កម្មកររោងចក្រមួយចំនួនសម្ដែងការខកចិត្តបន្ទាប់ពីលទ្ធផលការបោះឆ្នោតមិនបានដូចបំណង ដែលពួកគាត់រំពឹងទុក។ ទោះជាយ៉ាងណា កម្មករទាំងនោះ ជំរុញឲ្យគណបក្សនយោបាយ ដែលជាប់ឆ្នោតត្រូវយកចិត្តទុកដាក់បម្រើពលរដ្ឋម្ចាស់ឆ្នោតឱ្យបានល្អគ្រប់និន្នាការគណបក្សនយោបាយ។
កម្មករ និងពលរដ្ឋមួយចំនួនលើកឡើងថា ការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់កាលពីថ្ងៃទី៥ ខែមិថុនា មិនទាន់មានភាពសេរី ត្រឹមត្រូវ និង យុត្តិធម៌នៅឡើយទេ។
កម្មការិនីរោងចក្រកាត់ដេរ ជា ស៊ី ណាត នៅរាជធានីភ្នំពេញ លោកស្រី គឹម ច័ន្ទណារ៉ា អាយុ ៤៩ឆ្នាំ រស់នៅស្រុកកៀនស្វាយ ខេត្តកណ្ដាល ធ្វើការផ្នែកកាត់ដេរខោខូវប៊យ ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី៦ ខែមិថុនាថា ប្រជាពលរដ្ឋម្នាក់ៗ សុទ្ធតែរំពឹងទៅលើសន្លឹកឆ្នោតរបស់ពួកគាត់ ប៉ុន្តែលទ្ធផលចេញមកបានផ្ទុយស្រឡះខុសពីការរំពឹងទុក។ លោកស្រីបញ្ជាក់ថា សន្លឹកឆ្នោតរបស់ពលរដ្ឋម្នាក់ គឺមានតម្លៃខ្លាំងណាស់ សម្រាប់ការជ្រើសរើសមេដឹកនាំឃុំ សង្កាត់ ព្រោះថាបើបោះឆ្នោតខុស នឹងធ្វើឱ្យពលរដ្ឋជួបការលំបាករយៈពេលប្រាំឆ្នាំទៅមុខទៀត តែប្រសិនបើបោះឆ្នោតជ្រើសបានមេដឹកនាំត្រឹមត្រូវវិញ នោះជោគវាសនារបស់ពលរដ្ឋនឹងបានប្រសើរឡើងជាមិនខាន៖ « អ្វីដែលខ្ញុំចង់បានវាអត់បានដូចចិត្តណា៎ វាផ្ទុយពីចិត្តខ្ញុំវិញអញ្ចឹងណាលោកគ្រូ។ អ៊ីចឹងខ្ញុំមិនអាចនិយាយបាន មិននិយាយម្ដងទៅ។ ខកចិត្តជាខ្លាំងអ្វីដែលខ្ញុំចង់បាន យើងបោះឆ្នោតមួយសន្លឹកមានន័យសម្រាប់ខ្ញុំណាស់ក្នុងជីវិតខ្ញុំ ក៏ប៉ុន្តែវាខុសស្រឡះពីការ ពីចិត្តរបស់ខ្ញុំ។ អ៊ីចឹងដូចថា វាអត់អស់អារម្មណ៍ណា៎»។
