លោក សុន ឆ័យ ស្នើ​រដ្ឋាភិបាល​ដោះលែង​អ្នក​ទោស​នយោបាយ​បក្ស​ប្រឆាំង

ដោយ អាស៊ីសេរី
2022.08.17
Share on WhatsApp
Share on WhatsApp
លោក សុន ឆ័យ ស្នើ​រដ្ឋាភិបាល​ដោះលែង​អ្នក​ទោស​នយោបាយ​បក្ស​ប្រឆាំង លោក សុន ឆ័យ ថ្លែងក្រោយ​ចេញ​ពី​សួរសុខទុក្ខ​មន្ត្រី​គណបក្ស​ប្រឆាំង នៅ​ពន្ធនាគារ​ព្រៃស នៅ​ថ្ងៃ​ទី១៧ ខែ​សីហា ឆ្នាំ​២០២២។
រូប៖ ពលរដ្ឋផ្ដល់ឱ្យ

អនុ​ប្រធាន​គណបក្ស​ភ្លើង​ទៀន លោក សុន ឆ័យ ចូល​សួរ​សុខទុក្ខ​សកម្មជន​បក្ស​ប្រឆាំង​ដែល​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ព្រៃ​ស នៅ​ថ្ងៃ​ទី១៧ ខែសីហា។ លោក​ចាត់​ទុកថា ការ​ឃុំ​ខ្លួន​អ្នក​ទាំង​នោះ គឺ​ជា​រឿង​អយុត្តិធម៌ ដែល​រដ្ឋាភិបាល​គួរតែ​ប្រគល់​សេរីភាព​ជូន​ពួក​គាត់​វិញ។

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ភ្លើង​ទៀន អំពាវនាវ​ឲ្យ​រដ្ឋាភិបាល លោក ហ៊ុន សែន ដោះ​លែង​អ្នកទោស​នយោបាយ​ឲ្យ​មាន​សេរីភាព​ឡើង​វិញ ព្រោះ​ការ​ឃុំ​ខ្លួន​ពួក​គាត់​ក្នុង​ពន្ធនាគារ​ជិត ២ឆ្នាំ​មក​នេះ គឺ​ជា​រឿង​អយុត្តិធម៌​មិន​សម​នឹង​កំហុស​ឡើយ។

