រឿងដែលអ្នកអានច្រើនបំផុត៖ គណៈកម្មាធិការ​កិច្ចការ​បរទេស​នៃ​រដ្ឋសភា​អាមេរិក អនុម័ត​ជា​ឯកច្ឆន្ទ​សេចក្តីព្រាងច្បាប់​ដាក់​ទណ្ឌកម្ម​ក្រុមមេដឹកនាំ​នៅ​កម្ពុជា

0:00 / 0:00

អត្ថបទដែលអ្នកអានច្រើនបំផុតនៅក្នុងសប្តាហ៍នេះ៖ គណៈកម្មាធិការ​កិច្ចការ​បរទេស​នៃ​រដ្ឋសភា​អាមេរិក ​បាន​អនុម័ត​ជា​ឯកច្ឆន្ទ​សេចក្តីព្រាងច្បាប់​ដាក់​ទណ្ឌកម្ម​ក្រុមមេដឹកនាំ​នៅ​កម្ពុជា​ដោយ​សារ​តែបាន​រម្លាយ​ប្រជាធិបតេយ្យ និង​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ។ ទោះជាយ៉ាងណា សេចក្តីព្រាងច្បាប់​នេះ​នឹងត្រូវ​ឆ្លងកាត់​ដំណាក់កាល​ជាច្រើន​ទៀត មុននឹង​ត្រូវ​រដ្ឋសភា និង​ព្រឹទ្ធសភា​លើក​យក​មក​អនុម័ត ហើយ​ត្រូវប្រធានាធិបតី​អាមេរិក​ចុះហត្ថលេខា​ក្លាយជាច្បាប់​ផ្លូវការ។ មន្ត្រី​គណបក្ស​ប្រឆាំង​មាន​សុទិដ្ឋិនិយម​ថា សេចក្តីព្រាងច្បាប់​នេះ​អាច​នឹងត្រូវ​អនុម័ត​នៅ​ដំណាច់​ឆ្នាំ២០២១នេះ ប៉ុន្តែ អ្នកនាំពាក្យ​បក្ស​កាន់អំណាច​វិញ​យល់ថា សេចក្តីព្រាងច្បាប់​ដាក់​ទណ្ឌកម្ម​របស់​អាមេរិក​មកលើ​មន្ត្រី​ជាន់ខ្ពស់​កម្ពុជា​នេះ នឹង​គ្មាន​ប្រសិទ្ធភាព​នោះទេ។

សេចក្តីព្រាងច្បាប់​ដែល​មាន​ឈ្មោះថា « ច្បាប់​ស្តីពី​ប្រជាធិបតេយ្យ​កម្ពុជា ឆ្នាំ២០២១» ឬ H.R.4686 ត្រូវ​បាន​​តំណាងរាស្ត្រ​អាមេរិកាំង​នៃ​គណបក្ស​សាធារណរដ្ឋ​មក​ពី​​រដ្ឋ​អូហាយអូ (Ohio) លោក ស្ទីវ ឆាបុត (Steve Chabot) និង​តំណាងរាស្ត្រ​អាមេរិកាំង​នៃ​គណបក្ស​ប្រជាធិបតេយ្យ​មកពី​រដ្ឋកាលីហ្វ័រញ៉ា (California) លោក អាលែន ឡូវែនថល (Alan Lowenthal) ផ្តួចផ្តើម​ដាក់​បញ្ចូល​ទៅ​រដ្ឋសភា​អាមេរិក​ឱ្យ​ពិចារណា និង​អនុម័ត​ឡើងវិញ។ ពួកលោក​ទាំងពីរ​ គឺជា​សមាជិក​ក្រុមសភា​តំណាងរាស្ត្រ​អាមេរិក​ស្តីពី​បញ្ហា​កម្ពុជា (Congressional Cambodia Caucus-CCC)។ កាលពី​ថ្ងៃទី២៨ ខែកក្កដា គណៈកម្មាធិការ​កិច្ចការបរទេស​នៃ​រដ្ឋសភា​អាមេរិក បាន​អនុម័ត​ជា​ឯកច្ឆន្ទ​សេចក្តីព្រាងច្បាប់​នេះ។ សេចក្តីព្រាង​ច្បាប់​ដាក់​ទណ្ឌកម្ម​មន្ត្រី​ជាន់ខ្ពស់​កម្ពុជា កាលពី​មុន ធ្លាប់​ត្រូវ​បាន​រដ្ឋសភា​អាមេរិក​អនុម័ត​ជា​ផ្លូវការ​ម្តងរួច​មកហើយ តែ​មិន​អាច​ចេញរួច​ពី​ដៃ​ព្រឹទ្ធសភា​ក្រោយ​អាណត្តិ​ចាស់​បាន​ផុតរលត់ទៅ។

