រដ្ឋាភិបាល​ថៃ​ទទួលស្គាល់​ភាព​ជាប់​គាំង​ការ​បង្កើត​គណៈកម្មការ​ចរចា​តំបន់​ត្រួតស៊ីគ្នា ខណៈ​កម្ពុជា​បន្ត​រក្សា​ភាព​ស្ងប់ស្ងាត់​សា​ជាថ្មី

ដោយ យ៉ង ចាន់តារា
2024.12.06
រដ្ឋាភិបាល​ថៃ​ទទួលស្គាល់​ភាព​ជាប់​គាំង​ការ​បង្កើត​គណៈកម្មការ​ចរចា​តំបន់​ត្រួតស៊ីគ្នា ខណៈ​កម្ពុជា​បន្ត​រក្សា​ភាព​ស្ងប់ស្ងាត់​សា​ជាថ្មី ភាព​ស្និទ្ធស្នាល​រវាង​​អតីត​នាយករដ្ឋមន្ត្រី​ថៃ គឺ​លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ (Thaksin Shinawatra) រូបខាងឆ្វេង និង​លោក ហ៊ុន ម៉ាណែត ក្នុង​អំឡុង​ពេល​គ្រួសារ​ត្រកូល ថាក់ស៊ីន មក​លេង​​គ្រួសារ​ត្រកូល​ហ៊ុន កាល​ពី​ខែកុម្ភៈ ឆ្នាំ២០២៤។
រូប៖ ហ្វេសប៊ុក Duong Dara 2024-02-21

ថៃ​នៅ​មិនទាន់​បង្កើត​គណៈកម្មការ​ជំនាញ ដើម្បី​ចរចា​ជាមួយ​កម្ពុជា ក្នុង​រឿង​វិវាទ​ដែនសមុទ្រ ដែល​ប្រទេស​ទាំងពីរ​អះអាង​ថា «ត្រួតស៊ីគ្នា» នោះ​នៅឡើយ​ទេ។ អ្នកឃ្លាំមើល​កម្ពុជាយល់ឃើញ​ថា ភាព​ជាប់​គាំង​របស់​រដ្ឋាភិបាល​ថៃ គឺ​បណ្ដាលមកពី​វិបត្តិ​នយោបាយ​ផ្ទៃក្នុង ដោយសារ​ពលរដ្ឋ និង​គណបក្សប្រឆាំង​ថៃ មិន​ទុកចិត្ត​មេដឹកនាំ​ថៃ​ ដែល​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​គ្រួសារ​មេដឹកនាំ​កម្ពុជា​របស់​ត្រកូល​ ហ៊ុន។

ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ថៃ លោក ភូមិថាំ វេឆាយាឆៃ (Phumtham Wechayachai) បាន​ប្រកាស​នៅ​ថ្ងៃទី៦ ខែ​ធ្នូ ថា ការ​បង្កើត​គណៈកម្មការ​បច្ចេកទេស​រួម ឬ JTC ដើម្បី​ចរចា​អនុស្សរណៈ​យោគយល់​គ្នា​ឆ្នាំ២០០១ (MOU44) ស្ដីពី​ការ​អភិវឌ្ឍ​រួមគ្នា​សម្រាប់​វិស័យ​ធនធាន​ថាមពល (OCA) ជាមួយ​កម្ពុជា​នោះ នៅ​មិនទាន់​មាន​ការ​រីកចម្រើន​នៅ​ឡើយ ដោយ​ការ​បង្កើត​គណៈកម្មការ​នេះ កំពុង​ដំណើរការ​ពិភាក្សា​នៅ​ក្នុង​ក្រសួងការបរទេស មុន​នឹង​លើក​យក​មក​ពិភាក្សា​បន្ត​នៅ​ក្នុង​គណៈរដ្ឋមន្ត្រី។

រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ថៃរូប​នេះបញ្ជាក់​បន្ថែម​ថា ចំពោះ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​អំពី​ការ​លើកឡើង​របស់​នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត ដែល​ថា «កោះគជ់​នៅ​មិនទាន់​បាន​សម្រេច​ថា ជា​ដែន​អធិបតេយ្យ​របស់​ប្រទេស​ណាមួយ​នៅឡើយ ដោយ​តម្រូវ​ឱ្យ​មាន​ការ​ចរចា» នោះ លោក ភូមិថាំ វេឆាយាឆៃ ប្រាប់​ថា លោក​មិន​យល់​អំពី​អ្វី​ ដែល​លោក ហ៊ុន ម៉ាណែត បាន​និយាយ​នោះ​ទេ ដោយ​លោក​នៅតែ​អះអាង​ថា កោះគជ់​គឺជា​កម្មសិទ្ធិ​ផ្ដាច់មុខ​របស់​ថៃ​ដដែល និង​មិន​មាន​ការ​លើក​យក​រឿង​នេះ មក​ជជែក​ចរចា​ឡើយ។

