អនុប្រធានគណបក្សភ្លើងទៀនលោក សុន ឆ័យ ថ្លែងចំពោះមុខអ្នកគាំទ្រថា លោកនឹងមិនបង់សំណងជិត ១លានដុល្លារទៅគណបក្សកាន់អំណាច និងគណៈគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប ឡើយ ព្រោះការរិះគន់របស់លោកអំពីភាពមិនប្រក្រតីនៃការបោះឆ្នោតមិនមែនជាកំហុស។ អ្នកវិភាគនយោបាយលើកឡើងថា ការរក្សាជំហររឹងមាំរបស់លោក សុន ឆ័យ ដើម្បីរកយុត្តិធម៌ខ្លួនឯង និងកសាងទំនុកដល់ពលរដ្ឋ។
អនុប្រធានគណបក្សភ្លើងទៀន លោក សុន ឆ័យ ប្រកាសជំហរចេញពីប្រទេសអូស្ត្រាលី នៅថ្ងៃទី៣០ ខែតុលាថា ការប្រើប្រាស់ប្រព័ន្ធតុលាការដើម្បីគំរាមកំហែង និងដាក់សម្ពាធលើរូបលោក និងសមាជិកគណបក្សភ្លើងទៀន គឺគ្មានប្រសិទ្ធិភាពឡើយ។
លោកបន្តថា លោកនឹងបន្តជំទាស់ដាច់ខាត ចំពោះសេចក្តីសម្រេចរបស់តុលាការក្រុងភ្នំពេញ ដែលបង្គាប់ឲ្យលោកសុំទោស និងបង់សំណងជំងឺចិត្តជិត ១លានដុល្លារអាមេរិកទៅគណបក្សប្រជាជនកម្ពុជា និងស្ថាប័នរៀបចំការបោះឆ្នោត។ អនុប្រធានគណបក្សភ្លើងទៀនរូបនេះ អះអាងថា ការរិះគន់ភាពមិនប្រក្រតីនៃការបោះឆ្នោត ដើម្បីឲ្យមានការកែលម្អទៅរកភាពល្អប្រសើរ គឺមិនមែនជាកំហុសឡើយ ហើយគណបក្សនានា និងក្រុមអ្នកសង្កេតការណ៍ផ្សេងៗ ទៀត ក៏រិះគន់បែបនេះដែរ។ ការថ្លែងបញ្ជាក់ជំហររបស់លោក សុន ឆ័យ បែបនេះ គឺធ្វើឡើងនៅក្នុងវេទិកាសាធារណជាមួយអ្នកគាំទ្រគណបក្សភ្លើងទៀននៅក្នុងវត្តខ្មែរម៉ែលប៊ន (Wat Khmer Melbourne ) រដ្ឋវ៉ិកតូរីយ៉ា (Victoria ) ប្រទេសអូស្ត្រាលី នៅថ្ងៃទី៣០ ខែតុលា៖
«ខ្ញុំអត់ខុសទេ។ អត់មានរឿងអីត្រូវសងអ្នកណាទេ ចង់យកខ្ញុំទៅធ្វើអីធ្វើទៅ។ មិនទាន់រកយុត្តិធម៌ ខ្ញុំអត់សុខចិត្តទេ។ រឿងអីយើងត្រូវឲ្យលុយគេ បានន័យថា យើងទទួលកំហុស។ សួរថាតើខ្ញុំនិយាយនោះវាខុសទេ ដែលតស៊ូថា ការបោះឆ្នោតមិនត្រឹមត្រូវ? តើខ្ញុំនិយាយនោះវាមិនពិតទេ? ហើយខ្ញុំនិយាយនោះ វាបរិហារកេរ្តិ៍ទេ?ពលរដ្ឋសួរ៖ យើងថាអត់ខុសតែគេនោះថា? លោក សុន ឆ័យ បន្ត៖ ត្រូវហើយ អញ្ជើញលោកពូទៅចូលរួមជាមួយគេទៅ តែខ្ញុំមិនជឿថា ខ្ញុំខុស ។ត្រង់គេថា យើងធ្វើម៉េច យើងទៅបង្ខំខួក្បាលគេយ៉ាងម៉េចកើត។ទុកឲ្យគេថា ហើយគេធ្វើម៉េចធ្វើមក ប៉ុន្តែឲ្យយើងទៅកែប្រែថា យល់ព្រមថា ខ្ញុំខុសហើយ ខ្ញុំសុំទោស គ.ជ.ប ល្អឥតខ្ចោះទេ បោះឆ្នោតប្រជាធិបតេយ្យពេញលេញ ប្រជាធិបតេយ្យពេញលេញហើយ។ ខ្ញុំនិយាយវាអត់កើត ហើយបើគេធ្វើម៉េចធ្វើទៅ»។
