លោក ហេង សួរ មន្ត្រី​ចិត្ត​ឆៅ​ដ៏​មាន​ឥទ្ធិពល​ក្បែរ​លោក ហ៊ុន ម៉ាណែត

0:00 / 0:00

មនុស្ស​ជំនិត​ម្នាក់​របស់​លោក ហ៊ុន ម៉ាណែត កំពុង​លេច​មុខមាត់​ខ្លាំង​ទាំង​នៅ​ក្នុង​ជួរ​បក្ស និង​ក្នុង​រដ្ឋាភិបាល។ បុគ្គល​ម្នាក់​នេះ​ហ៊ាន​ធ្វើ​អ្វី​គ្រប់​បែបយ៉ាង ដើម្បី​សម្រេច​គោលដៅ​របស់​ខ្លួន មិន​ថា​តាម​មធ្យោបាយ​ត្រជាក់ ឬ​ក្ដៅ​នោះ​ទេ។ មនុស្ស​ម្នាក់​នេះ គឺ​លោក ហេង សួរ រដ្ឋលេខាធិការ​ក្រសួង​ការងារ។ ធាតុ​ពិត​របស់​លោក​ត្រូវ​បាន​លាត​ត្រដាង​តាម​រយៈ​សារ​សំឡេង​មួយ​រៀបរាប់​អំពី​គម្រោង​វាយ​ធ្វើ​បាប និង​បង្ក​គ្រោះ​ថ្នាក់​ចរាចរណ៍​លើ​ពលរដ្ឋ​ខ្មែរ​ដែល​គាំទ្រ​គណបក្ស​ប្រឆាំង។ តើ​លោក ហេង សួរ មាន​ប្រវត្តិ​យ៉ាង​ដូច​ម្ដេច?

លោក ហេង សួរ គឺ​ជា​មន្ត្រី​លេចធ្លោ​មួយ​រូប​ទាំង​ក្នុង​ជួរ​រដ្ឋាភិបាល និង​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក ហ៊ុន សែន។ ប៉ុន្តែ​លោក​រង​ការ​រិះគន់​ខ្លាំង​ពី​សហគមន៍​អ្នក​គោរព​សិទ្ធិ​មនុស្ស​ថា ជា​មនុស្ស​កោងកាច និង​បំពាន​ច្បាប់ ក្រោយ​ពី​មាន​សំឡេង​បែក​ធ្លាយ​ដែល​គេ​សន្មត​ថា ជា​សំឡេង​របស់​លោក​និយាយ​ពី​ការ​រៀប​គម្រោង​វាយ​ធ្វើ​បាប​ពលករ​ខ្មែរ​នៅ​ក្រៅ​ប្រទេស ដែល​ហ៊ាន​រិះគន់​រដ្ឋាភិបាល​លោក ហ៊ុន សែន។

ប្រវត្តិ​សង្ខេប

លោក ហេង សួរ កើត​នៅ​ឆ្នាំ១៩៧៤ ដែល​គិត​មក​ដល់​ពេល​នេះ លោក​មាន​អាយុ ៤៨ឆ្នាំ​ហើយ។ លោក​កើត​នៅ​រាជធានី​ភ្នំពេញ និង​មាន​បងប្អូន​បង្កើត ៥នាក់ ហើយ​លោក​ជា​កូន​ច្បង។ លោក​មាន​កូន​ចំនួន ៣នាក់ ស្រី​ម្នាក់ និង​ប្រុស ២នាក់។

កាល​នៅ​វ័យ​កុមារ លោក ហេង សួរ បាន​រៀន​នៅ​សាលា​បឋម​សិក្សា​ទួល​ថ្ម​ក្នុង​ខេត្ត​កំពង់ចាម ចន្លោះ​ពី​ឆ្នាំ១៩៨១ ដល់​ឆ្នាំ១៩៨៧ ហើយ​ក្រោយ​មក​លោក​បាន​ផ្លាស់​មក​រៀន​នៅ​ទីក្រុង​ភ្នំពេញ​វិញ។ លោក​បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​នៅ​សាកល​វិទ្យាល័យ​ជាតិ​គ្រប់គ្រង​ក្នុង​ឆ្នាំ១៩៩៨។ លោក ហេង សួរ បាន​បញ្ចប់​ថ្នាក់​អនុបណ្ឌិត​ពី​ប្រទេស​ជប៉ុន និង​ធ្លាប់​ជា​ប្រធាន​សមាគម​អតីត​និស្សិត​ខ្មែរ​ពី​ប្រទេស​ជប៉ុន​ពី​ឆ្នាំ២០០៨ ដល់​ឆ្នាំ២០១៤។

