ពលរដ្ឋរស់នៅក្បែរព្រំដែនកម្ពុជា-វៀតណាម ក្នុងខេត្តត្បូងឃ្មុំអះអាងថា ពលរដ្ឋវៀតណាមរាប់រយនាក់ឆ្លងដែនចូលដីខ្មែរធ្វើកសិកម្មតាមបណ្ដោយព្រំដែន ក្នុងឃុំចំនួន៤ ក្នុងស្រុកមេមត់។ អ្នកភូមិនៅតំបន់នោះចាត់ទុកទង្វើរបស់ពលរដ្ឋវៀតណាមនេះជារូបភាពឈ្លានពានដីខ្មែរ បើទោះបីជាតំបន់នោះ បានកំណត់ខណ្ឌសីមាព្រំដែនរួចរាល់ហើយក្ដី។
ពលរដ្ឋរស់នៅស្រុកមេមត់ ខេត្តត្បូងឃ្មុំអំពាវនាវឱ្យរដ្ឋាភិបាលបង្ហាញភាពច្បាស់លាស់ ដោះស្រាយបញ្ហាព្រំដែនឱ្យដាច់ស្រឡះ បន្ទាប់ពីបោះបង្គោលព្រំដែនរួចរាល់ហើយ។ ការលើកឡើងនេះ ក្រោយពីពួកគេប្រទះឃើញពលរដ្ឋវៀតណាមរាប់រយនាក់ឆ្លងដែន ចូលដីខ្មែរមកដាំអំពៅស្រូវ និងដំឡូងមីជាដើម ហ៊ុមព័ទ្ធបង្គោលព្រំដែន លេខ៨៨ រហូតដល់បង្គោលលេខ ៩៥ ឆ្ងាយពីអ័ក្សព្រំដែនជាង ១០០រយម៉ែត្រ ឋិតក្នុងឃុំចំនួន៤ នៅស្រុកមេមត់ គឺឃុំជាំឃុំចាន់មូល ឃុំរូង និងឃុំជាំក្រវៀន។
ពលរដ្ឋរស់នៅស្រុកមេមត់លោក ចាន់ ឌឺន ឱ្យដឹងនៅថ្ងៃទី៩ វិច្ឆិកាថា ប្រសិនបើបញ្ហានេះរដ្ឋាភិបាលមិនរកមធ្យោបាយដោះស្រាយជាបន្ទាន់ទេ នោះពលរដ្ឋវៀតណាមអាចនឹងរំកិលចូលដីខ្មែរបន្តិចម្តងៗ សង់ផ្ទះ ឬខ្ទម និងធ្វើកសិកម្មកាន់តែរីកធំឡើង។ លោកថា សមត្ថកិច្ចដែលឈរជើងនៅតំបន់នោះមិនអើពើចាត់វិធានការរឿងនេះ ផ្ទុយទៅវិញបែរជាព្យាយាមរារាំង និងហាមពលរដ្ឋខ្មែរមិនឱ្យចូលទៅតំបន់ព្រំដែននោះឡើយ៖ « ចង់បាន ដំណោះស្រាយ សាច់ការ ទាំងអស់ ទាំង ខាង វៀត ណាម និង ភាគី កម្ពុជា។ នៅ ជាប់ ព្រំ គ្នា កុំ ឱ្យ ឈ្លោះប្រកែកគ្នា បើ ថា បោះបង្គោល ត្រូវ ស្រាយ ច ម្ងល់ឱ្យ ស្រេ ច ។ រដ្ឋាភិបាល សម័យ ឥលូវ កុំ ឱ្យ មាន ឈ្លោះ គ្នា ទៀត ខ្ញុំ ទទួលស្គាល់ ពលរដ្ឋ » ។
ពលរដ្ឋម្នាក់ទៀត រស់នៅក្បែរព្រំដែនក្នុងស្រុកមេមត់ លោក ជា វីរៈ ថ្លែងថា ដីខ្មែរដែលពលរដ្ឋវៀតណាមធ្វើកសិកម្មតាមបណ្ដោយព្រំដែនភាគច្រើនជាដីរបស់ក្រុមហ៊ុនឯកជនតែលោកមិនប្រាកដថា ជាដីរបស់ក្រុមហ៊ុនណានោះទេ។ លោកចាត់ទុកបញ្ហានេះជាការឈ្លានពានអធិបតេយ្យកម្ពុជា ដែលទាមទារឱ្យអាជ្ញាធរខ្មែរដោះស្រាយរឿងនេះឱ្យហ្មត់ចត់ ជាពិសេស ត្រូវបែងចែកឱ្យដាច់ស្រឡះរវាងដីខ្មែរ និងដីវៀតណាម ក្រោយពីបោះបង្គោលព្រំដែនរួចរាល់៖ « ទោះបី បោះបង្គោល ព្រំដែន ហើយក៏ ដោយ អាជ្ញាធរ យួន និង ពលរដ្ឋ យួន ខ្ញុំ មើលទៅ ហាក់ដូចជា នៅ មក ធ្វើស្រែ ចម្ការ ហួស បង្គោល ព្រំដែន សេរី តែម្ដង។ ជាក់ស្ដែង ដូចជា នៅ ភូមិ ជាំ ក្រវៀន គឺ យួន ចូល មក ខ្មែរសេរី ចូល ធ្វើ ចម្ការ ម្នាក់ៗ សុទ្ធ មាន ដី ឡូ ហើយ ក្នុង មួយ ឡូ មិន ដឹង ប៉ុន្មាន ហិកតារ ទេ ? អត់ ជឿ សោះ ថា យួន ថា បញ្ឈប់ ការឈ្លានពាន ព្រោះ ខ្ញុំ ស្ដែង ហ្នឹង ភ្នែក » ។
