ពលរដ្ឋ​គាំទ្រ​ឱ្យ​អាមេរិក​ពន្លឿន​ច្បាប់​ដាក់ទណ្ឌកម្ម​លើ​ក្រុម​មេដឹកនាំ​កម្ពុជា

0:00 / 0:00

ប្រជាពលរដ្ឋ​មួយ​ចំនួន​គាំទ្រ​ឱ្យ​សហរដ្ឋអាមេរិក អនុម័ត​សេចក្តី​ព្រាងច្បាប់​ដើម្បី​ដាក់​ទណ្ឌកម្ម​លើ​ក្រុម​មេដឹកនាំ​របប​ក្រុងភ្នំពេញ ដោយសារ​​ការ​បំផ្លាញ​លទ្ធិ​ប្រជាធិបតេយ្យ និង​ការរំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ។ ប៉ុន្តែ​អ្នកនាំពាក្យ​បក្ស​កាន់​អំណាច ចាត់ទុក​ពលរដ្ឋ​ដែល​កាន់ជើង​អាមេរិក​ដាក់ទណ្ឌកម្ម​លើ​ក្រុម​មេដឹកនាំ​កម្ពុជា​នេះ គឺជា​ក្រុម​មនុស្ស​ក្រៅ​ច្បាប់។

ប្រជាពលរដ្ឋ​មួយចំនួន ចង់ឱ្យ​សហរដ្ឋអាមេរិក​ពន្លឿន​នីតិវិធី​អនុម័ត​សេចក្តីព្រាងច្បាប់​ដាក់ទណ្ឌកម្ម​លើ​ក្រុម​មេដឹកនាំ​កម្ពុជា។ ពួកគាត់​ជឿថា ច្បាប់​នេះ នឹង​អាច​ធ្វើ​ឲ្យ​លោក ហ៊ុន សែន និង​បក្ខពួក​របស់​លោក​ខ្លាចរអា ហើយ​ងាក​មក​ដើរ​តាម​គន្លង​ប្រជាធិបតេយ្យ សេរី​ពហុបក្ស​ឡើងវិញ។

ពលករ​នៅ​ប្រទេស​កូរ៉េខាងត្បូង​មួយរូប គឺ​លោក ឡេង វណ្ណៈ ថ្លែង​ថា ទង្វើ​របស់​ក្រុម​មេដឹកនាំ​របប​ក្រុង​ភ្នំពេញ​សព្វថ្ងៃនេះ សមតែ​ទទួល​បាន​ការ​ដាក់ទណ្ឌកម្ម​ធ្ងន់ធ្ងរ​ពី​សហរដ្ឋអាមេរិក។ លោក​ជឿថា ប្រសិន​បើ​មេដឹកនាំ​របប​ក្រុងភ្នំពេញ នៅតែ​ផ្គើន ដោយ​បន្ត​បំផ្លាញ​គោលការណ៍​ប្រជាធិបតេយ្យ និង​បន្ត​រំលោភសិទ្ធិ​មនុស្ស​តទៅ​ទៀត សហរដ្ឋអាមេរិក នឹង​បន្ថែម​ទណ្ឌកម្ម​កាន់តែ​ធ្ងន់ធ្ងរ​ជាង​នេះ៖ «អាមេរិក​ធ្វើ​ច្បាប់​ហ្នឹង ខ្ញុំ​គាំទ្រ​ហ្មង។ ភាគច្រើន ខ្ញុំ​ឃើញ​តាម​បណ្តាញ​សង្គម និង​ឃើញ​ផ្ទាល់ៗ​ដូចជា​បងប្អូន ឬ​មិត្តភក្តិ​ដែល​ខ្ញុំ​ស្គាល់ គឺ​មាន​រឿង​អយុត្តិធម៌ ព្រោះ​មេដឹកនាំ​របប​ក្រុងភ្នំពេញ ធ្វើ​ទុក្ខបុកម្នេញ​សកម្មជន​បក្សប្រឆាំង និង​សកម្មជន​បរិស្ថាន ដែល​ថ្មីៗ​នេះ​ចាប់​គ្នា​ដាក់គុក។ និយាយ​ទៅ​មាន​រឿង​ច្រើន​ណាស់ សូម្បី​តែ​ប្រជាពលរដ្ឋ បញ្ចេញ​មតិ​បន្តិច​បន្តូច​ក៏​ចាប់​ដាក់គុក​ដែរ។ របប​ក្រុង​ភ្នំពេញ រំលោភ​សិទ្ធិ​មនុស្ស និង​បំបិទ​សេរីភាព​យើង​ហ្មង ដូច​សកម្មជន​បក្ស​ប្រឆាំង ធ្វើ​សកម្មភាព​អី​ក៏​អត់​បានដែរ។ អាង​អី​អាង​ចាប់​ដាក់គុក ហើយ​ចោទ​សុទ្ធតែ​ពី​បទ​ឧក្រិដ្ឋ»។