ស្រដៀងគ្នានេះដែរ ប្រធានសហជីពរោងចក្រកាត់ដេរ ជា ស៊ី ណាត លោកស្រី ឃុត សុខា អាយុ ៤២ឆ្នាំ រស់នៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ឲ្យដឹងថា លោកស្រីក៏ខកចិត្តណាស់ដែរ ដែលលទ្ធផលការបោះឆ្នោតចេញមកផ្ទុយពីចិត្ត ដែលលោកស្រីប្រាថ្នា។ លោកស្រីសង្កេតឃើញថា នៅមុនថ្ងៃបោះឆ្នោតអាជ្ញាធរគណបក្សប្រជាជនបានចែកប្រាក់ដល់ពលរដ្ឋម្នាក់ ចំនួន ២ម៉ឺនរៀល (២០.០០០) និងក្រមាមួយ ជាអំណោយ។ លោកស្រីបន្តថា លោកស្រីមិនចង់បានមេដឹកនាំបែបនេះទេ គឺចង់ឲ្យមានការផ្លាស់ប្ដូរដោយតម្លាភាព និងថ្លៃថ្នូរ។ លោកស្រីបន្ថែមថា ការរាប់សន្លឹកឆ្នោតទៀតសោត គួរតែបើកចំហជាសាធារណៈឲ្យពលរដ្ឋបានដឹងឮដែរ ដោយពុំមែនបិទហើយហាមមិនឱ្យប្រជាពលរដ្ឋមើលឃើញការរាប់សន្លឹកឆ្នោតនោះទេ។ លោកស្រីមើលឃើញថា រដ្ឋាភិបាលបក្សកាន់អំណាចបានដឹកនាំមកជាច្រើនឆ្នាំហើយ ដូចមិនមានការរីកចម្រើនជាដុំកំភួននោះទេ៖ « ខ្ញុំចង់ថា កន្លងមកគាត់ រាជរដ្ឋាភិបាលរាល់ថ្ងៃគាត់កាន់អំណាចមកជាយូរណាស់ហើយ មើលទៅដូចមិនសូវជានេះប៉ុន្មានទេ រីកចម្រើនប៉ុន្មានទេ ដីធ្លីរេចចង់អស់ហើយ។ អ៊ីចឹងខ្ញុំចង់ឲ្យផ្លាស់ប្ដូរមើលអ្នកថ្មីកាន់កាប់មើល តើវាអាចគ្រាន់ជាងមុនអត់អ៊ីចឹងទៅណា តែអ្វីដែលយើងគិតវាមិនអាចកែប្រែបានអញ្ចឹងណា៎ ព្រោះឆន្ទៈរបស់យើងឧទាហរណ៍ថា ដប់នាក់ឆន្ទៈរបស់យើងមានពីរទៅបីនាក់អ៊ីចឹងទៅណា៎ ហើយប្រាំពីរទៀត គេគិតតែខាងនោះហើយ។ ម្ល៉ោះហើយយើងធ្វើអត់បានអីចឹងណា៎បង » ។
ឆ្លើយតបនឹងការលើកឡើងរបស់កម្មករ និងពលរដ្ឋនេះ អ្នកនាំពាក្យគណៈកម្មការសិទ្ធិមនុស្សរបស់រដ្ឋាភិបាលលោក កត្តា អ៊ន ប្រាប់វិទ្យុអាស៊ីសេរីថា នៅក្នុងសង្គមលទ្ធិប្រជាធិបតេយ្យក្នុងការប្រកួតរកសំឡេងឆ្នោត ច្បាស់ណាស់លទ្ធផលឆ្នោតនឹងមានឈ្នះមានចាញ់ ព្រោះការយល់ឃើញរបស់ប្រជាពលរដ្ឋមិនដូចគ្នាទេ។ លោកបន្ថែមថា លទ្ធិប្រជាធិបតេយ្យ គឺប្រកាន់ខ្ជាប់នូវមតិពលរដ្ឋជាធំ បើពលរដ្ឋសម្រេចចិត្តជ្រើសរើសគណបក្សនយោបាយណាមួយហើយ ត្រូវតែគោរពទៅតាមឆន្ទៈរបស់ពួកគាត់៖ « ឧទាហរណ៍ថា ប្រជាជនក្នុងសង្កាត់មួយមានបញ្ហា មន្ត្រីគណបក្សប្រជាជនក្រុមប្រឹក្សាឃុំ សង្កាត់ គណបក្សប្រជាជន យើងប្រឹងប្រែងដោះស្រាយបញ្ហាប្រជាជនឲ្យស្មើភាពគ្នា ដោយគ្មានការប្រកាន់និន្នាការនយោបាយនោះទេ។ នេះជាគោលការណ៍សំខាន់របស់គណបក្សប្រជាជន ដើម្បីឲ្យក្រុមប្រឹក្សាឃុំ សង្កាត់ មកពីគណបក្សប្រជាជនបម្រើប្រជាពលរដ្ឋ ពីព្រោះគោលការណ៍គណបក្សប្រជាជន គឺជាគណបក្សរបស់ប្រជាជន បង្កើតឡើងដោយប្រជាជន និងបម្រើប្រជាជន » ។