អាស៊ីសេរីបានព្យាយាមទាក់ទងមេឃុំជាំ លោក មើក នូវ អភិបាលខេត្តត្បូងឃ្មុំ លោក ជាម ច័ន្ទសោភ័ណ្ឌ និងស្នងការខេត្ត លោក បែន រ័ត្ន ដើម្បីសុំការបំភ្លឺរឿងនេះ តែទូរស័ព្ទហៅចូលច្រើនដង គ្មានអ្នកទទួល នៅថ្ងៃទី៩ វិច្ឆិកា។
ចំណែកទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេសកិច្ចការព្រំដែនលោក វ៉ា គឹមហុង និងអ្នកស្រី កុយ ពិសី ក៏មិនអាចទាក់ទងបានដែរនៅថ្ងៃដដែលនេះ។
ទោះយ៉ាងណា លោក វ៉ា គឹមហុង ធ្លាប់ប្រាប់អាស៊ីសេរីថា ក្រោយពីបោះបង្គោលព្រំដែនរួចរាល់ អាចការពារទឹកដី បញ្ចប់ជម្លោះព្រំដែន និងផ្តល់ប្រយោជន៍ធំធេងសម្រាប់ជាតិខ្មែរ។ លោកថា រដ្ឋាភិបាលកម្ពុជាបានប្រឹងប្រែងជាច្រើនឆ្នាំមកហើយ ទម្រាំកសាងព្រំដែនសន្តិភាព និងបោះបង្គោលព្រំដែនសម្រេចបាន ៨៤ភាគរយ។
គណៈកម្មាធិការកិច្ចការព្រំដែនឱ្យដឹងថា ក្នុងចំណោមខេត្តទាំង៩របស់កម្ពុជាជាប់ព្រំដែនវៀតណាមមានខេត្តព្រៃវែង ក្រចេះ និងត្បូងឃ្មុំ ត្រូវបានបញ្ចប់ទាំងស្រុងហើយ ក្នុងការបោះបង្គោលព្រំដែននៅសល់ខេត្តកំពត ស្វាយរៀង រតនគិរី មណ្ឌលគិរី តាកែវ និងខេត្តកណ្ដាល។
បើទោះជាមានការបោះបង្គោលព្រំដែនរួចរាល់ហើយក្ដី អ្នកភូមិថា មានដីស្រែរបស់ពលរដ្ឋខ្មែរ ក្នុងចន្លោះបង្គោលព្រំដែនលេខ ១១៩ ដល់ ១២០ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំមានទំហំជាង ៦០ហិកតារនៅមិនទាន់ឃើញអាជ្ញាធរប្រគល់ឱ្យពលរដ្ឋខ្មែរធ្វើស្រែចម្ការនៅឡើយទេ។ កន្លងទៅអ្នកភូមិជាង ១រយគ្រួសារ បានទៅដាក់ញត្តិទៅក្រសួងដែនដី និងស្ថាប័នពាក់ព័ន្ធនៅរាជធានីភ្នំពេញតែមកទល់ពេលនេះ នៅមិនទាន់ទទួលបានដំណោះស្រាយនៅឡើយទេ។ ផ្ទុយទៅវិញ ពលរដ្ឋភាគច្រើនមិនហ៊ាននិយាយ និងតវ៉ារឿងព្រំដែនខ្លាចក្រែងអាជ្ញាធរចាប់ដាក់គុក។
