សហមេធាវី លោក កឹម សុខា អង្គទូតនានា អង្គការសិទ្ធិមនុស្សជាតិ អន្តរជាតិ រួមទាំងអង្គការសហប្រជាជាតិផង ចាត់ទុកការផ្ដន្ទាទោសដ៏ធ្ងន់ធ្ងរលើលោក កឹម សុខា ជារឿងមិនត្រឹមត្រូវ និងអយុត្តិធម៌។ ពួកគេទាំងនោះ បានចាត់ទុកសាលក្រមផ្ដន្ទាទោសនេះ ជារឿងនយោបាយ និងជាការគុំគួនមិនចង់ឲ្យលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិអាចវិលមកឆាកនយោបាយវិញបាន។
សហមេធាវីលោក កឹម សុខា ថ្លែងកាលពីយប់ថ្ងៃទី៣ មីនា ថា កូនក្ដីរបស់អ្នកស្រី មិនអាចទទួលយកការកាត់ទោសចំនួន ២៧ឆ្នាំនេះបានទេ។
បញ្ជាក់ថា សហមេធាវីនឹងពិភាក្សាជាមួយលោក កឹម សុខា ដាក់ពាក្យប្ដឹងទៅសាលាឧទ្ធរណ៍ប្រឆាំងសាលក្រមនេះនៅក្នុងពេលឆាប់ៗ បន្ទាប់ពីទទួលបានសាលក្រមស្ថាពរពីតុលាការ។ អ្នកស្រី អះអាងថា ការសម្រេចឲ្យលោក កឹម សុខា មានទោសនេះ ជារឿងអយុត្តិធម៌ ពីព្រោះថា កន្លងមកលោក កឹម សុខា បានផ្ដល់ភស្តុតាងជាច្រើន ដែលបញ្ជាក់ថា លោកមិនបានប្រព្រឹត្តិដូចការចោទប្រកាន់នេះ។
អ្នកស្រី ម៉េង សុភារី៖ «ភស្តុតាងវីដេអូគេយកទៅកាត់ត ជាកំណាត់ៗគេមិនយកវីដេអូទាំងស្រុងដែលឯកឧត្តម កឹម សុខា បានផ្ដល់ជូននោះទេ។ ម្យ៉ាងវិញទៀត សាក្សីដែលបានមករៀនពីបោះឆ្នោតនៅក្រៅប្រទេស ក៏ឆ្លើយថា មិនជាប់ពាក់ព័ន្ធនឹងឯកឧត្តម កឹម សុខា ដែរ»។
ចៅក្រមសាលាដំបូងរាជធានីភ្នំពេញលោក កួយ សៅ កាលពីព្រឹកថ្ងៃទី៣ មីនា បានប្រកាសសាលក្រមដែលមានជាង ១៦០ទំព័រ ផ្ដន្ទាទោសលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិចំនួន ២៧ឆ្នាំ។ តុលាការក្រុងភ្នំពេញដែលរងការរិះគន់ថា ស្ថិតក្រោមការខ្សែញាក់របស់លោក ហ៊ុន សែន បានដាក់ឱ្យលោក កឹម សុខា ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ដោយមិនអនុញ្ញាតឲ្យចាកចេញពីបរិវេណលំនៅឋាន លេខ៩៧ ផ្លូវលេខ៣១៣ ភូមិ៧ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោករាជធានីភ្នំពេញនោះទេ លើកលែងតែមានការអនុញ្ញាតពីព្រះរាជអាជ្ញា។ មិនត្រូវជួបបុគ្គលណាមួយទាំងសញ្ជាតិខ្មែរនិងបរទេស ដោយផ្ទាល់ឬដោយប្រយោលតាមប្រព័ន្ធបច្ចេកវិទ្យាក្រៅពីសមាជិកគ្រួសារលើកលែងតែ មានការអនុញ្ញាតពីព្រះរាជអាជ្ញា។ តុលាការក៏បង្គាប់ឱ្យសមត្ថកិច្ចប្រើប្រាស់សិទ្ធិអំណាចដើម្បីធានាការអនុវត្តនូវវិធានការត្រួតពិនិត្យតាមផ្លូវតុលាការនេះ ក្នុងករណីលោក កឹម សុខា ហ៊ានបំពានបម្រាមទាំងនេះ ត្រូវចាប់លោក កឹម សុខា យកទៅដាក់ឃុំក្នុងពន្ធនាគារវិញ។
ក្រោយពីសមត្ថកិច្ចបានក្រៀកលោក កឹម សុខា ចេញពីបន្ទប់សវនាការកាលពីព្រឹកថ្ងៃទី៣ មីនា ហើយបញ្ជូនលោក កឹម សុខា ទៅឃុំខ្លួននៅក្នុងផ្ទះរបស់លោកនោះ សមត្ថកិច្ចក៏តម្រូវឲ្យមនុស្សមួយចំនួនដែលស្នាក់នៅផ្ទះលោក កឹម សុខា រួមទាំងអង្គរក្សរបស់លោកផង ឲ្យចាកចេញពីផ្ទះភ្លាមៗ។ អនុញ្ញាតឲ្យមនុស្សតែ ៥នាក់ប៉ុណ្ណោះ អាចស្នាក់នៅនិងជួយការងារភរិយាលោក កឹម សុខា បាន។ ក្រៅពីនេះ សមត្ថកិច្ចបានឲ្យចេញពីផ្ទះកាលពីល្ងាចមិញហើយ។
