ក្រុមយុវជននិងមន្ត្រីសង្គមស៊ីវិលរិះគន់មេដឹកនាំរបបក្រុងភ្នំពេញ ដែលប្រកាសតាមចាប់ខ្លួនអ្នកវិភាគនយោបាយបណ្ឌិត សេង សារី និងគំរាមកំហែងបណ្ឌិត មាស នី។ ពួកគាត់ចាត់ទុកថា ការបញ្ចេញទស្សនៈរបស់អ្នកវិភាគទាំងពីររូបនៅក្នុងសង្គមប្រជាធិបតេយ្យមិនមែនជាបទល្មើសនោះទេ។ ទន្ទឹមគ្នានេះបណ្ឌិត សេង សារី អះអាងថា លោកនៅតែបន្តកិច្ចការងាររបស់លោកដដែល ទោះបីជាលោករងនូវការគំរាមកំហែងរហូតដល់អាយុជីវិតក៏ដោយ។
ក្រុមយុវជននិងមន្ត្រីសង្គមស៊ីវិលទាមទារឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ឈប់ការគំរាមកំហែងលើអ្នកវិភាគនយោបាយ និងទម្លាក់ចោលការចោទប្រកាន់មិនត្រឹមត្រូវលើបណ្ឌិតសេង សារី។
មន្ត្រីសម្របសម្រួលគម្រោងនៃសមាគមបណ្តាញយុវជនកម្ពុជា(CYN) លោក អូត ឡាទីន ថ្លែងថា ក្នុងនាមជាយុវជនមួយរូបលោកសោកស្តាយដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តែងតែព្រមានទៅលើបញ្ញវន្តមិនឲ្យបញ្ចេញមតិយោបល់ដោយសន្តិវិធី ដើម្បីចូលរួមចំណែកកែលម្អនូវចំណុចខ្វះខាតនៃការដឹកនាំប្រទេស។លោកមើលឃើញថា ការបញ្ចេញទស្សនៈរបស់អ្នកវិភាគនយោបាយទាំងបណ្ឌិត មាស នី និងបណ្ឌិត សេង សារី គឺជារឿងល្អនៅក្នុងសង្គមប្រជាធិបតេយ្យ ហើយគួរតែទទួលបានការលើកទឹកចិត្ត មិនមែនជាការគំរាមកំហែង ឬដាក់ទោសទណ្ឌនោះទេ៖ « ខ្ញុំគិតថា នៅក្នុងសង្គមប្រជាធិបតេយ្យ ការបញ្ចេញមតិយោបល់រិះគន់ក្នុងន័យស្ថាបនា គួរតែត្រូវបានលើកទឹកចិត្តហើយវាជារឿងដែលអាម៉ាស់មួយដែលនាយករដ្ឋមន្ត្រីកាន់កិច្ចការងាររាប់សិបឆ្នាំហើយ បែរជាគាត់មិនអាចទទួលយកពាក្យសម្តីដែលប្រជាពលរដ្ឋរិះគន់ក្នុងន័យស្ថាបនា។ ចំណុចនេះ ខ្ញុំគិតថា វាជាការរឹតត្បិតសិទ្ធិសេរីភាពបញ្ចេញមតិក្នុងសង្គមប្រជាធិបតេយ្យ»។
