ពលរដ្ឋជានៅតាមបណ្ដោយព្រំដែនខេត្តស្វាយរៀងជួលដីស្រែច្រើនហិកតារឱ្យវៀតណាម
2023.06.22
ដីស្រែរបស់ពលរដ្ឋជាច្រើនហិកតារនៅតាមបណ្ដោយព្រំដែនខេត្តស្វាយរៀង នៅតែបន្តជួលឱ្យជនជាតិវៀតណាមយកធ្វើកសិកម្ម ដោយពុំមានអាជ្ញាធរទប់ស្កាត់។ សង្គមស៊ីវិលថា នេះជាភាពកម្សោយរបស់អាជ្ញាធរ ដែលមិនអនុវត្តតាមសារាចរណែនាំរបស់ក្រសួងមហាផ្ទៃ ឱ្យមានប្រសិទ្ធភាព។
នៅចម្ងាយ ៣ ទៅ ៤គីឡូម៉ែត្រពីផ្ទះពលរដ្ឋ តាមបណ្ដោយព្រំដែនខ្មែរ-វៀតណាម មានទិដ្ឋភាពការធ្វើកសិកម្ម យ៉ាងខៀវស្រងាត់ពោរពេញដោយចម្ការអំពៅ និងដំណាំផ្សេងៗ រាប់ម៉ឺនហិកតារ ដែល ហ៊ុមព័ទ្ធទៅដោយរបងលួស បានយ៉ាងត្រឹមត្រូវ។ ជានិច្ចកាលមានឡាន-ម៉ូតូ ពាក់ស្លាកលេខវៀតណាមបើកបរចេញចូលនៅតំបន់នោះជាញឹកញាប់ ហើយពុំឃើញមានអាជ្ញាធរខ្មែរណា ចាំត្រួតពិនិត្យមកលើអ្នកទាំងនោះឡើយ។
ករណីនេះ ពលរដ្ឋខ្មែរភាគច្រើនរស់នៅឃុំគគីរសោម ឃុំព្រៃតាអី ឃុំពពែត និង ឃុំមនោរម្យ ស្រុកស្វាយទាប អះអាងស្រដៀងគ្នាថា ឡាន-ម៉ូតូបើកបរចូលដោយសេរីនៅលើដីខ្មែរនោះ គឺភាគច្រើនជាថៅកែ និងកម្មករវៀតណាម ដែលពួកគេមកមើលចម្ការអំពៅ និងដំណាំផ្សេងៗ នៅលើដី ដែលវៀតណាមបានជួលពីពលរដ្ឋខ្មែរធ្វើកសិកម្ម។ រីឯដី ដែលនៅសល់តិចតួចរបស់ពលរដ្ឋខ្មែរ ពុំឃើញមានធ្វើកសិកម្មនោះទេ។
ពលរដ្ឋខ្មែរនៅជាប់ព្រំដែន ក្នុងឃុំព្រៃតាអី ស្រុកស្វាយទាប លោក ហេង មនោរម្យ ឡើងថា ពលរដ្ឋស្ទើរ ៩០ភាគរយ បានជួលដីឱ្យជនវៀតណាមក្នុងតម្លៃធូរថ្លៃ ដើម្បីដាំអំពៅ និងដាំដំឡូងមីជាដើម។ ការជួលដីឱ្យវៀតណាមជារាងរាល់ឆ្នាំនេះ ព្រោះពួកគាត់ពុំមានលទ្ធភាពធ្វើកសិកម្មដោយខ្លួនឯង។ ចំណែកអាជ្ញាធរពាក់ព័ន្ធក្នុងមូលដ្ឋាន ក៏ពុំដែលហាមឃាត់ពលរដ្ឋមិនឱ្យជួលដីឱ្យវៀតណាមនោះដែរ។
លោក ហេង មនោរម្យ៖ «ប្រជាពលរដ្ឋមួយចំនួនគាត់និយាយថា ក្រុមហ៊ុនរបស់ខ្មែរ គ្រាន់តែអ្នកបច្ចេកទេសវៀតណាមមកធ្វើទេ។ តែធាតុពិត មិនមែនដូច្នេះទេ ព្រោះខ្ញុំហ៊ានថា ដីនេះគឺជាដីរបស់ក្រុមហ៊ុន វៀតណាមអ្នកជួល គឺដោយសារយកលុយ ដុង (Dong) មកជួលទាំងអស់មិនមែនលុយខ្មែរទេ។ បើក្រុមហ៊ុនរបស់ខ្មែរ គឺប្រើលុយខ្មែរហើយ ឬក៏ជាលុយដុល្លារ ប៉ុន្តែនេះជាលុយ ដុង (Dong) ទាំងអស់។ ១ហិកតារទៅ៦លាន ទៅ ៨លានលុយដុង»។