តុលាការបានចោទប្រកាន់លោក កឹម សុខា ពីបទក្បត់ជាតិ ឬត្រូវរ៉ូវជាមួយរដ្ឋបរទេស ក៏ប៉ុន្តែសាលក្រមផ្ដន្ទាទោសលោក កឹម សុខា នេះ តុលាការមិនបានផ្ដន្ទាទោសរដ្ឋបរទេសណាមួយ ដែលរដ្ឋាភិបាលចោទប្រកាន់នោះឡើយ ដូចជាសហរដ្ឋជាដើម។ ទោះបីជាយ៉ាងណានេះក្ដី ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក បានទៅឃ្លាំមើលការប្រកាសសាលក្រមនេះ បានបញ្ចេញប្រតិកម្មភ្លាមៗ និងផ្ដល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាននៅខាងមុខតុលាការ។
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកលោក ប៉ាទ្រីក ម័រហ្វី (Patrick Murphy) អះអាងប្រាប់ក្រុមអ្នកសារព័ត៌មានថា ការកាត់ទោសលោក កឹម សុខា នេះ ជាការដើរខុសឆ្គងនៃប្រព័ន្ធយុត្តិធម៌។ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក រិះគន់ថា ការដកសិទ្ធិលោក កឹម សុខា និងអ្នកផ្សេងទៀត ជាការដើរថយក្រោយ នៃការអនុវត្តរដ្ឋធម្មនុញ្ញ ដែលចែងពីរបបប្រជាធិបតេយ្យសេរីពហុបក្ស។
លោក ប៉ាទ្រីក ម័រហ្វី៖ «ការដកសិទ្ធិនយោបាយលោក កឹម សុខា ដែលមានរយៈដ៏យូរនេះបង្ហាញហើយឱ្យឃើញពីការផ្អែកលើបទល្មើសដែលមានលក្ខណៈជាក់ស្ដែង គឺសន្ទិដ្ឋិភាពជាមួយបរទេសជារឿងមួយប្រឌិតហើយគឺជាការដើរខុសឆ្គងនៃប្រព័ន្ធយុត្តិធម៌»។
រដ្ឋធម្មនុញ្ញកម្ពុជាមាត្រា៣៤ថ្មី ចែងថា ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ មានសិទ្ធិបោះឆ្នោត និងអាចឈរឈ្មោះឲ្យគេបោះឆ្នោត។
ទាក់ទងនឹងអនាគតគណបក្សសង្គ្រោះជាតិ នៅក្រោយពីលោក កឹម សុខា អស់សិទ្ធិធ្វើនយោបាយវិញ តើគណបក្សនេះនឹងមានអ្នកណាដឹកនាំ ខណៈ លោក សម រង្ស៊ី ប្រធានស្ដីទីគណបក្ស ក៏មានទោសរាប់សិបឆ្នាំ និងមិនអាចវិលចូលស្រុកវិញបានដែរនោះ? លោក សម រង្ស៊ី បានអះអាងថា គណបក្សសង្គ្រោះជាតិនៅក្នុងបេះដូងប្រជាពលរដ្ឋគ្រប់រូប។ លោកអះអាងថា អនាគតនាយករដ្ឋមន្ត្រីមិនចាំបាច់ត្រូវរើសពីមេដឹកនាំគណបក្សសង្គ្រោះជាតិទេ។
លោក សម រង្ស៊ី៖ «លោក ហ៊ុន សែន ច្រឡំថា គេចង់ដាក់កូនឲ្យដឹកនាំបន្តដូចលោក។ ប្រជាពលរដ្ឋខ្មែរជាង១៧លាននាក់ ដែលមានសមត្ថភាពអាចមកដឹកនាំគណបក្សនឹងប្រទេសជាតិបានឲ្យតែមានការបោះឆ្នោតត្រឹមត្រូវ»។
នៅទន្ទឹមនឹងលោក កឹម សុខា អស់សិទ្ធិធ្វើនយោបាយនិងជាប់ទោសរាប់សិបឆ្នាំនេះ ក្រៅពីស្ថានទូតអាមេរិក គឺមានស្ថានទូតប្រទេសលោកសេរីផ្សេងទៀត រួមទាំងស្ថាប័នអង្គការសិទ្ធិមនុស្សជាតិ អន្តរជាតិ បានចេញសេចក្ដីថ្លែងការណ៍ ថ្កោលទោសតុលាការរបបលោក ហ៊ុន សែន បន្តបន្ទាប់គ្នា។ អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) ចាត់ទុកតុលាការប្រកាសសាលក្រមផ្ដន្ទាទោសលោក កឹម សុខា នេះ គ្មានមូលដ្ឋានច្បាប់ និងជារឿងនយោបាយ។ អង្គការបន្ថែមបានថា លោក ហ៊ុន សែន កំពុងតែរារាំងអ្នកនយោបាយប្រឆាំងគ្មានដែនកំណត់មិនឲ្យធ្វើនយោបាយបាន មិនខុសពីលោក ហ៊ុន សែន បានដកហូតសិទ្ធិធ្វើនយោបាយរបស់មន្ត្រីគណបក្សប្រឆាំងកាលពីមុនបោះឆ្នោតឆ្នាំ២០១៨នោះឡើយ។
