តើអ្នកស្រី បាន ស្រីមុំ ជាអ្នកណា?
2022.10.25
អភិបាលខេត្តប៉ៃលិន អ្នកស្រី បាន ស្រីមុំ គឺជាស្ត្រីម្នាក់ក្នុងចំណោម ២ នាក់ដែលកំពុងកាន់តំណែងជាអភិបាលខេត្ត។ គិតត្រឹមខែតុលា ឆ្នាំ២០២២ អ្នកស្រីបានកាន់តំណែងនេះអស់រយៈពេលជិត ២ ឆ្នាំមកហើយ។ តើអភិបាលខេត្តជាស្ត្រីរូបនេះមានប្រវត្តិ និងស្នាដៃអ្វីខ្លះក្នុងការដឹកនាំខេត្តប៉ៃលិន?
អ្នកស្រី បាន ស្រីមុំ ត្រូវបានរដ្ឋាភិបាលលោក ហ៊ុន សែន ផ្ដល់ទំនុកចិត្តឱ្យធ្វើជាអភិបាលខេត្តប៉ៃលិន កាលពីចុងឆ្នាំ២០២០។ អ្នកស្រីបានថ្លែងក្នុងពិធីចូលកាន់តំណែងថា អ្នកស្រីនឹងប្រឹងប្រែងស្ដារស្ថានភាពខេត្តប៉ៃលិនឱ្យបានល្អប្រសើរក្រោយវិបត្តិជំងឺកូវីដ-១៩ ដោយឈរលើស្មារតីនៃកិច្ចសហការ និងសាមគ្គីភាព។
អ្នកស្រី បាន ស្រីមុំ៖ «ខ្ញុំសូមប្ដេជ្ញាចិត្តថា នឹងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព និងត្រៀមទទួលយកការចូលរួម និងយោបល់ ការអំពាវនាវ ហើយការសហការរៀនសូត្រពីគ្នាទៅវិញទៅមក ដើម្បីពង្រឹងបន្ថែមនូវការជឿទុកចិត្តរបស់ថ្នាក់ដឹកនាំ និងក្ដីសង្ឃឹមរបស់ប្រជាជននៅក្នុងខេត្តប៉ៃលិន»។
ប្រវត្តិសង្ខេប
អ្នកស្រី បាន ស្រីមុំ កើតនៅឆ្នាំ ១៩៧៥ ដែលគិតមកទល់ពេលនេះ អ្នកស្រីមានអាយុ ៤៧ ឆ្នាំហើយ។ អ្នកស្រីជាភរិយារបស់លោក អ៊ី ឈាន អតីតអភិបាលខេត្តប៉ៃលិន និងបច្ចុប្បន្នជារដ្ឋលេខាធិការក្រសួងការពារជាតិ។ អ្នកស្រីធ្លាប់ធ្វើជាតំណាងរាស្ត្រមណ្ឌលប៉ៃលិន ចាប់ពីឆ្នាំ ២០១៣ រហូតដល់ឆ្នាំ ២០២០។ ចំពោះការសិក្សាវិញ គេមិនដឹងថា អ្នកស្រីបានសិក្សាជំនាញអ្វី និងនៅសាលាណាខ្លះនោះទេក្នុងកម្រិតបរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ប៉ុន្តែអ្នកស្រីទទួលបានសញ្ញាប័ត្របណ្ឌិតពីសាកលវិទ្យាល័យចំរើនពហុបច្ចេកវិទ្យា ដែលជាសាលាល្បីខាងចេញសញ្ញាប័ត្របណ្ឌិតឱ្យក្រុមមន្ត្រីរដ្ឋាភិបាល លោក ហ៊ុន សែន។
អាជីវកម្មខារ៉ាអូខេធំជាងគេនៅប៉ៃលិន
គេមិនដឹងថា តើអ្នកស្រី បាន ស្រីមុំ មានប្រវត្តិពីមុនយ៉ាងណាខ្លះនោះទេ ប៉ុន្តែអ្នកស្រីបានលេចមុខមាត់នៅខេត្តប៉ៃលិននៅឆ្នាំ២០០៣ ក្រោយការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី ២។ ពេលទៅដល់ប៉ៃលិនដំបូង អ្នកស្រីបានបើកហាងខារ៉ាអូខេយីហោ ៥៥៥ ដែលជាហាងខារ៉ាអូខេធំជាងគេនៅតំបន់នោះ។ ភ្ញៀវដែលចូលហាងខារ៉ាអូខេរបស់អ្នកស្រី សុទ្ធតែជាមន្ត្រីលំដាប់ខ្ពស់នៅក្នុងខេត្តប៉ៃលិន ជាពិសេសគឺអភិបាលខេត្ត លោក អ៊ី ឈាន ផ្ទាល់តែម្ដង។ លោក អ៊ី ឈាន កាលនោះ មិនទាន់ជាស្វាមីរបស់អ្នកស្រី បាន ស្រីមុំ នៅឡើយទេ។ ប្រភពមួយចំនួនឱ្យដឹងថា អតីតមេយោធាខ្មែរក្រហមរូបនេះមានមុខនៅហាងខារ៉ាអូខេរបស់អ្នកស្រី បាន ស្រីមុំ ជាប់ជាប្រចាំ រហូតដល់មានទំនាក់ទំនងស្នេហាជាមួយគ្នា។ ក្រោយមក លោក អ៊ី ឈាន បានលែងលះប្រពន្ធដើមរបស់លោក ដើម្បីមករៀបការ និងរួមរស់ជាមួយអ្នកស្រី បាន ស្រីមុំ វិញ ហើយហាងខារ៉ាអូខេ ៥៥៥ នោះ ក៏ត្រូវបានបិទ។
ជំហានឆ្ពោះទៅរកអំណាចផ្ទាល់ខ្លួន
ក្រោយពីក្លាយជាស្ត្រីទីមួយនៅខេត្តប៉ៃលិនហើយ អ្នកស្រី បាន ស្រីមុំ ចាប់ផ្ដើមពង្រីកអំណាចរបស់ខ្លួនជាជំហានៗ។ អ្នកស្រីបានច្បាមយកតួនាទីជាប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិនពីលោក អៀង វុធ កូនប្រុសលោក អៀង សារី។ គឺតួនាទីជាប្រធានសាខាកាកបាទក្រហមខេត្តប៉ៃលិននេះហើយ ដែលជាឈ្នាន់សម្រាប់អ្នកស្រីជាន់ឡើងទៅជិតជំទាវធំទីមួយ គឺអ្នកស្រី ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា។ ទំនាក់ទំនងជាមួយភរិយាលោក ហ៊ុន សែន នេះ បានជួយឱ្យអ្នកស្រី បាន ស្រីមុំ ក្លាយជាតំណាងរាស្ត្រខេត្តប៉ៃលិនចាប់តាំងពីឆ្នាំ ២០១៣ រហូតដល់ចុងឆ្នាំ ២០២០។
ក្នុងរដ្ឋសភា អ្នកស្រីមិនមែនជាតំណាងរាស្ត្រធម្មតាទេ ប៉ុន្តែជាអនុប្រធានគណៈកម្មការជំនាញរបស់រដ្ឋសភា។ ពីដំបូង អ្នកស្រីជាអនុប្រធានគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្ដឹង អង្កេត និងទំនាក់ទំនង រដ្ឋសភា ព្រឹទ្ធសភា ហើយក្រោយមកជាអនុប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ ដែលមានលោក ហ៊ុន ម៉ានី កូនប្រុសពៅរបស់លោក ហ៊ុន សែន ជាប្រធាន។ ជាមួយគ្នានេះ អ្នកស្រីក៏បានក្លាយជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជារបស់លោក ហ៊ុន ម៉ានី ប្រចាំនៅខេត្តប៉ៃលិនផងដែរ។
តាមរយៈតួនាទីជាតំណាងរាស្ត្រ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាដ៏មានឥទ្ធិពលនេះ អ្នកស្រី បាន ស្រីមុំ ចាប់ផ្ដើមបន្សាបឥទ្ធិពលមន្ត្រីគ្រាក់ៗ និងសែស្រឡាយផ្សេងពីអ្នកស្រីក្នុងខេត្តប៉ៃលិន។ អ្នកស្រីបានលាលែងពីសមាជិកសភាឯកបក្ស ដើម្បីមកធ្វើជាអភិបាលខេត្តប៉ៃលិននៅចុងឆ្នាំ២០២០។