មន្ត្រីសង្គមស៊ីវិលរូបនេះយល់ថា ទោះបីជារដ្ឋាភិបាលព្យាយាមរឹតត្បិតសិទ្ធិសេរីភាពបញ្ចេញមតិបែបណាក្តី ក៏នៅតែមានប្រជាពលរដ្ឋ និស្សិត និងបញ្ញវន្តមួយចំនួនបន្តបញ្ចេញមតិរិះគន់ក្នុងន័យស្ថាបនាដដែល ប្រសិនបើបញ្ហាក្នុងសង្គមនៅតែកើតមាន ហើយគ្មានដំណោះស្រាយសមរម្យ៖ «ការប្រើភាសាគំរាមកំហែងរបៀបនេះតទៀត គួរតែលើកទឹកចិត្តប្រជាពលរដ្ឋ ជាពិសេសយុវជន និស្សិត បញ្ញវន្តឲ្យគាត់ក្លាហានក្នុងការបញ្ចេញមតិយោបល់ហើយក្នុងនាមអ្នកជាដឹកនាំរដ្ឋ គួរទទួលយកនូវពហុយោបល់ ពហុគំនិតពីអ្នកដែលធ្វើការរិះគន់នេះ។ ខ្ញុំជឿថា ភាសាគំរាមកំហែងរបស់គាត់លើកនេះ វាមិនរាំងស្ទះដល់ដំណើការបញ្ចេញមតិយោបល់របស់និស្សិតបញ្ញវន្តដែលគាត់កំពុងធ្វើការងារហ្នឹងបានទេ។ ដរាបណាបញ្ហាសង្គមនៅតែកើតមាន ការបញ្ចេញមតិយោបល់រិះគន់ក្នុងន័យស្ថាបនានៅតែមានដែរ»។
ស្រដៀងគ្នានេះ ព្រះសង្ឃមួយអង្គដែលតែងឈឺឆ្អាលបញ្ហាសង្គម នយោបាយ និងធនធានធម្មជាតិ គឺព្រះតេជព្រះគុណ បូរ បេត មានថេរដីកាថា ព្រះអង្គមិនចម្លែកទេ ដែលលោក ហ៊ុន សែន ជេរប្រមាថ និងគំរាមកំហែងបញ្ញវន្តមិនឲ្យបញ្ចេញមតិរិះគន់របបលោកបែបនេះ ព្រោះលោក ហ៊ុន សែន មានចរិតជាមេដឹកនាំផ្តាច់ការ។ ព្រះអង្គយល់ថា មូលហេតុដែលលោក ហ៊ុន សែន បន្តធ្វើទុក្ខបុកម្នេញដល់ក្រុមបញ្ញវន្តបែបនេះ ព្រោះគាត់ កំពុងមានជំងឺភ័យខ្លាចបាត់បង់អំណាច ដោយសារប្រជាប្រិយភាពធ្លាក់ចុះដុនដាបខ្លាំង៖ «អាត្មាគិតថា លោក ហ៊ុន សែន ជាមេដឹកនាំអគុណធម៌។ លោក ហ៊ុន សែន អត់ដែលយកធម៌ យកទស្សនៈរបស់បញ្ញវន្ត របស់យុវជនមកដាក់ក្នុងខ្លួនគាត់ដើម្បីកែលម្អការដឹកនាំរបស់គាត់ទេ។ បើសិនជាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានគំនិតចង់កែចរិតរបស់គាត់ ចង់កែអ្វីដែលគាត់ដឹកនាំ គឺអាតា្មគិតថា សង្គមយើង នឹងមានការផ្លាស់ប្តូរ ហើយមានការរីកចម្រើន បើសិនជាលោកយកទស្សនៈរបស់អ្នកប្រាជ្ញ បញ្ញវន្ត ឬបណ្ឌិតនានាដែលបានវិភាគប្រាប់គាត់»។
ក្រៅពីនេះ មានប្រជាពលរដ្ឋ យុវជន និងមន្ត្រីសង្គមស៊ីវិលជាច្រើនផ្សេងទៀត បានបង្ហោះសារនៅលើហ្វេសប៊ុក(Facebook)ដើម្បីគាំទ្របណ្ឌិត មាស នី និងបណ្ឌិត សេង សារី ដែលបានលះបង់ពេលវេលា និងកម្លាំងកាយចិត្តចែករំលែកចំណេះដឹង និងផ្តល់ការវិភាគអំពីបញ្ហាសង្គម និងនយោបាយដល់ប្រជាពលរដ្ឋទូទៅ ដោយមិនទទួលបានកម្រៃអ្វីឡើយ។ យុវជនខ្លះបានបង្ហោះរូបថតបណ្ឌិត