អគ្គលេខាធិការសហព័ន្ធអន្តរជាតិ ដើម្បីសិទ្ធិមនុស្សវិញ តុលាការលោក ហ៊ុន សែន កាត់ទោសលោក កឹម សុខា នេះ គ្មានអ្វីក្រៅពីរឿងគំនុំនយោបាយក្នុងគោលបំណងដកហូតសិទ្ធិធ្វើនយោបាយរបស់លោក កឹម សុខា នោះឡើយ។ រដ្ឋាភិបាលត្រូវតែបញ្ឈប់ការធ្វើទុក្ខបុកម្នេញលើដៃគូប្រកួតប្រជែងជាបន្ទាន់។
ឆ្លើយតបនឹងបញ្ហានេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន អះអាងថា ការសម្រេចរបស់តុលាការគឺឈរលើមូលដ្ឋានច្បាប់ និងភស្តុតាងត្រឹមត្រូវ។
លោក សុខ ឥសា៖ «ឃុំខ្លួននៅផ្ទះហ្នឹងក៏អ៊ីចឹងដែរ កែប្រែនៅហ្នឹងទៅធ្វើម៉េចឱ្យស្ងប់ស្ងាត់ទៅតាមបទបញ្ញត្តិរបស់សាលក្រមហ្នឹងទៅប្រាកដជាសាលក្រម គេដាក់អំពីខ្លឹមសារហ្នឹងច្បាស់លាស់ហើយថាគាត់(លោក កឹម សុខា)ត្រូវម៉េចហើយគាត់ត្រូវអនុវត្តឱ្យត្រឹមត្រូវទៅតាមខ្លឹមសារដែលសាលក្រមបានកំណត់»។
ក្រោយពីតុលាការតេឡេក្រាមប្រកាសសាលក្រមផ្ដន្ទាទោស លោក កឹម សុខា ភ្លាម ក្រុមអាម៉ីអាថោង ស្ថាប័នរដ្ឋសំខាន់ៗ រួមទាំងស្ថាប័នព្រឹត្តិសភាឯកបក្សផង បានចេញញំទ្រ តុលាការផ្ដន្ទាទោសលោក កឹម សុខានេះ។ ក្រៅពីនេះ ក៏មានសារលេចធ្លាយចេញពីមេក្រុមមេដឹកនាំឯកបក្ស បានផ្ញើសារទៅកាន់ស្ថាប័នរដ្ឋឯកជន ឲ្យជួយបំផុស ការចេញញត្តិ ឬសាររូបភាពគាំទ្រការសម្រេចរបស់តុលាការនេះថែមទៀត។
ទោះបីជាបែបនេះក្ដី សហគមន៍ជាតិ អន្តរជាតិដឹងជាទូទៅហើយថា តុលាការនៅកម្ពុជាស្ថិតនៅក្រោមឥទ្ធិពលនយោបាយរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ការសេចក្ដីរឿងនយោបាយនេះ ត្រូវបានគេលើកឡើងថា តុលាការធ្វើតាមបញ្ជា ឬជាតុលាការតេឡេជាដើម។
នាយករងប្រចាំតំបន់អាស៊ីនៃអង្គការឃ្លាំមើលអន្តរជាតិ Human Rights Watch លោក ហ្វ៊ីល រ៉ូបឺតសុន (Phil Robertson) មានប្រសាសន៍នៅក្នុងសេចក្ដីថ្លែងការណ៍ថា សំណុំរឿងចោទប្រកាន់លោក កឹម សុខា នេះ វាច្បាស់ណាស់តាំងពីដើមមកថា គ្មានអ្វីដែលជារឿងលោក ហ៊ុន សែន គុំគួននយោបាយ ដែលលោក ហ៊ុន សែន ចង់លុបបំបាត់ប្រព័ន្ធប្រជាធិបតេយ្យនៅកម្ពុជា ហើយកុំឲ្យមេដឹកនាំគណបក្សប្រឆាំងអាចធ្វើនយោបាយបាន។
"Kem Sokha's case highlights the Cambodian judiciary's total lack of independence and the ruling party's ability to control 's political environment to its own liking" says . "Rule of law" = rule of ruling party. No justice here.