ស្រដៀង​គ្នា​នេះ ពលរដ្ឋ​ម្នាក់ទៀត​រស់នៅ​ខេត្ត​ព្រៃវែង លោក សុភាព មេត្រី ថ្លែង​ថា លោក ចង់​ឃើញ​សហរដ្ឋអាមេរិក​ពន្លឿន​ការ​ដាក់​ទណ្ឌកម្ម​ឲ្យ​បាន​ឆាប់ និង​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​លើ​ក្រុម​មេ​ដឹកនាំ​កម្ពុជា ឲ្យ​សាក​សម​នឹង​ទង្វើ​រំលោភ​សិទ្ធិ​មនុស្ស​ជា​ហូរហែ​កន្លង​មក​នេះ។ លោក​យល់​ថា ការ​ដាក់​ទណ្ឌកម្ម​នេះ នឹង​ធ្វើ​ឲ្យ​មេដឹកនាំ​របប​ក្រុង​ភ្នំពេញ ទទួល​រង​ភាព​អាម៉ាស់​នៅ​លើ​ឆាក​អន្តរជាតិ៖ «ខ្ញុំ​ចង់​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ងាក​មក​គន្លង​ប្រជាធិបតេយ្យ បោះឆ្នោត​ដោយ​ស្មើភាព បោះឆ្នោត​ដោយ​មាន​ដៃគូ​មាន​សមត្ថភាព​ប្រហាក់ប្រហែល​គ្នា។ ចំពោះ​ការ​ដាក់ទណ្ឌកម្ម​នេះ គឺ​ប៉ះពាល់​មុខមាត់​ខ្លាំង​ណាស់។ បើ​ខ្ញុំ ជា​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់ ឬ​ជា​អ្នកនាំពាក្យ​អី​វិញ ខ្ញុំ​មាន​ចិត្ត​អៀនខ្មាស​ដល់​ប្រទេស​ជិត​ខាង​ណាស់»។