លោក សុន ឆ័យ បន្ថែមថា គណបក្សភ្លើងទៀន នឹងខំធ្វើយ៉ាងណាឲ្យគេចផុតពីការប៉ុនប៉ងរំលាយដោយរដ្ឋាភិបាល លោក ហ៊ុន សែន ដើម្បីអាចចូលរួមបោះឆ្នោតជាតិឆ្នាំ២០២៣ និងដើម្បីមានឱកាសអនុវត្តគោលនយោបាយរបស់ខ្លួនសម្រាប់បម្រើប្រជាពលរដ្ឋ និងប្រទេសជាតិ។ លោកយល់ថា ប្រសិនបើមានការបោះឆ្នោតជាតិ ប្រព្រឹត្តទៅដោយត្រឹមត្រូវ និងយុត្តិធម៌ គណបក្សភ្លើងទៀន នឹងឈ្នះឆ្នោត៖
«គណបក្សភ្លើងទៀន មិនគិតអំពីការរំលាយបក្សភ្លើងទៀនទេ គឺធ្វើតែសកម្មភាពអ្វីដែលបម្រើប្រទេសជាតិ និងប្រជាពលរដ្ឋតែប៉ុណ្ណឹង។ ស្លាប់ថ្ងៃណាស្លាប់ទៅ ព្រោះយើងមិនចង់ស្លាប់ណា បើគេឲ្យយើងស្លាប់ ឲ្យទៅស្លាប់ទៅ ឲ្យប្រជារាស្ត្រខ្មែរវិនិច្ឆ័យ។ ដូច្នេះ ខ្ញុំបាននិយាយចឹងថា បើមានការបោះ ឆ្នោតដោយសេរីត្រឹមត្រូវ និងយុត្តិធម៌ ប្រជារាស្ត្រខ្មែរបោះឆ្នោតឲ្យគណបក្សប្រឆាំង ព្រោះអ្នកគ្រប់គ្រងសព្វថ្ងៃនេះ វាគ្រប់ហើយវាជ្រេញដល់ថ្នាក់ហើយនិយាយឲ្យចំទៅ។ វាលែងទទួលបានហើយជាមួយពលរដ្ឋយើង។ ដូច្នេះហើយបានវាមានការបំភិតបំភ័យ»។

កាលពីថ្ងៃទី៧ ខែតុលា តុលាការក្រុងភ្នំពេញ បានចេញសាលក្រមចំនូនពីរលើ សំណុំរឿងបរិហារកេរ្តិ៍ប្រឆាំងលោក សុន ឆ័យ។ សំណុំរឿងទី១ តុលាការ បង្គាប់ឲ្យលោក សុន ឆ័យ បង់ប្រាក់ជំងឺចិត្តចំនួន ៣ពាន់លានរៀល ស្នើនឹងប្រមាណ ៧៥ម៉ឺនដុល្លារទៅឲ្យគណបក្សកាន់អំណាច និងពិន័យជាប្រាក់ចូល៨លានរៀល ស្នើនឹងប្រមាណ ២.០០០ដុល្លារថែមទៀត។ សំណុំរឿងទី២ ដែលប្ដឹងដោយ គ.ជ.ប នោះ តុលាការបានបង្គាប់ឲ្យអតីតតំណាងរាស្ត្រដ៏មានប្រជាប្រិយភាពរបស់បក្សប្រឆាំងរូបនេះ បង់ប្រាក់ពិន័យ ៩លានរៀល ឬប្រហែល ២.២៥០ដុល្លារដែរ។ សេចក្តីសម្រេចរបស់តុលាការដែលធ្វើឡើងស្របតាមបណ្តឹងរបស់គណបក្ស កាន់អំណាច និង គ.ជ.ប នេះ គឺមានទម្ងន់ធ្ងន់លើសលប់ជាងច្បាប់កំណត់ទៅទៀត។ មាត្រា៣០៥ នៃក្រមព្រហ្មទណ្ឌ ចែងថា បទបរិហារកេរ្តិ៍ជាសាធារណៈ ត្រូវ ពិន័យជាប្រាក់ពី ១០ម៉ឺនរៀល ឬ ២៥ដុល្លារ ទៅ ១០លានរៀល ឬប្រហែលជាង ២ពាន់ដុល្លារប៉ុណ្ណោះ។
