លោក ថាច់ សេដ្ឋា ស្នើឱ្យតុលាការកំពូលលុបចោលការចោទប្រកាន់លើរូបលោក
2023.12.15
តុលាការកំពូលនឹងប្រកាសសាលដីកាសំណុំរឿងអនុប្រធានគណបក្សភ្លើងទៀនលោក ថាច់ សេដ្ឋា នៅសប្ដាហ៍ក្រោយ បន្ទាប់ពីបញ្ចប់សវនាការលើបណ្ដឹងសុំនៅក្រៅឃុំរបស់លោកនៅព្រឹកថ្ងៃទី១៥ ខែធ្នូនេះ។ ក្រុមគ្រួសារ និងមេធាវី រួមទាំងអ្នកការពារសិទ្ធិមនុស្សទទូចដល់តុលាការកំពូលមួយនេះដោះលែងលោក ថាច់ សេដ្ឋា ឱ្យមានសេរីភាពវិញ។
តុលាការកំពូលបានបើកសវនាការជំនុំជម្រះលើបណ្ដឹងសារទុក្ខស្នើសុំដោះលែងឱ្យមានសេរីភាពក្នុងសំណុំរឿងទី១របស់អនុប្រធានគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា នៅថ្ងៃទី១៥ ខែធ្នូ ពីបទមិនបំពេញកាតព្វកិច្ច ចំពោះឧបករណ៍អាចជួញដូរបាន ឬការចេញសែកអត់ប្រាក់។
សវនាការរយៈពេលមួយព្រឹកនេះម ធាវីការពារក្តីឱ្យជនជាប់ចោទ បានលើកឡើងពីអង្គច្បាប់អមដោយភស្តុតាងជាសែកថតចម្លងមានភាពមិនប្រក្រតី និងស្ថានភាពជំងឺរបស់លោក ថាច់ សេដ្ឋា នៅក្នុងពន្ធនាគារ ដើម្បីស្នើសុំក្រុមប្រឹក្សាជំនុំជម្រះពិចារណា ហើយបដិសេធការសម្រេចរបស់តុលាការថ្នាក់ក្រោមនាពេលកន្លងទៅ។ ប៉ុន្តែតំណាងអយ្យការស្នើតម្កល់សាលដីការបស់សាលាឧទ្ធរណ៍ភ្នំពេញទុកជាបានការដដែល។ ក្រោយជំនុំជម្រះក្ដីប្រធានក្រុមប្រឹក្សាជំនុំជម្រះលោក និល ណុន បានសម្រេចលើកពេលប្រកាសសាលដីកាលើបណ្ដឹងជំទាស់នេះ ទៅព្រឹកថ្ងៃទី២២ ខែធ្នូ។
មេធាវីការពារក្ដីឱ្យលោក ថាច់ សេដ្ឋា គឺលោក សឺន ជុំជួន ប្រាប់អ្នកសារព័ត៌មានក្រោយចេញពីតុលាការថាភស្តុតាងដែលតុលាការថ្នាក់ក្រោមចោទប្រកាន់លើកូនក្តីរបស់លោកក្នុងរឿងចេញសែកស្អុយ ឬអត់ប្រាក់កន្លងទៅគ្មានមូលដ្ឋានត្រឹមត្រូវ និងមិនមែនជាបទល្មើសនោះឡើយ ។ ដូច្នេះ លោកបញ្ជាក់ថាបើផ្អែកតាមអង្គហេតុនិងអង្គច្បាប់ ពិសេសពិនិត្យលើស្ថានភាពសុខភាពរបស់លោក ថាច់ សេដ្ឋា ជាក់ស្ដែងនោះ លោកសង្ឃឹមថាតុលាការកំពូលនឹងផ្តល់ភាពស្អាតស្អំដល់កូនក្ដីរបស់លោកឱ្យមានសេរីភាពឡើងវិញ។
លោក សឺន ជុំជួន៖ «សិក្សាកន្លងមកការចោទប្រកាន់របស់តុលាការមិនមានមូលដ្ឋាននៃភស្តុតាងគ្រប់គ្រាន់ទេ អ៊ីចឹងទៅយើងមិនសុខចិត្ត ព្រោះវាមិនមែនទង្វើប្រព្រឹត្តរបស់កូនក្ដីរបស់ខ្ញុំទេ យើងនៅតែគិតថាគាត់ជាបុគ្គលស្អាតស្អំជាដើម កូនក្តី និងខ្ញុំជាមេធាវីមិនសុខចិត្ត»។
