នាយករដ្ឋមន្ត្រី​ថៃ​ថា កម្ពុជា​មិន​មាន​បញ្ហា​នឹង​រឿង​កោះ​គុត​នោះ​ទេ ខណៈ​គណៈកម្មាធិការ​បច្ចេកទេស​រួមគ្នា​នឹង​ត្រូវ​បង្កើត​សម្រាប់​ការ​ចរចា

0:00 / 0:00

នាយករដ្ឋមន្ត្រី​ថៃ​ថា កម្ពុជា​មិន​មាន​បញ្ហា​នឹង​រឿង​កោះ​គុត ដែល​ស្ថិត​នៅ​ក្នុង​តំបន់ ដែល​ថៃ​អះអាង​ថា ត្រួតស៊ីគ្នា​នៃ​ដែន​សមុទ្រ​របស់​ប្រទេស​កម្ពុជា​ និង​ថៃ​នោះ​ទេ ខណៈ​គណៈកម្មាធិការ​បច្ចេកទេស​រួមគ្នា​នឹង​ត្រូវ​បង្កើត​សម្រាប់​ចរចា ដើម្បី​រក​ដំណោះ​ស្រាយ​រួម។ ទោះ​ជា​យ៉ាង​ណា​ក្ដី អ្នក​វិភាគ​លើក​ឡើង​ថា កម្ពុជា​អាច​នឹង​ចាញ់​ប្រៀប​ក្នុង​ការ​ចរចា​នេះ គឺ​ដោយ​សារ​តែ​គ្មាន​វត្តមាន​បក្ស​ប្រឆាំង និង​អ្នក​ស្រាវជ្រាវ​ឯករាជ្យ​ចូលរួម។

ជុំវិញ​រឿង​នេះ អ្នក​តាមដាន​ភូមិសាស្ត្រ​នយោបាយ​តំបន់​អាស៊ី​អាគ្នេយ៍ និង​ប៉ាស៊ីហ្វិក លោក សេង វណ្ណលី មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ទី១២ វិច្ឆិកា​ថា បញ្ហា​ដែន​ទឹក​របស់​ប្រទេស​ថៃ និង​ប្រទេស​កម្ពុជា​បាន​ក្លាយ​ជា​ប្រធាន​បទ ដែល​កំពុង​ក្ដៅ​ខ្លាំង​នៅ​ក្នុង​ប្រទេស​ថៃ ដោយ​សារ​គណបក្ស​ប្រឆាំង សារព័ត៌មាន និង​អ្នក​វិភាគ​ព្យាយាម​លើក​យក​បញ្ហា​ទាំង​នេះ​ប្រាប់​ទៅ​ពលរដ្ឋ​ថៃ ដែល​ធ្វើ​ឱ្យ​រដ្ឋាភិបាល​ប្រទេស​ថៃ​នឹង​ព្យាយាម​យក​ផល​ប្រយោជន៍​ចេញ​ពី​បញ្ហា​ត្រួត​ស៊ីគ្នា​របស់​ប្រទេស​ទាំង​ពីរ​នេះ។

ផ្ទុយ​ទៅ​វិញ លោក សេង វណ្ណលី ថា ស្រប​ពេល​គណបក្ស​ប្រឆាំង​នៅ​កម្ពុជា​ចុះ​ខ្សោយ ហើយ​រដ្ឋាភិបាល​មិន​បាន​បក​ស្រាយ​លំអិត​បញ្ហា​ទឹក​ដី​នេះ​ដល់​ពលរដ្ឋ​ផង​នោះ​ធ្វើ​ឱ្យ​ពលរដ្ឋ​ខ្មែរ​មិន​បាន​យល់​ពី​បញ្ហា​ទាំង​នេះ​នោះ​ទេ។ ម្យ៉ាង​ទៀត លោក សេង វណ្ណលី យល់​ថា រដ្ឋាភិបាល​កម្ពុជា​ចង់​ចរចា​តែ​ទៅ​លើ​អនុស្សរណៈ​យោគយល់​គ្នា (MOU) ជា​មួយ​ភាគី​ថៃ ដែល​ប្រការ​នេះ​បង្ហាញ​ថា រដ្ឋាភិបាល​ដែល​ដឹក​នាំ​ដោយ​គណបក្ស​ប្រជាជន​គិត​តែ​ពី​ផល​ប្រយោជន៍​សេដ្ឋកិច្ច ប៉ុន្តែ​រដ្ឋាភិបាល​មិន​មាន​បំណង​កំណត់​ដែន​ទឹក​របស់​កម្ពុជា​ឱ្យ​បាន​ជាក់​លាក់​នោះ​ទេ។

