លោក ថាច់ សេដ្ឋា ស្នើ​តុលាការ​ទម្លាក់​បទ​ចោទ​ញុះញង់​ពី​រូបលោក

0:00 / 0:00

អនុប្រធាន​គណបក្ស​ភ្លើងទៀន លោក ថាច់ សេដ្ឋា ស្នើ​តុលាការ​ក្រុងភ្នំពេញ​ឱ្យ​ទម្លាក់​បទ​ចោទ​ថ្មី​នៃ​សំណុំរឿង​ញុះញង់​ពី​រូបលោក​ព្រោះ​លោក​មិន​បាន​ប្រព្រឹត្ត ដូច​ការចោទប្រកាន់​ទេ​។ សំណើ​នេះ​ធ្វើឡើង​នៅពេល​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ សាកសួរ លោក ថាច់ សេដ្ឋា បន្ថែម​ក្នុង​សំណុំរឿង​ញុះញង់​នេះ​នៅ​ព្រឹក​ថ្ងៃទី​១០ ខែ​ឧសភា។

អនុប្រធាន​គណបក្ស​ភ្លើងទៀន លោក ថាច់ សេដ្ឋា មិន​បាន​ឆ្លើយ​គ្រប់​សំណួរ​របស់​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​ទេ ព្រោះ​លោក​មាន​បញ្ហា​សុខភាព​ដោយ​សម្ពាធ​ឈាម​ឡើង​ខ្ពស់​។ លោក ថាច់ សេដ្ឋា បាន​ឆ្លើយ​សំនួរ​របស់​ចៅក្រម​ពីរ​បី​សំណួរ​ប៉ុណ្ណោះ ហើយ​ចំពោះ​សំណួរ​ផ្សេងៗ​ទៀត​របស់​តុលាការ អនុប្រធាន​គណបក្ស​ភ្លើងទៀន រូប​នេះ​សុំ​សិទ្ធិ​មិន​ឆ្លើយតប​ទេ​។ មន្ត្រី​សិទ្ធិមនុស្ស​ចង់​ឃើញ​ស្ថាប័ន​តុលាការ គួរ​គោរព​សិទ្ធិ​បញ្ចេញមតិ​របស់​អ្នកនយោបាយ​ឬ​ពលរដ្ឋ បើ​មិន​ដូច្នេះ​ទេ អ្នកនយោបាយ​ឬ​ពលរដ្ឋ នឹង​ប្រឈម​ការចោទប្រកាន់​ពី​តុលាការ​កាន់តែ​ច្រើន​ថែមទៀត​ដោយសារ​ការ​បញ្ចេញ​មតិ​របស់​ពួកគេ។

មេធាវី​ការពារ​ក្ដី​ឱ្យ​លោក ថាច់ សេដ្ឋា ម្នាក់​គឺ​លោក​មេធាវី សំ សុគង់ ឱ្យ​វិទ្យុ​អាស៊ីសេរី​ដឹង​ថា តុលាការ​បាន​សាកសួរ​កូនក្ដី​របស់​លោក ទាក់ទង​អង្គហេតុ កាលពី​លោក ថាច់ សេដ្ឋា និយាយ​ក្រៅប្រទេស​កាល​ពី​ខែ​មករា ឆ្នាំ​២០២៣​។ លោក​ថា តុលាការ​ចោទ​ប្រកាន់​ថា លោក ថាច់ សេដ្ឋា នៅ​ក្រៅ​ប្រទេស​កាល​ពី​ពេល​នោះ​ជា​ការ​ប្រព្រឹត្តិ​បទល្មើស​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម និង​បទ​ញុះញង់​ឱ្យ​មាន​ការរើសអើង​តាម​មាត្រា ៤៩៤ មាត្រា ៤៩៥ និង​មាត្រា​៤៩៦ នៃ​ក្រមព្រហ្មទណ្ឌ​។ ទោះ​យ៉ាងណា លោក​ថា លោក ថាច់ សេដ្ឋា បាន​បំភ្លឺ​ទៅ​តុលាការ​វិញ​ថា ការ​លើក​ឡើង​របស់​លោក គឺជា​ការពិត ដោយ​ផ្អែកលើ​ប្រវត្តិសាស្ត្រ និង​ក្នុងនាម​ជា​អនុប្រធាន​គណបក្ស​ភ្លើងទៀន។

លោក សំ សុគង់៖ «ក្រុម​មេធាវី​នឹង​ព្យាយាម​រក​ភស្តុតាង​ហើយ​ពិសេស​សៀវភៅ​ប្រវត្តិសាស្ត្រ​ដើម្បី​ដាក់​ភស្តុតាង​ដើម្បី​បញ្ជាក់​ថា អ្វី​ដែល​កូនក្ដី​យើង​បាន​លើក​ឡើង​គាត់​ផ្អែក​ទៅ​លើ​ភស្តុតាង​ទៅលើ​ឯកសារ​ទៅលើ​សៀវភៅ​ប្រវត្តិសាស្ត្រ»។

