មេធាវី អង្គ​ទូត និង​អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ៖ ការ​កាត់ទោស​លោក កឹម សុខា ជា​រឿង​គុំគួន​នយោបាយ និង​អយុត្តិធម៌

ដោយ ទីន ហ្សាការីយ៉ា
2023.03.04
Share on WhatsApp
Share on WhatsApp
មេធាវី  អង្គ​ទូត និង​អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ៖ ការ​កាត់ទោស​លោក កឹម សុខា ជា​រឿង​គុំគួន​នយោបាយ និង​អយុត្តិធម៌ ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​លោក ប៉ាទ្រីក ម័រហ្វី (Patrick Murphy) ថ្លែងទៅកាន់អ្នកសារព័ត៌មាន​ ​បន្ទាប់ពី​ស្ដាប់​សាលក្រម​សំណុំរឿង លោក កឹម សុខា នៅសាលាដំបូង​រាជធានីភ្នំពេញ កាលពីថ្ងៃទី៣ មីនា ២០២៣។
AP

សហ​មេធាវី លោក កឹម សុខា អង្គទូត​នានា អង្គការសិទ្ធិមនុស្ស​ជាតិ អន្តរជាតិ រួម​ទាំង​អង្គការ​សហប្រជាជាតិ​ផង ចាត់ទុក​ការ​ផ្ដន្ទាទោស​ដ៏​ធ្ងន់ធ្ងរ​លើ​លោក កឹម សុខា ជា​រឿង​មិន​ត្រឹមត្រូវ និង​អយុត្តិធម៌។ ពួកគេ​ទាំងនោះ បាន​ចាត់​ទុក​សាលក្រម​ផ្ដន្ទាទោស​នេះ ជា​រឿង​នយោបាយ និង​ជា​ការ​គុំគួន​មិន​ចង់​ឲ្យ​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​អាច​វិល​មក​ឆាក​នយោបាយ​វិញ​បាន​។

សហ​មេធាវី​លោក កឹម សុខា ថ្លែង​កាល​ពី​យប់​ថ្ងៃទី​៣ មីនា ថា កូនក្ដី​របស់​អ្នកស្រី មិន​អាច​ទទួល​យក​ការ​កាត់ទោស​ចំនួន ២៧​ឆ្នាំនេះ​បាន​ទេ។

បញ្ជាក់​ថា សហ​មេធាវី​នឹង​ពិភាក្សា​ជាមួយ​លោក កឹម សុខា ដាក់​ពាក្យ​ប្ដឹង​ទៅ​សាលាឧទ្ធរណ៍​ប្រឆាំង​សាលក្រម​នេះ​នៅ​ក្នុង​ពេល​ឆាប់ៗ បន្ទាប់ពី​ទទួល​បាន​សាលក្រម​ស្ថាពរ​ពី​តុលាការ។ អ្នកស្រី អះអាង​ថា ការ​សម្រេច​ឲ្យ​លោក កឹម សុខា មាន​ទោស​នេះ ជា​រឿង​អយុត្តិធម៌ ពីព្រោះ​ថា កន្លងមក​លោក កឹម សុខា បាន​ផ្ដល់​ភស្តុតាង​ជាច្រើន ដែល​បញ្ជាក់​ថា លោក​មិន​បាន​ប្រព្រឹត្តិ​ដូច​ការចោទប្រកាន់​នេះ។

អ្នកស្រី ម៉េង សុភារី៖ «ភស្តុតាង​វីដេអូ​គេ​យក​ទៅ​កាត់ត ជា​កំណាត់ៗ​គេ​មិន​យក​វីដេអូ​ទាំងស្រុង​ដែល​ឯកឧត្តម កឹម សុខា បាន​ផ្ដល់​ជូន​នោះ​ទេ​។ ម្យ៉ាងវិញទៀត សាក្សី​ដែល​បាន​មក​រៀន​ពី​បោះឆ្នោត​នៅ​ក្រៅ​ប្រទេស ក៏​ឆ្លើយ​ថា មិន​ជាប់​ពាក់ព័ន្ធ​នឹង​ឯកឧត្តម កឹម សុខា ដែរ»

ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​លោក កួយ សៅ កាល​ពី​ព្រឹក​ថ្ងៃទី​៣ មីនា បាន​ប្រកា​សសាលក្រម​ដែល​មាន​ជាង ១៦០​ទំព័រ ផ្ដន្ទាទោស​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន ២៧​ឆ្នាំ​។ តុលាការ​ក្រុង​ភ្នំពេញ​ដែល​រង​ការ​រិះគន់​ថា ស្ថិត​ក្រោម​ការ​ខ្សែ​ញាក់​របស់​លោក ហ៊ុន សែន បាន​ដាក់​ឱ្យ​លោក កឹម សុខា ឱ្យ​ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​តាមផ្លូវ​តុលាការ ដោយ​មិន​អនុញ្ញាត​ឲ្យ​ចាក​ចេញពី​បរិវេណលំនៅឋាន លេខ​៩៧ ផ្លូវ​លេខ​៣១៣ ភូមិ​៧ សង្កាត់​បឹងកក់​ទី​២ ខណ្ឌ​ទួលគោក​រាជធានី​ភ្នំពេញ​នោះ​ទេ លើកលែងតែ​មានការ​អនុញ្ញាត​ពី​ព្រះរាជអាជ្ញា។ មិន​ត្រូវ​ជួប​បុគ្គល​ណាមួយ​ទាំង​សញ្ជាតិ​ខ្មែរ​និង​បរទេស ដោយ​ផ្ទាល់​ឬ​ដោយ​ប្រយោល​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ក្រៅពី​សមាជិក​គ្រួសារ​លើក​លែង​តែ មានការ​អនុញ្ញាត​ពី​ព្រះរាជអាជ្ញា។ តុលាការ​ក៏​បង្គាប់​ឱ្យ​សមត្ថកិច្ច​ប្រើប្រាស់​សិទ្ធិអំណាច​ដើម្បី​ធានា​ការអនុវត្ត​នូវ​វិធានការ​ត្រួតពិនិត្យ​តាមផ្លូវ​តុលាការ​នេះ ក្នុងករណី​លោក កឹម សុខា ហ៊ាន​បំពាន​បម្រាម​ទាំងនេះ ត្រូវ​ចាប់​លោក កឹម សុខា យក​ទៅ​ដាក់​ឃុំ​ក្នុង​ពន្ធនាគារ​វិញ។

ក្រោយពី​សមត្ថកិច្ច​បាន​ក្រៀក​លោក កឹម សុខា ចេញពី​បន្ទប់​សវនាការ​កាលពី​ព្រឹក​ថ្ងៃទី​៣ មីនា ហើយ​បញ្ជូន​លោក កឹម សុខា ទៅ​ឃុំខ្លួន​នៅក្នុង​ផ្ទះ​របស់​លោក​នោះ សមត្ថកិច្ច​ក៏​តម្រូវ​ឲ្យ​មនុស្ស​មួយចំនួន​ដែល​ស្នាក់​នៅ​ផ្ទះ​លោក កឹម សុខា រួម​ទាំង​អង្គរក្ស​របស់​លោក​ផង ឲ្យ​ចាក​ចេញពីផ្ទះ​ភ្លាមៗ​។ ​អនុញ្ញាត​ឲ្យ​មនុស្ស​តែ ៥​នាក់​ប៉ុណ្ណោះ អាច​ស្នាក់នៅ​និង​ជួយ​ការងារ​ភរិយា​លោក កឹម សុខា បាន​។ ក្រៅ​ពី​នេះ សមត្ថកិច្ច​បាន​ឲ្យ​ចេញ​ពី​ផ្ទះ​កាល​ពី​ល្ងាច​មិញ​ហើយ។

តុលាការ​បាន​ចោទ​ប្រកាន់​លោក កឹម សុខា ពី​បទ​ក្បត់ជាតិ ឬ​ត្រូវរ៉ូវ​ជាមួយ​រដ្ឋ​បរទេស ក៏ប៉ុន្តែ​សាលក្រម​ផ្ដន្ទាទោស​លោក កឹម សុខា នេះ តុលាការ​មិន​បាន​ផ្ដន្ទាទោស​រដ្ឋ​បរទេស​ណាមួយ ដែល​រដ្ឋាភិបាល​ចោទប្រកាន់​នោះ​ឡើយ ដូចជា​សហរដ្ឋ​ជាដើម​។ ទោះបីជា​យ៉ាងណា​នេះ​ក្ដី ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក បាន​ទៅ​ឃ្លាំមើល​ការប្រកាស​សាលក្រម​នេះ បាន​បញ្ចេញ​ប្រតិកម្ម​ភ្លាមៗ និង​ផ្ដល់​បទសម្ភាសន៍​ដល់​អ្នកសារព័ត៌មាន​នៅ​ខាង​មុខ​តុលាការ។

ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​លោក ប៉ាទ្រីក ម័រហ្វី (Patrick Murphy) អះអាង​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា ការ​កាត់ទោស​លោក កឹម សុខា នេះ ជា​ការ​ដើរ​ខុសឆ្គង​នៃ​ប្រព័ន្ធ​យុត្តិធម៌​។ ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក រិះគន់​ថា ការ​ដក​សិទ្ធិ​លោក កឹម សុខា និង​អ្នក​ផ្សេងទៀត ជា​ការ​ដើរ​ថយក្រោយ នៃ​ការអនុវត្ត​រដ្ឋធម្មនុញ្ញ ដែល​ចែង​ពី​របប​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស។

លោក ប៉ាទ្រីក ម័រហ្វី៖ «ការ​ដក​សិទ្ធិ​នយោបាយ​លោក កឹម សុខា ដែល​មាន​រយៈ​ដ៏​យូរ​នេះ​បង្ហាញ​ហើយ​ឱ្យ​ឃើញ​ពី​ការ​ផ្អែកលើ​បទល្មើស​ដែល​មាន​លក្ខណៈ​ជាក់ស្ដែង គឺ​សន្ទិដ្ឋិភាព​ជាមួយ​បរទេស​ជា​រឿង​មួយ​ប្រឌិត​ហើយ​គឺជា​ការ​ដើរ​ខុសឆ្គង​នៃ​ប្រព័ន្ធ​យុត្តិធម៌»

រដ្ឋធម្មនុញ្ញ​កម្ពុជា​មាត្រា​៣៤​ថ្មី ចែង​ថា ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ពីរ​ភេទ មាន​សិទ្ធិ​បោះឆ្នោត និង​អាច​ឈរ​ឈ្មោះ​ឲ្យ​គេ​បោះឆ្នោត។

ទាក់ទង​នឹង​អនាគត​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ក្រោយ​ពី​លោក កឹម សុខា អស់​សិទ្ធិ​ធ្វើ​នយោបាយ​វិញ តើ​គណបក្ស​នេះ​នឹង​មាន​អ្នកណា​ដឹកនាំ ខណៈ លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស ក៏​មានទោស​រាប់​សិប​ឆ្នាំ និង​មិនអាច​វិល​ចូល​ស្រុក​វិញ​បាន​ដែរ​នោះ? លោក សម រង្ស៊ី បាន​អះអាង​ថា គណបក្ស​សង្គ្រោះ​ជាតិ​នៅក្នុង​បេះដូង​ប្រជាពលរដ្ឋ​គ្រប់រូប​។ លោក​អះអាង​ថា អនាគត​នាយករដ្ឋមន្ត្រី​មិន​ចាំ​បាច់​ត្រូវ​រើស​ពី​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ទេ។

លោក សម រង្ស៊ី៖ «លោក ហ៊ុន សែន ច្រឡំ​ថា គេ​ចង់​ដាក់​កូន​ឲ្យ​ដឹកនាំ​បន្ត​ដូច​លោក​។ ប្រជាពលរដ្ឋ​ខ្មែរ​ជាង​១៧​លាន​នាក់ ដែល​មាន​សមត្ថភាព​អាច​មក​ដឹកនាំ​គណបក្ស​នឹង​ប្រទេស​ជាតិ​បាន​ឲ្យ​តែ​មាន​ការ​បោះឆ្នោត​ត្រឹមត្រូវ»

នៅ​ទន្ទឹម​នឹង​លោក កឹម សុខា អស់​សិទ្ធិ​ធ្វើ​នយោបាយ​និង​ជាប់ទោស​រាប់​សិប​ឆ្នាំនេះ ក្រៅពី​ស្ថានទូត​អាមេរិក គឺ​មាន​ស្ថានទូត​ប្រទេស​លោក​សេរី​ផ្សេងទៀត រួម​ទាំង​ស្ថាប័ន​អង្គការ​សិទ្ធិមនុស្ស​ជាតិ អន្តរជាតិ បាន​ចេញ​សេចក្ដី​ថ្លែងការណ៍ ថ្កោលទោស​តុលាការ​របប​លោក ហ៊ុន សែន បន្តបន្ទាប់​គ្នា​។ អង្គការ​លើកលែងទោស​អន្តរជាតិ (Amnesty International) ចាត់ទុក​តុលាការ​ប្រកាស​សាលក្រម​ផ្ដន្ទាទោស​លោក កឹម សុខា នេះ គ្មាន​មូលដ្ឋាន​ច្បាប់ និង​ជា​រឿង​នយោបាយ​។ អង្គការ​បន្ថែម​បាន​ថា លោក ហ៊ុន សែន កំពុងតែ​រារាំង​អ្នកនយោបាយ​ប្រឆាំង​គ្មាន​ដែន​កំណត់​មិន​ឲ្យ​ធ្វើ​នយោបាយ​បាន មិន​ខុសពី​លោក ហ៊ុន សែន បាន​ដកហូត​សិទ្ធិ​ធ្វើ​នយោបាយ​របស់​មន្ត្រី​គណបក្សប្រឆាំង​កាលពីមុន​បោះឆ្នោត​ឆ្នាំ​២០១៨​នោះ​ឡើយ។