Koh_Kuch_beach_111824_18.jpg
ទិដ្ឋភាពភ្ញៀវទេសចរកំពុងកម្សាន្តនៅកោះគជ់ ដែលថៃហៅថា កោះគុត ឬកោះគូត (Ko Kood)។

ជុំវិញ​រឿង​នេះ អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន យល់ឃើញ​ថា មូលហេតុ​នៃ​ការ​ជាប់​គាំង​ក្នុង​ការ​បង្កើត​គណៈកម្មការ​របស់​រដ្ឋាភិបាល​ថៃ​នេះ គឺ​ដោយសារតែ​វិបត្តិ​នយោបាយ ដែល​កើត​ចេញ​ពី​ការ​មិន​ទុកចិត្ត​របស់​ប្រជាពលរដ្ឋ និង​គណបក្ស​ប្រឆាំង​របស់​ថៃ ចំពោះ​នាយករដ្ឋមន្ត្រី​របស់​ខ្លួន គឺ​អ្នកស្រី ផែថងថាន ស៊ីណាវ៉ាត់ (Paetongtarn Shinawatra) ដែល​គេ​ចោទ​ថា ​ឪពុក​របស់​អ្នកស្រី ដែល​ជា​អតីត​នាយករដ្ឋមន្ត្រី​ថៃ គឺ​លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ (Thaksin Shinawatra) មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​គ្រួសារ​មេដឹកនាំ​កម្ពុជា​របស់​ត្រកូល​ហ៊ុន។

លោក អ៊ុំ សំអាន៖ «បន្ទាប់ពី​បង្កើត​គណៈកម្មការ​នេះ​រួចហើយ​ក៏ដោយ​កម្ពុជា​ក៏​មិន​ត្រូវ​ចរចា​ទ្វេភាគី​ជាមួយ​ប្រទេស​ថៃ​នោះ​ទេ កម្ពុជា​ត្រូវ​ទាមទារ​ឱ្យ​ថៃ ត្រូវ​លុបចោល​អនុស្សរណៈ​យោគយល់​គ្នា​ឆ្នាំ២០០១​ ជាមួយ​កម្ពុជា​ហ្នឹង ហើយ​បន្ទាប់មក​ទៀត​កម្ពុជា​ត្រូវ​ប្ដឹង​ទៅ​តុលាការ​អន្តរជាតិ ដើម្បី​ទាមទារ​យ៉ាងហោចក៏​ពាក់កណ្ដាល​នៃ​កោះគជ់​មកវិញ ហើយ​ដែនសមុទ្រ​ខ្មែរ​ដែល​អះអាង​ថា​ ត្រួតស៊ីគ្នា​ចំនួន ​៣ម៉ឺនគីឡូម៉ែត្រការ៉េ​ហ្នឹង​មកវិញ»

កាលពី​ថ្ងៃទី៨ ខែ​វិច្ឆិកា នាយករដ្ឋមន្ត្រី​ថៃ អ្នកស្រី ផែថងថាន ស៊ីណាវ៉ាត់ បាន​ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​ថៃ​ថា រដ្ឋាភិបាល​របស់​អ្នកស្រី​នឹង​បង្កើត​គណៈកម្មការ​ ដើម្បី​ដោះស្រាយ​បញ្ហា​តំបន់​ ដែល​អះអាង​ថា «ត្រួតស៊ីគ្នា» ជាមួយ​កម្ពុជា មិន​ឱ្យ​លើស​ពី​ខែ​វិច្ឆិកាឡើយ។ ប៉ុន្តែ​ការ​បង្កើត​គណៈកម្មការ​នេះ មិន​បាន​សម្រេច​តាម​ការ​កំណត់​នៅឡើយ​ទេ។

វិទ្យុ​អាស៊ី​សេរី មិន​អាច​ទាក់ទង​រដ្ឋមន្ត្រី​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន លោក ឡាំ ជា និង​អ្នកនាំពាក្យ​ក្រសួងការបរទេស លោក ជុំ សុន្ទរី ដើម្បី​សុំ​ការ​បកស្រាយ​ជុំវិញ​រឿង​នេះ​បាន​ទេ នៅ​ថ្ងៃទី៦ ខែ​ធ្នូ។