ឡើង​តំណែង​លឿន តែ​លម្អៀង​ទៅ​រក​នាយទុន

លោក ហេង សួរ បាន​ឡើង​រាសី​ជា​បន្ត​បន្ទាប់​ក្នុង​ក្រសួង​ការងារ។ ពី​ដំបូង លោក​ជា​អគ្គនាយក​រដ្ឋបាល និង​ហិរញ្ញវត្ថុ ក្រោយ​មក​ក្លាយ​ជា​អនុរដ្ឋលេខាធិការ និង​ចុង​ក្រោយ​នេះ គឺជា​រដ្ឋលេខាធិការ​ក្រសួង​ការងារ។ ក្រៅ​ពី​នេះ លោក​ជា​នាយក​ខុទ្ទកាល័យ​រដ្ឋមន្ត្រី និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ ព្រមទាំង​ជា​សមាជិក​ដ៏​មាន​ឥទ្ធិពល​នៃ​ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា។

លោក ហេង សួរ ជា​មន្ត្រី​សំខាន់​មួយ​រូប​ដែល​តែងតែ​តំណាង​ឱ្យ​រដ្ឋមន្ត្រី​ក្រសួង​ការងារ លោក អ៊ិត សំហេង ក្នុង​ដំណើរការ​ចរចា​ប្រាក់ឈ្នួល​គោល​សម្រាប់​វិស័យ​កាត់ដេរ​ជា​រៀងរាល់​ឆ្នាំ។ ក៏ប៉ុន្តែ​មន្ត្រី​ជាន់ខ្ពស់​ក្រសួង​ការងារ​រូប​នេះ ច្រើន​តែ​មាន​ជំហរ​ផ្អៀង​ទៅ​រក​ក្រុម​ថៅកែ។

ថ្នាក់ដឹកនាំ​សហជីព​ឯករាជ្យ ដែល​ធ្លាប់​ចូល​តុ​ចរចា​ជាមួយ​លោក ហេង សួរ រាល់​លើក​នោះ បាន​ពណ៌នា​ថា លោក​ជា​មនុស្ស​ពូកែ ឆ្លាត និង​មាន​សមត្ថភាព ប៉ុន្តែ​លោក​ហ៊ាន​ធ្វើ​អ្វី​គ្រប់​បែប​យ៉ាង​ដើម្បី​សម្រេច​គោលដៅ​របស់​ខ្លួន។

ប្រធាន​សហព័ន្ធ​សហជីព​កម្ពុជា (CATU) អ្នកស្រី យ៉ាង សុភ័ណ្ឌ កត់សម្គាល់​ថា លោក ហេង សួរ ជា​មនុស្ស​ដែល​មាន​អំណាច​ធំ​លំដាប់​ទី​ពីរ​ក្នុង​ក្រសួង​ការងារ បន្ទាប់​ពី​រដ្ឋ​មន្ត្រី លោក អ៊ិត សំហេង។ អ្នកស្រី​លើក​ឡើង​​ថា លោក ហេង សួរ ជា​មនុស្ស​មាន​ចំណេះដឹង​ជ្រៅជ្រះ ហើយ​ពូកែ​និយាយ​បញ្ចុះបញ្ចូល និង​បត់បែន។ ម្យ៉ាងវិញទៀត លោក​ជា​មនុស្ស​ធ្វើ​ការ​តាម​អារម្មណ៍ ដោយ​ពេលខ្លះ​ប្រើ​ភាសា​គ្រោតគ្រាត និង​បែប​សម្លុត​គំរាម​លើ​សហជីព​ឯករាជ្យ​ដែល​ធ្វើ​ការ​ដើម្បី​ប្រយោជន៍​កម្មករ​ទៀត​ផង។