តំណាងរាស្ត្រ​អាមេរិកាំងលោក ស្ទីវ ឆាបុត (Steve Chabot) ថ្លែង​ក្នុង​ សេចក្តីថ្លែងការណ៍​ថា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ដឹកនាំ​ប្រទេស​កម្ពុជា​ដោយ​គ្មាន​លក្ខណៈ​ប្រជាធិបតេយ្យ​ចាប់តាំងពី​ឆ្នាំ១៩៨៥មក។ លោក​គូសបញ្ជាក់ថា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​បក្ខពួក​របស់​លោក ត្រូវ​តែ​ប្រឈម​មុខ​នឹង​ទណ្ឌកម្ម​ពី​សហរដ្ឋអាមេរិក ឆ្លើយតប​នឹង​ការចាប់​ខ្លួន​ប្រធាន​គណបក្ស​សង្គ្រោះជាតិលោក កឹម សុខា និង​ការរម្លាយ​គណបក្ស​នេះ​កាលពី​ចុង​ឆ្នាំ២០១៧ ដែល​ជា​យុទ្ធនាការ​បង្ក្រាប​ដែល​លោក ហ៊ុន សែន បាន​បន្ត​រហូតដល់​សព្វថ្ងៃនេះ។ ដូច្នេះហើយ​លោកថា យើង​ត្រូវ​តែ​ឈរ​ជាមួយ​ប្រជាពលរដ្ឋ​កម្ពុជា ក្នុងពេល​ដែល​លោក ហ៊ុន សែន បន្ត​បង្ក្រាប​មកលើ​សិទ្ធិ​របស់​ពួកគេ និង​រារាំង​មិន​ឱ្យ​មាន​ការបោះឆ្នោត​ដោយសេរី និង​យុត្តិធម៌។ តំណាងរាស្ត្រ​អាមេរិក​រូបនេះ សង្កត់ធ្ងន់​ថា ច្បាប់​ដាក់ទណ្ឌកម្ម​នេះ នឹង​ធ្វើឱ្យ​លោក ហ៊ុន សែន ទទួល​ខុសត្រូវ​ចំពោះ​ទង្វើទាំងនេះ។ លោក​ពន្យល់​ថា ច្បាប់​នេះ គាំទ្រ​សេចក្តីប៉ងប្រាថ្នា​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ដែល​ចង់​បាន​លទ្ធិប្រជាធិបតេយ្យ​ស្របច្បាប់។