គណបក្សប្រជាជនកម្ពុជា និង គ.ជ.ប បានរួមគ្នាប្ដឹងលោក សុន ឆ័យ បទបរិហារកេរ្តិ៍ជាសាធារណៈ ក្រោយពីលោក រិះគន់ការបោះឆ្នោតឃុំសង្កាត់អាណត្តិទី៥ កន្លងទៅថា មានការបំភិតបំភ័យប្រជាពលរដ្ឋការលួចបន្លំសន្លឹកឆ្នោត និងមិនឆ្លុះបញ្ចាំងពីឆន្ទៈប្រជាពលរដ្ឋជាដើម។
ប្រធានសមាគមខ្មែររដ្ឋវ៉ិកតូរីយ៉ាលោក ជា យូហ៊ន ដែលចូលរួមក្នុងវេទិកាជាមួយ លោក សុន ឆ័យ ថ្លែងថា ករណីគណបក្សរបស់លោក ហ៊ុន សែន និង គ.ជ.ប រួមគ្នាប្តឹងលោក សុន ឆ័យ នេះ គឺជារឿងមិនត្រឹមត្រូវតាមច្បាប់ និងមិនឆ្លុះបញ្ចាំងពីសង្គមលទ្ធិប្រជាធិបតេយ្យឡើយ៖
«មិនមែនតែឯកឧត្តម សុន ឆ័យទេ ដែលថា ការបោះឆ្នោតនេះ វាគ្មានអំពើយុត្តិធម៌អីនោះ មែនទែនទៅ ខ្មែរពេញមួយពិភពលោក គេនិយាយទាំងអស់គ្នាហ្នឹង។ ខ្ញុំនៅនេះក៏ខ្ញុំនិយាយដែរ។ វាមិនដែលឃើញអាណា បោះឆ្នោតទៅចាប់បង្ខំគេ គេចេញពីកន្លែងបោះឆ្នោតមក ហៅគេកត់ឈ្មោះ! បើនៅស្រុកនេះធ្វើចឹងអត់បានទេ គេប្តឹងឥឡូវហ្នឹង។ នៅស្រុកខ្មែរអត់ទេ ពីព្រោះយើងអត់មានក្រសួងយុត្តិធម៌ទេ មានតែក្រសួងអយុត្តិធម៌។ អ្វីក៏ដោយបើលោក ហ៊ុន សែន ថា ជាប់គុក គឺគុកហើយ បើលោក ហ៊ុន សែន ទារមួយលានចង់ឲ្យពីរលានឯណោះ»។
ការរិះគន់ភាពមិនប្រក្រតីនៃការបោះឆ្នោត និងរិះគន់ស្ថាប័ន គ.ជ.ប ស្ថិតក្រោមឥទ្ធិពលបក្សកាន់អំណាចតែងតែលាន់លឺជារៀងរាល់អាណត្តិពីសំណាក់ប្រជាពលរដ្ឋ ក្រុមអង្គការសង្គមស៊ីវិលជាតិនិងអន្តរជាតិ ព្រមទាំងគណបក្សនយោបាយក្រៅរដ្ឋាភិបាល។ ប៉ុន្តែនេះគឺជាលើកទី១ ក្នុងប្រវត្តិសាស្ត្រហើយ ដែល គ.ជ.ប ក្រោមការដឹកនាំរបស់លោក ប្រាជ្ញ ច័ន្ទ មានប្រភពចេញពីជួរមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា ដាក់ពាក្យប្តឹងនឹងអ្នកនយោបាយបក្សប្រឆាំងទៅតុលាការ។