ខេត្តប៉ៃលិនដែលមានផ្ទៃដីប្រមាណ ១ពាន់គីឡូម៉ែត្រការ៉េ (១.០៦២) និងពលរដ្ឋជាង ៧ម៉ឺននាក់ (៧០.៨៤២) នោះ ក៏មានបញ្ហារ៉ាំរ៉ៃដូចទៅនឹងខេត្តមួយចំនួនទៀតដែរ គឺទំនាស់ដីធ្លី។ ទំនាស់ដីធ្លីនៅប៉ៃលិន ភាគច្រើនគឺជាប់ពាក់ព័ន្ធទៅនឹងអ្នកស្រី បាន ស្រីមុំ និងសាច់ញាតិរបស់អ្នកស្រីផ្ទាល់តែម្ដង។
អង្គការមូលនិធិទិន្នន័យដីធ្លី (Land Portal Foundation) ដែលមានមូលដ្ឋាននៅប្រទេសហុល្លង់ (Netherlands) បានរកឃើញថា អ្នកស្រី បាន ស្រីមុំ និងស្វាមី គឺជាអ្នកបញ្ជាឱ្យគេឈូសឆាយ និងច្បាមយកដីធ្លីជិត ៧រយហិកតារ (៦៨៤) ពីប្រជាពលរដ្ឋ ១៤៧ គ្រួសារនៅក្នុងខេត្តប៉ៃលិន កាលពីឆ្នាំ ២០០៦។ ក្រៅពីបាត់បង់ដីហើយ ពលរដ្ឋ ៤នាក់ត្រូវបានគេចាប់ដាក់ពន្ធនាគារថែមទៀត ដោយសារតែពួកគាត់បានវិលទៅកាន់ដីដែលគេច្បាមយកនោះ។ ពួកគាត់ត្រូវបានគេដោះលែងឱ្យនៅក្រៅឃុំ ជាថ្នូរនឹងការចុះកិច្ចសន្យាបញ្ឈប់ការទាមទារយកដីនោះវិញ។
ពលរដ្ឋមួយរូបនៅខេត្តប៉ៃលិនឱ្យដឹងថា លោកស្រីបានបាត់បង់ដីធ្លីចំនួន ៨ហិកតារ ដែលលោកស្រី និងស្វាមីពិការ បានខិតខំកាប់ឆ្ការបង្កបង្កើនផល ក្រោយធ្វើសមាហរណកម្មឆ្នាំ ១៩៩៦។ លោកស្រីបញ្ជាក់ថា អ្នកច្បាមយកដីនោះ គឺជាសែស្រឡាយរបស់អ្នកស្រី បាន ស្រីមុំ។
សំឡេង៖ «អ្នកដែលយកដីធ្លីរបស់ខ្ញុំហ្នឹង គឺសែហោរបស់គាត់ ហើយតាំងពីគាត់ឡើងគ្រប់គ្រងហ្នឹងមក ទីមួយវាមានការបង្កើតបនល្បែងហ្នឹង ក៏វាច្រើន។ ទីពីរទៀត វាមានរឿងអយុត្តិធម៌ខ្លះដែរ ពាក់ព័ន្ធរឿងចាប់ រឿងចង រឿងធ្វើបាបអ៊ីចឹងទៅ»។
ដូចគ្នានេះដែរ ប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិប្រចាំខេត្តប៉ៃលិន អ្នកស្រី វ៉ែន ដារ៉ា អះអាងថា អ្នកស្រី បាន ស្រីមុំ បានច្បាមយកដីធ្លីពលរដ្ឋ និងទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋជាច្រើនកន្លែងនៅក្នុងខេត្តប៉ៃលិន។ អ្នកស្រីថ្លែងទៀតថា អ្នកស្រី បាន ស្រីមុំ គិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួន និងបក្ខពួក ជាជាងគិតពីប្រយោជន៍ពលរដ្ឋនៅខេត្តប៉ៃលិ។