លោក ថាច់ សេដ្ឋា បាន​ទៅ​បំពេញ​ទស្សនៈ​និង​ជួប​អ្នកគាំទ្រ​គណបក្ស​ភ្លើងទៀន នៅ​ប្រទេស​ជប៉ុន​កាល​ចុងឆ្នាំ​២០២២ និង​នៅ​ប្រទេស​កូរ៉េខាងត្បូង កាល​ពី​ដើមឆ្នាំ​២០២៣​។ កាលនោះ លោក​ក៏បាន​ថ្លែង​សារ​នយោបាយ​ទៅកាន់​អ្នកគាំទ្រ​របស់​លោក​ផង​ដែរ​។​

កាលពី​ខែ​មករា លោក ថាច់ សេដ្ឋា បាន​ថ្លែង​នៅមុខ​អ្នកគាំទ្រ​របស់​ប្រទេស​ខ្លួន​នៅ​ប្រទេស​កូរ៉េខាងត្បូង ដោយ​លោក​រិះគន់​ថា ប្រទេស​ដែល​ដឹកនាំ​ដដែល​យូរ​ឆ្នាំ​មិនបាន​ធ្វើ​ឱ្យ​ជាតិ​រីកចម្រើន​ឡើយ​។ លោក​ក៏​ទាមទារ​ឱ្យ​មាន​ការ​ធ្វើ​ច្បាប់​កំណត់​អាណត្តិ​នាយករដ្ឋមន្ត្រី និង​កែទម្រង់​ប្រព័ន្ធ​តុលាការ​ផង​ដែរ។

លោក ថាច់ សេដ្ឋា៖ «​កាលណា​បើ​យើង​គោរព​គោលការណ៍​ប្រជាធិបតេយ្យ​បើសិនណា​នៅតែ​មនុស្ស​ដដែល​គេ​មិន​ហៅ​ប្រជាធិបតេយ្យ​ទេ ទៅជា​ផ្ដាច់ការ​ហើយ​ធ្វើ​អាក្រក់​កាន់តែ​ច្រើន​ហើយ​ឱ្យ​តែ​ដឹកនាំ​យូរ​ប្រទេស​ណាក៏ដោយ​គេ​មិនដែល​គាំទ្រ​ថា អ្នកណា​ដឹកនាំ​យូរ​ល្អ​ទេ​អត់​ដែល​មាន​ប្រវត្តិ​គេ​សរសេរ​អ៊ីចឹង​ទេ»។

ទំនង​ជា​ការ​ថ្លែង​របស់​លោក ថាច់ សេដ្ឋា បែប​នេះ​ហើយ ដែល​តុលាការក្រុង​ភ្នំពេញ​យក​ធ្វើ​មូលដ្ឋាន​ចោទប្រកាន់​លោក ថាច់ សេដ្ឋា ពី​បទ​ញុះញង់​។ ទោះ​យ៉ាងណា លោក ថាច់ សេដ្ឋា បាន​បំភ្លឺ​ជូន​តុលាការ នៅ​ព្រឹក​ទី​១០ ខែ​ឧសា ថា ការ​ថ្លែង​សារ​របស់​លោក​នៅ​ក្រៅ​ប្រទេស​កាលពី​ដើម​ឆ្នាំ​២០២៣ គឺ​សិទ្ធិ​បញ្ចេញមតិ​ដែល​ត្រូវ​បាន​ធានា​ដោយ​រដ្ឋធម្មនុញ្ញ និង​ច្បាប់​អន្តរជាតិ។

ទាក់ទង​រឿង​នេះ​ដែរ ប្រធាន​អង្គការ​សម្ព័ន្ធភាព​ការពារ​សិទ្ធិមនុស្ស​កម្ពុជា ហៅ​កាត់​ថា ច្រាក់ (CHRAC) លោក រស់ សុដ្ឋា យល់ថា បើ​ការ​លើកឡើង​ពី​អ្វី​មួយ​របស់​អ្នកនយោបាយ​ត្រូវ​បាន​តុលាការ​ចោទប្រកាន់​ពី​បទ​ញុះញង់​នោះ ប្រហែល​ធ្វើ​ឱ្យ​អ្នកនយោបាយ គ្មាន​ពាក្យ​និយាយ​ទៅកាន់​អ្នកគាំទ្រ ឬ​មាន​ពាក្យ​រិះគន់​រដ្ឋាភិបាល​ទៀត​ទេ​។ មន្ត្រី​សិទ្ធិមនុស្ស​រូប​នេះ ស្នើ​ទៅ​រដ្ឋាភិបាល​លោក ហ៊ុន សែន ឬ​ស្ថាប័ន​តុលាការ គួរ​គោរព​សិទ្ធិ​បញ្ចេញមតិ​របស់​អ្នកនយោបាយ ឬ​ពលរដ្ឋ​។ លោក​បន្ត​ថា មតិ​រិះគន់​របស់​គណបក្សប្រឆាំង​ក៏​អាច​ជួយ​ឱ្យ​រដ្ឋាភិបាល​ដឹកនាំ​ប្រទេស​ដើរ​ក្នុង​ផ្លូវត្រូវ​ផង​ដែរ។