ក្នុងសំលៀកបំពាក់អ្នកជាប់ឃុំពណ៌ទឹកក្រូចលោក ថាច់ សេដ្ឋា ហាក់មានទឹកមុខក្រៀមក្រំដោយសារតែជំងឺប្រចាំកាយធ្វើទុក្ខ លោកបានស្នើសុំចៅក្រមទម្លាក់ចោលការចោទប្រកាន់ទាំងអស់។ ជាមួយគ្នានេះដែរកម្លាំងសមត្ថកិច្ចបានអនុញ្ញាតឱ្យគ្រួសារ និងសាច់ញាតិរបស់លោកបានជួបសួរសុខទុក្ខមុនបញ្ចូលខ្លួនចូលក្នុងឡានដឹកទៅឃុំនៅពន្ធនាគារព្រៃសវិញ។ ដោយឡែក សវនាការនេះដែរក៏ចូលរួមឃ្លាំមើលពីមន្ត្រីអង្គទូត មន្ត្រីឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា និងមន្ត្រីអង្គការសង្គមស៊ីវិលជាដើម ខណៈនៅខាងមុខតុលាការកំពូលវិញ មានអ្នកគាំទ្រប្រមាណ២០នាក់តាមដានសវនាការ និងលើកទឹកចិត្តទៅដល់លោក ថាច់ សេដ្ឋា ផងដែរ។
ប្រពន្ធរបស់លោក ថាច់ សេដ្ឋា គឺលោកស្រី ថាច់ សុខបូរ៉ានី ថ្លែងថា ប្ដីរបស់លោកស្រីមិនបានប្រព្រឹត្តកំហុសដូចការចោទប្រកាន់នោះទេ។ ផ្ទុយទៅវិញ គាត់ជាអ្នកនយោបាយគោរពច្បាប់ និងមានកិត្តិយសនៅក្នុងសង្គម។ លោកស្រីរំពឹងថា តុលាការជាន់ខ្ពស់មួយនេះនឹងផ្តល់យុត្តិធម៌ដល់ប្ដីលោកស្រី ដោយទម្លាក់ចោលបទចោទប្រកាន់ ហើយដោះលែងគាត់ឱ្យមានសេរីភាពបានជួបជុំប្រពន្ធកូន និងព្យាបាលជំងឺនៅមន្ទីរខាងក្រៅ។
លោកស្រី ថាច់ សុខបូរ៉ានី៖ «គាត់ប្រាប់តុលាការមិញដែរថា សុខភាពគាត់អត់សូវល្អទេ និយាយជារួមទៅគាត់អត់មានកំហុសអ្វីទាំងអស់ អ៊ីចឹងសូមតុលាការដោះលែងគាត់ឱ្យមានសេរីភាពមកវិញមកឱ្យគាត់ព្យាបាលជំងឺ ថែទាំសុខភាពផង ពីព្រោះជំងឺបេះដូងវាមើលមិនឃើញ ព្យាបាលទាន់ ឬមិនទាន់ពួកគាត់ (តុលាការ) ដឹងហើយជំងឺបេះដូង»។
លោក ថាច់ សេដ្ឋា វ័យ ៧០ឆ្នាំ មានដើមកំណើតខ្មែរក្រោម ហើយលោកជាប្រធានសហគមន៍ខ្មែរកម្ពុជាក្រោម និងជាអនុប្រធានគណបក្សភ្លើងទៀន។ លោកត្រូវបានអាជ្ញាធរក្រុងភ្នំពេញចាប់ខ្លួន កាលពីថ្ងៃទី១៦ ខែមករា។ កាលពីខែកញ្ញា តុលាការក្រុងភ្នំពេញបានផ្ដន្ទាទោសលោកឱ្យជាប់ពន្ធនាគាររយៈពេល ១៨ខែ ក្នុងសំណុំរឿងទី១ ទាក់ទងការចេញសែកស្អុយ ឬសែកអត់ប្រាក់។ បន្ថែមពីលើនេះមួយខែបន្ទាប់មកតុលាការដដែលបានផ្ដន្ទាទោស លោក ថាច់ សេដ្ឋា ដាក់ពន្ធនាគារ ៣ឆ្នាំថែមទៀត ក្នុងសំណុំរឿងថ្មីពីរផ្សេងគ្នា គឺអំពីបទ«ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងញុះញង់ឱ្យមានការរើសអើងពូជសាសន៍» ទាក់ទងលោកនិយាយពីប្រវត្តិគណបក្សប្រជាជនកម្ពុជា ស្តូបមិត្តភាពកម្ពុជាវៀតណាម និងប្រវត្តិ ៧មករា នៅក្នុងវេទិកាជាមួយអ្នកគាំទ្រនៅក្រៅប្រទេសកាលខែមករា ឆ្នាំ២០២៣។
