សកម្មជនគណបក្សប្រឆាំងមួយចំនួននៅខេត្តបាត់ដំបង ដែលទើបតែត្រូវបានដោះលែងពីគុកពាក់ព័ន្ធរឿងនយោបាយនោះ អះអាងថា ពួកគេនៅតែប្រកាន់ជំហរចង់ឱ្យកម្ពុជាមានប្រជាធិបតេយ្យពេញលេញដដែល។ ពួកគេបញ្ជាក់ថា ការជាប់គុកមួយរយៈពេលខ្លីកន្លងទៅនេះ ជាបទពិសោធន៍មួយបន្ថែមទៀតធ្វើឱ្យស្មារតីស្រលាញ់ជាតិកាន់តែខ្លាំងជាងមុន។
សកម្មជនគណបក្សសង្គ្រោះជាតិដែលទើបចេញពីពន្ធនាគារ លើកឡើងស្រដៀងគ្នាថា ថ្វីត្បិតតែមិនមានសិទ្ធិសេរីភាពពេញលេញក្ដី ក៏ពួកគាត់នៅតែចិញ្ចឹមចិត្តតស៊ូដើម្បីសេរីភាពនិងប្រជាធិបតេយ្យដដែល។
មន្ត្រីគណបក្សសង្គ្រោះជាតិខេត្តបាត់ដំបង លោក ឡី សុខុន ប្រាប់អាស៊ីសេរីនៅរសៀលថ្ងៃទី២០វិច្ឆិកាថា សព្វថ្ងៃលោកមិនមានសិទ្ធិសេរីភាពពេញលេញក្នុងការនិយាយស្ដីដូចប្រជាពលរដ្ឋដទៃឡើយ ពីព្រោះលោកត្រូវទៅបង្ហាញខ្លួននៅប៉ុស្តិ៍ប៉ូលិសជាបន្តបន្ទាប់ទៅមុខទៀត។ លោកបន្តថា ចាប់ពីតុលាការដោះលែងពីពន្ធនាគារមក លោកបានបង្ហាញខ្លួននៅប៉ុស្តិ៍ប៉ូលិសមូលដ្ឋានក្នុងស្រុកឯកភ្នំម្ដងរួចហើយ ព្រោះតុលាការមិនទាន់ទម្លាក់ការចោទប្រកាន់ទាំងស្រុងនៅឡើយទេ។ លោកបញ្ជាក់ថា បើទោះបីជាលោករងការធ្វើទុក្ខបុកម្នេញពីអាជ្ញាធរយ៉ាងនេះក្ដី ក៏លោកនៅតែមានជំហររឹងមាំដើរទៅមុខ ដើម្បីចូលរួមស្ដារប្រជាធិបតេយ្យនៅកម្ពុជា ដោយមិនមានការថយក្រោយឡើយ៖ «បាទ ! ឱ្យខ្ញុំបាក់ស្មារតីគ្មានទេ គ្រាន់តែថា ខ្ញុំមិនមានសិទ្ធិគ្រប់គ្រាន់ដោយសារសព្វថ្ងៃ តុលាការឱ្យខ្ញុំនៅក្រៅឃុំបណ្ដោះអាសន្នប៉ុណ្ណោះទេ។ ក៏ប៉ុន្តែគោលជំហររបស់ខ្ញុំមិនខុសពីអ្នកទោសមនសិការដទៃទេ ល្គឹកណា មិនទាន់មានសេរីភាពមិនមានប្រជាធិបតេយ្យពេញលេញ ខ្ញុំនៅតែធ្វើការដើម្បីសេរីភាព និងដើម្បីប្រជាធិបតេយ្យបន្តទៀត » ។
លោកបន្តថា សកម្មជនគណបក្សប្រឆាំងដែលជាប់ពន្ធនាគារមួយរយៈខ្លីកន្លងទៅនេះ តែងតែជួបពិភាក្សាគ្នារឿងនយោបាយជារៀងរាល់ថ្ងៃ និងបានរួមគ្នាជាធ្លុងមួយ ត្រូវស្មោះស្ម័គ្រនឹងម្ចាស់ឆ្នោតដែលបានបោះឆ្នោតជូនគណបក្សសង្គ្រោះជាតិ កាលពីកន្លងទៅ ដោយមិនមានការងាករេឡើយ។
រីឯសកម្មជនគណបក្សសង្គ្រោះជាតិនៅខេត្តបាត់ដំបង ម្នាក់ លោក ឌឹម សារឿន ថ្លែងថា ការជាប់គុកព្រៃសនៅរាជធានីភ្នំពេញ អស់ជាងមួយខែ មិនបានធ្វើឱ្យលោកតក់ស្លុតហើយឈប់ធ្វើនយោបាយជាមួយថ្នាក់ដឹកនាំគណបក្សប្រឆាំងនោះទេ ផ្ទុយទៅវិញកាន់តែធ្វើឱ្យលោកមានស្មារតីរឹងមាំជាងមុនទ្វារដង ដើម្បីចូលរួមស្ដារប្រជាធិបតេយ្យនៅកម្ពុជា។ លោកបញ្ជាក់ថា ក្រោយចេញពីពន្ធនាគារមិនបានប៉ុន្មានថ្ងៃផង មានអ្នកគាំទ្រគណបក្សសង្គ្រោះជាតិជាច្រើននាក់មកសួរសុខទុក្ខ និងផ្ដល់កម្លាំងចិត្តដល់លោកបន្តជីវភាពនយោបាយទៅមុខទៀត៖ «ការធ្វើទុក្ខបុកម្នេញមិនមែនតែលើកនេះទេ គឺច្រើនលើកច្រើនសារហើយ អីចឹងខ្ញុំមានបទពិសោធន៍ ហើយខ្ញុំនៅតែតាំងចិត្តធ្វើនយោបាយដដែល ប៉ុន្តែគ្រាន់តែថាធ្វើម៉េចឱ្យស្របទៅរដ្ឋធម្មនុញ្ញ។ ដោយសារខ្ញុំចង់ចូលរួមអភិវឌ្ឍន៍ប្រទេស ព្រោះប្រជាពលរដ្ឋមិនទាន់បានហូបចុកនិងសិទ្ធិសេរីភាពពេញលេញ ហើយស្រូវអង្ករពោត សណ្ដែកចុះថោក អីចឹងខ្ញុំទៅខ្ញុំចង់ធ្វើយ៉ាងណាឱ្យប្រទេសរីកចំរើនជាងពេលបច្ចុប្បន្ន » ។