ទាក់ទិននឹងបញ្ហាជួលដីឱ្យជនបរទេសនៅតាមបណ្ដោយព្រំដែននេះ កាលខែមីនា ឆ្នាំ២០២១ កន្លងទៅ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានណែនាំទៅអាជ្ញាធរនៅតាមព្រំដែនទាំងអស់ ត្រូវហាមពលរដ្ឋកុំឱ្យជួលដីស្រែ ឱ្យទៅវៀតណាមបន្តទៀត ដោយលោកបារម្ភថា ការជួលដីនេះនឹងបង្កជាទំនាស់ដីធ្លី ដែលមានភាពស្មុគស្មាញនៅតាមព្រំដែន។
លោក ស ខេង៖ «កន្លងទៅ វាមានបញ្ហាទាក់ទងការគ្រប់គ្រង អាហ្នឹងវាពាក់ព័ន្ធនឹងបូរណភាពទឹកដីដែរ គឺថាប្រជាពលរដ្ឋគាត់ជួលដីនៅតាមព្រំដែន គាត់អត់ធ្វើទេ គាត់ជួលយកលុយ វាស្រួល ប៉ុន្តែ វាក៏មិនស្រួលដែរ នៅពេលយូរៗ ទៅ ដែលគាត់ [វៀតណាម] ថា គាត់មកនៅលើដីហ្នឹងយូរហើយ ដូច្នេះដោះមិនងាយចេញទេ នេះហើយជាបញ្ហា។ អ៊ីចឹងហើយមិនត្រូវទេ អត់មានសិទ្ធិទេ ខ្ញុំគិតថា វាអាសិទ្ធិជួលហ្នឹង ខ្ញុំមិនដឹងទេ អ្នកណាសម្រេចទេ ប៉ុន្តែសុំសិក្សាឱ្យបានមែនទែន សិទ្ធិជួលអ៊ីចឹងៗ អត់ឱ្យជួលទេ។ អាហ្នឹងអត់បានទេ ជួលយូរៗ ទៅគាត់ថា អាហ្នឹងដីគាត់ មកធ្វើយូរហើយ នេះជាបញ្ហា»។
ពលរដ្ឋម្នាក់រស់នៅភូមិឃុំព្រែតាអី ស្រុកស្វាយទាប លោក ហេង មនោរម្យ លើកឡើងថា ប្រជាពលរដ្ឋភាគច្រើនសម្រេចជួលដីឱ្យវៀតណាម ក្នុងមួយគ្រួសារ ២ហិកតារ ទៅ ៣ហិកតារ និងដីខ្លះទៀតជារបស់ទាហាន និងក្រុមឈ្មួញដែលបានទិញដីពលរដ្ឋជួលឱ្យទៅវៀតណាមផងដែរ។ លោកបន្តថា ការជួលដីនេះមានកិច្ចសន្យាក្នុងមួយអាណត្តិ ៣ឆ្នាំ។ រីឯតម្លៃជួលដីវិញ ១ហិកតារក្នុងមួយឆ្នាំ ទទួលបានប្រាក់ត្រឹមតែជាង ១លានរៀលស្មើ ២៥០ដុល្លារប៉ុណ្ណោះ។
លោក ហេង មនោរម្យ៖ «ខ្ញុំស្នើសុំទៅឱ្យគាត់ជួយចុះពិនិត្យមើល និងណែនាំមន្ត្រី ដែលពាក់ព័ន្ធនៅទីនេះ ហាមឃាត់កុំឱ្យជួលដីព្រំដែនទាំងម្ដង ព្រោះអីកាលដែលគាត់ចេញការណែនាំហើយ នៅតែមានជួយដីនៅតាមបណ្ដោយព្រំដែនហ្នឹងដដែល»។
ប្រជាពលរដ្ឋភាគច្រើនហាក់ភ័យខ្លាចក្នុងការផ្ដល់ព័ត៌មាន ពាក់ព័ន្ធការជួលដីឱ្យវៀតណាម ព្រោះបារម្ភពីសុវត្ថិភាព។ តែយ៉ាងណាពលរដ្ឋនៅឃុំគគីរសោម ឃុំព្រៃតាអី ឃុំពពែត និងឃុំមនោរម្យ ស្រុកស្វាយទាបបានអះអាងដោយស្ងាត់ៗ ថា បច្ចុប្បន្ន ពុំឃើញមានថៅកែវៀតណាមមកជួលដីពីពលរដ្ឋខ្មែរ ដោយផ្ទាល់ដូចមុនទេ ប៉ុន្តែ មានតំណាងក្រុមហ៊ុនខ្មែររបស់លោក កុយ សារ៉េន ជាអ្នកចេញមុខជំនួសឱ្យវៀតណាម។