រីឯ​តំណាងរាស្ត្រ​អាមេរិកាំង​ម្នាក់ទៀតលោក អាលែន ឡូវែនថល (Alan Lowenthal) ថ្លែងថា របប​ដឹកនាំ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ធ្វើ​អ្វីៗ​គ្រប់យ៉ាង​ក្នុង​អំណាច​របស់​ខ្លួន​ដើម្បី​បំផ្លាញ​ក្តីសង្ឃឹម​របស់​ពលរដ្ឋ​កម្ពុជា​ដែល​ប្រាថ្នា​ចង់បាន​លទ្ធិប្រជាធិបតេយ្យ រាប់​ចាប់​តាំងពី​ការកែប្រែ​ស្ថានភាព​សេរីភាព​សារព័ត៌មាន ការហាមប្រាម​អ្នកនយោបាយ​ប្រឆាំង​មិនឱ្យ​ធ្វើ​នយោបាយ រហូតដល់​ការរៀបចំ​ព្រឹត្តិការណ៍​បោះឆ្នោត «ក្លែងក្លាយ» ដើម្បី​ប្រកាស​ថា ខ្លួន​លោក​ជា​ជម្រើស​​របស់​ប្រជាជន។ លោកថា ការដាក់​ទណ្ឌកម្ម​នេះ គឺ​ជា​តម្លៃ​ដែល​លោក ហ៊ុន សែន និង​របប​របស់​លោក ត្រូវ​តែ​បង់សង​ចំពោះ​អ្វី​ដែល​ពួកគេ​បាន​បង្ក្រាប​ឥតឈប់ឈរ​មកលើ​សេរីភាព​របស់​ប្រជាពលរដ្ឋ​កម្ពុជា។

នេះ​គឺ​ជា​លើកទីមួយ​ហើយ​ក្រោម​អាណត្តិថ្មី​នៃ​រដ្ឋបាល​របស់​លោក​ប្រធានាធិបតី ចូ បៃឌិន (Joe Biden) ដែល​សេចក្តីព្រាង​ច្បាប់​នេះ ត្រូវ​បាន​លើក​យក​មក​ពិចារណា​ឡើងវិញ។ ទោះយ៉ាងណា សេចក្តីព្រាងច្បាប់​នេះ នឹង​ត្រូវ​ឆ្លងកាត់​​ដំណាក់កាល​ជាច្រើន ហើយ​អាច​ចំណាយ​ពេល​យូរតទៅ​ទៀត មុន​នឹង​ដាក់​ឱ្យ​រដ្ឋសភា​អាមេរិក​អនុម័ត​ជាផ្លូវការ។ បន្ទាប់​មក សេចក្តីព្រាងច្បាប់​នេះ​នឹង​ត្រូវ​បញ្ជូន​បន្ត​ទៅ​ឱ្យ​ព្រឹទ្ធសភាអាមេរិក​អនុម័ត ទើប​ប្រធានាធិបតី​អាមេរិក​អាច​ចុះ​ហត្ថលេខា​ក្លាយជា​ច្បាប់​សម្រាប់​អនុវត្ត​ជាផ្លូវការ​តែម្តង។ បើទោះបីជា​មាន​សេចក្តីព្រាង​ច្បាប់​មួយចំនួន​បាន​ឆ្លងផុត​ពី​ដៃ​រដ្ឋសភា​អាមេរិក​សម្រេច​ក៏ដោយ ក៏​មាន​ពេល​ខ្លះ​សេចក្តីព្រាង​ច្បាប់​ទាំងនោះ​អាច​ត្រូវ​ខ្ទាស់​នៅ​ព្រឹទ្ធសភា​អាមេរិក ហើយ​មិន​អាច​ឆ្លង​រួច​ផុត​ដល់​ដៃ​ប្រធានាធិបតីអាមេរិក​ចុះ​ហត្ថលេខា​អនុម័ត​ជា​ច្បាប់​បាន​ដោយសារ​តែ​បញ្ហា​ខ្វែងគំនិត​ផ្នែក​នយោបាយ។