អ្នកស្រី យ៉ាង សុភ័ណ្ឌ៖ « ទី​មួយ ខ្ញុំ​អត់​ទុក​ចិត្ត​គាត់​ទេ ព្រោះ​គាត់​បត់បែន​លឿន ហើយ​បន្ទាប់មក​ការងារ​អ្វី​ក៏​គាត់​ចេះ​ធ្វើ​ដែរ។ ជួនកាល គាត់​និយាយ​ជាមួយ​យើង ស្ដាប់​គាត់​ដំបូង​ដូច​យើង​ស្លុង​តែម្ដង ប៉ុន្តែ​នៅ​ពេល​វិភាគ​មើល​យូរៗ​ទៅ គាត់​បត់បែន​លឿន​ណាស់។ ខ្ញុំ​ចរចា​ជាមួយ​គាត់​ច្រើន​ឆ្នាំ ខ្ញុំ​អាច​សន្និដ្ឋាន​បាន​ថា មនុស្ស​គាត់​ធ្វើ​ការ​ឱ្យ​រដ្ឋាភិបាល​សុទ្ធ។ អ្វី​ដែល​រដ្ឋាភិបាល​ឱ្យ​គាត់​ធ្វើ គាត់​អាច​ធ្វើ​បាន​ទាំង​អស់។ គាត់​អត់​ខ្វល់​រឿង​ចំពោះ​មុខ​គាត់ រឿង​ប្រយោជន៍​របស់​កម្មករ រឿង​ប្រយោជន៍​រួម ប្រ យោជន៍​អ្វី​ហ្នឹង គាត់​អត់​ខ្វល់​ទេ »

ក្នុង​នាម​ជា​មន្ត្រី​ជាន់ខ្ពស់​ក្រសួង​ការងារ ជា​ញឹកញាប់ លោក ហេង សួរ មិន​ខ្លាច​ក្នុង​ការ​បង្ហាញ​ជំហរ​លម្អៀង​ទៅ​រក​ក្រុម​នាយទុន​ឡើយ ក្នុង​នោះ​មាន​ករណី​វិវាទ​នៅ​ក្រុមហ៊ុន​បនល្បែង​ណាហ្គាវើលដ៍ (Nagaworld) ជា​ឧទាហរណ៍​ស្រាប់។

ក្នុង​ពេល​កូដករ​ណាហ្គាវើលដ៍​ដែល​មួយ​ចំនួន​ជា​ស្ត្រី​មាន​ផ្ទៃពោះ នាំ​គ្នា​ចេញ​តវ៉ា​រក​ដំណោះស្រាយ​កាល​ពី​ខែ​ធ្នូ ឆ្នាំ២០២១ លោក ហេង សួរ បាន​បង្ហោះ​សារ​បែប​បញ្ឆិតបញ្ឆៀង​ថា នេះ​ជា​តាក់ទិច​របស់​អ្នក​រៀបចំ​បដិវត្តន៍​ពណ៌។ លោក​ចោទ​ថា អ្នក​រៀបចំ​តែងតែ​បន់ស្រន់​ឱ្យ​មាន​គ្រោះថ្នាក់​លើ​ស្ត្រី​ទាំងនោះ ដើម្បី​បញ្ឆេះ​កំហឹង​មហាជន ប៉ុន្តែ​តាក់ទិច​នេះ​តែងតែ​ត្រូវ​បាន​អាជ្ញាធរ​ចាត់ការ​លើ​មេ​ក្លោង និង​ជន​ដៃដល់ ដែល​អនុវត្ត​ផែនការ​នេះ​បាន​ទាន់​ពេល​វេលា។