អ្នកស្រី វ៉ែន ដារ៉ា៖ «ឥឡូវហ្នឹងរៀបគម្រោងយកដីប្រជាពលរដ្ឋនៅកន្លែងព្រលានយន្តហោះចាស់នោះទៀតហើយ ហើយប្រជាពលរដ្ឋដាំដូង ដាំស្លា ដាំអ្វីៗសព្វគ្រប់។ កន្លែងណា ដែលគាត់បម្រុងថា យកហើយ គឺគាត់យកហើយ មិនបាច់ពីណាទៅដោះស្រាយទេ សូម្បីតែចាប់ប្រជាពលរដ្ឋនៅព្រំដាក់គុក ៤នាក់ហ្នឹង គាត់ថា អត់មានឱ្យអ្នកណារត់ការទេ បើអ្នកណាហ៊ានរត់ការ គឺអត់បានតែម្ដង។ ធ្វើអ្វីគំរាមគេមុនតែម្ដង អ៊ីចឹងហើយគេខ្លាច»។
វិទ្យុអាស៊ីសេរីបានព្យាយាមទាក់ទងអភិបាលខេត្តប៉ៃលិន អ្នកស្រី បាន ស្រីមុំ ជាច្រើនដង និងជាច្រើនថ្ងៃ ដើម្បីឆ្លើយតបរឿងនេះ ប៉ុន្តែទូរស័ព្ទហៅចូល ពុំមានអ្នកទទួល និងពេលខ្លះអ្នកស្រីទទួលហើយ រួចក៏ចុចផ្ដាច់ទៅវិញ។
ជុំវិញរឿងនេះ អ្នកនាំពាក្យគណបក្សកាន់អំណាច លោក សុខ ឥសាន បានចេញមុខការពារអ្នកស្រី បាន ស្រីមុំ ថា ដឹកនាំខេត្តប៉ៃលិនបានត្រឹមត្រូវតាមគោលការណ៍របស់រដ្ឋាភិបាល និងរបស់គណបក្ស។
លោក សុខ ឥសាន៖ «ខ្ញុំការពារអ៊ីចឹងតែម្ដង ពីព្រោះឥលូវ បើឆ្លុះបញ្ចាំងអំពីលទ្ធផលនៃការបោះឆ្នោត។ បើជំទាវ បាន ស្រីមុំ ក្នុងនាមជាមន្ត្រីជាន់ខ្ពស់របស់គណបក្សប្រជាជន ហើយទៅកាន់ជាអភិបាលខេត្តនៅទីនោះ ហើយធ្វើមិនត្រឹមត្រូវ គណបក្សប្រជាជនអត់បានសន្លឹកឆ្នោតទេ»។
ការដឹកនាំបែបផ្ដាច់ការនៅប៉ៃលិន
អ្នកស្រី បាន ស្រីមុំ គឺជាសមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា។ អ្នកស្រីបានជាប់ឈ្មោះថា ជាស្ត្រីខ្លាំងនៅប៉ៃលិន ដោយសារតែការបង្ក្រាបលើសិទ្ធិនយោបាយ និងការបញ្ចេញមតិ។
ក្រោយអ្នកស្រី បាន ស្រីមុំ កាន់តំណែងជាអភិបាលខេត្តប៉ៃលិនបានមិនដល់មួយខែផង តុលាការខេត្តនេះបានកាត់ទោសមន្ត្រីគណបក្សសង្គ្រោះជាតិ ៤ នាក់ ឱ្យជាប់ពន្ធនាគារចន្លោះពី ៥ ឆ្នាំទៅ ៧ ឆ្នាំពីបទរួមគំនិតក្បត់។ ប៉ុន្មានខែក្រោយមកទៀត គ្រូបង្រៀនម្នាក់ឈ្មោះ យួង សូដា ត្រូវបានតុលាការដដែលផ្ដន្ទាទោសដាក់ពន្ធនាគាររយៈពេលមួយឆ្នាំ ដោយសារតែរិះគន់ការសង់ស្តូបមិត្តភាពកម្ពុជា-វៀតណាមនៅក្នុងខេត្តប៉ៃលិន។
មន្ត្រីគណបក្សសង្គ្រោះជាតិ អ្នកស្រី វ៉ែន ដារ៉ា ដែលកំពុងភៀសខ្លួននៅប្រទេសថៃពីការតាមចាប់ខ្លួនរបស់សមត្ថកិច្ចខ្មែរ ថ្លែងថា ការធ្វើទុក្ខបុកម្នេញលើសកម្មជននយោបាយប្រឆាំងនៅក្នុងខេត្តប៉ៃលិននេះ ធ្វើឡើងតាមការបង្គាប់បញ្ជារបស់អ្នកស្រី បាន ស្រីមុំ នេះឯង។