ដោយឡែកលោក គុយ សារ៉េន ដែលពលរដ្ឋស្គាល់ជាអ្នកជួលដី នៅតាមព្រំដែនខ្មែរ-វៀតណាម ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១៩ ខែមិថុនាថា រូបលោកពិតជាបានជួលដីពីពលរដ្ឋនៅតំបន់ព្រំដែន ហើយមានឯកសារត្រឹមត្រូវស្របតាមច្បាប់។ លោកបានបដិសេធចំពោះការចោទប្រកាន់ដែលថា លោកគឺ ជាអ្នកតំណាងឱ្យក្រុមហ៊ុនវៀតណាម ក្នុងការជួលដីពីពលរដ្ឋ។ លោកថា នោះជារឿងមិនពិតព្រោះការជួលដី របស់លោកជិត ៣០ឆ្នាំនេះ ជាការវិនិយោគដោយខ្លួនឯងផ្ទាល់។
លោក គុយ សារ៉េន៖ «ខ្ញុំសូមបញ្ជាក់ជូនណាបង បងសម្ភាសន៍អីក៏ដោយសម្ភាសន៍ទៅ!ប៉ុន្តែខ្ញុំមិនមែនជាអ្នកល្បែងនយោបាយទេ។ ខ្ញុំជាប្រជាជនខ្មែរ ហើយខ្ញុំមានឆន្ទៈក្នុងការអភិវឌ្ឍក្នុងតំបន់ដែរ។ ខ្ញុំមិនមែនថាពាក្យជួលតំណាងទេ ព្រោះពួកគាត់អត់បានយល់ស៊ីជម្រៅរបស់គេទេ ហើយគាត់ដើរតែនិយាយអ៊ីចឹងម៉េចកើត គេមានលិខិតសន្យា លិខិតស្នាមត្រឹមត្រូវ»។
ក្រុមអង្គការសង្គមស៊ីវិល បង្ហាញក្តីបារម្ភចំពោះបញ្ហានេះ ហើយចាត់ទុកថា ជាអាណានិគមបែបថ្មីដែលគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់បូរណភាពទឹកដីកម្ពុជា ពីសំណាក់ប្រទេសជិតខាងតាមរយៈយុទ្ធសាស្ត្រថ្មី ដែលយកតំណាងក្រុមហ៊ុនខ្មែរចេញមុខជំនួស។ ទោះបែបនេះក្ដី អ្នកឃ្លាំមើលថា នេះ គឺជាការរៀបចំទុកជាយូរណាស់មកហើយ ដើម្បីបំភ័ន្តភ្នែកសាធារណៈជន កុំឱ្យមានការរិះគន់។
ចំណែកពលរដ្ឋម្នាក់ទៀត រស់នៅភូមិឃុំពពែត ស្រុកស្វាយទាប សុំមិនបញ្ចេញឈ្មោះលើកឡើងថា ការជួលដីរបស់ពលរដ្ឋទៅឱ្យវៀតណាម តាមរយៈឈ្មួញកណ្ដាល ដែលតាំងខ្លួនជាជនជាតិខ្មែរនោះ គឺគ្រាន់តែបំភ័ន្តភ្នែក តែជាក់ស្ដែងរោងចក្រ និងកម្មករនៅតំបន់ចម្ការអំពៅ គឺសុទ្ធសឹងតែជាជនជាតិវៀតណាម។ លោកទទូចឱ្យអាជ្ញាធរមូលដ្ឋាន គួរតែពង្រឹងការអនុវត្តច្បាប់ឱ្យបានតឹងរ៉ឹង បើពុំនោះទេ បញ្ហាបាត់បង់បូរណភាពទឹកដី ដែលកើតចេញពីជាការឈ្លានពានបែបថ្មីពីប្រទេសជាតិខាង នៅតែមានជាបន្តបន្ទាប់។
«ខ្ញុំព្រួយបារម្ភខ្លាចមានការរំកិលចូលដីខ្មែរអ៊ីចឹងណ៎ា! ដោយសារនៅនេះសុទ្ធតែចម្ការអំពៅរបស់វៀតណាម នៅពីក្រោយៗ ផ្ទះពលរដ្ឋ ហើយកន្លែងដែលវាមកនៅហ្នឹងចេះតែពង្រីកៗ ជាពិសេស កន្លែងដែលបោះទីតាំងរោងចក្រ។ ការជួលដីចេះតែបន្តកើតមានរហូត អស់មួយអាណត្តិទៅមួយអាណត្តិ បន្តរហូតអ៊ីចឹង»។
ទាក់ទងនឹងបញ្ហានេះ មេឃុំព្រៃតាអីស្រុកស្វាយទាប លោក ណឹម ផល្លា លើកឡើងថា បញ្ហាជួលដីរបស់ពលរដ្ឋឱ្យទៅវៀតណាម ពុំមាននោះទេ ប៉ុន្តែដីស្រែរបស់ពលរដ្ឋខ្មែរស្ទើរតែអស់ នៅតាមព្រំដែន គឺពួកគាត់បានជួលឱ្យទៅក្រុមហ៊ុនខ្មែររបស់លោក កុយ សារ៉េន ដែលជាជនជាតិខ្មែរសុទ្ធសាធ។ ចំណែកពលរដ្ឋខ្លះទៀត គាត់ទុកដីស្រែសម្រាប់ដាំដំណាំអាស្រ័យផលខ្លួនឯង។