ថ្វីបើ​លោក ហេង សួរ មិន​និយាយ​ចំ​ឈ្មោះ​លើ​ក្រុម​កូដករ​ណាហ្គាវើលដ៍​ក៏​ដោយ តែ​សារ​នេះ លោក​បង្ហោះ​ក្រោយ​ពេល​កូដករ​ណាហ្គាវើលដ៍​ជាង ១ ពាន់​នាក់ នាំគ្នា​ចេញ​តវ៉ា​ដោយ​សន្តិវិធី​នៅ​មុខ​ក្រុមហ៊ុន។ ជា​លទ្ធផល អាជ្ញាធរ និង​ក្រុម​សន្តិសុខ​បាន​ប្រើ​អំពើ​ហិង្សា ចាប់​ទាញ និង​ចាប់​បង្ខំ​ឱ្យ​កូដករ​ឡើង​លើ​រថយន្ត​ក្រុង​ដឹក​ចេញ​ពី​មុខ​ក្រុមហ៊ុន​ជា​ហូរហែ រហូតដល់​កូដករ​ម្នាក់​រលូត​កូន​ក្នុង​ផ្ទៃ។ ជាមួយគ្នា​នេះ តុលាការ​បាន​ចោទ​ប្រកាន់​កូដករ​ជាច្រើន​នាក់ ក្រោម​បទ​ចោទ​មិន​សម​ហេតុ​ផល ហើយ​មេ​សហជីព​កញ្ញា ឈឹម ស៊ីថរ ត្រូវ​បាន​អាជ្ញាធរ​ចាប់​ដាក់​ពន្ធនាគារ​ជា​លើក​ទីពីរ។ ងាក​ទៅ​ដំណោះស្រាយ​វិញ ក្រុម​កូដករ​ឱ្យ​ដឹង​ថា ក្រសួង​ការងារ​ដែល​មាន​តួនាទី​ជា​អាជ្ញាកណ្ដាល​នោះ បែរ​ជា​ឈរ​នៅ​ខាង​ក្រុមហ៊ុន ហើយ​បង្ខំ​ឱ្យ​ពួកគេ​ទទួល​យក​សំណង​ដែល​មិន​ស្រប​តាម​ច្បាប់​ការងារ។

អនុប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គាវើលដ៍ កញ្ញា ឈឹម សុខន ជឿជាក់​ថា សារ​របស់​លោក ហេង សួរ​ ប្រៀប​បាន​នឹង​ការ​ឱ្យ​ដៃ​ទៅ​ក្រុម​អាជ្ញាធរ ដើម្បី​បង្ក្រាប​លើ​ក្រុម​កូដករ ហើយ​បង្ហាញ​ថា ក្រសួង​ការងារ​លម្អៀង​ទៅ​រក​ក្រុមហ៊ុន​បាត់​ទៅ​ហើយ។

« អត្តចរិត​របស់​គាត់​មិនមែន​ជា​អ្នក​សម្របសម្រួល​ទេ គឺ​គ្រាន់តែ​គាត់​គំរាមកំហែង​ទេ។ និយាយ​ជាក់ស្ដែង ដូច​គាត់​លើក​យក​ស្ត្រី​មាន​ផ្ទៃពោះ ស្ត្រី​មាន​ផ្ទៃពោះ​ក៏​ជា​បុគ្គលិក​ដែរ។ គាត់​ក៏​ត្រូវការ​ទាមទារ​សិទ្ធិ គាត់​ក៏​ត្រូវការ​ទាមទារ​ភាព​យុត្តិធម៌​ដែរ ពីព្រោះ​គាត់​ធ្វើការ​នៅ​កន្លែង​ហ្នឹង។ អ៊ីចឹង​មិនមែន​ថា យក​ហេតុផល​ហ្នឹង​មក​ចោទ​ថា ពួក​ខ្ញុំ​ធ្វើ​បដិវត្តន៍​ពណ៌។ បើ​និយាយ​ពី​រឿង​នីតិវិធី​កូដកម្ម​វិញ ធ្វើ​ឡើង ៨ខែ ទម្រាំ​ឈាន​ដល់​កូដកម្ម រឿង​អ្វី​បាន​ទៅ​ជា​កូដកម្ម​ហ្នឹង​កូដកម្ម​ខុសច្បាប់

