"លោក ជាម យៀប នឹង​​មិន​អាច​ជួយ​​កែរដ្ឋសភា​ឲ្យ​​ប្រសើរ​ទេ​ ខណៈ​លោក​ធ្លាប់​​កិបកេង​លុយ​ជាតិ​​ពី​​ស្ថាប័ន​នេះ"

0:00 / 0:00

សមាជិក​​​​គណៈ​អចិន្ត្រៃយ៍​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​លោក ជាម យៀប នឹង​​ត្រូវ​ឡើង​កាន់​តំណែង​ជា​អនុ​ប្រធាន​ទី​១ ​​​​​​​រដ្ឋ​សភា​​​នៅ​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា ជំនួស​សព​លោក ងួន ញ៉ិល​។​ តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​យល់ថា​ លោក ជាម យៀប មិន​អាច​ជួយ​​រដ្ឋសភា​ឲ្យ​មាន​​ភាព​ល្អ​ប្រសើរ​​ជាង​បច្ចុប្បន្ន​ទេ ខណៈ​​ដែល​លោក​ធ្លាប់​មាន​​រឿង​អាស្រូវ​លេច​ធ្លោ​ខាង​កិបកេង​លុយ​រដ្ឋសភា និង​ការ​បញ្ជា​ឲ្យ​តៃកុង​​បើក​ឡាន​​រត់​ ក្រោយ​ពេល​បង្ក​គ្រោះ​ថ្នាក់​ចរាចរណ៍​នោះ។​​

លោក ជាម យៀប ​ធ្វើ​ជា​​តំណាង​រាស្ត្រ​ម្នាក់​ដែល​អាច​​រាប់​បាន​ថា​​ ជា​​​មនុស្ស​​ធ្វើការ​យូរ​នៅ​​​ក្នុង​រដ្ឋសភា​​​ គឺ​​ជិត​ ៣០​ឆ្នាំ​​​​ហើយ។ លោក​​ឈរ​​ឈ្មោះ​​ជា​តំណាង​រាស្ត្រ​​សម្រាប់​មណ្ឌល​ខេត្ត​​ព្រៃវែង​ឲ្យ​​គណ​បក្ស​ប្រជាជន​កម្ពុជា​​តាំង​ពី​ឆ្នាំ​១៩៩៣ ​រហូត​ដល់​បច្ចុប្បន្ន​។ រយៈពេលជិត ៣០​​ឆ្នាំ​មក​នេះ លោក​ក៏​ទទួល​បាន​ការ​ដំឡើង​ឋានៈ​នៅ​​ក្នុង​ផ្ទៃ​​បក្ស​​ជា​បន្ត​បន្ទាប់​ដែរ​។ ​​ប៉ុន្តែ​​ទន្ទឹម​នឹង​​ថ្វីដៃ​ការងារ​ទាំងឡាយ និង​ការ​​បាន​តំណែង​​មន្ត្រី​​ជាន់​ខ្ពស់​ក្នុង​បក្ស​កាន់​​អំណាច​​រូប​នេះ លោក​ក៏​​​មានជាប់សង្ស័យពាក់ព័ន្ធ​រឿង​អាស្រូវ​ពុក​រលួយ​​​ខាង​កិបកេង​លុយ​រដ្ឋ​យ៉ាង​ច្រើន​ ​មិន​ចាញ់​មន្ត្រី​​ធំៗ ​របស់​បក្ស​កាន់​អំណាច​ផ្សេង​ទៀត​ទេ។

