លោក ចូ បៃឌិន លើកពីកង្វល់មូលដ្ឋានទ័ពជើងទឹករាម និងជំរុញបើកលំហសេរីភាពពលរដ្ឋ និងនយោបាយមុនបោះឆ្នោត
2022.11.12
ប្រធានាធិបតីអាមេរិកលោក (Joseph R. Biden) បានស្នើឲ្យកម្ពុជារក្សាអធិបតេយ្យភាពនិងបូរណភាពទឹកដីពីឥទ្ធិពលចិន ស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញ និងដោះលែងអ្នកទោសនយោបាយ។ សំណើនេះធ្វើឡើងក្នុងជំនួបរវាងលោក និងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃទី១២ ខែវិច្ឆិកា ម្សិលមិញ។
ប្រធានាធិបតីអាមេរិកលោក ចូ បៃឌិន (Joe Biden) បានលើកឡើងពីកង្វល់ទាក់ទងនឹងស្ថានការណ៍នៅមូលដ្ឋានទ័ពជើងទឹករាមនៅខេត្តព្រះសីហនុ និងបានគូសបញ្ជាក់ពីសារៈសំខាន់នៃតម្លាភាពពេញលេញអំពីសកម្មភាពរបស់យោធា នៃសាធារណរដ្ឋប្រជាមានិតចិន (PRC) នៅមូលដ្ឋានទ័ពជើងទឹករាម។
ក្តីបារម្ភលោកប្រធានាធិបតី ចូ បៃឌិន (Joseph R. Biden Jr.) ធ្វើឡើងក្នុងពេលជួបពិភាក្សាជាមួយលោក ហ៊ុន សែន ប្រធានអាស៊ានប្តូរវេនសម្រាប់ ឆ្នាំ២០២២ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ម្សិលមិញ។ ក្តីកង្វល់ពីមូលដ្ឋានទ័ពជើងទឹករាមរបស់ប្រធានាធិបតីអាមេរិកនេះ កើតឡើង ក្រោយពីសារព័ត៌មានអាមេរិក (The Washington Post) កាលពីខែមិថុនាកន្លងទៅ បានដកស្រង់សំដីមន្រ្តីជាន់ខ្ពស់ប្រទេសលោកសេរីថា ចិនកំពុងលួចលាក់សាងសង់មូលដ្ឋានយោធានៅកំពង់ផែរាម ដើម្បីបំរើវិស័យយោធាផ្តាច់មុខរបស់ចិន។ មូលដ្ឋានយោធានេះ ជាមូលដ្ឋានយុទ្ធសាស្រ្តទីពីរដ៏មានសារៈសំខាន់ ក្នុងតំបន់ ឥណ្ឌូប៉ាស៊ីហ្វិក (Indo-Pacific) ជាផ្នែកមួយក្នុងយុទ្ធសាស្រ្តរបស់រដ្ឋាភិបាលទីក្រុងប៉េកាំង ដើម្បីឈានក្លាយជាមេដឹកនាំយោធាក្នុងពិភពលោក។
បច្ចុប្បន្នចិន មានមូលដ្ឋានយោធាបរទេសនៅអាហ្រ្វិកខាងកើត។ ពាក់ព័ន្ធនឹងរឿងនេះ លោក គង់ ភោគ អ្នកនាំពាក្យផ្លូវការ នៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធឆ្នាំ២០២២ប្រាប់សន្និសីទសារព័ត៌មានថា កម្ពុជាមិនបានលាក់បាំងព័ត៌មានស្តីពីការសាងសង់មូលដ្ឋានទ័ពជើងទឹករាមនោះទេ។ លោកថា កម្ពុជាបានអនុញ្ញាតឲ្យតំណាងទូតបរទេសមួយចំនួនទៅពិនិត្យមើល នៅមូលដ្ឋានទ័ពជើងទឹកសមុទ្ររាម ខេត្តព្រះសីហនុទៀតផង។ លោកស្នើឲ្យប្រទេសដែលចោទប្រកាន់កម្ពុជាកន្លងមកផ្តល់យុត្តិធម៌ឲ្យកម្ពុជា៖
«កម្ពុជាបានផ្តល់ចម្លើយជាច្រើនដងមកហើយស្តីពីការអភិវឌ្ឍន៍នៅមូលដ្ឋានកងទ័ពរាម។អ្វីដែលយើងធ្វើនៅនោះមិនមែនទើបតែកើតឡើងនោះទេ តាមពិតមានការវាយតម្លៃរួចរាល់ហើយដើម្បីចូលរួមក្នុងបំណងផ្សេងៗមិនត្រឹមតែសន្តិសុខនិងការពារជាតិប៉ុណ្ណោះទេ ក៏ពាក់ព័ន្ធការសង្គ្រោះនៅសមុទ្រ»។
កន្លងមក ទោះបីកម្ពុជាបានអនុញ្ញាតឲ្យតំណាងស្ថានទូតបរទេសមានដូចជា អាមេរិកទៅពិនិត្យ ការសាងសង់មូលដ្ឋានទ័ពជើងទឹករាមក្តី ប៉ុន្តែដំណើរទៅពិនិត្យនោះ ធ្វើឡើងក្រោមការគ្រប់ គ្រងរបស់យោធាខ្មែរ ដោយមិនបានអនុញ្ញាតឲ្យពិនិត្យដោយសេរីនោះទេ។ ស្ថានទូតសហរដ្ឋអាមេរិកបានសុំទៅពិនិត្យជាលើកទីពីរ ប៉ុន្តែកម្ពុជាបានបដិសេធ។
