អាជ្ញាធរខេត្តត្បូងឃ្មុំ ដោះលែងសកម្មជនគណបក្សសង្គ្រោះជាតិ ៥នាក់ ឱ្យត្រឡប់មកផ្ទះវិញ នៅរសៀលថ្ងៃទី១២ ខែតុលា ក្រោយពីសួរនាំពេញមួយព្រឹក និងតម្រូវឱ្យធ្វើកិច្ចសន្យាបញ្ឈប់ ពាក់អាវយឺត ដែលមានពាក្យស្លោកថា អរគុណសន្តិភាព ប៉ុន្តែត្រូវគោរពមាត្រា២ នៃរដ្ឋធម្មនុញ្ញ។ មន្ត្រីសិទ្ធិមនុស្សចាត់ទុកទង្វើរបស់សមត្ថកិច្ច គឺជាការបំបិទសិទ្ធិសេរីភាពបញ្ចេញមតិរបស់ពលរដ្ឋអនុលោមតាមរដ្ឋធម្មនុញ្ញ។
ប៉ូលិសនៅក្នុងខេត្តត្បូងឃ្មុំ បាននាំខ្លួនសកម្មជនគណបក្សសង្គ្រោះជាតិ ៥នាក់ ទៅសាកសួរនៅប៉ុស្តិ៍នគរបាលឃុំកណ្ដោលជ្រុំ ស្រុកពញាក្រែកពេញមួយព្រឹកថ្ងៃទី១២ ខែតុលា បន្ទាប់ពីមុននេះមួយថ្ងៃ ពួកគេ អង្គុយហូបគុយទាវ និងកាហ្វេក្នុងហាងមួយ មានគ្នា ២១នាក់ ក្នុងនោះមានមនុស្សបីនាក់ពាក់អាវយឺតពណ៌ត្រួយចេក ភ្ជាប់អក្សរដែលមានខ្លឹមសារអរគុណសន្តិភាព និងស្នើឱ្យរដ្ឋាភិបាលនិងពលរដ្ឋគោរពមាត្រា ២ នៃរដ្ឋធម្មនុញ្ញស្ដីពីបូរណភាពទឹកដីកម្ពុជា។
សមាជិកក្រុមប្រឹក្សាឃុំកណ្ដោលជ្រុំជាប់ឆ្នោតមកពីគណបក្សសង្គ្រោះជាតិ លោក ណែម សឿន អះអាងថា អធិការស្រុកពញាក្រែក លោក ថាញ់ សុខវ៉ាត និងសមត្ថកិច្ច ២នាក់ទៀត បានសួរនាំពួកលោកជាង ៦ម៉ោង ដោយគំរាមចាប់ដាក់គុកមួយគ្រួសារ ប្រសិនបើលោកឆ្លើយសំណួរមិនត្រឹមត្រូវ។ លោកថា សមត្ថកិច្ចបានដកហូតអាវយឺតរបស់ពួកលោក និងនិយាយក្នុងន័យលួងលោមឱ្យពួកលោក សហការធ្វើការជាមួយនគរបាល តែលោកបានបដិសេធ៖ «ផែនការគេពីលើមក គេថាយើងជាមេខ្លោងរៀបចំ បានគេហៅមកសួរ កុំអីគេមិនហៅមកសួរទេ។ គេថា បើអ៊ំឯងឆ្លើយមិនទៀងត្រង់ទេ មួយផ្ទះអ៊ំឯងជាប់គុកទាំងអស់អត់មាន ខ្ញុំថា បើជាប់គុកមួយផ្ទះទាំងអស់ ក៏ជាប់ទៅចុះខ្ញុំលែងគិតហើយ ខ្ញុំនិយាយតែប៉ុណ្ណឹង គេថា គ្មាននរណានិយាយដូចអ៊ំឯងអ៊ីចឹងទេ »។
សកម្មជនបក្សសង្គ្រោះជាតិរូបនេះ បន្ថែមថា មូលហេតុដែលពួកលោកពាក់អាវយឺតនេះ ដើម្បីពញ្ញាក់ស្មារតីឱ្យពលរដ្ឋ និងរដ្ឋាភិបាល គោរពមាត្រា២ នៃរដ្ឋធម្មនុញ្ញ ក្រោមម្លប់សន្តិភាព ដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសកន្លងមក ប៉ុន្តែលោកសោកស្ដាយដែលអាជ្ញាធរ ហាមឃាត់បែបនេះ។ លោកបញ្ជាក់ថា ខ្លឹមសារមាត្រា ២ នៃរដ្ឋធម្មនុញ្ញបានចែងថា បូរណភាពទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជា មិនអាចរំលោភបានដាច់ខាតក្នុងព្រំដែនរបស់ខ្លួនដែលមានកំណត់ ក្នុងផែនទីខ្នាត ១លើ ១រយពាន់ (១/១០០.០០០) ធ្វើនៅចន្លោះឆ្នាំ១៩៣៣-១៩៥៣ ដែលទទួលស្គាល់ជាអន្តរជាតិនៅចន្លោះ ឆ្នាំ ១៩៦៣-១៩៦៩។