អ្នកស្រី វ៉ែន ដារ៉ា៖ «ចរិតលោកស្រី បាន ស្រីមុំ នេះ គឺថាអត់ខុសពីចរិតលោក ហ៊ុន សែន ទេ គឺថាគាត់ចង់ផ្ដាច់មុខ។ និយាយរួមទៅ ប្រជាពលរដ្ឋថា តើប៉ៃលិនមិនមែនជាខេត្តប៉ៃលិន គឺជាប្រទេសប៉ៃលិន ពីព្រោះធ្វើអ្វីខុសគេ។ ដឹកនាំគ្មានដឹងថា ធ្វើអ៊ីចេះវាខុស ធ្វើអ៊ីចេះវាត្រូវ អត់ទេ។ ធ្វើម៉េចឱ្យតែគាត់ឈ្នះ ចង់តែមានតែឯង ផ្ដាច់ការតែឯង ចង់អញយកអ្វីក៏បាន អត់មានចង់ឱ្យអ្នកណាចូលខេត្តប៉ៃលិនទេ។ និយាយរួមទៅ គឺគាត់ចង់ផ្ដាច់មុខខេត្តប៉ៃលិនហ្នឹងជារបស់គាត់ និងក្រុមគ្រួសាររបស់គាត់តែម្ដង»។
ករណីជាក់ស្ដែងមួយទៀត គឺអ្នកស្រី បាន ស្រីមុំ បានប្រើអំណាចជាអភិបាលខេត្តបណ្ដេញមន្ត្រីរាជការចេញពីក្របខណ្ឌតាមអំពើចិត្ត ផ្ទុយពីច្បាប់សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល។ អ្នកស្រីបានបណ្ដេញគ្រូពេទ្យមួយរូបឈ្មោះ ខឹម មុនីកុសល ចេញពីក្របខ័ណ្ឌមន្ត្រីការិយាល័យបង្ការ និងគ្រប់គ្រងជំងឺនៃមន្ទីរសុខាភិបាលខេត្ត ដោយគ្រាន់តែលោកបញ្ចេញមតិចំពោះភាពអសកម្មរបស់មន្ត្រីមួយចំនួននៅមណ្ឌលចត្តាឡីស័កនៅមន្ទីរបក្សខេត្តប៉ៃលិន។ លោក ខឹម មុនីកុសល គឺជាមន្ត្រីសុខាភិបាលប្រចាំការនៅខេត្តប៉ៃលិនតាំងពីឆ្នាំ ១៩៩៨ ប៉ុន្តែលោកមាននិន្នាការគាំទ្រគណបក្សប្រឆាំង ហើយបច្ចុប្បន្នលោកជាប្រធានប្រតិបត្តិគណបក្សភ្លើងទៀនខេត្តប៉ៃលិន។
អ្នកស្រី បាន ស្រីមុំ មិនបានលាក់បាំងនូវការរើសអើងផ្នែកនយោបាយ និងការដឹកនាំបែបគាបសង្កត់សិទ្ធិសេរីភាពរបស់អ្នកស្រីនោះឡើយ។ ក្នុងពិធីប្រកាសសុពលភាពក្រុមប្រឹក្សាជាប់ឆ្នោតនៅខេត្តប៉ៃលិនកាលពីដើមខែកក្កដា អ្នកស្រីបានប្រៀបធៀបក្រុមមន្ត្រីបក្សភ្លើងទៀនថា ជាក្រុមដង្កូវសង្គម និងព្រមានកម្ចាត់ពួកគេចោលថែមទៀតផង។
អ្នកស្រី បាន ស្រីមុំ៖ «យើងពិនិត្យឡើងវិញឱ្យច្បាស់ គិតសាឡើងវិញឱ្យច្បាស់ មុននឹងធ្វើនយោបាយ សិក្សាឱ្យច្បាស់សិន ជម្រើសដ៏ល្អ។ ខ្ញុំអត់មានថាទេ។ ខ្ញុំធ្វើការក្រើនរំលឹក។ ជួនកាលមនុស្សយើងធ្វើខុស មិនមានអ្នកក្រើនរំលឹក អត់ដឹងថា ខ្លួនឯងធ្វើខុសទេ។ ខ្ញុំគ្រាន់តែរំលឹកថា យើងធ្វើអ្វីក៏ដោយ យើងគិតឱ្យវែង ហើយពួកខ្ញុំអត់ដែលរើសអើងជាមួយអស់លោកទេ។ គេមិនមែនបង្រៀនមនុស្សឱ្យមកទទឹងទិសឈ្លើយ ដើម្បីបំពុលសង្គមជាតិ ដង្កូវក្នុងសង្គមទេ។ អ៊ីចឹង គេមិនទុកឱ្យយើងនៅនោះទេ ឱ្យច្បាស់ត្រង់នេះ ព្រោះយើងជាដង្កូវ គេនឹងឆ្កឹះក្រវាត់ចោល ឬក៏គេដាក់ថ្នាំបំពុលឱ្យងាប់»។