ពាក់ព័ន្ធរឿងលទ្ធិប្រជាធិបតេយ្យវិញ លោកប្រធានាធិបតី Biden ក៏បានជំរុញឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បើកឡើងវិញនូវលំហរសេរីភាពពលរដ្ឋ និងនយោបាយនៅមុនការបោះឆ្នោតឆ្នាំ២០២៣ខាងមុខ។ លោកក៏បានអំពាវនាវឲ្យមានការដោះលែងសកម្មជនដែលត្រូវបានតុលាការឃុំខ្លួនពីបទចោទប្រកាន់នយោបាយរួមទាំងពលរដ្ឋខ្មែរអាមេរិកកញ្ញា សេង ធារី ផងដែរ។ លោកប្រធានាធិបតី បៃឌិន (Biden) បានរំលឹកឡើងវិញនូវការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះប្រជាជនកម្ពុជា និងបំណងប្រាថ្នារបស់ពលរដ្ឋខ្មែរដែលចង់ឃើញកម្ពុជាមានការរីកចម្រើន ប្រជាធិបតេយ្យ និងឯករាជ្យ។
ក្នុងជំនួបដដែលនោះ លោកប្រធានាធិបតី Biden ក៏បានពិភាក្សាអំពីវិបត្តិនៅក្នុងប្រទេសភូមា និងការឆ្លើយតបរបស់អាស៊ាន ដោយគូសបញ្ជាក់ថា សហគមន៍អន្តរជាតិមានតួនាទីសំខាន់ក្នុងការលើកកម្ពស់ការវិលត្រឡប់ទៅរកលទ្ធិប្រជាធិបតេយ្យ និងស្ថិរភាពនៅក្នុងប្រទេសភូមា និង អាមេរិកគាំទ្រចំពោះការឯកភាពប្រាំចំណុចរបស់អាស៊ានស្តីពីវិបត្តិភូមា។
ដោយឡែកក្នុងកិច្ចប្រជុំអាស៊ាន-អាមេរិកវិញ ប្រធានាធិបតីអាមេរិកលោក ចូ បៃឌិន (Joe Biden) ក៏បានបញ្ជាក់ពីសារៈសំខាន់នៃទំនាក់ទំនងភាពជាដៃគូរវាងសហរដ្ឋអាមេរិក និងអាស៊ាន ដែលជាយុទ្ធសាស្ត្រ របស់រដ្ឋាភិបាលអាមេរិក និងតំបន់ (Indo pacific) ជាជំហានសំខាន់ ដើម្បីកសាង និងអភិវឌ្ឍន៍ ក្នុងប្រទេសជាសមាជិកអាស៊ាន៖
«យើងរួបរួមគ្នាដោះស្រាយបញ្ហាដ៏សំខាន់បំផុតក្នុងយុគសម័យរបស់យើង ចាប់ពីការប្រែប្រួលអាកាសធាតុ រហូតដល់សន្តិសុខ សុខភាព ការពារប្រឆាំងនឹងការគម្រាមកំហែងសំខាន់ៗនៃសណ្តាប់ធ្នាប់ ដែលផ្អែកលើច្បាប់ ការគំរាមកំហែងដល់នីតិរដ្ឋ និងដើម្បីកសាងឥណ្ឌូ-ប៉ាស៊ីហ្វិក ដែលមានលក្ខណៈសេរី និងបើកចំហ ស្ថិរភាព និងវិបុលភាព និងសុវត្ថិភាព»។
លោកបន្តថា អាមេរិកកំពុងដាក់ធនធានពិតប្រាកដនៅពីក្រោយវិធីសាស្រ្តថ្មីនេះ គឺ មិនមែនគ្រាន់តែជាការបញ្ចេញវោហាសាស្ត្រចោលនោះទេ។ ក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះ អាមេរិកបានប្រកាសពីគំនិតផ្ដួចផ្ដើមថ្មីជាមួយអាស៊ានក្នុងទឹកប្រាក់ជាង ២៥០ លានដុល្លារ ហើយសម្រាប់ឆ្នាំ ២០២៣ ខាងមុខនេះ លោក បៃឌិន (Biden) នឹងស្នើផ្តល់ជំនួយចំនួន ៨២៥លានដុល្លារ សម្រាប់តំបន់អាស៊ីអាគ្នេយ៍។លោកថា សហរដ្ឋអាមេរិក បន្តកសាងនូវវឌ្ឍនភាព ដោយធ្វើតាមការប្តេជ្ញាចិត្ត និងដាក់ចេញនូវគំនិតផ្តួចផ្តើមថ្មីៗជាក់ស្តែង ដើម្បីពង្រឹងអាស៊ាន និង បង្កើនការតភ្ជាប់នៅទូទាំងតំបន់អាស៊ីអាគ្នេយ៍។ លោក ចូ បៃឌិន (Joe Biden) នឹងចាកចេញពីកម្ពុជានៅថ្ងៃទី១៣ ខែវិច្ឆិកានេះ ដើម្បីទៅចូលរួមកិច្ចប្រជុំកំពូល G20 នៅប្រទេសឥណ្ឌូណេស៊ី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។