លោក សេង វណ្ណលី៖ «ដោយ​សារ​អី​គេ​ដឹង​ថា​ប្រព័ន្ធ​នយោបាយ​របស់​កម្ពុជា​ខ្សោយ អ្នក​នយោបាយ​ឃើញ​តែ​ផល​ប្រយោជន៍ ហើយ​អាច​នឹង​មាន​ការ​សម្រប​សម្រួល​ឱ្យ​មាន​ការ​កំណត់​ព្រំដែន​មួយ ដែល​កម្ពុជា​ខ្លួន​ឯង​នឹង​ខាត​បង់​ ហើយ​ដោយ​សារ​កម្ពុជា​មើល​ឃើញ​ការ​អភិវឌ្ឍន៍​រួម ឬ​ផល​ប្រយោជន៍​ពី​ឧស្ម័នធម្មជាតិGasឬPetroleum​នៅ​តំបន់​ត្រួត​ស៊ីគ្នា​សំខាន់​ជាង​ការ​កំណត់​ព្រំដែន​ កម្ពុជា​នឹង​ឯកភាព​ជា​មួយ​អ្វី ដែល​ក្រុម​ចរចា​របស់​ថៃ​បាន​ស្នើ»។

ការ​លើក​ឡើង​របស់​អ្នក​វិភាគ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​នាយក​រដ្ឋមន្ត្រី​ថៃ អ្នកស្រី ផែថងថាន ស៊ីណាវ៉ាត់ (Pae Thongthan Shinawatra) ត្រូវ​បាន​កាសែត បាងកក ប៉ុស្តិ៍ (Bangkok Post) ស្រង់​សំដី​ចុះ​ផ្សាយ កាល​ពី​ថ្ងៃ​ទី៩ វិច្ឆិកា​ថា កាល​ពី​ថ្ងៃសុក្រ ទី៨ ខែវិច្ឆិកា ក្នុង​ពេល​អ្នកស្រី​ជួប​ជា​មួយ​នាយក​រដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត នៅ​ឯ​កិច្ច​ប្រជុំ​នៅ​ប្រទេស​ចិន​ថា ប្រទេស​ថៃ​ត្រូវ​ការ​សហការ​ពី​កម្ពុជា​ក្នុង​កិច្ចព្រមព្រៀង​អនុស្សរណៈ​យោគយល់​គ្នា (MOU) និង​ថា កម្ពុជា​មិន​មាន​បញ្ហា​នឹង​រឿង​កោះ​គុត​នោះ​ទេ ហើយ​អ្វី​ដែល​កម្ពុជា​បារម្ភ​នោះ គឺ​ទាក់​ទង​នឹង​ពេល​វេលា​ដែល​គណៈកម្មាធិការ​បច្ចេកទេស (JTC) រួមគ្នា​នឹង​ត្រូវ​បង្កើត ដើម្បី​ចាប់​ផ្ដើម​ការ​ចរចា។