សារនយោបាយបែបគំរាមកំហែង និងប្រកាន់បក្ខពួកបែបនេះរបស់អ្នកស្រី បាន ស្រីមុំ បានជះឥទ្ធិពលមិនល្អឡើយដល់ការបំពេញមុខងាររបស់មន្ត្រីក្រុមប្រឹក្សាជាប់ឆ្នោតមកពីគណបក្សដទៃ។
ចៅសង្កាត់រងទី ២ នៅសង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន អ្នកស្រី យ៉ា គឹមឡេង ថ្លែងថា អ្នកស្រី និងក្រុមប្រឹក្សាជាប់ឆ្នោត ៤រូបផ្សេងទៀតនៃគណបក្សភ្លើងទៀននៅខេត្តប៉ៃលិន រងការរើសអើងផ្នែកនយោបាយ។ ជាពិសេសមេឃុំ/ចៅសង្កាត់គណបក្សកាន់អំណាចមិនបានបែងចែកតួនាទី និងភារកិច្ចដល់ពួកលោកស្រី ឱ្យស្របទៅតាមច្បាប់នោះឡើយ។
អ្នកស្រី យ៉ា គឹមឡេង៖ «គាត់ប្រើពាក្យបែបបញ្ឆិតបញ្ឆៀង ហើយណែនាំសុំឱ្យអ្នកដែលជាប់ឆ្នោតហ្នឹងគោរពច្បាប់ៗ ធ្វើអ្វីតាមច្បាប់។ ហើយបើអ្នកណាមិនល្អ ឬក៏មានអ្វីចាប់ឱ្យបាន មានកំហុសអ៊ីចឹង។ គាត់ជាអ្នកគោរពច្បាប់អីណាអីណី ហើយរាល់ថ្ងៃអ្នកណាអ្នកគោរពច្បាប់។ ជាក់ស្ដែង យើងឃើញហើយតើ ការបែងចែកការងារ និងភារកិច្ចមកឱ្យចៅសង្កាត់រងទី ២ មិនត្រឹមតែខ្ញុំទេ គ្រប់ ៥ឃុំសង្កាត់នៅក្នុងប៉ៃលិនខ្ញុំ មានអ្វី? មានគោរពច្បាប់ មានធ្វើតាមច្បាប់ ឬអត់? អត់ផង»។
វឌ្ឍនភាពក្នុងខេត្តប៉ៃលិន
ការដឹកនាំរបស់អ្នកស្រី បាន ស្រីមុំ ក្នុងរយៈពេលប្រមាណ ២ ឆ្នាំមកនេះ គេពុំសូវឃើញមានការអភិវឌ្ឍអ្វីគួរឱ្យកត់សម្គាល់នោះទេនៅក្នុងខេត្តប៉ៃលិន។ ហេដ្ឋារចនាសម្ព័ន្ធ ដូចជា ផ្លូវ និងស្ពាន ជាដើម ភាគច្រើនជាសមិទ្ធផល និងជាគម្រោងរបស់អភិបាលខេត្តមុន ស្របពេលសកម្មភាពជំនួញវិញ ហាក់ដើរថយក្រោយវិញថែមទៀត។ ច្រកទ្វារព្រំដែនអន្តរជាតិព្រំនៅក្នុងខេត្តប៉ៃលិនមិនសូវមានសកម្មភាពដឹកជញ្ជូនទំនិញផុលផុសដូចពីមុនទេ។ ក្រុមឈ្មួញនាំគ្នាងាកទៅច្រកអន្តរជាតិដូងនៅក្នុងបាត់ដំបងវិញ ស្របពេលអ្នកខ្លះបានបិទអាជីវកម្មរបស់ខ្លួននៅក្នុងខេត្តប៉ៃលិន ដោយសារតែត្រូវចំណាយលុយក្រោមតុច្រើន ទៅឱ្យអាជ្ញាធរក្រោមការគ្រប់គ្រងរបស់អ្នកស្រី បាន ស្រីមុំ។ បើតាមការលើកឡើងរបស់ពលរដ្ឋ អ្វីដែលរីកសាយភាយច្រើននៅខេត្តប៉ៃលិន គឺកាស៊ីណូ និងល្បែងស៊ីសង ខណៈការបង្ខាំងមនុស្សខុសច្បាប់ក៏កើតមានជាបន្តបន្ទាប់នៅក្នុងខេត្តជាប់ព្រំដែនថៃមួយនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។