លោក ណឹម ផល្លា៖ «សារាចរ (ក្រសួងមហាផ្ទៃ) នោះក៏ខ្ញុំបានឃើញដែរ គ្រាន់ថា ការជួលនេះ ដូចខ្ញុំបានជម្រាបជូន ការជួលនេះ គឺជាក្រុមហ៊ុនខ្មែរទេ ក្រុមហ៊ុនលោក កុយ សារ៉េន ដែលធ្វើកិច្ចសន្យាជាមួយឃុំ តែបើជាវៀតណាមខ្ញុំមិនស៊ីញេឱ្យទេ»។
ទោះជាយ៉ាងណា ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជានៅប្រទេសន័រវែស (Norway) លោក ម៉ែន ណាត លើកឡើងថា មូលហេតុការជួលដីឱ្យវៀតណាមនៅតែកើតមានជាហូរហែនេះ ដោយសារអាជ្ញាធរមិនព្រមអនុវត្តទៅតាមសារាចររបស់ក្រសួងមហាផ្ទៃឱ្យបានត្រឹមត្រូវស្របពេលដែលវិធានការតាមដានការអនុវត្តមិនមានប្រសិទ្ធភាព។
លោក ម៉ែន ណាត៖ «យើងព្រួយបារម្ភពីបូរណភាពទឹកដីយើង ពីព្រោះវាមានទាំងករណីជួលនិងទិញលក់តាមផ្លូវច្បាប់ គឺមិនអនុញ្ញាតឱ្យមានការជួលដី និងការអនុញ្ញាតឱ្យទិញលក់ដីនៅតាមជាយដែនទេ ពីព្រោះអាហ្នឹង វាពាក់ព័ន្ធនឹងបូរណភាពជាតិ ជាពិសេស ជនបរទេសដែលជាប្រទេសជិតខាងយើង»។
កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៥ ក្រសួងមហាផ្ទៃបានចេញលិខិតមួយច្បាប់ស្នើឲ្យអភិបាលខេត្តដែលគ្រប់គ្រងតំបន់មានព្រំដែនជាប់នឹងប្រទេសវៀតណាម ឡាវ និងថៃធ្វើការស្រាវជ្រាវ និងត្រួតពិនិត្យឲ្យបានច្បាស់លាស់ពីដីធ្លីរបស់ប្រជាពលរដ្ឋខ្មែរនៅតាមតំបន់ព្រំដែន ដែលជួលទៅឲ្យប្រជាពលរដ្ឋនៃប្រទេសជិតខាង ដើម្បីសំដៅរក្សាការពារឲ្យបាននូវបូរណភាពទឹកដី និងអធិបតេយ្យជាតិ។
លិខិតរបស់ក្រសួងមហាផ្ទៃ ក៏អំពាវនាវឲ្យពលរដ្ឋឈប់ជួលដីទៅកសិករប្រទេសជិតខាងព្រោះថាករណីជួលដីខ្លះ ពុំមានរៀបចំឯកសារគតិយុត្តិ ឬកិច្ចសន្យាជួលឲ្យបានត្រឹមត្រូវតាមផ្លូវច្បាប់ឡើយ ដែលធ្វើអោយប្រជាពលរដ្ឋខ្មែរម្ចាស់ដីបាត់បង់នូវផលប្រយោជន៍ នៅពេលមានវិវាទកើតមានឡើង។
ពលរដ្ឋ និងសង្គមស៊ីវិលទទូចឱ្យអាជ្ញាធរដកហូតដីជួលពីវៀតណាមមកវិញឱ្យបានឆាប់ ហើយបង្រៀនពលរដ្ឋតាមព្រំដែនពីការធ្វើកសិកម្ម និងស្វែងរកទីផ្សារឱ្យបានត្រឹមត្រូវ ដើម្បីពួកគាត់អាចមានជំនាញធ្វើកសិកម្ម និងអាចចរកចំណូលចិញ្ចឹមជីវិតដោយខ្លួនឯង។ ករណីនេះពលរដ្ឋថា ជាផ្នែកមួយដែលពួកគាត់អាចជៀសវាំងការជួលដីទៅជនបរទេសបន្តទៅទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។