វិទ្យុអាស៊ីសេរីមិនទាក់ទងអ្នកនាំពាក្យតុលាការកំពូលអ្នកស្រី ម៉ៅ ធីតា ដើម្បីសាកសួរបន្ថែមបានទេនៅថ្ងៃទី១៥ ខែធ្នូ។
ទាក់ទិនរឿងនេះ នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត កត់សម្គាល់ថា ការសើរើរឿងយកមកចាប់ខ្លួននិងចោទប្រកាន់ ស្របពេលដំណើរការនីតិវិធីនៅតុលាការមិនប្រក្រតីតាំងពីដំបូងបាននាំឱ្យសហគមន៍ជាតិ និងអន្តរជាតិនៅតែចាត់ទុកសំណុំរឿងរបស់លោក ថាច់ សេដ្ឋា ពាក់ព័ន្ធរឿងនយោបាយច្រើនជាងការអនុវត្តច្បាប់។ លោកបន្តជំរុញរដ្ឋាភិបាលថ្មីគួររកមធ្យោបាយបន្ធូរបន្ថយបរិយាកាសនយោបាយ ដើម្បីផលប្រយោជន៍ជាតិរួម។
លោក អំ សំអាត៖ «ការដោះលែងលើសកម្មជនទាំងអស់នេះក៏ជាការបន្ធូរបន្ថយបរិយាកាសនយោបាយ ស្ថានភាពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជាដែរ។ ដូច្នេះចំណុចនេះគួរពិចារណាទៅលើលទ្ធភាពទាំងអស់ហ្នឹង ដើម្បីឱ្យកម្ពុជាយើងមានវឌ្ឍនភាពទៅលើលទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្សជាពិសេសគឺកម្ពុជារបស់យើងអាចទទួលបានផលចំណេញពីសហគមន៍អន្តរជាតិ»។
កាលពីពេលថ្មីៗ នេះ អង្គការសិទ្ធិមនុស្សអន្តរជាតិចំនួន៦ រួមមានអង្គការសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Hunman Rights Watch) បណ្ដាញប្រជាធិបតេយ្យអាស៊ី (ADN) ជាដើម ព្រួយបារម្ភអំពីការរំលោភសិទ្ធិមនុស្ស និងការធ្លាក់ចុះប្រជាធិបតេយ្យធ្ងន់ធ្ងរនៅកម្ពុជាក្រោយពីរៀបចំការបោះឆ្នោតសកលឆ្នាំ២០២៣។ អង្គការអន្តរជាតិទាំងនេះ លើកឡើងថា ក្រោមការដឹកនាំរបស់លោក ហ៊ុន ម៉ាណែត នៅតែគំរាមកំហែងលើសកម្មជនបក្សប្រឆាំង សកម្មជនបរិស្ថាន ចាប់ខ្លួនអនុប្រធានគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា មិនខុសពីរដ្ឋាភិបាលដឹកនាំរបស់ឪពុកនោះឡើយ។ ក្រុមអង្គការអន្តរជាតិទាំងនេះ ទទួលឲ្យរដ្ឋាភិបាលរបស់លោក ហ៊ុន ម៉ាណែត បញ្ឈប់ការធ្វើទុក្ខបុកម្នេញគ្រប់ទម្រង់ជាបន្ទាន់ និងអំពាវនាវឲ្យដោះលែងសកម្មជននយោបាយ ដោយឥតលក្ខខណ្ឌ៕
អត្ថបទរឿងនេះត្រូវបានធ្វើបច្ចុប្បន្នភាព ដោយបញ្ចូលព័ត៌មានពេញលេញ
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។