កាលពីខែកក្កដា ឆ្នាំ២០២០ ពលរដ្ឋរស់នៅតាមបណ្ដោយព្រំដែនកម្ពុជា-វៀតណាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំអះអាងថា ពលរដ្ឋខ្មែរជាង ៤០នាក់ ភាគច្រើនជាម្ចាស់ដីស្រែរស់នៅភូមិត្រពាំងផ្លុង ឃុំត្រពាំងផ្លុង បានតវ៉ាទាមទាដីស្រែនៅចំណុចដែលវៀតណាមឈ្លានពានដោយខឹងសម្បានឹងទាហានវៀតណាមជាង ៣០នាក់ ប្រដាប់ដោយអាវុធ និងដំបងឆក់ឆ្លងចូលដីខ្មែរ ហើយពួកគេបានថតវីដេអូបង្ហោះតាមបណ្ដាញសង្គម។ ក្រុមពលរដ្ឋទាំងនោះរិះគន់អាជ្ញាធរខ្មែរថា មិនហ៊ានតទល់ជាមួយទាហានវៀតណាមទាំងនោះទេ។
រីឯប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាប្រចាំប្រទេសន័រវេ (Norway) លោក ម៉ែន ណាត យល់ថា ការបណ្ដោយឱ្យវៀតណាមដាំដំណាំហ៊ុមព័ទ្ធបង្គោលព្រំដែន ឆ្លងចូលដីខ្មែរ គឺជាទង្វើឈ្លានពានអធិបតេយ្យជាតិកម្ពុជា ដែលទាមទារឱ្យរដ្ឋាភិបាលត្រូវដោះស្រាយជាបន្ទាន់។ លោកថា ប្រសិនបើបញ្ហានេះ គណៈកម្មាធិការព្រំដែនខ្មែរ និងអាជ្ញាធរខេត្តត្បូងឃ្មុំមិនអាចដោះស្រាយរួចទេ ឆ្លុះបញ្ចាំងថា រដ្ឋាភិបាលអសមត្ថភាពក្នុងការការពារបូរណភាពទឹកដី៖ « គេ ( ពលរដ្ឋ វៀតណាម ) មាន សិទ្ធិ ចូល មក ដាំ ធ្វើស្រែ ចម្ការ ហ៊ុមព័ទ្ធ បង្គោល ព្រំដែន អ៊ីចឹង ទៀត។ យើង សង្ឃឹម រដ្ឋាភិបាល កម្ពុជា ដែល មាន លោក វ៉ា គឹម ហុង ជា តំណាង ហ្នឹង តើ មក ធ្វើជា មុខមាត់ ស្អី កើត ក្នុង បញ្ហា ដោះស្រាយ ទុក្ខ កង្វល់ របស់ ពលរដ្ឋ ហ្នឹង ? បើ រដ្ឋាភិបាល ហ្នឹង ធ្វើអ្វី តាមតែ បំណង ឈ្លានពាន របស់ វៀតណាម។ បើ រដ្ឋាភិបាល ធ្វើ ឯកសារ ព្រំដែន ធ្វើ ផែនទី ព្រំដែន ថ្មីៗ ហ្នឹង ផ្អែក តាម អ្វី ដែល វៀត ណាម ចង់បាន តែ ទាំង អស់ហ្នឹង » ។
កាលពីឆ្នាំ២០១៥ ក្រសួងមហាផ្ទៃបានចេញលិខិតមួយច្បាប់ស្នើឲ្យអភិបាលខេត្តដែលគ្រប់គ្រងតំបន់មានព្រំដែនជាប់នឹងប្រទេសវៀតណាម ឡាវ និង ថៃ ទប់ស្កាត់ពលរដ្ឋខ្មែរជួលដីទៅកសិករប្រទេសជិតខាង ដើម្បីរក្សាការពារឲ្យបាននូវបូរណភាពទឹកដី និងអធិបតេយ្យជាតិ។
ទោះជាយ៉ាងណា ក្រុមពលរដ្ឋរស់នៅក្បែរបន្ទាត់ព្រំដែនក្នុងខេត្តត្បូងឃ្មុំអះអាងថា ពលរដ្ឋវៀតណាមឆ្លងចូលដីខ្មែរធ្វើស្រែចម្ការតាមបណ្ដោយព្រំដែនក្នុងទឹកដីខ្មែរកើតមានជាច្រើនឆ្នាំមកហើយ ប៉ុន្តែអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចមិនចាត់វិធានការទប់ស្កាត់ឲ្យមានប្រសិទ្ធភាពឡើយហាក់ដូចជាចាត់ទុកថា រឿងនេះជារឿងតូចតាច។ ចំណែកយោធាវៀតណាមវិញ តែងឆ្លងចូលដីខ្មែរតាមបណ្ដោយខ្សែបន្ទាត់ព្រំដែន ដើម្បីគំរាមកំហែង និងរារាំងពលរដ្ឋខ្មែរមិនឱ្យធ្វើស្រែលើដីរបស់ខ្លួនជាញឹកញាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។