ទោះបីជាយ៉ាងណា ប្រធាន​សាខា​គណបក្ស​សង្គ្រោះជាតិ​ប្រចាំ​ទ្វីប​អាមេរិក​ខាងជើងលោក អ៊ុង ឬទ្ធី ហៅ​ការអនុម័ត​នេះ ថា​ជា​ដំណឹង «ល្អ​បំផុត» សម្រាប់​ក្រុម​អ្នកប្រជាធិបតេយ្យ ជាពិសេស​គណបក្ស​សង្គ្រោះជាតិ និង​គណបក្ស​ប្រឆាំង​មួយ​ចំនួន​ទៀត​ដែល​ជឿជាក់​លើ​លទ្ធិប្រជាធិបតេយ្យ។ លោក​សង្ឃឹម​ថា មិនយូរ​មិន​ឆាប់ សេចក្តីព្រាងច្បាប់​នេះ​នឹង​ត្រូវ​រដ្ឋសភា​អនុម័ត ហើយ​អាច​ឆ្លងកាត់​ព្រឹទ្ធសភា​បាន៖ « នេះ​គឺ​ជា​ច្បាប់​ដដែល​ទេ គ្រាន់តែ​បន្ថែម​នៅ​ចំណុច​ខ្លះៗ​ដែល​ពាក់ព័ន្ធ​នឹង​ចរន្ត​នយោបាយ​ថ្មី​នៅ​ប្រទេស​កម្ពុជា។ ដោយសារតែ​ច្បាប់​នេះ​ធ្លាប់​បាន​ជាប់​ម្តង​ហើយ​នៅក្នុង Congress រដ្ឋសភា អញ្ចឹង ខ្ញុំ​ជឿថា វា​មិន​ជា​យូរ​ទេ ហើយ​ជា​ការគួរឱ្យ​អស្ចារ្យ​កាល​ដែល​ច្បាប់ ៥៦២ ចេញ​មក​គឺថា ប្រទេស​អាមេរិក​មាន​កិច្ចការ​ច្រើន​ដែល​ត្រូវ​ធ្វើ។ តែឥឡូវ​លើកនេះ ខ្ញុំ​ជឿជាក់​ថា ច្បាប់​នេះ​នឹង​អាច​នឹង​ចេញ​រួច​ពី​សភា និង​ព្រឹទ្ធសភា មុន​ដំណាច់​ឆ្នាំ២០២១ ... ។ គំនាប​ពី​ប្រទេស​សេរី​ផ្សេងៗ គឺ​គេ​ច្បាស់លាស់​របស់​គេ​ណាស់។ បើ​មិន​មាន​លទ្ធិប្រជាធិបតេយ្យ​ពិតៗ បើ​មិន​បាន​ដោះលែង​ឱ្យ​បាន​សេរីភាព​ចំពោះ​អ្នកដែល​កំពុង​តែ​នៅក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌​នេះ និង​ធ្វើ​ឱ្យ​គណបក្ស​សង្គ្រោះជាតិ​មាន​ដំណើរការ​ឡើងវិញ គឺ​គេ​អត់បញ្ឈប់​ទេ។ អញ្ចឹង​រឿងនេះ មិន​មែន​ជា​រឿង​លេងសើចទេ »។

រីឯអ្នកឃ្លាំមើល​បញ្ហា​សង្គម និង​នយោបាយបណ្ឌិត សេង សារី ហៅ​ការសម្រេច​នេះ​ជា​ជំហ៊ាន «តូចមួយ» តែ​លោកថា អ្វីដែល​លោក​ព្រួយបារម្ភ​នោះ គឺ​ការណ៍​ដែល​កម្ពុជា​អាច​បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA របស់​សហភាព​អឺរ៉ុប​ទាំងស្រុង​ទៅវិញ​ទេ៖ « សម្រាប់​ខ្ញុំៗ​មើលឃើញ​ថា ការចាត់​វិធានការ​របស់​សភា​អាមេរិក​មកលើ​មន្ត្រី​ជាន់ខ្ពស់​ដែល​ពាក់ព័ន្ធ​ទៅនឹង​ការរំលោភ​បំពាន​ប្រជាធិបតេយ្យ​នេះ វា​ជា​រឿង​មួយ​ដែល​តូចទេ។ គ្រាន់តែ​ជា​ការព្រមាន​ដោយ​ផ្ទាល់​ទៅលើ​មន្ត្រី​ជាន់​ខ្ពស់​ទាំងនោះ​តែ​ប៉ុណ្ណោះ ប៉ុន្តែអ្វី​ដែល​យើង​បារម្ភ​មួយ​ទៀត​នោះ គឺ​ការបាត់បង់​ EBA ថែមទៀត ដែល​ជា​ដង្ហើម ឬ​ជា​ជីវិត​នៃ​មនុស្ស ៧០ម៉ឺន​នាក់​ដែល​ទទួល​បាន​ប្រាក់​បៀវត្ស​ពី​វិស័យ​ហ្នុង »