រីឯ​សកម្មជន​បក្សប្រឆាំង​ដែល​កំពុង​ភៀសខ្លួន​នៅ​ប្រទេស​ម៉ាឡេស៊ី​វិញ អ្នកស្រី យ៉ែម វណ្ណណែត ជំរុញ​ឲ្យ​មេដឹកនាំ​របប​ក្រុងភ្នំពេញ ស្តារ​ប្រជាធិបតេយ្យ និង​ការគោរព​សិទ្ធិមនុស្ស​ឡើងវិញ ដើម្បី​កុំ​ឲ្យ​ទទួល​រង​ទណ្ឌកម្ម​ពី​សហរដ្ឋអាមេរិក ព្រោះ​នាំ​ឲ្យ​ប៉ះពាល់​ដល់​មុខមាត់​នៅលើ​ឆាក​អន្តរជាតិ៖ «ចំពោះ​ការ​ដាក់ទណ្ឌកម្ម​នេះ ខ្ញុំ​គាំទ្រ​ដោយសារតែ​ទី​១ មិនមែន​ឃើញ​គេ​ដាក់ទណ្ឌកម្ម​លើ​ប្រទេស​ខ្លួនឯង គឺ​សប្បាយចិត្ត​ទេ ប៉ុន្តែ​យើង ឃើញថា របប​លោក ហ៊ុន សែន នៅពេលដែល​គេ មិនទាន់​ដាក់ទណ្ឌកម្ម​នេះ គឺ​គាត់​អត់​គិត​អំពី​ពលរដ្ឋ​ទេ​។ គាត់​រំលោភ​សិទ្ធិមនុស្ស ហើយ​បំផ្លាញ​ប្រជាធិបតេយ្យ តាំងពី​ឆ្នាំ​២០១៧ នៅពេល​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​»​។​

​ការលើកឡើង​របស់​ប្រជាពលរដ្ឋ​ទាំងនេះ គឺ​បន្ទាប់ពី​គណៈកម្មាធិការ​កិច្ចការបរទេស​នៃ​រដ្ឋសភា​អាមេរិក បានអនុម័ត​ជា​ឯកច្ឆន្ទ​លើ​សេចក្តី​ព្រាងច្បាប់​ដែល​មាន​ឈ្មោះថា «​ច្បាប់​ស្ដីពី​ប្រជាធិបតេយ្យ​កម្ពុជា ឆ្នាំ​២០២១» ឬ H.R.4686 កាលពី​ថ្ងៃទី​២៨ ខែកក្កដា​។ ប្រសិនបើ​សេចក្តី​ព្រាងច្បាប់​នេះ​ក្លាយជា​ច្បាប់​ពេញលេញ ប្រធានាធិបតី​អាមេរិក​មាន​សិទ្ធិ​កំណត់​ឈ្មោះ​មន្ត្រីជាន់ខ្ពស់​ក្នុង​ជួរ​រដ្ឋាភិបាល យោធា និង​កងកម្លាំងប្រដាប់អាវុធ​កម្ពុជា ដែល​បាន​ជាប់​ពាក់ព័ន្ធ​នឹង​ការបំផ្លាញ​ប្រជាធិបតេយ្យ​និង​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​នៅ​កម្ពុជា ដើម្បី​ដាក់ទណ្ឌកម្ម​ពួកគេ​។ ទណ្ឌកម្ម​ទាំងនេះ មាន​ដូចជា ការ​បង្កក​ទ្រព្យសម្បត្តិ​ដែល​ពួកគេ​មាននៅ​ក្នុង​សហរដ្ឋអាមេរិក និង​ការ​រឹតត្បិត​ទិដ្ឋាការ​មិន​ឱ្យ​ពួកគេ​ជាន់​ទឹកដី​អាមេរិក​ជាដើម​។ ទោះជា​យ៉ាងណា សេចក្តី​ព្រាង​ច្បាប់​នេះ នឹង​អាច​ចំណាយ​ពេល​យូរ​តទៅ​ទៀត មុន​ក្លាយ​ជា​ច្បាប់​ជា​ផ្លូវការ ព្រោះ​ត្រូវ​ឆ្លងកាត់​ការ​អនុម័ត​ពី​រដ្ឋសភា ព្រឹទ្ធសភា​អាមេរិក ព្រមទាំង​ការ​ចុះ​ហត្ថ​ប្រធានាធិបតី​អាមេរិក។