អតីតតំណាង​រាស្ត្រ​ជាប់​ឆ្នោត​នៃ​គណបក្ស​សង្គ្រោះ​ជាតិលោក ងឹម ញ៉េង អះអាង​ថា​ លោក ជាម យៀប មិន​មែន​ជា​មន្ត្រី​ល្អ​ទេ ព្រោះ​លោក​មិន​សូវ​គិតគូរ​ពី​ប្រយោជន៍ជាតិ​ប៉ុន្មាន​ទេ គឺ​លោក​​ច្រើន​តែ​​រក​វិធី​​កិបកេង​លុយ​រដ្ឋសភា​​ ​ការ​​ស៊ុមគ្រលុំ​គ្នា​ដើម្បី​ឲ្យ​​​សិទ្ធិ​ម៉ៅការ​​សំណង់​​អគារ​រដ្ឋសភា​ជាតិ​​ ធ្លាក់​ក្នុង​ដៃ​ក្រុមហ៊ុន ​លី ឈួន ដែល​ម្ចាស់ក្រុមហ៊ុននេះត្រូវជា​​​កូន​ប្រសា​​របស់​លោក​ និង​ការ​បញ្ជា​ឲ្យ​តៃកុង​បើក​ឡាន​រត់​ក្រោយ​​បានបើក​​ឡានបុក​ពលរដ្ឋ​ស្លាប់​ជាដើម​​៖ « គាត់​ (​ ជាម យៀប ) កាន់តំណែង​ប្រធាន​គណៈកម្មការ​ហិរញ្ញ​វត្ថុ​នៅ​រដ្ឋ​សភា​ហ្នឹង​ យើង​ឃើញ​ល្បី​មួយ​សារ​ហើយ​ គឺ​ពុក​រលួយ​ ស៊ុមគ្រលុំ​គ្នា​ កេង​ប្រវ័ញ្ច​ថវិកា​​រដ្ឋសភា​ដើម្បី​ក្រុម​គ្រួសារ​គាត់​ ជា​ពិសេស​កូន​ប្រសា​គាត់​​ជា​អ្នក​សាងសង់​រដ្ឋ​សភា​ហ្នឹង​ហើយ។ រឿង​ពុក​រលួយ​នៅ​ក្នុង​រដ្ឋសភា​មាន​ច្រើន​ណាស់ ប៉ុន្តែ​គ្រាន់​តែ​ខ្ញុំ​រំលេច​ថា​ល្បី​មួយ​ទៀត​គឺ​រឿង​​គ្រាន់តែ​សង់​ដង​ទង់ជាតិ​មួយ​​ចំណាយ​អស់​រាប់​ម៉ឺន​ដុល្លារ​អ្វី​ហ្នឹង គឺ​សុទ្ធ​តែ​ក្រោម​ស្នាដៃ​លោក ជាម យៀប ហើយ​»។​​​​​​​​​​

កាល​ពី​ឆ្នាំ​២០១៥ លោក ជាម យៀប ​ជាប្រធាន​នៃ​គណៈកម្មការ​​សេដ្ឋកិច្ច ហិរញ្ញ​វត្ថុ ធនាគារ និង​សវន​កម្ម ត្រូវ​បាន​មន្ត្រី​​គណបក្ស​សង្គ្រោះ​ជាតិ​​​លោក សុន ឆ័យ​ អះអាង​ថា ​ លោក​​បានប្រព្រឹត្ត​​​​អំពើ​ពុក​រលួយ​​ និង​​ការ​ចំណាយ​មិន​ប្រក្រតី​ដែល​ទំនង​កិបកេង​លុយ​រដ្ឋសភា​ក្នុង​មួយ​ឆ្នាំ​ ប្រមាណ​ជាង​ដប់​លាន ​​(១១​លាន​)​​ ដុល្លារ​​។ អំពើ​​ពុក​រលួយ និង​ការ​ចំណាយ​​មិន​ប្រក្រតី​ទាំង​នោះ មាន​​ដូច​ជា​ គម្រោង​​ចំណាយ​មិន​ប្រក្រតី​​លើ​ការ​ទិញ និង​​​ដំឡើង​​ឧបករណ៍​​ការពារ​​រន្ទះ​​​តម្លៃ​ដល់​ទៅ​មួយ​​ម៉ឺន​ពីរ​ពាន់ ​(១២.០០០) ​ដុល្លារ​ក្នុង ​១​គ្រឿង ការ​សាង​សង់​ខ្លោង​ទ្វារ​រដ្ឋ​សភា​តម្លៃ​ជាង​ប្រាំ​ម៉ឺន ​(៥០.០០០) ​​ដុល្លារ ការ​កសាង​សញ្ញា​​បារមី​ ឬ​រូប​សញ្ញា​​​រដ្ឋសភា​ដាក់​មុខ​ខ្លោង​ទ្វារ​តម្លៃ​​ប្រាំ​មួយ​​ម៉ឺន ​​(៦០.០០០)​ ដុល្លារ ដង​ទង់ជាតិ​ ១​ដើម​តម្លៃ​​បី​ម៉ឺន​ប្រាំ​ពាន់​ (៣៥.០០០)​​ ដុល្លារ ម៉ាស៊ីន​​ថត​ចម្លង​តម្លៃ​បី​ម៉ឺន​ប្រាំ​ពាន់ ​(៣៥.​០០​០​) ​​ដុល្លារ​ក្នុង ​១​គ្រឿង ​និង​ការ​ទិញ​​រថយន្ត​​ ១៣​គ្រឿង​យក​មក​ចែក​ឲ្យ​ប្រធាន​ អនុ​ប្រធាន​ទី១ ​អនុ​ប្រធាន​ទី២ និង​ប្រធាន​គណៈកម្មការ​​ទាំង​១០ ​របស់​​​រដ្ឋសភា​ម្នាក់​​​មួយ​គ្រឿង​​​ ក្នុង​​តម្លៃ​សរុប​​ប្រមាណ​សែសិប​លាន (៤០លាន) ​ដុល្លារ។