សេង សារី និងភ្ជាប់ជាមួយសារថា សេរីភាពបញ្ចេញមតិនៅក្នុងសង្គមប្រជាធិបតេយ្យមិនមែនជាបទឧក្រិដ្ឋនោះទេ។ ពលរដ្ឋខ្លះទៀតលើកឡើងថា លោក ហ៊ុន សែន មិនត្រូវតាំងខ្លួនជាម្ចាស់ប្រទេសផ្តាច់មុខតែម្នាក់ឯងនោះទេ ពោលគឺត្រូវតែបើកឱកាសឲ្យប្រជាពលរដ្ឋគ្រប់រូបដែលជាម្ចាស់ប្រទេសដែរនោះ មានសិទ្ធិបញ្ចេញមតិស្របតាមច្បាប់ជាតិ និងអន្តរជាតិ ដើម្បីជាប្រយោជន៍ប្រទេសជាតិទាំងអស់គ្នា។
ប្រតិកម្មរបស់សង្គមស៊ីវិល និងសាធារណជនបែបនេះ កើតមានឡើងបន្ទាប់ពីមេដឹកនាំរបបក្រុងភ្នំពេញលោក ហ៊ុន សែន កាលពីថ្ងៃទី១៧ ខែកញ្ញា បានឆ្លៀតប្រើប្រាស់កម្មវិធីចាក់វ៉ាក់សាំងឱ្យកុមារ ដើម្បីប្រើភាសាជេរប្រមាថ និងគំរាមកំហែងអ្នកវិភាគនយោបាយពីររូបគឺបណ្ឌិត មាស នី និងបណ្ឌិត សេង សារី។ មេដឹកនាំក្រាញអំណាចរូបនេះ បានប្រកាសតាមចាប់ខ្លួនបណ្ឌិត សេង សារី ដោយសារអ្នកវិភាគរូបនេះបានបង្ហោះទស្សនៈវិភាគនៅលើបណ្ដាញសង្គមហ្វេសប៊ុក(Facebook)អំពីលក្ខខណ្ឌ៦ចំណុចដែលអាចបង្កើតរដ្ឋាភិបាលបង្រួបបង្រួមជាតិតាមការអំពាវនាវរបស់លោកសម រង្ស៊ី៖ «ខ្ញុំបានជាបង្ហើបទៅហើយអាហ្នឹងមានដីកាចាប់ខ្លួន មើលយកវាមកសួរមើល។ អា៦ចំណុចជាលក្ខខណ្ឌសម្រាប់បង្កើតរដ្ឋាភិបាលនៅក្រៅប្រទេស ហ្អែងលើកទឹកចិត្តបង្កើត? ហ្អែងបង្កើត ហ្អែងគុក! មិនមែនត្រឹមតែគុកទេ ដែលហៅថា ចលនាឧទ្ទាមគេបាញ់ផង! គេឃើញ គេបាញ់! មិនមែនជាសិទ្ធិបញ្ចេញមតិទេ សូមបញ្ជាក់ឱ្យហើយ អារឿងក្របខ័ណ្ឌនយោបាយផ្សេង អាចលនាប្រដាប់អាវុធផ្សឹង ព្រោះគេធ្វើតាមបែបភូមា»។
ទោះជាមានការគំរាមកំហែងដល់អាយុជីវិត និងការប្រកាសតាមចាប់ខ្លួនពីសំណាក់លោក ហ៊ុន សែន បែបនេះក្តី អ្នកវិភាគនយោបាយ និងសង្គមបណ្ឌិត សេង សារី អះអាងថា លោកមិនតក់ស្លុតនឹងរឿងនេះទេ។ លោកបានផ្ញើសារអរគុណដល់អ្នកគាំទ្ររូបលោក និងអំពាវនាវឲ្យប្រជាពលរដ្ឋ ត្រូវមានភាពក្លាហានបន្តនិយាយអំពីបញ្ហាសង្គមជាតិដើម្បីជំរុញឲ្យប្រទេសកម្ពុជា ដើរនៅលើគន្លងប្រជាធិបតេយ្យពិតប្រាកដ៖ «ទោះបីជាមានការគំរាមកំហែង ក៏ខ្ញុំនៅតែបន្តកិច្ចការងារហ្នឹងដដែល