អនុប្រធាន​គណបក្ស​ភ្លើង​ទៀន លោក សុន ឆ័យ ថ្លែង​ថា សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ភាគ​ច្រើន​ធ្លាក់​ខ្លួន​ឈឺ និង​មាន​អារម្មណ៍ ធុញ​ថប់​ដោយសារ​ពួក​គាត់​ជាប់​ឃុំ​ក្នុង​បន្ទប់​បង្អៀត​ណែន និង​គ្មាន​អនាម័យ ហើយ​នៅ​ក្នុង​មន្ទីរ​ឃុំឃាំង​ជាមួយ​អ្នក​ទោស​ឧក្រិដ្ឋ​លួច​ប្លន់​ផ្សេងៗ អស់ រយៈ​ពេល​ជិត ២ឆ្នាំ ហើយ​ក្នុង​នោះ​សកម្មជន​នយោបាយ​ខ្លះ​ជាប់​ពីរ​ដង​ទាំង​មិន​មាន​កំហុស។លោក បន្តថា ការ​កាត់​ទោស​អ្នក​ទាំង​នោះ​ឲ្យ​ជាប់​ឃុំ​រយៈ​ពេល​យូរ​ឆ្នាំ​ដោយសារ​ការ​អនុវត្ត​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ ដូចជា ការ​ទាមទារ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​រស់​ឡើង​វិញ និង​ការ​ជជែក​ជា​លក្ខណៈ​ឯកជន​តាម​ទូរស័ព្ទ​អំពី​បញ្ហា​ជំងឺ​កូវីដ គឺ​ជា​រឿង​អយុត្តិធម៌​រួច​ទៅ​ហើយ។ លោក សុន ឆ័យ យល់ថា ផ្អែក​តាម​ច្បាប់ និង​សីលធម៌ រដ្ឋាភិបាល គួរតែ​ប្រគល់​សេរីភាព​ជូន​ពួក​គាត់​ឡើង​វិញ ព្រោះ​គ្មាន​អ្វី​ដែល​ត្រូវ​បារម្ភ​ថា ពួក​គាត់​អាច​បង្ក​បញ្ហា​ដល់​សង្គម​ជាតិ​ឡើយ៖ «ចង់​ឃើញ​រាជ​រដ្ឋាភិបាល បន្ធូរបន្ថយ​ទោស​ឲ្យ​ពួក​គាត់ បាន​រស់នៅ​ក្រៅ​ពន្ធនាគារ វា​ជា​ការ​មួយ ដែល​មាន​ប្រយោជន៍​ទាំង​អស់​គ្នា​ទេ។ក្នុង​ស្ថានភាព ដែល​រាជរដ្ឋាភិបាល​កំពុង​ដោះ​ស្រាយ​បញ្ហា​សមាជិក​អាស៊ាន ដូចជា ភូមា​អី​ចង់​ឲ្យ​មាន​ការ​ស្រុះស្រួល ឬ​កុំ​ឲ្យ​មាន​ការ​ដាក់​ទោស​លើ​អ្នក​នយោបាយ​អី​ជា​ដើម​នោះ ខ្ញុំ​គិត​ថា ជា​កាតព្វកិច្ច​មួយ​ដែរ ដែល​រដ្ឋាភិបាល ត្រូវ​តែ​ដោះ​ស្រាយ​បញ្ហា​ខ្លួន​ឯង​ក្នុង​ស្រុក​យើង​ឲ្យ​ជ្រះស្រឡះ ដើម្បី​ដំណើរ​ការ​ទៅ​ការ​បោះ​ឆ្នោត២០២៣ផង។យើង​ឃើញ​ហើយ​មាន​ការ​សន្យា​ពី​សហគមន៍​អន្តរជាតិ​ផង​ថា ការ​បោះ​ឆ្នោត​ល្អ ការ​មាន​សេរីភាព​របស់​ប្រជាពលរដ្ឋ ក្នុង​ការ​បំពេញ​កិច្ចការ​នយោបាយ​ដោយ​សេរី តាម​គោលការណ៍​លទ្ធិ​ប្រជាធិបតេយ្យ សេរី ពហុបក្ស​នេះ វា​នឹង​អាច​ធ្វើ​ឲ្យ​ប្រទេស​សំខាន់ៗ ដែល​ធ្លាប់​ជួយ​សេដ្ឋកិច្ច​កម្ពុជា និង​ជួយ​កសាង​ឡើង​វិញ ដូចជា សហរដ្ឋ​អាមេរិក និង​សហភាព​អឺរ៉ុប អាច​នឹង​ជួយ​គាំទ្រ​ត្រឡប់​មក​វិញ ១០០ភាគ​រយ​ជា​ដើម»