កាលពី​ថ្ងៃទី២៩ ខែ​វិច្ឆិកា លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​បន្ត​ចោទ​អ្នក​ដែល​លើកឡើង​ពី​បញ្ហា​កោះគជ់​ថា ជា​ក្រុម​ប្រឆាំង​ជ្រុលនិយម និង​យក​រឿង​នេះ​មក​ដុត​កំហឹង​ពលរដ្ឋ ឱ្យ​ប្រឆាំង​នឹង​រដ្ឋាភិបាល។ ក៏ប៉ុន្តែ ទន្ទឹម​នឹង​ការ​គំរាមកំហែង និង​វាយប្រហារ​លើ​អ្នកនយោបាយ​បក្ស​ប្រឆាំង​នោះ  មក​ទល់​ពេលនេះ រដ្ឋាភិបាល​ត្រកូល​ហ៊ុន មិនទាន់​បាន​បកស្រាយ​ពន្យល់​ពលរដ្ឋ​ឱ្យ​បាន​ច្បាស់លាស់ និង​មាន​ហេតុផល​សមរម្យ​នៅឡើយ​ទេ​ជុំវិញ​បញ្ហា​កោះគជ់​នេះ។

ចំណែក​ឯ​នាយករដ្ឋមន្ត្រី​ថៃ អ្នកស្រី ផែថងថាន ស៊ីណាវ៉ាត់ (Paetongtarn Shinawatra) វិញ អ្នកស្រី​ត្រូវ​ប្រជាពលរដ្ឋ និង​មេដឹកនាំ​គណបក្សប្រឆាំង រិះគន់​កាន់តែ​ខ្លាំង​ឡើង បន្ទាប់ពី​អ្នកស្រី​បាន​ពន្យល់​ពី​ការ​គូសវាស​ខ្សែ​បន្ទាត់​កំណត់​ដែន​សមុទ្រ ដែល​កាត់​ចំ​ពាក់កណ្ដាល​កោះគជ់ ដោយ​អ្នកស្រី​អះអាង​ថា មេដឹកនាំ​កម្ពុជា បាន​សម្រេច​ឆ្វៀល​កោះគជ់​ទាំងមូល​ឱ្យ​មក​ថៃ​ហើយ។ ទោះជា​បែបនេះ​ក្ដី ពលរដ្ឋ និង​មេ​បក្ស​ប្រឆាំង​ថៃបាន​ចោទ​ថា ការ​បកស្រាយ​របស់​អ្នកស្រី​អាច​នឹង​ធ្វើ​ឱ្យ​ថៃ​បាត់បង់​កោះគជ់​ពាក់កណ្ដាល។

បច្ចុប្បន្ន​នេះ​អគ្គ​មេបញ្ជាការ​កងទ័ព​ជើងទឹក​ថៃ កំពុង​ដំណើរការ​រៀបចំ​ធ្វើ​សមយុទ្ធ​កង​នាវាចរ​ប្រចាំ​ឆ្នាំ នៅ​ឈូងសមុទ្រ​ថៃ ចន្លោះ​ពី​ថ្ងៃទី១០ ដល់​ថ្ងៃទី១២ ខែ​ធ្នូ ដោយ​កង​នាវិក​ថៃត្រៀម​ចល័ត​សព្វាវុធ នាវាមុជទឹក នាវាចម្បាំង និង​បោះយុថ្កា​នៅ​ក្បែរ​ទីតាំង​កោះគជ់​នេះ​តែម្ដង។

អ្នកឃ្លាំមើល​លើកឡើង​ថា មានតែ​ការ​លើក​យក​សំណុំរឿង​តំបន់​ដែល​អះអាង​ថា «ត្រួតស៊ីគ្នា» នេះ ប្ដឹង​ទៅ​តុលាការ​អន្តរជាតិ​ប៉ុណ្ណោះ ទើប​អាច​បញ្ចប់​វិវាទ​នេះ ព្រមទាំង​បង្ការ​កុំ​ឱ្យ​មាន​ជម្លោះ​ប្រដាប់​អាវុធ និង​កុំ​ឱ្យ​ពលរដ្ឋ​នៃ​ប្រទេស​ទាំងពីរ មាន​អរិភាព​ជាមួយ​គ្នា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
លោក ឃួង ស្រេង ពី​មន្ត្រី​ខណ្ឌ​តូច​តាច​ទៅ​ជា​អភិបាល​ក្រុង​ភ្នំពេញ​ដោយសារ​ស្នាដៃ​បម្រើ​គ្រួសារ​ត្រកូល​ហ៊ុន
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។