ជុំវិញរឿងនេះ អ្នកវិភាគនយោបាយ បណ្ឌិតសេង សារី លើកឡើងក្នុងវេទិកានេះថា ទោះបីជាគណបក្សភ្លើងទៀន ជួបព្យុះភ្លៀងយ៉ាងណាក្តី ក៏លោក លើកទឹកចិត្តឲ្យគណបក្សមួយនេះ បន្តការតស៊ូកុំបោះបង់ការចូលរួមនៅក្នុងសង្វៀននៃការប្រកួតប្រជែងតាមរយៈការបោះឆ្នោត។ លោក យល់ថា មូលហេតុដែលរដ្ឋាភិបាលលោក ហ៊ុន សែន ព្យាយាម រកវិធីចង់រំលាយគណបក្សជំទាស់ណាដែលមានកម្លាំងគាំទ្រច្រើន ដោយសារលោក ហ៊ុន សែន ព្រួយបារម្ភបំផុតចំពោះការប្រកួតប្រជែងតាមការបោះឆ្នោតដោយសន្តិវិធី ព្រោះពិបាករកលេសក្នុងការប្រើកម្លាំងទ័ពដើម្បីបង្ក្រាប។ ចំពោះការប្រកាន់ជំហររឹងមាំរបស់លោក សុន ឆ័យ ក្នុងការតតាំងក្តីជាមួយតុលាការវិញ អ្នកស្រាវជ្រាវជាន់ខ្ពស់នៃសកលវិទ្យាល័យម៉ែលប៊នរូបនេះ ចាត់ទុកថា ជាការប្ដេជ្ញាចិត្តដ៏ល្អ ដើម្បីជាកម្លាំងចិត្តទៅដល់អ្នកនយោបាយនៅមូលដ្ឋានរបស់ខ្លួនថា ក្នុងនាមជាមេដឹកនាំ មិនងាយចុះចាញ់សមរភូមិតុលាការឡើយ ទោះបីជាគេដឹងថា ជាតុលាការគ្មានយុត្តិធម៌ និងមិនឯករាជ្យក្តី៖
«បើសិនយើងប្រញាប់ទទួលកំហុស ឬយើង គិតថា ការចោទប្រកាន់នេះ វាជារឿងត្រឹមត្រូវ មានន័យថា ការចោទប្រកាន់នេះ ធ្វើឲ្យយើងបាក់ទឹកចិត្តទៅដល់អ្នកគាំទ្រនៅមូលដ្ឋាន។ ទី២ ការធ្វើរបៀបនេះ ជាការពង្រឹងនូវប្រព័ន្ធយុត្តិធម៌នៅកម្ពុជា ទោះបីជាតុលាការ ទទួលឥទ្ធិពលពីគណបក្សកាន់អំណាចក៏ដោយប៉ុន្តែភាពត្រឹមត្រូវមិនទទួលឥទ្ធិពលពីអ្នកណាទេ។ ភាពត្រឹមត្រូវនៅតែរស់ ដូច្នេះហើយនៅពេលម្នាក់ៗ តស៊ូ ដើម្បីភាពត្រឹមត្រូវ។ ខ្ញុំគិតថា វាជាការរួមចំណែក ដើម្បីកែសម្រួលប្រព័ន្ធយុត្តិធម៌នៅកម្ពុជាដែរ»។
រឿងក្តីនេះ លោក សុន ឆ័យ ក៏បានពឹងមេធាវីឲ្យប្តឹងទាស់ទៅតុលាការឧទ្ធរណ៍ភ្នំពេញដែរ ហើយលោកនឹងវិលត្រឡប់ទៅកម្ពុជាវិញ ដើម្បីតតាំងក្តីបន្តទៀត។ បណ្ឌិត សេង សារី យល់ថា ដើម្បីស្តាទំនុកចិត្តនិងកិត្តិយសរបស់ខ្លួននោះ ស្ថាប័ន គ.ជ.ប ត្រូវខិតខំធ្វើជាអាជ្ញាកណ្ដាល ដែលឯករាជ្យ តម្លាភាព និងថ្លៃថ្នូរ ដើម្បីឲ្យសហគមន៍ជាតិ និងអន្តរជាតិទទួលយកបាន ជាពិសេស ក្នុងពេលរៀបចំការបោះឆ្នោតឆ្នាំ២០២៣ ខាងមុខ ពោលគឺ មិនមែនជ្រើសរើសវិធីប្តឹងអ្នកនយោបាយបក្សប្រឆាំងទៅតុលាការនោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។