កាល​នោះ​ លោក សុន ឆ័យ​ រក​ឃើញ​ទៀត​ថា លោក ជាម យៀប បាន​អនុញ្ញាត​ឲ្យ​រដ្ឋ​សភា​​ចាយ​លុយ​​​​ខ្ជះខ្ជាយ​​តាម​អំពើ​ចិត្ត ​​ដូចជា​ ​ចាយ​ទៅ​លើ​សេវា​នាំ​ភ្ញៀវ​មក​មើល​​រដ្ឋសភា និង​បេសកកម្ម​មន្ត្រី​រដ្ឋសភា​ចេញ​ទៅ​​ក្រៅ​ប្រទេសជាដើម។ លោក​បន្ថែមថា ការ​ចំណាយ​ទាំង​នោះ​មិន​​បាន​ផ្ដល់​ផល​ប្រយោជន៍​ដល់​​ពលរដ្ឋ​ទេ។ កន្លង​ទៅ ​​លោក ជាម យៀប​ ធ្លាប់​បដិសេធ​​ការ​ចោទ​ប្រកាន់​ទាំង​អស់ដោយ​លោក​អះអាង​ថា​ ការ​ចំណាយ​​ទាំង​អស់​នេះ​ សុទ្ធ​តែ​មាន​ឯកសារ និង​​ការ​​អនុម័ត​យល់​ព្រម​​ពី​​រដ្ឋសភា។

ក្រៅពីរឿងអាស្រូវ​​នេះ កាល​ពី​ឆ្នាំ​២០១៣ លោក ជាម យៀប ក៏​​ធ្លាប់​បញ្ជា​ឲ្យ​តៃកុង​ឡាន​របស់​​លោក​បើក​​ឡាន​រត់ និង​ដោះ​ផ្លាក​លេខ​ឡាន​​ចេញ​ ក្រោយ​ពេល​បើក​ឡាន​បុក​ពលរដ្ឋ​​​នៅ​ម្ដុំ​ស្រុក​កៀនស្វាយ ដោយ​ឡាន​របស់​លោក​បើក​បុក​​ប្ដី​ប្រពន្ធ​​ ២នាក់​កំពុង​ជិះ​ម៉ូតូ​ឌុប​គ្នា ហើយ​បណ្ដាល​ឲ្យ​​ស្ត្រី​ជា​ប្រពន្ធ​ស្លាប់​នៅ​នឹង​កន្លែង​កើត​ហេតុ។ ប៉ូលិស​ក៏​មិន​បាន​ចាប់​ខ្លួន​​លោក ជាម យៀប និង​តៃកុង​ឡាន មកផ្ដន្ទាទោសតាមច្បាប់​​​​ក្នុង​ហេតុការណ៍​នេះ​ដែរ​។ លោក​គ្រាន់តែ​បង់​​ថ្លៃ​ព្យាបាល ​​​សង​​ថ្លៃ​​ខូច​ម៉ូតូ និង​សន្យា​​ផ្គត់ផ្គង់​ថវិកា​ដល់​កូនៗ ​របស់​ជន​រងគ្រោះ​។​​​​​​​​​

