ប្រពន្ធអនុប្រធានគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា អះអាងថា សុខភាពប្ដីរបស់លោកស្រីកាន់តែចុះខ្សោយទ្រុឌទ្រោមនៅក្នុងពន្ធនាគារ។ លោកស្រីទទូចឱ្យតុលាការអនុវត្តច្បាប់ឱ្យបានត្រឹមត្រូវ និងត្រូវដោះលែងប្ដីរបស់លោកស្រី ឱ្យមានសេរីភាពវិញជាបន្ទាន់ ដើម្បីព្យាបាលជំងឺ។ មន្ត្រីការពារសិទ្ធិមនុស្សយល់ឃើញថា តុលាការគួរតែដោះលែងលោក ថាច់ សេដ្ឋា ឱ្យនៅក្រៅឃុំបណ្ដោះអាសន្ន ជាជាងបន្តឃុំខ្លួន ខណៈសុខភាពរបស់លោកប្រឈមនឹងហានិភ័យគ្រប់ពេល។
ប្រពន្ធលោក ថាច់ សេដ្ឋា អះអាងប្រាប់វិទ្យុអាស៊ីសេរីថា សុខភាពប្ដីរបស់លោកស្រីកាន់តែទន់ខ្សោយពីមួយថ្ងៃទៅមួយថ្ងៃ ដោយសារជំងឺខ្លាញ់រុំបេះដូង និងលើសឈាម របស់ប្ដីលោកស្រី មិនត្រូវបានព្យាបាលឱ្យបានត្រឹមត្រូវនោះឡើយ តាំងពីសមត្ថកិច្ចបញ្ជូនប្ដីលោកស្រីទៅពន្ធនាគារ។ប្រពន្ធលោក ថាច់ សេដ្ឋា គឺលោកស្រី ថាច់ សុខបូរ៉ានី ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី២០ ខែសីហា ថា លោកស្រីបានទៅសួរសុខទុក្ខប្ដីរបស់លោកស្រីនៅថ្ងៃទី១៨ ខែសីហា ដោយសង្កេតឃើញថា រូបរាងប្ដីរបស់លោកស្រី កាន់តែស្លេកស្លាំង និងស្គមជាងមុន។ លោកស្រីបន្ថែមថា បើទោះបីជាប្ដីរបស់លោកស្រីមិនហ៊ាននិយាយប្រាប់អំពីបញ្ហាសុខភាព ដោយខ្លាចលោកស្រីបារម្ភ និងលើសឈាមក្ដី ក៏លោកស្រីដឹងថា សុខភាពប្ដីរបស់លោកស្រីកាន់តែទន់ខ្សោយទៅៗ ព្រោះប្ដីរបស់លោកស្រីមិនអាចដើរដោយខ្លួនឯងបានឡើយ នៅពេលចេញពីតុលាការ កាលពីថ្ងៃទី១៦ ខែសីហា កន្លងទៅ។ លោកស្រី ថាច់ សុខបូរ៉ានី លើកឡើងថា ការបន្តឃុំខ្លួនប្ដីរបស់លោកស្រីមិនត្រឹមតែធ្វើឱ្យប៉ះពាល់ទៅដល់សិទ្ធិនយោបាយរបស់លោក ថាច់ សេដ្ឋា តែប៉ុណ្ណោះទេ តែក៏ធ្វើឱ្យប៉ះទង្គិចផ្លូវចិត្ត និងការសិក្សារបស់កូនៗទាំង ៥នាក់ដែរ។
លោកស្រី ថាច់ សុខបូរ៉ានី៖ «ពេលឡើងឡានឡើងអត់រួចទេ ឃើញប៉ូលិស២នាក់គ្រៀកឡើងឡាន ហើយមីងចង់ទៅជួយគាត់ដែរ តែប៉ូលិសមិនឱ្យទៅក្បែរ។ ខ្ញុំសូមតុលាការដោះលែងឱ្យគាត់មានសេរីភាពវិញមក ដោយសារគាត់អត់មានកំហុសអីទេ ហើយឱ្យគាត់បានថែសុខភាព បានមើលសុខភាព តាមដានសុខភាពគាត់ទៅណា»។