ចរិត​កោងកាច​ត្រូវ​បាន​ទម្លាយ

កេរ្តិ៍ឈ្មោះ​របស់​លោក ហេង សួរ បាន​ល្បី​រន្ទឺ​ពេញ​ស្រុក​ខ្មែរ និង​ហៀរ​ទៅ​ដល់​សហគមន៍​ខ្មែរ​នៅ​ក្រៅ​ប្រទេស​ថែមទៀត នៅ​ពេល​សារ​សំឡេង​រយៈពេល​ជាង​មួយ​នាទី​ត្រូវ​បាន​គេ​ចែកចាយ​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម កាល​ពី​ខែ​តុលា ឆ្នាំ​២០១៨។ សារ​សំឡេង​ដែល​គេ​ជឿ​ថា ជា​របស់​លោក ហេង សួរ នោះ និយាយ​អំពី​គម្រោង​ជួល​ក្រុម​ជើងកាង ដើម្បី​វាយ​ធ្វើ​បាប​ក្រុម​ពលករ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​ដែល​គាំទ្រ​គណបក្ស​ប្រឆាំង។

សារ​សំឡេង​ដែល​គេ​ជឿ​ថា ជា​របស់​លោក ហេង សួរ៖« ពិនិត្យ​មើល យើង​នៅ​ហ្នុង​ [ ជប៉ុន ] មិន​ដឹង​ជា​មាន​ស្គាល់​បណ្ដាញ​ខាង​ណា។ ត្រូវ​ចាប់​ផ្ដើម​ធ្វើ​ដូច​នៅ​កូរ៉េ​អ៊ីចឹង រក​ពួក​ជើងកាង​មួយ​ចំនួន មើល​មុខ​សញ្ញា​ណា​ដែល​ចាំបាច់ យក​ជើងកាង​ទៅ​វ៉ៃ​វា​ទៅ ហើយ​ជើងកាង​ហ្នឹង​ត្រឡប់​មក​វិញ យើង​ចិញ្ចឹម។ ធ្វើ​យ៉ាងម៉េច​ឱ្យ​អា​មួយ​ហ្នឹង វា​ប្រកាច់ប្រកិន​នៅ​ទីនោះ​ចុះ។ ហើយ​បើ​អា​ជើងកាង​ហ្នឹង គេ​មិន​ដែល​ចាប់​ដាក់​គុក​នៅ​ស្រុក​គេ​ទេ អា​ហ្នឹង​គេ​ចាប់​បន្តិច គេ​ប្រលែង​មក​ហើយ​ឱ្យ​ជាប់​គុក​ស្រុក​យើង។ ចាំ​មក​ដល់​ស្រុក​យើង ចាំ​យើង​ចិញ្ចឹម។ រឿង​នេះ​មិន​អាច​លេង​សើច​បាន​ទេ។ ច្រើន​ដង​ហើយ លើក​មុន​យើង​មិន​នេះ​ទេ តែ​លើក​នេះ​ទៅ គឺ​នៅ​ចំពោះ​មុខ ហើយ​វា​ហ៊ាន​ជាន់​បែប​នេះ គឺ​យើង​មិន​អាច​លើកលែង​ឱ្យ​វា​បាន​ទេ។ ហើយ​បង​ស្រេង ថ្ងៃ​មុន​ថា ឱ្យ​មុខ​សញ្ញា​អ្នក​ដែល​ជា​សកម្មជន​ពួកវា​មក​ហ្នឹង តែ​ឥលូវ​នេះ គឺ​យើង​ត្រូវ​ធ្វើ​ការងារ​ហ្នឹង​បន្តិច។ អា​នេះ​មក ឱ្យ​វា​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ស្រុក​ខ្មែរ​ចុះ »

កាលនោះ លោក ហេង សួរ បាន​បដិសេធ​សារ​សំឡេង​នេះ​តាម​រយៈ​ប្រព័ន្ធ​ឃោសនា​របស់​រដ្ឋាភិបាល ហើយ​លោក​ចោទ​ថា ក្រុម​គណបក្ស​ប្រឆាំង​ជា​អ្នក​ប្រឌិត​រឿង​នេះ ដើម្បី​វាយប្រហារ​​លើ​រូប​លោក។ ប៉ុន្តែ​ទោះ​ជា​លោក​ប្រឹង​ប្រកែក​យ៉ាងណា​ក្ដី ក៏​ប្រភព​មួយ​ចំនួន​បញ្ជាក់​ថា សារ​សំឡេង​នេះ​ពិត​ជា​របស់​លោក​មែន។