អគ្គលេខាធិការ​សហព័ន្ធ​អន្តរជាតិ ដើម្បី​សិទ្ធិមនុស្ស​វិញ តុលាការ​លោក ហ៊ុន សែន កាត់ទោស​លោក កឹម សុខា នេះ គ្មានអ្វី​ក្រៅពី​រឿង​គំនុំ​នយោបាយ​ក្នុង​គោលបំណង​ដកហូត​សិទ្ធិ​ធ្វើ​នយោបាយ​របស់​លោក កឹម សុខា នោះ​ឡើយ​។ រដ្ឋាភិបាល​ត្រូវតែ​បញ្ឈប់​ការ​ធ្វើ​ទុក្ខបុកម្នេញ​លើ​ដៃគូ​ប្រកួតប្រជែង​ជា​បន្ទាន់។

ឆ្លើយតប​នឹង​បញ្ហា​នេះ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន អះអាង​ថា ការ​សម្រេច​របស់​តុលាការ​គឺ​ឈរ​លើ​មូលដ្ឋាន​ច្បាប់ និង​ភស្តុតាង​ត្រឹមត្រូវ។

លោក សុខ ឥសា៖ «ឃុំខ្លួន​នៅផ្ទះ​ហ្នឹង​ក៏​អ៊ីចឹង​ដែរ កែប្រែ​នៅ​ហ្នឹង​ទៅ​ធ្វើ​ម៉េច​ឱ្យ​ស្ងប់ស្ងាត់​ទៅតាម​បទបញ្ញត្តិ​របស់​សាលក្រម​ហ្នឹង​ទៅ​ប្រាកដ​ជា​សាលក្រម គេ​ដាក់​អំពី​ខ្លឹមសារ​ហ្នឹង​ច្បាស់លាស់​ហើយ​ថា​គាត់ (លោក កឹម សុខា) ត្រូវ​ម៉េច​ហើយ​គាត់​ត្រូវ​អនុវត្ត​ឱ្យ​ត្រឹមត្រូវ​ទៅតាម​ខ្លឹមសារ​ដែល​សាលក្រម​បាន​កំណត់»

ក្រោយពី​តុលាការ​តេឡេក្រាម​ប្រកាស​សាលក្រម​ផ្ដន្ទាទោស លោក កឹម សុខា ភ្លាម ក្រុម​អាម៉ីអា​ថោង ស្ថាប័នរដ្ឋ​សំខាន់ៗ រួម​ទាំង​ស្ថាប័ន​ព្រឹត្តិ​សភា​ឯក​បក្ស​ផង បាន​ចេញ​ញំ​ទ្រ តុលាការ​ផ្ដន្ទាទោស​លោក កឹម សុខា​នេះ​។ ក្រៅ​ពី​នេះ ក៏​មាន​សារ​លេច​ធ្លាយ​ចេញ​ពី​មេក្រុម​មេដឹកនាំ​ឯកបក្ស បាន​ផ្ញើ​សារ​ទៅ​កាន់​ស្ថាប័នរដ្ឋ​ឯកជន ឲ្យ​ជួយ​បំផុស ការ​ចេញ​​ញត្តិ ឬ​សារ​រូបភាព​គាំទ្រ​ការសម្រេច​របស់​តុលាការ​នេះ​ថែម​ទៀត។

ទោះបីជា​បែបនេះ​ក្ដី សហគមន៍​ជាតិ អន្តរជាតិ​ដឹង​ជា​ទូទៅ​ហើយ​ថា តុលាការ​នៅ​កម្ពុជា​ស្ថិត​នៅ​ក្រោម​ឥទ្ធិពល​នយោបាយ​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។ ការ​សេចក្ដី​រឿង​នយោបាយ​នេះ ត្រូវ​បាន​គេ​លើកឡើង​ថា តុលាការ​ធ្វើតាម​បញ្ជា ឬ​ជា​តុលាការ​តេឡេ​ជាដើម​។​

