សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យថា ក្រសួងអប់រំមានចេតនាលុបឈ្មោះគ្រូបង្រៀន ក្រោមហេតុផលនយោបាយ
2019.03.04
សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យមើលឃើញថា ក្រសួងអប់រំ យុវជន និងកីឡា គ្មានឆន្ទៈដោះស្រាយបញ្ហាជាមួយក្រុមគ្រូបង្រៀនដែលត្រូវបានលុបឈ្មោះចេញពីក្របខ័ណ្ឌដោយអយុត្តិធម៌នោះឡើយ ដោយសារពួកគេមាននិន្នាការគាំទ្រគណបក្សប្រឆាំង។ ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីមេធាវីរបស់ក្រសួងអប់រំស្នើឱ្យតុលាការទម្លាក់ចោលបណ្ដឹងរបស់ក្រុមគ្រូបង្រៀន។
ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ អ្នកស្រី អ៊ុក ឆាយ៉ាវី ថ្លែងប្រាប់អាស៊ីសេរីនៅថ្ងៃទី៣ មីនា ថា តាំងពីមានចំណាត់ការរបស់ក្រសួងអប់រំរួចមក ក្រុមគ្រូបង្រៀន តាមរយៈសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បានដាក់លិខិតទៅក្រសួងអប់រំ និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាបន្តបន្ទាប់ ដើម្បីសម្ដែងការមិនពេញចិត្ត និងសុំឱ្យមានការផ្ដល់ក្របខ័ណ្ឌដល់ពួកគាត់ឡើងវិញ។ ក៏ប៉ុន្តែសំណើទាំងនោះ មិនត្រូវបានទទួលយកទៅពិចារណាដោះស្រាយឡើយ ដូច្នេះហើយទើបក្រុមគ្រូបង្រៀនសម្រេចដាក់ពាក្យបណ្ដឹងទៅតុលាការ នៅខែមករា ឆ្នាំ ២០១៩ នេះ។ អ្នកស្រីថា ក្រសួងអប់រំមានការធ្វេសប្រហែស និងក្ដាប់ព័ត៌មានមិនជុំ ដោយខ្លួនឯង ប៉ុន្តែបែរជាមកបន្ទោសក្រុមគ្រូបង្រៀនទៅវិញ៖ «តាំងពីថ្ងៃទី៧ បន្ទាប់ពីការលុបឈ្មោះម្ល៉េះ អ៊ីចឹងបានន័យថា លោក ហង់ ជួន ណារ៉ុន និងមេធាវីហ្នឹង អត់បានស្រាវជ្រាវទៅលើឯកសារដែលសមាគមសុំចរចាពីបញ្ហាលុបឈ្មោះលោកគ្រូអ្នកគ្រូយើងហ្នឹងទេ។ ហើយទីពីរទៀត យើងដាក់លិខិតទៅក្រសួងម្ដងទៀត ក្រោយពីអត់មានឃើញព័ត៌មានឆ្លើយតបពីក្រសួង បន្ទាប់ពីហ្នឹងយើងដាក់ទៅដល់នាយករដ្ឋមន្ត្រីទៀត។ អ៊ីចឹងសូមឱ្យក្រសួងអប់រំពិចារណានូវរាល់អ្វីដែលខ្លួនឯងប្រព្រឹត្ត លុបឈ្មោះដោយអត់មានតាមសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិលហ្នឹង»។
ប្រតិកម្មរបស់ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យនេះ គឺជាការឆ្លើយតបទៅនឹងមេធាវី និងតំណាងក្រសួងអប់រំ ដែលបានចាត់ទុកបណ្ដឹងរបស់ក្រុមគ្រូបង្រៀនថា ជាបណ្ដឹងខុសច្បាប់។
កំណត់ហេតុរបស់តុលាការក្រុងភ្នំពេញនៅថ្ងៃទី២៧ កុម្ភៈ ដែលអាស៊ីសេរីទទួលបាន បង្ហាញថា មេធាវីក្រសួងអប់រំបានស្នើឱ្យតុលាការទម្លាក់ចោលបណ្ដឹងរបស់ក្រុមគ្រូបង្រៀន ក្រោមហេតុផលថា បន្តឹងនេះហួសរយៈពេលកំណត់នៃការប្ដឹងតវ៉ាសេចក្ដីសម្រេចរបស់ក្រសួង។ មេធាវីក្រសួងអប់រំថា ការប្ដឹងទាស់អាចធ្វើបានត្រឹមរយៈពេល ៦០ថ្ងៃ គិតពីថ្ងៃចេញសេចក្ដីសម្រេច ក៏ប៉ុន្តែការលុបឈ្មោះក្រុមគ្រូបង្រៀនធ្វើឡើងតាំងពីចុងខែមករា ឆ្នាំ២០១៨ ទើបតែក្រុមគ្រូបង្រៀនប្ដឹងតវ៉ានៅខែមករា២០១៩ នេះទៅវិញ។
