ប្រធានគណបក្សកម្លាំងជាតិលោក ស៊ុន ចន្ធី ដែលកំពុងជាប់ពន្ធនាគារលើកឡើងថា លោកនឹងមិនប្ដឹងជំទាស់ទៅតុលាការជាន់ខ្ពស់ឡើយ ដោយលោកលើកហេតុផលថា តុលាការសព្វថ្ងៃមិនឯករាជ្យ និងស្ថិតនៅក្រោមបញ្ជានៃអំណាច របស់រដ្ឋាភិបាល។ លោកប្រកាសជំហរតស៊ូ ដោយហ៊ានលះបង់សេរីភាព និង អាយុជីវិត ដើម្បីបុព្វហេតុប្រទេសជាតិ។
តាមរយៈលិខិត ២ទំព័រសរសេរដោយដៃ កាលពីខែមករា លោក ស៊ុន ចន្ធី លើកឡើងថា ទោះបីជាតុលាការក្រុងភ្នំពេញ ក្រោមបញ្ជារបស់រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត បន្តដាក់គុក និងដកសិទ្ធិនយោបាយរបស់លោកអស់មួយជីវិតក៏ដោយ ក៏លោកមិនតក់ស្លុតដែរ។
ជាមួយគ្នានេះ លោកថា លោកបានត្រៀមចិត្ត និងបានដឹងជាមុនរួចទៅហើយថា នឹងមានគ្រោះអាក្រក់លើរូបលោក ចាប់តាំងពីថ្ងៃដំបូងនៃការចេញមុខតស៊ូ នយោបាយ ដើម្បីបុព្វហេតុសេរីភាព និងយុត្តិធម៌ ដោយឆ្ពោះទៅគោលដៅសេរីភាព យុត្តិធម៌ និងលទ្ធិប្រជាធិបតេយ្យពិតប្រាកដ គឺគ្មានក្រាលដោយកម្រាលព្រំផ្កាកុលាបស្រស់នោះទេ។
លោក ស៊ុន ចន្ធី ច្រានចោលនូវសេចក្ដីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ និងចាត់ទុកការចាប់ខ្លួន រួមទាំងកាត់ឱ្យលោកមានទោសជាប់ពន្ធនាគារ ២ឆ្នាំ គឺជាហេតុផលនយោបាយ ដែលធ្វើឡើងក្រោមរូបភាពបង្ក្រាប ដើម្បីបំបាត់សំឡេង ប្រឆាំងនៅកម្ពុជា ពីព្រោះលោកជាអ្នកដឹកនាំនយោបាយស្របច្បាប់ ដែលត្រូវ ប្រជែងអំណាចនយោបាយដឹកនាំប្រទេស តាមរយៈការបោះឆ្នោតនៅឆ្នាំ២០២៧ -២០២៨ និងអាណត្តិបន្តបន្ទាប់ទៀត។
យ៉ាងណា លោកប្រកាសថា លោកនឹងមិនប្ដឹងជំទាស់ទៅតុលាការគ្រប់ជាន់ថ្នាក់ផ្សេងៗទៀតឡើយ ពីព្រោះលោកទទួលស្គាល់ថា តុលាការគ្មានឯករាជ្យ គ្មានយុត្តិធម៌ ពុករលួយ និងធ្វើតាមបញ្ជានៃអំណាចរដ្ឋាភិបាល ដើម្បីបង្ក្រាបទៅលើ សកម្មជននយោបាយបក្សប្រឆាំង សកម្មជនសិទ្ធិមនុស្ស សកម្មជនសហជីព បរិស្ថាន ដីធ្លី និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យជាដើម។
ចំពោះការដកសិទ្ធិនយោបាយលោក លោក ស៊ុន ចន្ធី ថា រឿងនេះ គឺជាសក្ខីភាពបញ្ជាក់ច្បាស់ថា រដ្ឋាភិបាលដឹកនាំដោយលោក ហ៊ុន ម៉ាណែត កំពុងស្ថិតក្នុងស្ថានភាពទន់ខ្សោយ និងបាត់បង់ការគាំទ្រពីប្រជាពលរដ្ឋ។ លោកថា ប្រការនេះ ជាហេតុធ្វើឱ្យរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត មានការព្រួយបារម្ភ និងភ័យខ្លាំងពីសមត្ថភាពដឹកនាំ រួមទាំងការគ្រប់គ្រងនយោបាយរបស់រដ្ឋាភិបាល ទាំងក្នុងពេល បច្ចុប្បន្ន និងអនាគត ហើយមិនហ៊ានប្រកួតប្រជែងនឹងគណបក្សប្រឆាំង ក្រោមការដឹកនាំរបស់លោក ដែលជាកូនកសិករក្រខ្សត់ និងមានតែបាតដៃទទេស្អាត។
ជុំវិញរឿងនេះ ទីប្រឹក្សាគណបក្សកម្លាំងជាតិលោក រ៉ុង ឈុន ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី៤ ខែកុម្ភៈ ថា អ្វីដែលលោក ស៊ុន ចន្ធី យល់ឃើញ គឺឆ្លុះបញ្ចាំងការពិតពីព្រោះលោកថា សំណុំរឿងរបស់លោក ស៊ុន ចន្ធី មិនមែនជាការអនុវត្តច្បាប់ ដូចការលើកឡើងរបស់មតិជាតិ និងអន្តរជាតិដែរ។ លោកយល់ថា លិខិតរបស់លោក ស៊ុន ចន្ធី ចង់ប្រាប់សមាជិកគណបក្សកម្លាំងជាតិ និងប្រជាពលរដ្ឋថា លោកមានជំហរស្មោះស្ម័គ្រចំពោះប្រទេសជាតិមិនងាករេ ព្រមទាំងចង់បានសេរីភាព យុត្តិធម៌ និងប្រជាធិបតេយ្យពិតប្រាកដ សម្រាប់ប្រទេសកម្ពុជា។