នាយក​រង​ប្រចាំ​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំមើល​អន្តរជាតិ Human Rights Watch លោក ហ្វ៊ីល រ៉ូបឺតសុន (Phil Robertson) មាន​ប្រសាសន៍​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​ថា សំណុំ​រឿង​ចោទប្រកាន់​លោក កឹម សុខា នេះ វា​ច្បាស់​ណាស់​តាំង​ពី​ដើម​មក​ថា គ្មានអ្វី​ដែល​ជា​រឿង​លោក ហ៊ុន សែន គុំគួន​នយោបាយ ដែល​លោក ហ៊ុន សែន ចង់​លុបបំបាត់​ប្រព័ន្ធ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ហើយ​កុំ​ឲ្យ​មេដឹកនាំ​គណបក្សប្រឆាំង​អាច​ធ្វើ​នយោបាយ​បាន។

ទាក់ទង​នឹង​បញ្ហា​នេះ បណ្ឌិត សេង សារី វិញ លើកឡើង ថា លោក ហ៊ុន សែន បាន​រៀបចំ​សេរីណារីយ៉ូ​យ៉ាង​ជាក់លាក់ ដើម្បី​ដឹកនាំ​នាវា​កម្ពុជា​ទៅ​ជា​របប​ប្រជាធិបតេយ្យ​បែប​ឯក​បក្ស ហើយ​ដើម្បី​ឈាន​ទៅ​សម្រេច​ផែនការ​ផ្ទេរអំណាច​នៅ​ពេល​ខាងមុខ។

បណ្ឌិត សេង សារី​៖ «លោក ហ៊ុន សែន លែង​ត្រូវការ​គណបក្ស​ផ្សេងៗ​ដើម្បី​លម្អ​ប្រជាធិបតេយ្យ​ទៀត​ហើយ​។ លោក​ចាត់ការ​លោក កឹម សុខា ចេញពី​នយោបាយ​គឺ​លោក​មិន​ចង់​ឲ្យ​អ្នកនយោបាយ​ជើងចាស់​ដែល​មាន​គីឡូ​ធ្ងន់​ធ្ងន់ មក​ប្រកួតប្រជែង​ជាមួយ​កូនលោក​នោះ​ទេ​។ ហើយ​ការ​ចាត់ការ​លោក កឹម សុខា នេះ ក៏​ដើម្បី​សម្រេច​ផែនការ​ផ្ទេរអំណាច​របស់​លោក​ដែរ»

ទោះបីជា​បែបនេះ​ក្ដី ស្ថានទូត​អូស្ត្រាលី​ឯណេះ​វិញ ប្ដេជ្ញា​ថា សន្ទនា​ជាមួយ​រដ្ឋាភិបាល​កម្ពុជា ដើម្បី​លើកទឹកចិត្ត​ឱ្យ​មាន​លំហ​នយោបាយ​សម្រាប់​ការបោះឆ្នោត​ដែល​មាន​ការប្រកួតប្រជែង​ពិតប្រាកដ​ព្រមទាំង​ការ​គាំទ្រ​សិទ្ធិមនុស្ស​លទ្ធិប្រជាធិបតេយ្យ និង​នីតិរដ្ឋ។ ស្ថានទូត​អូស្ត្រាលី​អំពាវនាវ​ឱ្យ​មាន​ដំណោះស្រាយ​ដោយ​យុត្តិធម៌ និង​តម្លាភាព​ក្នុង​សំណុំ​រឿង​នេះ។

ទាក់ទង​នឹង​បញ្ហា​នេះ សហ​មេធាវី​ការពារ​ក្ដី​លោក កឹម សុខា វិញ ក៏​ចង់​ឃើញ​សំណុំរឿង​លោក កឹម សុខា នេះ ដោយ​ស្រាយ​តាមផ្លូវ​នយោបាយ​ដែរ​។ អ្នកស្រី ម៉េង សុភារី បញ្ជាក់​ថា សំណុំ​រឿង​នេះ អ្នក​នយោបាយ​គឺ​រដ្ឋាភិបាល​ប្ដឹង អ្នកនយោបាយ​ដូចគ្នា​គឺ​លោក កឹម សុខា។ អ្នកស្រី​បន្ថែម​ថា មានតែ​ការ​ដោះស្រាយ​តាម​ផ្លូវ​នយោបាយ​ទេ ទើប​ជា​ច្រកចេញ​សម្រាប់​ឲ្យ​លោក កឹម សុខា មាន​សេរីភាព​វិញ៕

មេធាវី​ជាតិ និង​អន្តរជាតិ ទាមទារ​សាលក្រម​គ្មាន​ទោស​សម្រាប់​លោក កឹម សុខា

sokha-hunsen.jpeg
(ឆ្វេង) ​លោក កឹម សុខា ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ និង​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន (ស្ដាំ)។ រូប​ហ្វេសប៊ុក

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។