ឆ្លើយតប​រឿង​នេះ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ចោទ​ថា ពលរដ្ឋ​ដែល​គាំទ្រ​អាមេរិក ធ្វើ​ច្បាប់​ដាក់ទណ្ឌកម្ម​លើ​ថ្នាក់ដឹកនាំ​នៅ​កម្ពុជា គឺជា​ក្រុម​ឧទ្ទាម។ លោក​បន្ត​ថា សេចក្តី​ព្រាងច្បាប់​ដាក់ទណ្ឌកម្ម​លើ​មន្ត្រី​នៅ​កម្ពុជា គឺ​មិន​ផ្សារភ្ជាប់​នឹង​ស្ថានភាព​ជាក់ស្តែង​នៅក្នុង​ប្រទេស​នោះ​ទេ៖ «ជាក់ស្តែង​នៅ​កម្ពុជា បើសិនណា​កម្ពុជា មិន​ដើរ​ត្រឹមត្រូវ​តាម​គន្លង​ប្រជាធិបតេយ្យ និង​មានការ​រំលោភ​សិទ្ធិមនុស្ស ខ្ញុំ​យល់​ថា កម្ពុជា មិន​មាន សន្តិភាព​ពេញលេញ និង​មិន​មាន​ស្ថិរភាព​នយោបាយ ហើយ​ប្រជាពលរដ្ឋ កំពុង​រស់​នៅ​ដោយ​សុខក្សេមក្សាន្ត​ទេ»។

ទោះជា​យ៉ាងណា តំណាងរាស្ត្រ​អាមេរិកាំង​លោក ស្ទីវ ឆាបុត (Steve Chabot) ថ្លែង​ក្នុង​សេចក្តី​ថ្លែងការណ៍​កាល​ពី​ថ្ងៃទី​២៨ កក្កដា ថា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ដឹកនាំ​ប្រទេស​កម្ពុជា​ដោយ​គ្មាន​លក្ខណៈ​ប្រជាធិបតេយ្យ​ចាប់តាំងពី​ឆ្នាំ​១៩៨៥​មក។ លោក​ថា សហរដ្ឋអាមេរិក ត្រូវតែ​ឈរ​ជាមួយ​ប្រជាពលរដ្ឋ​កម្ពុជា ក្នុង​ពេល​ដែល​លោក ហ៊ុន សែន បន្ត​បង្ក្រាប​មក​លើ​សិទ្ធិ​របស់​ពួកគេ និង​រារាំង​មិន​ឱ្យ​មានការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​។ តំណាងរាស្ត្រ​អាមេរិក​រូប​នេះ ពន្យល់​ថា សេចក្តី​ព្រាង​ច្បាប់​នេះ គាំទ្រ​សេចក្តី​ប៉ង​ប្រាថ្នា​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ដែល​ចង់​បាន​លទ្ធិ​ប្រជាធិបតេយ្យ​ស្រប​ច្បាប់។

ជុំវិញ​រឿង​នេះ ប្រធាន​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក នី សុខា មាន​ប្រសាសន៍​ថា សហរដ្ឋអាមេរិក គឺជា​ប្រទេស​មហាអំណាច​ដែល​ប្រកាន់ខ្ជាប់​គោលការណ៍​ប្រជាធិបតេយ្យ និង​ការគោរព​សិទ្ធិមនុស្ស​ជា​ស្នួល ដូច្នេះ​អាមេរិក តែងតែ​ឈឺឆ្អាល​ចំពោះ​ប្រទេស​ណា​ដែល​មិន​គោរព​តាម​គោលការណ៍​ប្រជាធិបតេយ្យ​និង​សិទ្ធិមនុស្ស​។ លោក​ទទូច​ឱ្យ​រដ្ឋាភិបាល​កម្ពុជា ងាក​មក​គោរព​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​ឡើងវិញ ដើម្បី​ឱ្យ​ស្របតាម​ខ្លឹមសារ​រដ្ឋធម្មនុញ្ញ​ដែល​ជា​ច្បាប់​កំពូល​របស់​ជាតិ៖ «រដ្ឋាភិបាល មក​ទល់​ពេល​នេះ យើង​មើលឃើញ​ទាំងអស់គ្នា​ហើយ​ទាំង​សហគមន៍​ជាតិ​និង​អន្តរជាតិ បាន​មើល​ឃើញ​ថា រដ្ឋាភិបាល​យើង កំពុងតែ​ដើរ​ប្រាសចាក​អំពី​គន្លង​ប្រជាធិបតេយ្យ​កាន់តែ​ឆ្ងាយ​ទៅៗ​។ ដូច្នេះហើយ​បាន​គេ​ស្នើ​ទេ គឺ​ស្នើ​ថា ឲ្យ​រដ្ឋាភិបាល ពិចារណា​ងាក​មក​ធ្វើការ​លើកកម្ពស់​លទ្ធិប្រជាធិបតេយ្យ​ឡើងវិញ ដើម្បី​ជា​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​មិនមែន​ជា​ប្រយោជន៍​ដល់​អ្នកណា​ផ្សេង​ទេ ហើយ​ជា​ប្រយោជន៍​ដល់​រដ្ឋាភិបាល ហើយ​វា​ជា​កិត្តិយស​ជា​មុខមាត់ របស់​រដ្ឋាភិបាល នៅ​លើ​ឆាក​អន្តរជាតិ​ដែរ»។