ប្រធាន​ចលនា​សង្គ្រោះ​ជាតិ​នៅ​ជប៉ុន លោក ហៃ វណ្ណា ជឿជាក់​ថា សារ​សំឡេង​នេះ​ជា​របស់​លោក ហេង សួរ ដោយ​មិន​មាន​ការ​កាត់​ត​អ្វី​នោះ​ទេ ព្រោះ​លោក​ទទួល​បាន​សារ​នេះ​ពី​ប្រភព​នៅ​ក្នុង​ក្រុម​តេឡេក្រាម​រវាង​មន្ត្រី​ក្រសួង​ការងារ និង​ភ្នាក់ងារ​បញ្ជូន​ពលករ​ទៅ​ប្រទេស​ជប៉ុន។ លោក​ថា សារ​នេះ​បង្ហាញ​ថា លោក ហេង សួរ ជា​មនុស្ស​កោងកាច និង​អមនុស្ស​ធម៌។

លោក ហៃ វណ្ណា៖« ខ្ញុំ​មិន​នឹក​ស្មាន​ថា គាត់​មាន​ចរិត​អ៊ីចឹង​សោះ តាំង​ពី​ធ្លាយ​សារ​ហ្នឹង​មក គឺ​ឃោរឃៅ​មែនទែន។ មនុស្ស​រូបរាង​អ៊ីចឹង​សោះ មិន​គួរ​ណា​គាត់​យង់ឃ្នង​បែប​ហ្នឹង។ ខ្ញុំ​មាន​ការ​ភ្ញាក់ផ្អើល ហើយ​មាន​ការ​សោកស្ដាយ »

លោក ហៃ វណ្ណា ឱ្យ​ដឹង​ទៀត​ថា ការងារ​ស្នូល​សំខាន់​មួយ​ទៀត​របស់​លោក ហេង សួរ គឺ​ការ​គ្រប់គ្រង​ភ្នាក់ងារ ឬ​ពួក​មេខ្យល់​បញ្ជូន​ពលករ​ទៅ​ក្រៅ​ប្រទេស។ លោក​ចោទ​ថា តាមរយៈ​ការងារ​នេះ លោក ហេង សួរ ទទួល​បាន​ផល​ប្រយោជន៍​ជា​លុយ​កាក់​ពី​ភ្នាក់ងារ​បញ្ជូន​ពលករ ហើយ​អាច​ប្រើប្រាស់​ពួកគេ​ដើម្បី​គាបសង្កត់ ឬ​ធ្វើ​ទុក្ខ​បុក​ម្នេញ​លើ​ពលករ​ណា​ដែល​គាំទ្រ​គណបក្ស​ប្រឆាំង​នៅ​ក្រៅ​ប្រទេស​ទៀត​ផង​។

លោក ហៃ វណ្ណា៖« ក្រុមហ៊ុន​ដែល​អាច​បញ្ជូន​ [ ពលករ ]​ មក​បាន ទាល់តែ​មាន​លុយ ១០ ម៉ឺន​ដុល្លារ។ សួរ​ថា ពួកគាត់​អស់​ហ្នឹង​មាន​លុយ ១០ ម៉ឺន​ដុល្លារ​ហ្នឹង​មក​ពី​ណា​ទៅ​តម្កល់​នៅ​ធនាគារ ឬ​រតនាគារ។ អ៊ីចឹង​វា​អាច​កើតឡើង​រឿង​អំពើ​ពុករលួយ​មួយ​បាន​បាត់​ហើយ ត្រង់​ថា ហេង សួរ ទារ ១ ម៉ឺន [ ដុល្លារ ] ឬក៏ ២ ម៉ឺន [ ដុល្លារ ] អា​ហ្នឹង​ស្រេច​តែ​គាត់​ទារ ខ្ញុំ​អត់​អាច​ដឹង​បាន​ទេ។ ទីពីរ គាត់​ស៊ី​ពី​លើ​ពលករ។ មិន​ដឹង​ជា​ក្នុង​ម្នាក់​គាត់​ស៊ី​ប៉ុន្មាន​នោះ​ទេ។ បើ​យើង​ថា ក្នុង​ម្នាក់ គាត់​ស៊ី​មួយ​ខែ​តែ ១រយ [ ដុល្លារ ] មិន​ដឹង​ថា គាត់​មាន​ស្អី​ខ្លះ​នៅ​ស្រុក​ខ្មែរ​រាល់​ថ្ងៃ​ហ្នឹង។ អ៊ីចឹង រឿង​ហ្នឹង​វា​ជា​រឿង​មួយ​ដែល​យើង​អាច​ស៊ើបអង្កេត នៅ​ពេល​របប​ហ្នឹង​ផុត​រលត់​ទៅ »