ទោះជាយ៉ាងណា រហូត​មកទល់​ពេល​នេះ​នៅ​មិនទាន់​មាន​សញ្ញាណ​ណាមួយ​ថា ​សហភាព​អឺរ៉ុប​អាច​នឹង​ពិចារណា​ដក EBA ដែល​នៅ​សេសសល់ ៨០ភាគ​រយ​ពី​កម្ពុជា​នោះ​ទេ ក្រោយ​ពី​អឺរ៉ុប​បាន​ដក ២០% ដែល​ចាប់​ផ្តើម​ចូលជា​ធរមាន​កាលពី​ពាក់​កណ្តាល​ខែសីហា ឆ្នាំ២០២០ កន្លងទៅ។

ប្រតិកម្ម​ទៅនឹង​ការអនុម័ត​របស់​គណៈកម្មាធិការ​កិច្ចការ​បរទេស​នៃ​រដ្ឋសភា​អាមេរិក​នេះ អ្នកនាំពាក្យ​បក្ស​កាន់​អំណាចលោក សុខ ឥសាន ថ្លែង​ប្រាប់​វិទ្យុអាស៊ីសេរី កាលពី​យប់​ថ្ងៃទី២៩ ខែកក្កដាថា ការធ្វើ​ច្បាប់​ដាក់​ទណ្ឌកម្ម​របស់​អាមេរិក​មកលើ​មន្ត្រី​ជាន់ខ្ពស់​កម្ពុជា នឹង​មិន​មាន​ប្រសិទ្ធភាព​នោះទេ។ លោក​ហៅ​រឿង​សភា​អាមេរិក​ធ្វើ​ច្បាប់​នេះថា​ ជារឿង​ «ដដែលៗ» ដែល​​ធ្វើ​​ឡើង​ដោយ​លម្អៀង​ផ្នែក​នយោបាយ​ទៅខាង​គណបក្ស​ប្រឆាំង។ ទោះយ៉ាងណា លោក សុខ ឥសាន ថា កម្ពុជា​នឹង​មិន​ឆ្លើយតប​ដោយ​ធ្វើ​ច្បាប់​ប្រឆាំង​ការដាក់ទណ្ឌកម្ម​ដើម្បី​សងសឹក​មន្ត្រី​អាមេរិក​វិញទេ៖ « ខ្ញុំ​យល់ថា​ ប្រដាល់​គ្នា​លុះត្រាតែ​ទម្ងន់​ស្មើគ្នា ឬក៏​ប្រហាក់ប្រហែល​គ្នា​បាន​ទៅរួច។ អាហ្នុង​និយាយ​ដោយ​ស្មោះត្រង់។ កម្ពុជា​មាន​សិទ្ធិ​អី មាន​កម្លាំង​អី​ទៅ​ប្រដាល់​ជាមួយ​អាមេរិក​នោះ ? វា​អត់​មាន​ទេ។ អ៊ីចឹង ការដាក់​ទណ្ឌកម្ម​របស់​អាមេរិក​មកលើ​កម្ពុជា​វា​ជា​សិទ្ធិ​របស់​អាមេរិក ហើយ​វា​ឆ្លុះបញ្ចាំង​ថា​ វានៅ​វប្បធម៌​ចក្រពត្តិ វានៅ​មាន​នៅលើ​ពិភពលោក​ក្នុង​សម័យ​ថ្មី​នេះ ... ។ គ្រាន់តែថា​ នៅលើ​ពិភពលោក​ឥឡូវ វា​មិនមែន​ឯកប៉ូល​ដូច​ពី​មុន​ទៀតទេ វាមាន​ពហុប៉ូល វាមាន​អ្នកខ្លាំង​ទន្ទឹមៗ​គាត់​ដែរ »