តែខ្ញុំដកឃ្លាបន្តិចបន្តូចដើម្បីរក្សាស្ថានភាព។ ខ្ញុំចង់ជម្រាបជូនថា ខ្ញុំបានដឹងរួចជាស្រេចទៅហើយថា ផ្លូវដែលខ្ញុំដើរនេះ នឹងជួបនឹងការគំរាមកំហែងរហូតដល់អាយុជីវិតជាដើម ក៏ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ខ្ញុំមិនបោះបង់ការងារដែលខ្ញុំស្រលាញ់ចូលចិត្តទេហើយជាពិសេសខ្ញុំគិតថា កើតមកនៅក្នុងប្រទេសមួយដែលខ្ញុំស្រលាញ់ជាប្រទេសកំណើត គឺខ្ញុំគួរតែធ្វើអ្វីដែលខ្ញុំអាចធ្វើបានដើម្បីចូលរួមចំណែកនៅក្នុងសង្គម។ សម្រាប់ខ្ញុំជាបញ្ញវន្តមិនមានអ្វីក្រៅពីការវិភាគចំណេះដឹងនេះចូលរួមនៅក្នុងសង្គមកម្ពុជាយើងទេ»។
ជុំវិញរឿងនេះ នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ (Licadho) លោក អំ សំអាត មានប្រសាសន៍ថា នៅក្នុងសង្គមប្រជាធិបតេយ្យ គឺប្រជាពលរដ្ឋតែងតែមានគំនិត ឬមតិយោបល់ខុសៗគ្នា ដូច្នេះសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ពួកគាត់នេះ មិនគួរត្រូវបានជ្រៀតជ្រែកនោះទេ៖ «បើយើងមើលនៅក្នុងសង្គមលទ្ធិប្រជាធិបតេយ្យ យើងឃើញថា សេរីភាពបញ្ចេញមតិ សេរីភាពរិះគន់ក្នុងការស្ថាបនាជាដើមនេះ គឺជារឿងមួយដែលចូលរួមក្នុងការអភិវឌ្ឍសង្គមជាតិដែរ ព្រោះមតិ ឬការលើកឡើងដែលផ្ទុយ វាមិនមែនសុទ្ធតែប្រឆាំងទាំងអស់ទេ ដូច្នេះវាមានលក្ខណៈខ្លះជាការលើកឡើងដើម្បីឲ្យមានការត្រឹះរិះ ការពិចារណាទៅរកភាពរីកចម្រើនផងដែរ»។
បណ្ឌិត មាស នី និងបណ្ឌិត សេង សារី ត្រូវបានប្រជាពលរដ្ឋចាត់ទុកថា ជាអ្នកវិភាគនយោបាយឯករាជ្យដែលលេចធ្លោ បន្ទាប់ពីបណ្ឌិត កែម ឡី ដែលត្រូវបានឃាតកបាញ់សម្លាប់កាលពីឆ្នាំ២០១៦។
ក្រុមអង្គការជាតិ និងអន្តរជាតិ តែងតែទទូចដល់រដ្ឋាភិបាលលោក ហ៊ុន សែន ឲ្យបញ្ឈប់ការបង្ក្រាបលើសេរីភាពបញ្ចេញមតិនិងសិទ្ធិជាមូលដ្ឋានផ្សេងទៀតរបស់ប្រជាពលរដ្ឋ ពីព្រោះនេះជាទង្វើផ្ទុយពីរដ្ឋធម្មនុញ្ញ និងច្បាប់សិទ្ធិមនុស្សអន្តរជាតិ ជាពិសេស វាអាចធ្វើឲ្យក្រុមប្រទេសប្រជាធិបតេយ្យ ដាក់ទណ្ឌកម្មបន្ថែមទៀតលើកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។