ប្រជាពលរដ្ឋ និងអ្នកគាំទ្ររិះគន់តុលាការក្រុងភ្នំពេញដែលកាត់ទោសឱ្យលោក កឹម សុខា ជាប់គុក២៧ឆ្នាំ ថាជារឿងអយុត្តិធម៌។ ពួកគេថា សាលក្រមនេះនឹងធ្វើឲ្យប្រព័ន្ធប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សកាន់តែដើរថយក្រោយ។ ពួកគេអំពាវនាវដល់រដ្ឋាភិបាលលោក ហ៊ុន សែន ដោះស្រាយវិបត្តិនយោបាយ ហើយដោះលែងលោក កឹម សុខា ឱ្យមានសេរីភាពឡើងវិញដើម្បីឱ្យកម្ពុជាមានសន្តិភាពពិតប្រាកដ និងបញ្ចៀសការរិះគន់ពីសហគមន៍អន្តជាតិ។
ក្រុមប្រជាពលរដ្ឋ និងអ្នកគាំទ្របានធ្វើដំណើរមកពីបណ្តាខេត្តនានាដែលមានគ្នាប្រហែល៥០នាក់បានឈរម្ខាងផ្លូវទប់មុខអគារសាលាដំបូងរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី០៣ ខែមីនា ដើម្បីតាមដានលទ្ធផលនៃការប្រកាសសាលក្រមលើសំណុំរឿងប្រធានគណបក្សសង្គ្រោះជាតិលោក កឹម សុខា ពីបទ សន្ទិដ្ឋិភាពជាមួយរដ្ឋបរទេសផ្ដួលរំលំរដ្ឋាភិបាល ក្រោយតុលាការចាយពេលសវនាការជំនុំជម្រះអស់រយៈពេល ៣ឆ្នាំ។
ជុំវិញរឿងនេះ ប្រជាពលរដ្ឋ និងអ្នកគាំទ្រលោក កឹម សុខា ចាត់ទុកសាលក្រមរបស់តុលាការថា ជារឿងមិនត្រឹមត្រូវ និងអយុត្តិធម៌ជុំវិញសេចក្តីសម្រេចរបស់តុលាការនេះ។
ប្រជាពលរដ្ឋមកពីស្រុកដងទង់ ខេត្តកំពត លោក យិន ឈូករ័ត្ន ថ្លែងថា លោកមិនអាចទទួលយកបានទេចំពោះការផ្ដន្ទាទោសមនុស្សស្អាតស្អំឱ្យដាក់គុករាប់សិបឆ្នាំបែបនេះ ពីព្រោះសវនាការកន្លងទៅ តុលាការពុំមានភស្តុតាងដាក់បន្ទុកណាមួយបង្ហាញថា លោក កឹម សុខា ឃុបឃិតជាមួយបរទេសឡើយ។ លោកយល់ថា ការសម្រេចនេះបានធ្វើឱ្យប៉ះពាល់សិទ្ធិសេរីភាពរបស់លោក កឹម សុខា និងទឹកចិត្តរបស់ប្រជាពលរដ្ឋខ្មែរជាខ្លាំង។ យ៉ាងណាលោកសង្ឃឹមថា ការវិវឌ្ឍនៃស្ថានការណ៍នយោបាយតាមរយៈការបង្រួបត្រូវជាតិខាងមុខលោក កឹម សុខា នឹងមានសេរីភាពដើម្បីប្រឡូកក្នុងឆាកនយោបាយវិញ។
លោក យិន ឈូករ័ត្ន៖ «លោកប្រធាន កឹម សុខា អត់មានកំហុសជាប់ពាក់ព័ន្ធនឹងអ្វីដែលតុលាការចោទប្រកាន់គាត់ទេ អ៊ីចឹងហើយរឿងនេះជារឿងដែលយើងមិនអាចទទួលយកបានទេ ពីព្រោះយើងយល់ថាវាអយុត្តិធម៌ខ្លាំងពេក»។
ស្រដៀងគ្នានេះដែរ អ្នកគាំទ្រម្នាក់ទៀតនៅរាជធានីភ្នំពេញ លោក វន្ន សូត្រ ដែលបានតាមឃ្លាំមើលសាវនាការលើសំណុំរឿងរបស់លោក កឹម សុខា ជិត៦០លើកកន្លងមកប្រតិកម្មសេចក្តីសម្រេចរបស់តុលាការនេះថា ជារឿងមិនត្រឹមត្រូវ។ លោកចាត់ទុកការសម្រេចនេះមិនមែនជាការអនុវត្តច្បាប់នោះទេ តែជារឿងនយោបាយជាច្រើនជាង។
លោក វន្ន សូត្រ៖ «វាជារឿងអយុត្តិធម៌មួយដែរ បើយើងគិតមើលខាងតុលាការមិនបានមើលឱ្យគ្រប់ជ្រុងជ្រោយនូវភស្តុតាង និងហេតុផលដែលមេធាវីដាក់បញ្ចូលទៅហ្នឹង យ៉ាងណាយើងមិនអាចធ្វើអ្វីលើសពីសោកស្តាយហ្នឹងបានដែរ ដោយសារយើងមិនចង់ស្ថានភាពមួយមានចលាចលហ្នឹង»។