កន្លងទៅ មិន​ធ្លាប់​មាន​ព័ត៌មាន​បែក​ធ្លាយ​ពី​ទ្រព្យ​សម្បត្តិ​របស់​លោក ហេង សួរ នោះ​ទេ ហើយ​លោក​ក៏​មិន​បាន​សម្ញែង​ទ្រព្យ​សម្បត្តិ​ហ៊ឺហា ដូច​មន្ត្រី​មួយ​ចំនួន​ទៀត​នោះ​ដែរ។ ប៉ុន្តែ​ភរិយា​របស់​លោក ឈ្មោះ សោម រស្មី គឺ​ជា​ម្ចាស់​សណ្ឋាគារ​ធំ​មួយ​នៅ​ក្បែរ​ឆ្នេរ​អូរត្រេះ ខេត្ត​ព្រះសីហនុ ដែល​អាច​មាន​តម្លៃ​ដល់​រាប់​លាន​ដុល្លារ។ បើ​តាម​ការ​បង្ហោះ​លើ​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន ភរិយា​របស់​លោក ហេង សួរ ក៏​ជា​អ្នក​ជំនួញ​អចលនទ្រព្យ​ម្នាក់​ដែរ ដែល​គាត់​បាន​បង្ហោះ​សារ​លក់​ដី និង​ផ្ទះ​នៅ​​លើ​ហ្វេសប៊ុក​ជា​បន្ត​បន្ទាប់។

វិទ្យុ​អាស៊ី​សេរី​បាន​ព្យាយាម​ទាក់ទង​លោក ហេង សួរ ជា​ច្រើន​ដង ដើម្បី​សុំ​ការ​បកស្រាយ​រឿង​នេះ តែ​មិន​ទទួល​បាន​ការ​ឆ្លើយ​តប​នោះ​ទេ រហូត​មក​ដល់​ម៉ោង​ផ្សាយ​នេះ។

ជុំវិញ​ការ​លើកឡើង​ទាំងឡាយ​ពាក់ព័ន្ធ​នឹង​លោក ហេង សួរ នេះ តំណាង​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ចាត់​ទុក​ថា ទាំងនេះ​ជា​រឿង​ដែល​មិន​អាច​យក​ជា​ការ​បាន។

លោក សុខ ឥសាន៖« គាត់​មនុស្ស​ល្អ។ គាត់​ធ្វើ​ការ​ត្រឹមត្រូវ​តាម​តួនាទី​ភារកិច្ច​ដែល​រាជ​រដ្ឋាភិបាល​ប្រគល់​ឱ្យ​គាត់ ហើយ​ដែល​គណបក្ស​ប្រគល់​ជូន​គាត់។ បើ​ឯកឧត្តម ហេង សួរ ទៅ​ធ្វើ​សកម្មភាព​ដោយ​មាន​ការ​គំរាមកំហែង​ដល់​ពលករ​ខាង​ក្រៅ អាជ្ញាធរ [ ប្រទេស ] គេ​នឹង​ចាត់ការ​ហើយ។ យើង​មាន​សិទ្ធិ​អ្វី​ទៅ​គ្របដណ្ដប់​ទៅលើ​ឯករាជ្យ និង​អធិបតេយ្យភាព​របស់​ប្រទេស​ដទៃ អត់​មាន​ទេ »

