីសមត្ថកិច្ច ពីក្រសួងមហាផ្ទៃអី ឧទាហរណ៍ ដែលហៅថាអាជ្ញាធរមានសមត្ថកិច្ចតាមមូលដ្ឋានដែលពាក់ព័ន្ធហ្នឹង មិនគួរមានការណែនាំពីគណបក្សចឹងទេ វាមិនទំនង » ។
ប្រតិកម្មរបស់មន្ត្រីគណបក្សនយោបាយនេះធ្វើឡើងក្រោយពេលលោក សាយ ឈុំ ប្រធានព្រឹទ្ធសភានៅថ្ងៃទី២០ ខែមេសា បានចេញលិខិតអំពាវនាវឱ្យអាជ្ញាធរមូលដ្ឋានយកចិត្តទុកដាក់តាមដានត្រួតពិនិត្យសមាជិកដែលគាំទ្រគណបក្សកាន់អំណាចដែលមិនទាន់មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរប្រភេទថ្មីឬដែលហួសសុពលភាព ត្រូវជួយសម្រួលធ្វើជាបន្ទាន់មុនការបោះឆ្នោតនៅថ្ងៃនេះ។
ជុំវិញរឿងនេះមន្ត្រីសម្របសម្រួលផ្នែកអង្កេតរបស់អង្គការឃ្លាំមើលការបោះឆ្នោតហៅកាត់ថា ខុមហ្វ្រែល (COMFREL) លោក កន សាវាង្ស បានលើកឡើងថាការការចេញលិខិតអំពាវនាវដោយយកចិត្តទុកដាក់ពីសំណាកប្រធានព្រឹទ្ធសភាមកលើបក្សកាន់អំណាចតែម្យ៉ាងបែបនេះ មិនមែនជារឿងដែលត្រឹមត្រូវនោះទេ។ លោកបន្តថាការធ្វើបែបនេះខុសឆ្គងនឹងតួនាទីហើយជាសារមួយបង្ហាញពីភាពលំអៀងនៃនយោបាយ៖ «ការលើកឡើងនេះសម្រាប់ខ្ញុំ ខ្ញុំយល់ឃើញថា វាហាក់ថាមានភាពលំអៀងហើយបើសិនជាក្នុងករណីអាជ្ញាធរធ្វើទៅតាមអ្វីដែល ការលើកឡើងរបស់ប្រធានព្រឹទ្ធិសភាដែលកំណត់ឱ្យចេញអត្តសញ្ញាណប័ណ្ណសម្រាប់តែអ្នកគាំទ្រដល់គណបក្សប្រជាជនមែន វាជារឿងមួយដែលមិនត្រឹមត្រូវទេ ហើយជារឿងមួយដែលលំអៀងនៅក្នុងក្រមខណ្ឌខ្លួនជាប្រធានព្រឹទ្ធសភាព » ។
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះដែលមានគណបក្សនយោបាយចំនួន១៧គណបក្សនឹងឈ្មោះឱ្យពលរដ្ឋបោះឆ្នោត។ របាយការណ៍របស់ គ.ជ.ប ការចុះបញ្ជីបេក្ខភាពនៃគណបក្សនយោបាយឈ្នះឈ្មោះសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ បានបញ្ចប់ជាស្ថានពរបន្ទាប់ពីឃុំ-សង្កាត់ទាំង១៦៥២ឃុំ-សង្កាត់នៅទូទាំងប្រទេស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។