លោក រស់ សុដ្ឋា៖ «ព្រោះ​យើង​និយាយ​នេះ​លោក ថាច់ សេដ្ឋា ជា​អ្នកនយោបាយ អ៊ីចឹង​អ្នកនយោបាយ​គេ​ត្រូវ​ឱ្យ​គាត់​មាន​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ​បើសិន​គាត់​គ្មាន​សិទ្ធិ​សេរីភាព​បញ្ចេញ​ទេ គឺថា គ្មាន​អ្នកណា​អាច​ធ្វើ​នយោបាយ​ប្រកួតប្រជែង​បានទេ ត្រូវ​ផ្ដល់​សិទ្ធិ​សេរីភាព​ពេញលេញ​ក្នុង​ការ​បញ្ចេញមតិ​ឱ្យ​បាន​ច្រើន​ជាង​គេ»។

ចំណែក​ប្រពន្ធ​លោក ថាច់ សេដ្ឋា គឺ​លោកស្រី ថាច់ សុខបូរ៉ានី ដែល​មក​ជួប​មុខ​ប្ដី​នៅ​តុលាការ​ដែរ​នោះ​លើកឡើង​ថា លោកស្រី​មិន​អាច​ទទួល​យក​ការចោទប្រកាន់​បទ​ចោទ​ថ្មី​លើ​ប្ដី​លោកស្រី​បានទេ​។ លោកស្រី យល់​ថា ប្ដី​លោកស្រី​ជា​អ្នកនយោបាយ ដូច្នេះ​អ្នកនយោបាយ​គឺ​និយាយ​តែ​ការពិត​ប៉ុណ្ណោះ តែ​មិន​និយាយ​ញុះញង់ ដូច​តុលាការ​ចោទប្រកាន់​ឡើយ។

លោកស្រី ថាច់ សុខបូរ៉ានី៖ «មិន​ឱ្យ​គាត់​និយាយ​ការពិត​ប្រវត្តិសាស្ត្រ​ពីមុន​មក មិន​ឱ្យ​គាត់ ឱ្យ​គាត់​រឿង​និយាយ​កំប្លែង​មែន​?​គាត់​ខាង​នយោបាយ ខ្ញុំ​គ្រាន់តែ​សុំ​សំណូមពរ​ឱ្យ​គាត់​(​តុលាការ​)ដោះលែង​ប្ដី​ខ្ញុំ​ឱ្យ​នៅ​ក្រៅ​ឃុំ​ឥឡូវ​សុខភាព​គាត់​មិនសូវ​ល្អ គាត់​ឡើង​ឈាម​ខ្លាំង​ណាស់​១៧ ១៨​ធ្វើទុក្ខ​ខ្លាំង​សូម្បី​ប៉ូលិស​ក៏​ឃើញ​ដែរ ឃើញ​ខ្ញុំ​អង្គុយ​ច្របាច់​ដៃ​ច្របាច់​ជើង​ឱ្យ​គាត់​ដែរ»។

នៅ​ក្រៅ​បន្ទប់​តុលាការ​ឯណោះ​វិញ ក៏​មាន​អ្នកគាំទ្រ​លោក ថាច់ សេដ្ឋា ប្រមាណ​១០​នាក់​មក​ឃ្លាំមើល ការ​សាកសួរ លោក ថាច់ សេដ្ឋា នេះ​ដែរ។

គិត​មកដល់​ថ្ងៃទី​១០ ឧសភា លោក ថាច់ សេដ្ឋា បាន​ឃុំ​នៅ​នៅ​ពន្ធនាគារ​ព្រៃ​ស (​ម​១) អស់​រយៈពេល ១១៤​ថ្ងៃ ឬ​ជាង​៤​ខែ​មក​ហើយ​។ ប្រសិនបើ តុលាការ​រក​ឃើញ​ថា លោក ថាច់ សេដ្ឋា មានទោស​ក្នុង​បទ​ចោទ​ថ្មី​នេះ លោក​ប្រឈម​ជាប់ពន្ធនាគារ​ពី​០៦​ខែ ទៅ​២​ឆ្នាំ បន្ថែម​ពីលើ​បទ​ចោទ​ចាស់​នៃ​សំណុំរឿង​ចេញ​សែក​អត់​លុយ។

ទោះជា​យ៉ាងណា ក្រុម​អង្គការ​ជាតិ និង​អន្តរជាតិ​ព្រមទាំង​ប្រទេស​ប្រជាធិបតេយ្យ តែង​ចាត់ទុក​ការចោទប្រកាន់​លោក ថាច់ សេដ្ឋា នេះ ថា ជា​រឿង​នយោបាយ​សុទ្ធសាធ និង​ទាមទារ​ឲ្យ​ដោះលែង​អ្នកនយោបាយ​ចាស់វស្សា​រូប​នេះ​វិញ​ជា​បន្ទាន់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។