អាស៊ីសេរីមិនទាន់ទទួលបានការឆ្លើយតបរឿងនេះពីអ្នកនាំពាក្យក្រសួងអប់រំ លោក ឌី ខាំប៉ូលី នៅឡើយទេ នៅថ្ងៃទី៣ មីនា ដោយទូរស័ព្ទចូល ប៉ុន្តែមិនមានអ្នកទទួល។
ក្រុមគ្រូបង្រៀនសរុប ១៣ នាក់ ត្រូវបានក្រសួងអប់រំលុបឈ្មោះចេញពីក្របខ័ណ្ឌជាបន្តបន្ទាប់ កាលពីដើមឆ្នាំ២០១៨ កន្លងទៅ ក្រោមហេតុផលថា ពួកគេបោះបង់ចោលការងារ និងមួយចំនួនទៀតអវត្តមានដោយគ្មានច្បាប់អនុញ្ញាត។
ទោះជាយ៉ាងណា ក្រុមគ្រូបង្រៀនបកស្រាយថា ពួកគេបានដាក់ពាក្យសុំអនុញ្ញាតឱ្យស្ថិតនៅក្រៅក្របខ័ណ្ឌ ដើម្បីទៅបម្រើការជាសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ ក្រុមប្រឹក្សាស្រុកខណ្ឌ ក្រុមប្រឹក្សារាជធានីខេត្ត និងជាសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត កូតាខាងគណបក្ស សង្គ្រោះជាតិ។ ក៏ប៉ុន្តែក្រោយពេលរបបក្រុងភ្នំពេញរំលាយគណបក្សនេះ នៅខែវិច្ឆិកា ឆ្នាំ២០១៧ រួចមក ពួកគេក៏ត្រូវបាត់បង់តួនាទី និងលាលែងចេញពីតំណែងវិញ។ ក្រោយពីអស់តួនាទីនៅអង្គភាពថ្មី ពួកគេបានដាក់ពាក្យសុំចូលបម្រើការងារនៅក្របខ័ណ្ឌក្រសួងអប់រំវិញ ក៏ប៉ុន្តែក្រសួងមិនត្រឹមតែមិនបានចេញប្រកាសឱ្យពួកគេចូលបម្រើការងារវិញនោះទេ គឺថែមទាំងបានលុបឈ្មោះពួកគេចេញពីក្របខណ្ឌដើមនេះទៀតផង។ ក្រុមគ្រូបង្រៀនចាត់ទុកថា ចំណាត់ការរបស់ក្រសួងអប់រំនេះ គឺជាការអនុវត្តផ្ទុយនឹងច្បាប់សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល។
អ្នកស្រី អ៊ុក ឆាយ៉ាវី អះអាងថា ការលុបឈ្មោះគ្រូបង្រៀនចេញពីក្របខ័ណ្ឌនេះ គឺជារឿងនយោបាយ ដោយសារពួកគេ គឺជាអ្នកគាំទ្រគណបក្ស សង្គ្រោះជាតិ ដែលត្រូវបានរបបក្រុងភ្នំពេញរំលាយចោល៖ «អត់ទាន់អស់ច្បាប់របស់គាត់ទេ ព្រោះច្បាប់របស់គាត់នៅ ២០១៩ ទើបគាត់អស់ អ៊ីចឹងនេះជានយោបាយសុទ្ធសាធដែលពួកគាត់ទិញមិនបាន ទាក់ទាញគាត់មិនបាន អ៊ីចឹងត្រូវឱ្យលុបឈ្មោះទៅដើម្បីឱ្យគាត់មានលក្ខខណ្ឌណាមួយ ដើម្បីទៅអង្វរកគេឱ្យបានក្របខ័ណ្ឌដើម»។
អ្នកឃ្លាំមើលសង្គម លោក សន ជ័យ ស្នើសុំឱ្យក្រសួងអប់រំផ្ដល់ក្របខ័ណ្ឌដល់ក្រុមគ្រូបង្រៀនទាំងនោះវិញ ព្រោះពួកគេគឺជាធនធានមនុស្សដ៏សំខាន់នៅក្នុងសង្គម។ លោកក៏ស្នើសុំឱ្យភាគីពាក់ព័ន្ធទម្លាក់ចោលរឿងនិន្នាការនយោបាយ និងចេះធ្វើការរួមគ្នាដើម្បីផលប្រយោជន៍ប្រទេសជាតិ។
កាលពីថ្ងៃទី២៧ កុម្ភៈ កន្លងទៅ តុលាការក្រុងភ្នំពេញបានធ្វើនីតិវិធីផ្សះផ្សារវាងក្រុមគ្រូបង្រៀន និងខាងតំណាងក្រសួងអប់រំដែរ ក៏ប៉ុន្តែគូភាគីមិនព្រមសះជានឹងគ្នាវិញឡើយ។ តុលាការក៏បានសម្រេចលើកពេលនីតិវិធីត្រៀមទៅថ្ងៃក្រោយទៀត។
ក្រុមគ្រូបង្រៀនអះអាងថា ពួកគេនឹងមិនបោះបង់ចោលការតវ៉ាទាមទារនេះជាដាច់ខាត ដរាបណាមិនទាន់ទទួលបានក្របខ័ណ្ឌក្រសួងអប់រំវិញទេនោះ ហើយពួកគេអំពាវនាវឱ្យតុលាការក្រុងភ្នំពេញសម្រេចរឿងនេះដោយភាពយុត្តិធម៌៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។