ប្រជាពលរដ្ឋធ្វើដំណើរមកពីខេត្តព្រះសីហនុ លោក គឹម ឃឿន រៀបរាប់ទាំងទឹកមុខស្រងូតស្រងាត់ថា សាលក្រមរបស់តុលាការក្រុងភ្នំពេញកាត់ទោសលោក កឹម សុខាឱ្យជាប់ឃុំ២៧ឆ្នាំ និងបំបិទសិទ្ធិគាត់ថែមទៀតនេះជារឿងអយុត្តិធម៌បំផុតសម្រាប់អ្នកតស៊ូប្រកាន់នូវគោលការណ៍អហិង្សា និងមិនយកខ្មែរណាធ្វើជាសត្រូវ។ លោកយល់ថា ករណីនេះមានតែអង្គព្រះមហាក្សត្រជួយព្រះរាជអន្តរាគមន៍ទេ ទើបលោកសង្ឃឹមថា លោក កឹម សុខា មានសេរីភាពឡើងវិញដើម្បីឱ្យកម្ពុជាមានសន្តិភាព គោរពសិទ្ធិមនុស្សពិតប្រាកដ។
លោក គឹម ឃឿន៖ «អារម្មណ៍ខ្ញុំមិនជឿថា លោកប្រធាន កឹម សុខា មានគំនិតក្បត់ដូចតុលាការចោទប្រកាន់ទេ ដោយសារគេចេះតែយករូបភាពកាត់តពីនេះពីនោះមក ហេតុនេះខ្ញុំមិនជឿថារឿងនេះកើតឡើងដូច្នេះ ហើយតុលាការកាត់ទោសឱ្យលោក កឹម សុខា ជាប់ទោស២៧ឆ្នាំជាព្រឹត្តិការណ៍ដែលមិនអាចទទួលយកបានទេ»។
ចំណែក យុវជនខ្មែរថាវរៈលោក ស្វាយ សំណាង ថា សាលក្រមកាត់ទោសមេដឹកនាំគណបក្សប្រឆាំងនេះបានធ្វើឱ្យការអនុវត្តសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋធ្លាក់ចុះមួយកម្រិតទៀត។ លោកថា អ្នកនយោបាយជាពិសេសរដ្ឋាភិបាលគួរចូលតុចរចាដោះស្រាយវិបត្តិនយោបាយ និងបើកលំហប្រជាធិបតេយ្យឡើងវិញ បើពុំនោះទេ កម្ពុជានឹងបាត់បង់ផលប្រយោជន៍សេដ្ឋកិច្ច ហើយនឹងទទួលរងការរិះគន់ រួមទាំងទណ្ឌកម្មពីសហគមន៍អន្តរជាតិបន្ថែមទៀត។
លោក ស្វាយ សំណាង៖ «សេរីភាពក្នុងការចូលរួមធ្វើនយោបាយ ជាពិសេសសិទ្ធិចូលរួមរបស់ប្រជាពលរដ្ឋបានរួមតូចខ្លាំងមែនទែន គឺពលរដ្ឋភ័យខ្លាចសូម្បីតែនិយាយរឿងនយោបាយ ចូលរួមសកម្មភាពផ្សេងៗជាមួយគណបក្សមិនមែនរដ្ឋាភិបាល ក៏ត្រូវគេរឹតត្បិត គេគំរាមកំហែង នេះសបញ្ជាក់ឱ្យឃើញថា ប្រទេសកម្ពុជារឹតត្បិតសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋក្នុងការចូលរួមជីវភាពនយោបាយខ្លាំង»។
តុលាការក្រុងភ្នំពេញដែលមានចៅក្រមភាគច្រើន ជាសមាជិកគណបក្សប្រជាជនកម្ពុជាដែលផ្ដន្ទាទោសលើលោក កឹម សុខា ពីបទសន្ទិដ្ឋិភាព ឬការត្រូវរ៉ូវគ្នាជាមួយរដ្ឋបរទេស ដើម្បីផ្ដួលរំលំរដ្ឋាភិបាលលោក ហ៊ុន សែន។ ក្រុមមន្ត្រីសិទ្ធិមនុស្ស និងតំណាងស្ថានទូតប្រទេសប្រជាធិបតេយ្យធំៗ រិះគន់ថា ការកាត់ទោសលើលោក កឹម សុខា គ្មានមូលដ្ឋាន និងជារឿងប្រឌិតដែលជាការជាន់ឈ្លីប្រព័ន្ធយុត្តិធម៌ លទ្ធិប្រជាធិបតេយ្យ និងក្តីប្រាថ្នារបស់ប្រជាពលរដ្ឋ ដែលចង់ឃើញសង្គមកម្ពុជា៕
[ មេធាវីជាតិ និងអន្តរជាតិ ទាមទារសាលក្រមគ្មានទោសសម្រាប់លោក កឹម សុខាOpens in new window ]

[ តុលាការស្ថិតក្រោមអំណាចនយោបាយក្នុងរឿងក្ដីលោក កឹម សុខាOpens in new window ]
[ ការវិភាគអំពីសាលក្រមលោក កឹម សុខាOpens in new window ]
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។