ជុំវិញ​ការ​តែងតាំង​​​អនុ​ប្រធាន​ទី​១​រដ្ឋសភា​នេះ វិទ្យុ​អាស៊ី​សេរី​មិន​អាច​សុំ​ការ​បញ្ជាក់​បន្ថែម​​ពី​​សាមី​ខ្លួន​លោក ជាម យៀប​ បាន​ទេ​នៅ​ថ្ងៃ​ទី២៤ ខែវិច្ឆិកា។ ឯ​អ្នក​នាំ​ពាក្យ​គណ​បក្ស​ប្រជាជន​កម្ពុជាលោក សុខ ឥសាន បង្វែរ​ឲ្យ​សួរ​ទៅ​អ្នក​នាំ​ពាក្យ​រដ្ឋសភា​លោក ឡេង​ ប៉េងឡុង​។

​លោក ឡេង ប៉េងឡុង ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា ខាង​រដ្ឋសភា​បាន​ទទួល​យក​​សំណើ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​រួច​ហើយ ជុំវិញ​ករណី​ស្នើសុំ​តែងតាំង​លោក ជាម យៀប ជា​អនុ​ប្រធាន​ទី​១ ជំនួស​​សព​លោក ងួន ញ៉ិល។ លោក​​អះអាង​​ថា លោក ជាម យៀប មាន​​ស្នាដៃ​ច្រើន​អាច​ជួយ​ដល់​​កិច្ចការ​​រដ្ឋសភា​​​។ ទោះ​យ៉ាង​ណា លោក​ ឡេង ប៉េងឡុង មានប្រសាសន៍ថា រឿង​អាស្រូវ​របស់​លោក​ ជាម យៀប កន្លងទៅ​លោក​មិន​ដឹង​ទេ៖ «ឥឡូវ​ខ្ញុំ​អត់​មាន​ដឹង​អ្វី​បន្តិច​ទេ​រឿង​អស់​ហ្នឹង ​ (​ ពុក​រលួយ​) ។ បើ​រឿង​ស្នាដៃ​អ្វី​ទៀត លោក​ឃើញ​ហើយ​គឺ​ថា​ គាត់​បាន​ដឹកនាំ​គណៈកម្មការ​ទី​២​ ហ្នឹង​ ទាំង​ការ​ដឹកនាំ​ម្នាក់​ឯង គឺ​ថា​ជា​គណបក្ស​ប្រជាជន​ម្នាក់​ឯង​ ទាំង​ការ​ដឹកនាំ​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ជំនាន់​ហ្នុង​ក៏​មាន​ដែរ។ មាន​​គណ​បក្ស​ផ្សេង​ទៀត​នៅ​ ( ធ្វើការ )​ ជាមួយ​គាត់​ តែ​ជា​ប្រធាន​រង​។ អ៊ីចឹង​ជាមួយ លោក សុន ឆ័យ ជា​មួយ​​នឹង​​គណបក្ស​សង្គ្រោះ​ជាតិ​ដទៃ​ទៀត​ជា​ប្រធាន​រង​។ អ៊ីចឹង​​ការងារ​គាត់​ ( ជាម យៀប ) ​ យើង​ឃើញ​ហើយ​​តាម​រយៈ​ការ​ដឹកនាំ​​ប្រធាន​គណៈកម្មការ​ទី ២»។