ផ្អែកតាម​ខ្លឹមសារ​នៃ​សេចក្តីព្រាងច្បាប់​នេះ ប្រសិន​បើ​សេចក្តីព្រាង​ច្បាប់​នេះ​ត្រូវ​បាន​អនុម័ត ប្រធានាធិបតី​អាមេរិក​មាន​សិទ្ធិ​កំណត់​ឈ្មោះ​មន្ត្រី​ជាន់ខ្ពស់​ក្នុង​ជួរ​រដ្ឋាភិបាល យោធា និង​កងកម្លាំង​ប្រដាប់​អាវុធកម្ពុជា ដែល​បាន​ជាប់​ពាក់ព័ន្ធ​នឹង​ការបំផ្លាញ​ប្រជាធិបតេយ្យ​និង​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​នៅ​កម្ពុជា ដើម្បី​ដាក់​​ទណ្ឌកម្ម​ពួកគេ។ ទណ្ឌកម្ម​ទាំងនេះ មាន​ដូចជា ការបង្កក​ទ្រព្យសម្បត្តិ​ដែល​ពួកគេ​មាន​នៅ​ក្នុង​សហរដ្ឋអាមេរិក និង​ការរឹតត្បិត​ទិដ្ឋាការ​មិន​ឱ្យ​ពួកគេ​ជាន់​ទឹកដី​អាមេរិក លើកលែង​តែ​ចូលរួម​កិច្ចប្រជុំ​របស់​អង្គការ​សហប្រជាជាតិ ដែល​មាន​ទីស្នាក់ការ​កណ្តាល​នៅ​បូរីញ៉ូវយ៉ក (New York)។ ច្បាប់​នេះ នឹង​ត្រូវ​បញ្ចប់​ក្នុង​រយៈពេល ៥ឆ្នាំ ក្រោយ​ថ្ងៃ​ចូលជា​ធរមាន។

សេចក្តីព្រាងច្បាប់​នេះ ក៏​ត្រូវ​បាន​ប្រធាន​គណៈកម្មាធិការ​កិច្ចការ​បរទេស​នៃ​រដ្ឋសភា​អាមេរិក និង​ជា​តំណាងរាស្ត្រ​នៃ​គណបក្ស​ប្រជាធិបតេយ្យ​មក​ពី​រដ្ឋ​ញ៉ូវយ៉ក (New York) លោក ក្រេហ្គោរី មីកស៏ (Gregory Meeks) ស្នើ​បន្ថែម​នូវ​ចំណុច​មួយ​ចំនួន​ទាក់ទង​នឹង​ការរកឃើញ​របស់​រដ្ឋសភា​អាមេរិក ​ដែល​ថា រដ្ឋាភិបាល​កម្ពុជា​បន្ត​ដឹកនាំ​ដោយ​គ្មាន​ប្រជាធិបតេយ្យ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ការបន្ត​បង្ក្រាប​មកលើ​សកម្មជន​គណបក្ស​សង្គ្រោះជាតិ​ជាង ១០០នាក់ ​ចាប់តាំង​ពី​ខែវិច្ឆិកា ឆ្នាំ២០២០​មក តាមរយៈ​ការចាប់​ខ្លួន ការចាប់ដាក់គុក​ដោយ​ប្រើបទចោទ​ដែល​មាន​ចរិកនយោបាយ​ជាដើម។ ទន្ទឹម​នឹង​នោះ ចាប់តាំង​ពី​ឆ្នាំ១៩៩១ មក ការបោះឆ្នោត​នៅ​កម្ពុជា​ត្រូវ​បាន​ធ្វើឡើង​ក្នុង​បរិយាកាស​មិនសេរី មិន​យុត្តិធម៌ និង​មិន​អាច​ជឿទុកចិត្ត​បាន ដែល​ត្រូវ​បាន​កត់សម្គាល់​ដោយ​ការបន្លំ​សន្លឹក​ឆ្នោត ការបំភិតបំភ័យ អំពើហិង្សា និង​ការប្រើប្រាស់​យន្តការ​ខុស​ច្បាប់​ដើម្បី​ធ្វើគណបក្ស​ប្រឆាំង​ទន់ខ្សោយ។ ចំណុច​ចុងក្រោយ​នៃ​សេចក្តីព្រាងច្បាប់​នេះ ក៏​មាន​ស្នើបន្ថែម​កថាខណ្ឌ​បញ្ជាក់​ថា សហរដ្ឋអាមេរិក​ប្តេជ្ញា​លើកកម្ពស់​លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និង​នីតិរដ្ឋ​នៅ​កម្ពុជា។ សហរដ្ឋអាមេរិក​បន្ត​ជំរុញ​រដ្ឋាភិបាល​​កម្ពុជា​ឱ្យ​ទម្លាក់ចោល​​រាល់​បទចោទ​ប្រឆាំង​នឹង​លោក កឹម សុខា ធ្វើឱ្យ​គណបក្ស​សង្គ្រោះជាតិ​រស់​ឡើងវិញ និង​គាំទ្រ​កិច្ចខិតខំ​ប្រឹងប្រែងនានា​ឱ្យមាន​ការកែទម្រង់​ការបោះឆ្នោត​នៅ​កម្ពុជា ឱ្យ​បាន​ប្រកប​ដោយ​ភាព​សេរី ត្រឹមត្រូវ យុត្តិធម៌ និង​គួរ​ឱ្យ​ទុកចិត្តបាន​ពី​សំណាក់​សហគមន៍​អន្តរជាតិ។