ទាក់ទងនឹងបញ្ហានេះ បណ្ឌិត សេង សារី វិញ លើកឡើង ថា លោក ហ៊ុន សែន បានរៀបចំសេរីណារីយ៉ូយ៉ាងជាក់លាក់ ដើម្បីដឹកនាំនាវាកម្ពុជាទៅជារបបប្រជាធិបតេយ្យបែបឯកបក្ស ហើយដើម្បីឈានទៅសម្រេចផែនការផ្ទេរអំណាចនៅពេលខាងមុខ។
បណ្ឌិត សេង សារី៖ «លោក ហ៊ុន សែន លែងត្រូវការគណបក្សផ្សេងៗដើម្បីលម្អប្រជាធិបតេយ្យទៀតហើយ។ លោកចាត់ការលោក កឹម សុខា ចេញពីនយោបាយគឺលោកមិនចង់ឲ្យអ្នកនយោបាយជើងចាស់ដែលមានគីឡូធ្ងន់ធ្ងន់ មកប្រកួតប្រជែងជាមួយកូនលោកនោះទេ។ ហើយការចាត់ការលោក កឹម សុខា នេះ ក៏ដើម្បីសម្រេចផែនការផ្ទេរអំណាចរបស់លោកដែរ»។
ទោះបីជាបែបនេះក្ដី ស្ថានទូតអូស្ត្រាលីឯណេះវិញ ប្ដេជ្ញាថា សន្ទនាជាមួយរដ្ឋាភិបាលកម្ពុជា ដើម្បីលើកទឹកចិត្តឱ្យមានលំហនយោបាយសម្រាប់ការបោះឆ្នោតដែលមានការប្រកួតប្រជែងពិតប្រាកដព្រមទាំងការគាំទ្រសិទ្ធិមនុស្សលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ។ ស្ថានទូតអូស្ត្រាលីអំពាវនាវឱ្យមានដំណោះស្រាយដោយយុត្តិធម៌ និងតម្លាភាពក្នុងសំណុំរឿងនេះ។
ទាក់ទងនឹងបញ្ហានេះ សហមេធាវីការពារក្ដីលោក កឹម សុខា វិញ ក៏ចង់ឃើញសំណុំរឿងលោក កឹម សុខា នេះ ដោយស្រាយតាមផ្លូវនយោបាយដែរ។ អ្នកស្រី ម៉េង សុភារី បញ្ជាក់ថា សំណុំរឿងនេះ អ្នកនយោបាយគឺរដ្ឋាភិបាលប្ដឹង អ្នកនយោបាយដូចគ្នាគឺលោក កឹម សុខា។ អ្នកស្រីបន្ថែមថា មានតែការដោះស្រាយតាមផ្លូវនយោបាយទេ ទើបជាច្រកចេញសម្រាប់ឲ្យលោក កឹម សុខា មានសេរីភាពវិញ៕
[ មេធាវីជាតិ និងអន្តរជាតិ ទាមទារសាលក្រមគ្មានទោសសម្រាប់លោក កឹម សុខាOpens in new window ]

[ តុលាការស្ថិតក្រោមអំណាចនយោបាយក្នុងរឿងក្ដីលោក កឹម សុខាOpens in new window ]
[ ការវិភាគអំពីសាលក្រមលោក កឹម សុខាOpens in new window ]
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។