មេដឹកនាំរបបក្រុងភ្នំពេញ លោក ហ៊ុន សែន បានបញ្ជាឱ្យក្រសួងយុត្តិធម៌ដោះលែងអ្នកទោសនយោបាយទាំងឡាយដែលពាក់ព័ន្ធនឹងគម្រោងធ្វើមាតុភូមិនិវត្តន៍របស់ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី កាលពីថ្ងៃទី៩ វិច្ឆិកាកន្លងទៅ។ ក្រោយពីការប្រកាសរបស់លោកហ៊ុន សែន មិនបានប៉ុន្មានម៉ោងផង តុលាការបានដោះលែងមនុស្សជាច្រើននាក់ចេញពីពន្ធនាគារជាបន្តបន្ទាប់ ប៉ុន្តែប៉ុន្មានថ្ងៃក្រោយមកលោក ហ៊ុន សែន បានព្រមានចាប់អ្នកទាំងនោះដាក់គុកវិញប្រសិនបើពួកគេនិយាយថា ការដោះលែងនេះដោយសារមានសម្ពាធពីសហភាពអឺរ៉ុប។ លោក ហ៊ុន សែន បញ្ជាក់ថា ការដោះលែងនេះ ជាសកម្មភាពមនុស្សធម៌របស់លោក ដោយសារលោកយល់ថា សកម្មជនបក្សប្រឆាំងបានចាញ់បោកការអំពាវនាវរបស់ លោក សម រង្ស៊ី។
អ្នកវិភាគនយោបាយ លោក បណ្ឌិត ឡៅ ម៉ុងហៃ មានប្រសាសន៍ថា ការដោះលែងសកម្មជនគណបក្សប្រឆាំងកន្លងទៅនេះ មិនមែនជាការដោះលែងដោយសារការអាណិតស្រលាញ់របស់លោក ហ៊ុន សែន នោះទេ គឺដោយសារតែសម្ពាធពីសហគមន៍អន្តរជាតិ ជាពិសេសបន្ទាប់មន្ត្រីស្ថានទូតប្រទេសប្រជាធិបតេយ្យលោកខាងលិច បានចូលសួរសុខទុក្ខប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ដល់ផ្ទះជាបន្តបន្ទាប់៖ «បើស្មោះសណាស់ដោះលែងលោក កឹម សុខា ឱ្យមានសេរីភាពវិញទៅអត់មានលក្ខខណ្ឌអី ដែលមិនឱ្យធ្វើសកម្មភាពនយោបាយ ហើយក៏ដូចជាសកម្មជនចាំទទួលលោកសម រង្ស៊ី ជិត ១០០នាក់ ដែលត្រូវចាប់ខ្លួនសូមឱ្យលើកលែងការចោទប្រកាន់ទាំងអស់ទៅ។ ប៉ុន្តែលោក ហ៊ុន សែន គាត់មិនធ្វើបែបនេះ ហើយគាត់ទុកចងកុំឱ្យពួកគេធ្វើសកម្មភាពអីនាំឱ្យប៉ះពាល់ដល់គោលនយោបាយរបស់គាត់បាទ !» ។
កន្លងមកមន្ត្រីអង្គការសង្គមស៊ីវិល បានលើកឡើងថា ការឃុំខ្លួនសកម្មជនគណបក្សប្រឆាំងជាបន្តបន្ទាប់មកនោះ គឺពុំមែនជាការអនុវត្តច្បាប់របស់សមត្ថកិច្ចនោះឡើយ ពីព្រោះជារឿងនយោបាយ ដោយសារពួកគេគាំទ្រគណបក្សប្រឆាំង បានសម្ដែងមតិគាំទ្រការធ្វើមាតុភូមិនិវត្តន៍របស់ថ្នាក់ដឹកនាំ គណបក្សសង្គ្រោះជាតិ។
នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ (LICADHO) លោក អំ សំអាត យល់ថា ការចាប់ចងមនុស្សនេះជាយុទ្ធសាស្ត្ររបស់រដ្ឋាភិបាល ដើម្បីទប់ស្កាត់ដល់អ្នកគាំទ្រគណបក្សនេះមិនឱ្យទៅចូលរួមអមដំណើរលោក សម រង្ស៊ី វិលចូលស្រុកវិញ។
សកម្មជនគណបក្សសង្រ្គោះជាតិអះអាងថា នៅពេលណាមានសេរីភាពដូចដើមនោះ ពួកគាត់នឹងធ្វើសកម្មភាពនយោបាយជាមួយថ្នាក់ដឹកនាំគណបក្សនេះភ្លាមៗ តែម្ដង ដើម្បីឱ្យប្រទេសមានប្រជាធិបតេយ្យពេញលេញដូចប្រទេសជឿនលឿនលោកខាងលិច៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។