ទោះជាយ៉ាងណាយុវជនក្រុមខ្មែរថាវរៈ លោក ហ៊ុន វណ្ណៈ ដែលរដ្ឋាភិបាល លោក ហ៊ុន សែន ចាប់ដាក់ពន្ធនាគារ ពីបទរិះគន់រដ្ឋាភិបាលថា អសមត្ថភាពក្នុងការការពារបរិស្ថាន លើកឡើងថា ការបោះឆ្នោតឆ្នាំ២០២២ នេះ គឺមានភាពមិនប្រក្រតីតាំងតែពីដើមមកម្ល៉េះ ព្រោះការចូលរួមប្រកួតប្រជែងរបស់គណបក្សនយោបាយមានសមាជិកមិនស្មើគ្នា។ លោកថា លោកអាចស្មានដឹងពីលទ្ធផលមកជាមុនរួចជាស្រេច ថា គណបក្សកាន់អំណាចនឹងឈ្នះការបោះឆ្នោតមួយនេះ ព្រោះមានភាពមិនប្រក្រតីតាំងពីការចាត់តាំងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គឺសុទ្ធសឹងតែជាមនុស្សរបស់គណបក្សកាន់អំណាចស្ទើរតែទាំងអស់៖ « អ្នកដែលកាត់សេចក្ដី ដែលយើងមិនអាចជឿទុកចិត្តបានផង ហើយយើងទៅចូលរួមបោះឆ្នោត អ៊ីចឹងមានន័យថា លទ្ធផលគឺ យើងអាចដឹងបាត់ហើយថា វាយ៉ាងម៉េច។ អ៊ីចឹងមិនមែនថា ប្រជាពលរដ្ឋមិនដឹងអីទេ ឃើញមនុស្សមួយចំនួន អ្នកដែលថា តាមដានរឿងនយោបាយមួយចំនួនហ្នឹង ក៏យល់ឃើញដែរថា លទ្ធផល គឺគេដឹងទុកមុនហើយថា វាយ៉ាងម៉េច។ អ៊ីចឹងខ្ញុំថា បើសម្រាប់ខ្ញុំ គឺខ្ញុំមិនគាំទ្រឲ្យមានការចូលរួមបោះឆ្នោតក្នុងអាណត្តិនេះទេបាទ » ។
ក្រុមកម្មករធ្វើការនៅរោងចក្រកាត់ដេរសំលៀកបំពាក់ខោខូវប៊យ ជា ស៊ី ណាត ជាងពីររយនាក់ ដែលភាគច្រើនជាស្ត្រី បានធ្វើដំណើរត្រឡប់ទៅធ្វើការវិញហើយ បន្ទាប់ពីពួកគេបានឈប់សម្រាក ទៅបោះឆ្នោតឃុំសង្កាត់អាណត្តិទី៥។ ពួកគេស្នើសុំយ៉ាងទទូចដល់មេឃុំចៅសង្កាត់ ដែលជាប់ឆ្នោតថ្មីទាំងអស់ជួយដោះស្រាយទុក្ខរបស់ប្រជាពលរដ្ឋទៅតាមគោលនយោបាយ ដែលបានឃោសនារកសំឡេងឆ្នោត នាពេលកន្លងមក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។