កន្លង​មក សហរដ្ឋអាមេរិក​បាន​ដាក់​ទណ្ឌកម្ម​លើ​មន្ត្រី​គ្រាក់ៗ និង​មនុស្ស​ជំនិត​របស់​លោក ហ៊ុន សែន ជា​ហូរហែ​មក​ហើយ ដោយ​ប្រើប្រាស់​ច្បាប់​សាកល​គ្លូបល មែគនីតស្គី អ៊ែក (Global Magnitsky Act)​។ អ្នក​ទាំងនោះ រួមមាន មេកង​អង្គរក្ស​លោក ហ៊ុន សែន លោក ហ៊ីង ប៊ុនហៀ​ង អនុប្រធាន​ទី​១ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ លោក គន់ គីម និង​សមាជិកគ្រួសារ​៣ នាក់​ទៀត ព្រមទាំង​មេ​ឈ្មួញ​ឈើ​ដ៏​ធំ​នៅ​ស្រុក​ខ្មែរ គឺ​លោក ទ្រី ភាព និង​ក្រុមហ៊ុន​របស់​លោក​។ សហរដ្ឋអាមេរិក​ក៏​ប្រើ​ច្បាប់​ដដែល​នេះ ដើម្បី​ដាក់ទណ្ឌកម្ម​លើ​ក្រុមហ៊ុន​រដ្ឋ​ចិន យូឌីជី (UDG) នៅ​ខេត្ត​កោះកុង​ផង​ដែរ​។ សហរដ្ឋអាមេរិក​សម្រេច​ដាក់ទណ្ឌកម្ម​ប្រឆាំង​នឹង​បុគ្គល​ទាំងនេះ និង​ក្រុមហ៊ុន​របស់​ពួកគេ បន្ទាប់ពី​រក​ឃើញ​ថា ពួកគេ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​រំលោភសិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ អំពើពុករលួយ និង​ការ​ច្បាម​យក​សម្បត្តិ​ធម្មជាតិ​របស់​កម្ពុជា​ដោយ​ខុសច្បាប់​ជាដើម​។ ក្រុម​ប្រជា​ពលរដ្ឋ​រំពឹង​ថា នៅ​ពេល​សេចក្តី​ព្រាង​ច្បាប់​ដាក់ទណ្ឌកម្ម​លើ​ក្រុម​មេដឹកនាំ​កម្ពុជា ចូល​ជា​ធរមាន​នោះ ក្រុម​មេដឹកនាំ​របប​លោក ហ៊ុន សែន នឹង​មិនអាច​រួចខ្លួន​នោះ​ទេ ព្រោះ​ពួកគេ​បាន​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ និង​គាស់​រំលើង​គ្រឹះ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។