កាសែត​បាងកក​ប៉ុស្តិ៍​រាយការណ៍​ថា រដ្ឋាភិបាល​ថៃ​បាន​ជូន​ដំណឹង​ទៅ​កាន់​រដ្ឋាភិបាល​កម្ពុជា​អំពី​ការ​ចរចា​លើ​កិច្ច​ព្រមព្រៀង​ស្ដីពី​ការ​អភិវឌ្ឍន៍​រួម​គ្នា នៃ​ធនធាន​ប្រេង និង​ឧស្ម័ន កាល​ពី​ឆ្នាំ២០០១ នឹង​ចាប់​ផ្ដើម​ឡើង​វិញ បន្ទាប់​ពី​គណៈកម្មាធិការ​បច្ចេកទេស​រួម (JTC) ត្រូវ​បាន​បង្កើត​ឡើង​នៅ​ពាក់​កណ្ដាល​ខែ​វិច្ឆិកា​នេះ។

អ្នកស្រី ផែថងថាន ឆ្លើយ​តប​ទៅ​នឹង​គណបក្ស​ប្រឆាំង​ថៃ​ថា កិច្ច​ព្រមព្រៀង​ស្ដីពី​ការ​អភិវឌ្ឍន៍​រួម​គ្នា នៃ​ធនធាន​ប្រេង និង​ឧស្ម័ន​នឹង​ដើរ​តួ​ជា​ចម្បង​សម្រាប់​ការចរចា​តំបន់​ទាមទារ​ត្រួត​ស៊ី​គ្នា (OCA)។ អ្នក​ស្រី​ថា ការ​សម្រេច​ចិត្ត​ជា​ឯកតោភាគី​របស់​ប្រទេស​ទាំង​ពីរ​ក្នុង​ការ​ដក​កិច្ច​ព្រមព្រៀង​នេះ (MOU) អាច​នាំ​ឲ្យ​មាន​លទ្ធផល​អវិជ្ជមាន។

វិទ្យុ​អាស៊ី​សេរី មិន​អាច​ទាក់​ទង​អ្នកនាំពាក្យ​រដ្ឋ​លេខាធិការដ្ឋាន​កិច្ច​ការ​ព្រំដែន លោក អាន សុវឌ្ឍនា និង​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស លោក ជុំ សុន្ទរី ដើម្បី​សុំ​ការ​បកស្រាយ​ជុំវិញ​រឿង​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី១២ ខែវិច្ឆិកា។

ជុំវិញ​បញ្ហា​នេះ កន្លង​មក អតីត​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​មណ្ឌល​ខេត្តសៀមរាប លោក អ៊ុំ សំអាន អះអាង​ថា យោង​តាម​អនុសញ្ញា​បារាំង-សៀម ឆ្នាំ១៩០៧ បារាំង​បាន​កំណត់​ព្រំដែន​សមុទ្រ​ថា ត្រូវ​យក​ចំណុច​ខ្ពស់​បំផុត​នៃ​កោះ​គុត​ជា​គោល។ ចំណុច​ខ្ពស់​បំផុត នៃ​កោះគុត កម្ពុជា​ត្រូវ​ទទួល​បាន​ដី​មួយ​ផ្នែក​ធំ​នៃ​កោះ​នេះ ឬ​ស្មើ​នឹង ២/៣ នៃ​កោះ​គុត​ទាំង​មូល រីឯ​ភាគី​ថៃ​ទទួល​បាន​ដី ១/៣ នៃ​កោះ​នេះ។

បច្ចុប្បន្ន​កោះ​គុត ត្រូវ​បាន​រដ្ឋាភិបាល​ថៃ​អភិវឌ្ឍ ដោយ​បង្កើត​ទៅ​ជា​តំបន់​ទេសចរណ៍ ដោយ​មាន​ភ្ញៀវ​ទៅ​កម្សាន្ត​ប្រហែល ៣០ម៉ឺន​នាក់​ក្នុង​មួយ​ឆ្នាំ ហើយ​កោះ​នេះ ក៏​ជា​កន្លែង​ទាហាន​ជើង​ទឹក​របស់​ថៃ យក​ធ្វើ​ជា​កន្លែង​សម​យុទ្ធ​ផង​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។