ឥទ្ធិពល​ក្នុង​បក្ស និង​តួនាទី​នៅ​ថ្ងៃ​មុខ

ទាក់ទង​នឹង​តួនាទី​របស់​លោក ហេង សួរ នៅ​ក្នុង​ជួរ​បក្ស​វិញ លោក​គឺជា​សមាជិក​គណៈកម្មាធិការ​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​មនុស្ស​ជំនិត​របស់​លោក ហ៊ុន ម៉ាណែត។ លោក​ជា​ប្រធាន​ក្រុម​ការងារ​រៀបចំ​អង្គការ​ចាត់តាំង​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ទ្វីប​អាស៊ី​ខាងកើត និង​អាគ្នេយ៍។ ក្នុង​តួនាទី​នេះ លោក​ជំនួស​មុខ​ឱ្យ​លោក ហ៊ុន ម៉ាណែត ក្នុង​ការ​កៀរគរ​បង្កើន​ការ​គាំទ្រ​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ក្នុង​មជ្ឈដ្ឋាន​សហគមន៍​ខ្មែរ​ដែល​រស់នៅ និង​ធ្វើ​ក្នុង​ប្រទេស​កូរ៉េ ជប៉ុន ម៉ាឡេស៊ី និង​ថៃ។

លោក ហេង សួរ បាន​ឡើង​ចុះ​ប្រទេស​ទាំង​នេះ​ជា​ញឹកញាប់ ដើម្បី​ពង្រឹង​សកម្មភាព​បក្ស ក៏ប៉ុន្តែ​លោក សុខ ឥសាន បាន​ថ្លែង​ការពារ​ថា បេសកកម្ម​នេះ​មិន​បាន​ប្រើប្រាស់​ថវិកា​ជាតិ​នោះ​ទេ។

លោក ហេង សួរ ជា​មនុស្ស​ប្ដូរផ្ដាច់​នឹង​គណបក្ស​ប្រជាជន​កម្ពុជា ជាពិសេស​ជាមួយ​លោក ហ៊ុន ម៉ាណែត។ នៅ​ពេល​ដែល​លោក ហ៊ុន សែន ប្រកាស​រៀបចំ​បោះឆ្នោត​ផ្ទៃ​ក្នុង​បក្ស​ដើម្បី​ជ្រើសរើស​លោក ហ៊ុន ម៉ាណែត ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​បន្ត​វេន​នោះ លោក ហេង សួរ មិន​បាន​រួញរា​ក្នុង​ការ​បង្ហាញ​ជំហរ​គាំទ្រ​លោក ហ៊ុន ម៉ាណែត ជា​សាធារណៈ​ឡើយ។ លោក​បាន​ចេញ​ញត្តិ​គាំទ្រ​ភ្លាមៗ និង​បាន​ចេញ​សារ​លិខិត​អបអរ​ជា​បន្តបន្ទាប់ ក្រោយ​ពេល​លោក ហ៊ុន ម៉ាណែត ត្រូវ​បាន​ជ្រើសរើស​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​ជា​ផ្លូវ​ការ។

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន មិន​ទាន់​អាច​បញ្ជាក់​បាន​ថា តើ​លោក ហេង សួរ នឹង​ទទួល​បាន​តួនាទី​ជា​អ្វី​នោះ​ទេ ប្រសិន​បើ​លោក ហ៊ុន ម៉ាណែត ក្លាយ​ជា​នាយក​រដ្ឋមន្ត្រី​នៅ​ថ្ងៃ​អនាគត។ ប៉ុន្តែ​បើ​តាម​ឥទ្ធិពល​របស់​លោក​នៅ​ក្នុង​ក្រសួង និង​ក្នុង​ជួរ​បក្ស លោក ហេង សួរ ទំនងជា​នឹង​ក្លាយ​ជា​រដ្ឋមន្ត្រី​ក្រសួង​ការងារ​នៅ​ពេល​ខាង​មុខ។ ឬ​មួយ​លោក​អាច​នឹង​ឡើង​ធំ​ជាង​នេះ​ទៅ​ទៀត​ក៏​ថា​បាន អាស្រ័យ​លើ​គុណ​សម្បត្តិ និង​ភាព​ប្ដូរ​ផ្ដាច់​ជាមួយ​មេកោយ​របស់​លោក គឺ​លោក ហ៊ុន ម៉ាណែត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។