​កើត​ឆ្នាំ​១៩៤៦ នៅ​ភូមិ​ព្រែក​ចាម​ ឃុំ​បន្លិច​ប្រាសាទ ស្រុក​​ពាម​រក៍ ខេត្ត​ព្រៃវែង​ លោក ជាម​ យៀប​ គឺ​ជា​តំណាង​រាស្ត្រ​មណ្ឌល​​ខេត្ត​ព្រៃវែង​របស់​គណបក្ស​ប្រជាជន​កម្ពុជា​តាំង​ពី​​ឆ្នាំ១៩៩៣ ដល់​បច្ចុប្បន្ន។ លោក​ ជាម យៀប បាន​បញ្ចប់​ការ​សិក្សា​​​នៅ​សាលា​បណ្ឌិត​សភា​យោធា​ពោធិចិនតុង​​ឆ្នាំ​១៩៧៣​ និង​​ផ្នែក​​ចិត្ត​វិទ្យា​គរុកោសល្យ​​នៅ​​ឆ្នាំ​១៩៨៩​។

ចំពោះភាសាបរទេសវិញ ក្រៅពី​ភាសា​បារាំង និង​ភាសា​អង់គ្លេស​ហើយ​នោះ​ លោក​ ជាម យៀប ក៏​ចេះ​ភាសា​វៀតណាម​ដែរ។

លោក​​ ជាម យៀប ក៏​​ជា​អតីត​​​គ្រូ​បង្រៀន​មុខ​វិជ្ជា​ភូមិ​វិទ្យា និង​ប្រវត្តិ​វិទ្យា​​​​នៅ​​​អនុ​វិទ្យា​ល័យ​​​មួយ​ក្នុង​ខេត្ត​ព្រៃវែង។​​ ​​នៅ​ឆ្នាំ​១៩៨០​​ រដ្ឋាភិបាល​​សម័យ​សាធារណ​​រដ្ឋ​ប្រជា​មានិត​កម្ពុជា បាន​តែងតាំង​លោក​​​ជា​​​អភិបាល​ខេត្ត​ព្រៃវែង​​ និង​​ក្រោយ​មក​ទៀត លោក​​ត្រូវ​​បាន​តែងតាំង​​ជា​​អនុ​រដ្ឋ​មន្ត្រី​ទីស្ដីការ​គណៈ​រដ្ឋ​មន្ត្រី​ អនុ​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ ដែល​​មាន​បុព្វសិទ្ធិ និង​ឋានៈ​ស្មើ​រដ្ឋមន្ត្រី។

នៅ​ក្នុង​ជួរ​បក្ស​វិញ លោក ជាម យៀប គឺ​ជា​ សមាជិក​គណៈ​អចិន្ត្រៃយ៍​​​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជា​ឋានៈ​ខ្ពស់​​បំផុត​របស់​ក្រុម​មេដឹកនាំ​បក្ស​កាន់​អំណាច។​ លោក ជាម យៀប មាន​កូន ​៥​នាក់។ ​ក្នុង​នោះ​មាន​ម្នាក់ ​គឺជា​អភិបាល​ខេត្ត​ត្បូងឃ្មុំ លោក ជាម ច័ន្ទ​សោភ័ណ្ឌ និង​មាន​កូន​ប្រសា​ម្នាក់​ គឺជា​រដ្ឋ​លេខាធិការ​ក្រសួង​យុត្តិធម៌លោក គឹម សន្តិភាព និង​កូន​ប្រសា​ម្នាក់​ទៀត ​ដែល​ជា​ប្រធាន​ក្រុមហ៊ុន លី ឈួន ​ដែល​តែងតែ​ទទួល​បាន​សិទ្ធិ​ម៉ៅការ​សំណង់​​ស្ទើរ​គ្រប់​អគារ​រដ្ឋ​រួម​ទាំង​អគារ​រដ្ឋសភា​​​ផង​។​​​