លោក ថាច់ សេដ្ឋា ជាអ្នកនយោបាយគណបក្សប្រឆាំងជាន់ខ្ពស់ មានដើមកំណើតខ្មែរក្រោម ត្រូវបានសមត្ថកិច្ចរដ្ឋាភិបាលលោក ហ៊ុន សែន ឃុំខ្លួនដាក់ពន្ធនាគារជាង២០០ថ្ងៃហើយ។ លោក ថាច់ សេដ្ឋា អាយុ៧០ឆ្នាំ កំពុងមានជំងឺប្រចាំកាយមួយចំនួនដូចជា ជំងឺបេះដូង ជំងឺលើសឈាម និងលើសជាតិអាស៊ីដជាដើម។ តុលាការក្រុងភ្នំពេញ ដំបូងឡើយបានចោទប្រកាន់លោកពីបទមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ឬចេញសែកអត់លុយ។ ក្រោយមកទៀតថា តុលាការបានចោទប្រកាន់បទល្មើសព្រហ្មទណ្ឌពីរករណីទៀត គឺបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងបទញុះញង់ឱ្យមានការរើសអើង។
កន្លងទៅ បើទោះបីជាគ្រួសាររបស់លោក ថាច់ សេដ្ឋា បានដាក់ប្រាក់ធានាចំនួន ៣ម៉ឺនដុល្លារអាមេរិក (៣០,០០០) ដើម្បីធានាសំណងចំពោះដើមបណ្ដឹង ដែលបានចោទប្រកាន់ថា លោកចេញសែកស្អុយ ឬសែកអត់លុយ ហើយតុលាការបានបិទបញ្ចប់ការស៊ើបសួរសំណុំរឿងរបស់លោក ថាច់ សេដ្ឋា ហើយយ៉ាងណាក្ដី ក៏តុលាការនៅតែមិនដោះលែងលោក ថាច់ សេដ្ឋា ឱ្យបាននៅក្រៅឃុំនោះឡើយ។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន្ទ ដើម្បីសុំការបកស្រាយជុំវិញរឿងនេះបាននៅឡើយទេ នៅថ្ងៃទី២០ ខែសីហា។
ជុំវិញរឿងនេះ អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក ស៊ឹង សែនករុណា ចាត់ទុកការបន្តឃុំខ្លួនលោក ថាច់ សេដ្ឋា ទាំងមានជំងឺប្រចាំកាយធ្ងន់ធ្ងរបែបនេះ ប្រៀបដូចជាការធ្វើទារុណកម្មទៅលើលោក ថាច់ សេដ្ឋា។ លោកបន្ថែមថា ដើម្បីបញ្ចៀសការចោទប្រកាន់ពីមហាជន និងអង្គការអន្តរជាតិចំពោះការអនុវត្តច្បាប់មានស្តង់ដារពីរ តុលាការគួរតែដោះលែងលោក ថាច់ សេដ្ឋា ឱ្យមានសេរីភាពឡើងវិញ ដើម្បីបានព្យាបាលជំងឺ។
លោក ស៊ឹង សែនករុណា៖ «បើសិនជាគាត់មានបញ្ហា ក៏រដ្ឋាភិបាលហ្នឹងរងការរិះគន់ពីសហគមន៍ជាតិ និងអន្តរជាតិ ពីករណីនេះក៏មិនតិចដែរ អ៊ីចឹងក្នុងករណីនេះខ្ញុំគិតថា ល្មមសមគួរនិងពិចារណាហើយ ដែលមានហេតុផលសមរម្យបែបនេះ សមតែគិតគូរឱ្យមានការដោះលែង ឱ្យមានការព្យាបាលហើយ»។
អាជ្ញាធររដ្ឋាភិបាល លោក ហ៊ុន សែន បានចាប់ខ្លួនលោក ថាច់ សេដ្ឋា កាលពីថ្ងៃទី១៦ មករា និងចោទលោក ថាច់ សេដ្ឋា ពាក់ព័ន្ធនឹងការ «មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន» ឬចេញសែកអត់លុយ ។ ប៉ុន្តែលោក ថាច់ សេដ្ឋា បានបដិសេធតាមរយៈមេធាវីរបស់លោកដោយអះអាងថា លោកមិនបានប្រព្រឹត្តដូចការចោទប្រកាន់នោះទេ ហើយរឿងនេះ គឺជាបណ្ដឹងក្រោមរូបភាពនយោបាយ។
អង្គការសង្គមស៊ីវិលជាតិ និងអង្គការអន្តរជាតិលើកឡើងថា ការចោទប្រកាន់លើអនុប្រធានគណបក្សភ្លើងទៀន និងមន្ត្រីសំខាន់ៗរបស់គណបក្សនេះ គឺជាការចោទប្រកាន់គ្មានមូលដ្ឋាន និងជារឿងអយុត្តិធម៌៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។