ក្រៅពី​សេចក្តីព្រាងច្បាប់​ស្តីពី​ប្រជាធិបតេយ្យ​កម្ពុជា​ឆ្នាំ២០២១​នេះ កាលពី​ចុង​ខែ​មករា​កន្លងទៅ តំណាងរាស្ត្រលោក អាលែន ឡូវែនថល ធ្លាប់​ប្រាប់​វិទ្យុអាស៊ីសេរី ថា លោក​ក៏​កំពុង​ត្រៀម​រៀបចំ​ឡើងវិញ​ដាក់​សេចក្តីព្រាង​ច្បាប់​មួយទៀត ស្តីពី «ពាណិជ្ជកម្ម​កម្ពុជា» ឱ្យ​រដ្ឋសភា​អាមេរិក​ពិនិត្យ​សើរើ​មើលឡើងវិញ ដើម្បី​កុំឱ្យ​សហរដ្ឋ​អាមេរិក​បន្ត​ផ្តល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ GSP ដល់​កម្ពុជា។ កន្លង​ទៅ បើ​ទោះ​ជា​មន្ត្រី​កម្ពុជា​រួម​ទាំង​លោក ហ៊ុន សែន ផង​បាន​អួតអាង​ពី​ការ​មិន​ព្រួយ​បារម្ភ ក្រោយ​តំណាងរាស្ត្រ​អាមេរិក​នាំ​គ្នា​ស្នើ​ច្បាប់​ដាក់​ទណ្ឌកម្ម​ជាក់លាក់​លើ​មន្ត្រី​កម្ពុជា រដ្ឋាភិបាល​លោក ហ៊ុន សែន ពី​ក្រោយ​ឆាក​ឯណោះ​វិញ បាន​ លួច​ចំណាយ​លុយ​ដល់ទៅ​ជាង ១, ២២ លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ ទៅ​ជួល​ក្រុមហ៊ុន​អាមេរិក ឲ្យ​ជួយ​បញ្ចុះ​បញ្ចូល​រដ្ឋាភិបាល និង​សភា​អាមេរិក​កុំឲ្យ​អនុម័ត​ច្បាប់​ទាំង​នោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។