ការ​អំពាវនាវ​បែប​នេះ គឺ​បន្ទាប់​ពី​អនុប្រធាន​គណបក្ស​ភ្លើង​ទៀន លោក សុន ឆ័យ និង​មេធាវី​ការពារ​ក្ដី​ឲ្យ​សកម្មជន​នយោបាយ លោក សំ សុគង់ ព្រមទាំង​មន្ត្រី​បក្ស​ភ្លើង​ទៀន​ផ្សេង​ទៀត បាន​ចូល​សួរ​សុខទុក្ខ​សកម្មជន​បក្ស​ប្រឆាំង​ចំនួន ២៣រូប​នៅ​ក្នុង​ពន្ធនាគារ​ព្រៃ​ស នៅ​ព្រឹក​ថ្ងៃ​ទី១៧ ខែសីហា។ លោក សុន ឆ័យ ឲ្យ​ដឹង​ដែរ​ថា ក្នុង​ចំណោម​អ្នក​ទោស​នយោបាយ ដែល​លោក​បាន​ជួប​នោះ មាន​ស្ត្រី​ម្នាក់ គឺ​លោកស្រី យក់ នាង មាន​វ័យ​ជាង ៦០ឆ្នាំ ជា​អតីត​ប្រធាន​ចលនា​ស្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​រាជធានី​ភ្នំពេញ ដែល​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​នៅ​មុន​ពេល​បោះ​ឆ្នោត​ឃុំ-សង្កាត់ ដោយសារ​តែ​លោកស្រី​ធ្វើ​សកម្មភាព​ជួយ​ដល់​គណបក្ស​ភ្លើង​ទៀន៖ «យើង​បាន​ជម្រាប​លោកស្រី យក់ នាង ថា យើង​នឹង​ខំ​តាម ដែល​អាច​ធ្វើ​បាន ដើម្បី​ជួយ​ឲ្យ​បាន​លោកស្រី ចេញ​ទៅ​ព្រោះ​ចាស់​ហើយ​មាន​ចៅ​មាន​អី​នៅ​ផ្ទះ។ ពិបាក​មែនទែន ទឹកភ្នែក យំសោក..អាណិត​គាត់​ដែរ។យើង​បាន​ឲ្យ​មេធាវី​ជួយ​មើល​ថា តើ​ធ្វើ​ម៉េច​ឲ្យ​បាន​គាត់​ចេញ​ទៅ គឺ​មិនមែន​ឲ្យ​អ្នក​ទាំង​នោះ​ចេញ មក​មក​ចូលរួម​ជាមួយ​គណបក្ស​ភ្លើង​ទៀន​ទេ ប៉ុន្តែ​ដោយសារ​ពួក​គាត់​ជា​អតីត​សង្គ្រោះ​ជាតិ ហើយ​ខ្ញុំ​ក៏​ជា​អតីត​សង្គ្រោះ​ជាតិ​ដែរ»

ជុំវិញ​រឿង​នេះ វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់ទង​សុំ​ការ​ឆ្លើយតប​ពី​ប្រធាន​អង្គភាព​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន និង​អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន បានទេ ដោយ​ទូរស័ព្ទ​ចូល​ពុំ​មាន​អ្នក​ទទួល។

មក​ទល់​ពេល​នេះ​មាន​សកម្មជន​គណបក្ស​ប្រឆាំង និង​អ្នក​រិះគន់​រដ្ឋាភិបាល​ប្រមាណ ៦០នាក់​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​នៅ​ភ្នំពេញ និង​នៅ​ខេត្ត​មួយ​ចំនួន។ សកម្មជន​ភាគ​ច្រើន ត្រូវ​បាន​អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ ចាប់​ខ្លួន​ជា​បន្តបន្ទាប់ កាល​ពី​ដើម​ឆ្នាំ២០២០ តាម​រយៈ​ការ​លួច​ស្ដាប់​កិច្ច​សន្ទនា​ឯកជន​របស់​ពួក​គេ​តាម​ទូរស័ព្ទ​អំពី​រឿង​ជំងឺ​កូវីដ-១៩។ ទោះ​ជា​យ៉ាង​ណាក្ដី តុលាការមិន​បាន​ចោទ​ប្រកាន់​សមាជិក​បក្ស​ប្រឆាំង​ទាំង​នេះ ពាក់ព័ន្ធ​នឹង​ជំងឺ​កូវីដ១៩ នោះ​ទេ ប៉ុន្តែ​តុលាការ​ចោទ​ប្រកាន់​ពួក​គេ​ពី​បទ​រួម​គំនិត​ក្បត់​ញុះញង់​ឱ្យ​យោធា​មិន​ស្ដាប់​បញ្ជា និង​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ៍។ ការ​ចាប់​ខ្លួន​នៅ​ពេល​នោះ​ទៀត​សោត គឺ​អាជ្ញាធរ តែងតែ​កុហក​ឲ្យ​ពួក​គាត់​ទៅ​ជួប​អ្នក​នេះ ឬ​អ្នក​នោះ រួច​ហើយ​ចាប់​ដាក់​ឡាន​យក​ទៅ​ឃុំ​ក្នុង​ពន្ធនាគារ ដោយ​មិន​ផ្តល់​ដំណឹង​ដល់​ក្រុម​គ្រួសារ​នោះ​ទេ។

នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​លីកាដូ លោក អំ សំអាត មាន​ប្រសាសន៍​ថា ពន្ធនាគារ មាន​ភាព​ចង្អៀត​ណែន​ខ្លាំង ដែល​បង្ក​ផល​ប៉ះពាល់​ការ​រស់នៅ និង​សុខភាព​អ្នក​ជាប់​ឃុំ។ លោក នៅ​តែ ជំរុញ​ឲ្យ​អាជ្ញាធរ​ពិចារណា​ដោះ​លែង​អ្នក​ជាប់​ឃុំ ដែល​ជិត​ផុត​ទោស ហើយ​បទ​ល្មើស​ខ្លះ គួរតែ​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន ឬ​បទល្មើស​ខ្លះ​មិន​គួរ​ឃុំ​ខ្លួន​បណ្តោះអាសន្ន​នោះ​ទេ ដូច​ជា ករណី​សកម្មជន​គណបក្ស​ប្រឆាំង​ជា​ដើម ដែល​គេ​មើល​ឃើញ​ថា ជា​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ផ្នែក​នយោបាយ​ច្រើន​ជាង​ការ​អនុវត្ត​ច្បាប់៖ «យើង​ទទូច​ឲ្យ​អ្នក​នយោបាយ​ទាំង​អស់​នោះ សន្ទនា និង​ការ​ចរចា​គ្នា ដើម្បី​ដោះ​លែង​សកម្មជន​ទាំង​អស់​នោះ​ឡើង​វិញ ដូច​វប្បធម៌​សន្ទនា ឬ​វប្បធម៌ ដែល​អ្នក​នយោបាយ​ទាំង​អស់​នោះ ធ្លាប់​ធ្វើ​កន្លង​មក។ មួយ​ទៀត​ យើង​ឃើញថា បច្ចុប្បន្ន​នេះ សហគមន៍​អន្តរជាតិ ដូច​ជា សហរដ្ឋ​អាមេរិក សហភាព​អឺរ៉ុប ក៏​ទាមទារ​ឲ្យ​កម្ពុជា​ស្ដារ​បាន​ន័យ​ថា បើក​លំហ​សេរីភាព​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ សេរីភាព​អង្គការ​សង្គម​ស៊ីវិល សារព័ត៌មាន ក៏​ដូច​ជា អ្នក​នយោបាយ​ឲ្យ​បាន​ទូលំទូលាយ​ឡើង​វិញ ដើម្បី​ឆ្ពោះ​ទៅ​រក​ការ​បោះ​ឆ្នោត​ជាតិ ឆ្នាំ២០២៣ ខាង​មុខ ប្រកប​ដោយ​បរិយាកាស​មួយ​ល្អ ហើយ​គេ​អាច​ទទួល​ស្គាល់»

ក្រុម​អង្គការ​ជាតិ និង​អន្តរជាតិ រួម​ទាំង​ប្រទេស​ប្រជាធិបតេយ្យ​ផង តែងតែ​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ដោះ​លែង​សកម្មជន​នយោបាយ​ឡើង​វិញ ដោយ​ឥត​លក្ខខណ្ឌ ព្រោះ​ការ​បន្ត​ចាប់​ខ្លួន និង​ឃុំ​ខ្លួន​សកម្មជន​បក្ស​ប្រឆាំង មិនមែន​ជា​ជម្រើស​ល្អ​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​នោះ​ទេ ផ្ទុយទៅវិញ រឹតតែ​ធ្វើ​ឱ្យ​ប្រទេស​ជាតិ​ជួប​វិបត្តិ​កាន់តែ​ធ្ងន់ធ្ងរ​បន្ថែម​ទៀត ព្រមទាំង​ធ្វើ​ឱ្យ​សង្គម​ជាតិ​ទាំង​មូល​បែកបាក់​កាន់​តែ​ខ្លាំង​ឡើង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

រឿង​ដែល​គេ​អាន​​ច្រើន​បំផុត
នយោបាយ
តំណាង​ពលរដ្ឋ​ជាង​ ១ពាន់​នាក់ ដាក់​ញត្តិ​ស្នើ​សុំ​ក្រសួង​មហាផ្ទៃ ឱ្យឈប់​ផ្ដល់​អត្ត​សញ្ញាណ​ប័ណ្ណ​ជន​អន្តោ​ប្រវេសន៍
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។