អ្នក​ឃ្លាំមើល​​​ដំណើរ​ការ​បោះឆ្នោត​ និង​កិច្ចការ​​របស់​អ្នក​តំណាង​រាស្ត្រ​វិញ មិន​ជំទាស់​នឹង​ការ​តែងតាំង​បេក្ខភាព​​​ណា​មួយ​​ជា​អនុ​ប្រធាន​ទី​១ ​រដ្ឋសភា​ទេ​។ តែ​យ៉ាង​ណា​​អ្នក​សម្រប​សម្រួល​ និង​អង្កេត​នៃ​អង្គការ​ខុមហ្វ្រ៊ែល​ (Comfrel) លោក កន សាវាង្ស ​ជឿ​ថា​​ ​​លោក​ ជាម យៀប នឹង​មិន​អាច​​ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​ឱ្យល្អប្រសើរអ្វី​ធំ​ដុំ​​ទេ បើ​ទោះ​ជា​ត្រូវ​ឡើង​ដំណែង​ជា​អនុ​ប្រធាន​ទី​១ ​រដ្ឋ​សភា​ក៏​ដោយ​។ លោក​យល់​​ថា ​​ការ​រើស​តំណាង​រាស្ត្រ​​​ឲ្យ​កាន់​​​តំណែង​ជា​ក្បាល​ម៉ាស៊ីន​​ក្នុង​នីតិ​បញ្ញត្តិ​​​ ​គឺ​ជា​រឿង​សំខាន់ ​គួរ​​ជា​​អ្នក​តំណាង​រាស្ត្រ​ដែល​មាន​ប្រវត្តិ​ការងារ​ល្អ មាន​ស្នាដៃ​​ទាក់ទាញ​បេះដូង​ប្រជាពលរដ្ឋ។ លោក​បន្តថា បើ​ពុំ​ដូច្នេះ​ទេ នឹង​អាច​ប៉ះពាល់​ដល់​ប្រជាប្រិយភាព​​គណបក្ស​នយោបាយ​នោះ​ជា​មិន​ខាន​៖ «វា​អាច​ធ្វើ​ឲ្យ​មាន​ការ​លើក​ឡើង​របស់​ប្រជាពលរដ្ឋ​ដែរ។ ឧទាហរណ៍​ថា​ មាន​តំណាង​រាស្ត្រ​ណា​មួយ​គាត់​រំលោភ​អំណាច​ គាត់​ទៅ​ជិះ​ ឬ​គាត់​ទៅ​យក​ដី​គេ​អ៊ីចឹង​ទៅ​ណា​ឧទាហរណ៍​ណា អ៊ីចឹង​អា​កេរ្តិ៍​ឈ្មោះ​ហ្នឹង​ហើយ ដែល​វា​សុះសាយ​ដល់​សាធារណជន​ ហើយ​បង្កើត​ឲ្យ​មាន​ការ​និយាយ​ដែល​ធ្វើ​ឲ្យ​កិត្តិយស​របស់​គាត់​ហ្នឹង​ ឬ​របស់​គណបក្ស​នយោបាយ​ដែល​ដាក់​បេក្ខជន​ហ្នឹង គាត់​អាច​ពិចារណា ហើយ​បើ​មិន​ពិចារណា​សម្រាប់​រៀបចំ​ទេ គាត់​អាច​ខាត​បង់​តែ​ប៉ុណ្ណឹង»។

​​បន្ថែម​ពីនេះ ​​ក្រុម​អ្នក​ឃ្លាំមើល​ចង់​ឲ្យ​រដ្ឋាភិបាល និង​​រដ្ឋសភា​រក​យន្តការ​​ជំរុញ​ឲ្យ​មាន​គណ​បក្ស​ប្រឆាំង ឬ​​មតិ​ចម្រុះ​​នៅ​ក្នុង​រដ្ឋសភា​ទើប​អាច​ជួយ​​ឃ្លាំមើល និង​ផ្ដល់​យោបល់​ពី​​​បញ្ហា​មិន​ប្រក្រតី​​ក្នុង​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល និង​រដ្ឋ​សភា​​៕​​​​​​​

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។