ឆ្លើយតបរឿងនេះ ស្នងការនគរបាលខេត្តត្បូងឃ្មុំ លោក បែន រ័ត្ន មានប្រសាសន៍ថា មូលហេតុដែលសមត្ថកិច្ចកោះហៅសកម្មជនបក្សប្រឆាំងមកសួរនាំនេះ ដោយសារពួកគាត់ពាក់អាវដើរជាក្រុមៗ ខ្លាចក្រែងមានគោលបំណង និងសកម្មភាពអ្វីមួយ។ លោកថា សមត្ថកិច្ចមិនបានឃុំខ្លួនពួកគាត់ និងចោទប្រកាន់ពីបទល្មើសអ្វីមួយនោះទេដោយ គ្រាន់តែហៅមកសួរនាំ ហើយអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ៖ «ក្រែងគាត់មានសកម្មភាព ឬមានគោលបំណងអ្វីមួយអ៊ីចឹង ? ដល់ពេលសួរគាត់ យើងក៏ពន្យល់គាត់ ស្ដាប់បានទៅវិញទៅមក អត់មានទាន់ចោទប្រកាន់ គាត់ប្រព្រឹត្តខុសច្បាប់អីទេ អត់ទាន់មានទេ »។
កាលពីថ្ងៃទី៧ តុលា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសជាថ្មីថា សកម្មជនគណបក្សប្រឆាំងទាំងឡាយណាដែលធ្វើសកម្មភាពនយោបាយគាំទ្រថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ជាពិសេសលោក សម រង្ស៊ី នឹងត្រូវចាប់ខ្លួនដោយមិនលើកលែងឡើយ។ ការព្រមានរបស់លោក ហ៊ុន សែន នេះ បន្ទាប់ពី លោក សម រង្ស៊ី បានប្រកាសថា លោកនឹងធ្វើមាតុភូមិនិវត្តលើកទី២។
មន្ត្រីសម្របសម្រួលសមាគមអាដហុក ខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាម លោក ឡេង សេងហាន យល់ថា ទង្វើរបស់សកម្មជនបក្សប្រឆាំងបែបនេះ ជាសិទ្ធិសេរីភាពបញ្ចេញមតិស្របតាមច្បាប់ ពុំមានអ្វីខុសទាស់នោះទេ។ លោកមើលឃើញថា ទង្វើរបស់សមត្ថកិច្ចទៅវិញទេ ជាការគាបសង្កត់សិទ្ធិសេរីភាពសម្ដែងមតិរបស់ពលរដ្ឋ ផ្ទុយពីរដ្ឋធម្មនុញ្ញ៖ «គ្រាន់តែគាត់ពាក់អាវយឺត មានដាក់អក្សរអរគុណសន្តិភាព និងមានអក្សរសូមឱ្យគោរពមាត្រា ២ នៃរដ្ឋធម្មនុញ្ញ។ ខ្ញុំគិតថា អត់មានអីខុសទេ ព្រោះមាត្រា ២ មានចែងក្នុងរដ្ឋធម្មនុញ្ញ »។
ចាប់តាំងពីខែមករា ឆ្នាំ២០២០មក មានសកម្មជនគណបក្សប្រឆាំងជាង ២០នាក់ហើយត្រូវបានអាជ្ញាធរចាប់ខ្លួន និងដាក់ឃុំនៅពន្ធនាគារ។ តុលាការបានចោទប្រកាន់ពីបទ រួមគំនិតក្បត់ ញុះញង់ឲ្យយោធិនមិនស្ដាប់បង្គាប់ ញុះញង់បង្កឱ្យមានភាពវឹកវរនៅក្នុងសង្គមជាដើម។
ក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ កាលពីថ្ងៃទី១ ខែតុលា ក្រុមប្រទេសប្រជាធិបតេយ្យសេរីធំៗ រួមមានសហភាពអឺរ៉ុប អូស្ត្រាលី ជប៉ុន និង កូរ៉េខាងត្បូងជាដើម សុទ្ធតែបញ្ជាក់ជំហរស្របគ្នា និងទាមទារឲ្យរបបក្រុងភ្នំពេញ ស្ដារសិទ្ធិមនុស្ស និងប្រជាធិបតេយ្យឡើងវិញ ដោយបញ្ឈប់ការបង្ក្រាបសំឡេងប្រឆាំង និងធ្វើទុក្ខបុកម្នេញអ្នកហ៊ានតវ៉ាប្រឆាំងរដ្ឋាភិបាល និងបញ្ហាសង្គមដោយសន្តិវិធីតទៅទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។