លោក រ៉ុង ឈុន៖ «គណបក្សកម្លាំងជាតិយើងចង់ឃើញរដ្ឋាភិបាលដោះលែងសកម្មជននយោបាយ ក៏ដូចជា អ្នកនយោបាយ សកម្មជនសង្គម សកម្មជនបរិស្ថានក្ដី ប្រធានសមាគមក្ដី សហជីពក្ដី ដូចកញ្ញា សេង ធារី ក្ដី ចង់ឃើញពួកគាត់ទាំងអស់ទទួលបានសេរីភាព។ យើងមើលឃើញថា បើសិនជាកម្ពុជាយើង មានការដោះលែងសកម្មជននយោបាយ អ្នកនយោបាយ សកម្មជនសង្គម យើងមានផលចំណេញច្រើន ហើយនឹងទទួលបានការសាទរពីមតិជាតិ ហើយនិងអន្តរជាតិ ទទួលបានត្រឡប់មកវិញនូវប្រព័ន្ធអនុគ្រោះពន្ធEBAក៏ដូចជាGSP»។
វិទ្យុអាស៊ីសេរីមិនអាចសុំការអត្ថាធិប្បាយ ពីអ្នកនាំពាក្យក្រសួងយុត្តិធម៌លោក ជិន ម៉ាលីន និងប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលលោក ប៉ែន បូណា បានទេ នៅថ្ងៃទី៤ ខែកុម្ភៈ។
កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមឱ្យលោក ស៊ុន ចន្ធី ជាប់ពន្ធនាគារ២ឆ្នាំ និងដកហូតសិទ្ធិបោះឆ្នោត និងមិនឱ្យឈរឈ្មោះឱ្យគេបោះឆ្នោតអស់មួយជីវិត។
នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការការពារសិទ្ធិមនុស្សលីកាដូ (Licadho) លោក អំ សំអាត ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី៤ ខែកុម្ភៈ ថា ការតាំងចិត្ត និងការបញ្ចេញមតិ របស់លោក ស៊ុន ចន្ធី គឺជាសិទ្ធិសេរីភាពរបស់បុគ្គលលោកស្របតាមច្បាប់។ លោកកត់សម្គាល់ថា ការចាប់ខ្លួនមេដឹកនាំ និងសកម្មជនបក្សប្រឆាំងកន្លងមក បានរងការរិះគន់ពីសហគមន៍អន្តរជាតិ ក៏ដូចជាអង្គការសហប្រជាជាតិថា ជាការ ធ្វើទុក្ខបុកម្នេញនិងរឹតត្បិតលំហសេរីភាពនយោបាយ។ លោកថា ករណីខ្លះ គឺជា សិទ្ធិសេរីភាពបញ្ចេញមតិរបស់អ្នកនយោបាយ ប៉ុន្តែត្រូវអាជ្ញាធរចាប់ខ្លួន ឃុំខ្លួននិងចោទប្រកាន់ពីបទ«ញុះញង់»។
លោក អំ សំអាត ថា សហគមន៍ជាតិ និងអន្តរជាតិ រួមទាំងក្រុមប្រឹក្សាសិទ្ធិមនុស្ស នៅតែបន្តលើកឡើង និងស្នើឱ្យរដ្ឋាភិបាលកម្ពុជា ធ្វើការកែលម្អបញ្ហាសិទ្ធិមនុស្ស និងស្ដារលទ្ធិប្រជាធិបតេយ្យ ដើម្បីឱ្យសមជាប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ដែលទទួលស្គាល់នូវបទដ្ឋានអន្តរជាតិ និងឱ្យស្របរដ្ឋធម្មនុញ្ញ។
លោក អំ សំអាត៖ «ប្រទេសកម្ពុជាដែលជាប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ហើយបានទទួលស្គាល់ពីអង្គការអន្តរជាតិស្ដីពីសិទ្ធិមនុស្ស និងមានការផ្ដល់សច្ចាប័នជាច្រើនលើបទដ្ឋានហ្នឹង ហើយយើងចែងនៅក្នុងរដ្ឋធម្មនុញ្ញ។ ដូច្នេះ កាតព្វកិច្ចរបស់រដ្ឋដែលជាភាគី ត្រូវធ្វើយ៉ាងណា ដើម្បីគោរពទៅលើសិទ្ធិរបស់ប្រជាពលរដ្ឋកុំឱ្យមានការរំលោភបំពាន។ ទី២ ការពារនៅពេលដែលមានការរំលោភបំពានរដ្ឋជាភាគីត្រូវតែមានកាតព្វកិច្ច ក្នុងការពារ»។
អ្នកឃ្លាំមើលលើកឡើងថា ការបិទសិទ្ធិសេរីភាពលោក ស៊ុន ចន្ធី និងអ្នកនយោបាយក្រៅរដ្ឋាភិបាលផ្សេងទៀត ព្រមទាំងសកម្មជនសង្គម និងសកម្មជន សិទ្ធិមនុស្ស នឹងធ្វើឱ្យរដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត រងទណ្ឌកម្មបន្ថែមទៀតពីសហគមន៍អន្តរជាតិ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។