មន្ត្រីបក្សប្រឆាំង ៣រូប នៅខេត្តបាត់ដំបងបានបង់ប្រាក់ផាកពិន័យករណីយុទ្ធនាការម្រាមដៃស្អាតទៅ គ.ជ.ប
2019.01.18
តំណាងមន្ត្រីគណបក្សប្រឆាំងប្រចាំខេត្តបាត់ដំបងចំនួន ៣នាក់ ដែលជាប់បណ្ដឹងក្នុងសំណុំរឿងធ្វើយុទ្ធនាការម្រាមដៃស្អាតបានទៅបង់ផាកពិន័យនៅគណៈកម្មការរៀងចំការបោះឆ្នោតខេត្តនេះកាលពីព្រឹកថ្ងៃទី១៨ មករា។ ការបង់ប្រាក់នេះដោយសារ គ.ជ.ប ព្រមានចាត់វិធានការផ្លូវច្បាប់ទៅលើពួកគេ បន្ទាប់ពីមិនបានបង់ប្រាក់តាមការកំណត់។
តំណាងមន្ត្រីគណបក្សសង្គ្រោះជាតិទាំង ៣រូប ប្រចាំខេត្តបាត់ដំបង លោក សួន ចំរើន ថ្លែងប្រាប់អាស៊ីសេរីឲ្យដឹងនៅព្រឹកថ្ងៃទី១៨ មករាថា លោកបានប្រគល់ប្រាក់ផាកពិន័យចំនួន ២០លានរៀលជូនទៅគណៈកម្មការរៀបចំការបោះឆ្នោតខេត្តបាត់ដំបងគ្រប់ចំនួនអស់ហើយ។ ទោះជាយ៉ាងណា ក្ដី លោកថា សំណុំរឿងនេះ ជារឿងអយុត្តិធម៌មកលើអ្នកទាំង ៣រូប ព្រោះពួកគាត់មិនមានកំហុសដូចការចោទប្រកាន់នោះទេ ក៏ប៉ុន្តែការបង់ប្រាក់នេះ ដោយសារមិនចង់ឲ្យមានបញ្ហាតទៅមុខទៀត ព្រោះបើសិនប្ដឹងក៏មិនសង្ឃឹមឈ្នះក្ដី ព្រោះនរណាៗ ក៏ដឹងដែរថា ស្ថាប័នតុលាការមិនមានឯករាជ្យ គឺស្ថិតនៅក្រោមសម្ពាធនៃរបបលោក ហ៊ុន សែន៖ «ដោយសារលុយច្រើនពេក ដូច្នេះពួកគាត់ត្រូវការប្រមែប្រមូលលុយ ហើយទើបតែគ្រប់ចំនួន ក៏នាំគ្នាទៅបង់ប្រាក់នៅថ្ងៃនេះវាហួសថ្ងៃចំនួន ៥ថ្ងៃ ខាងលេខាធិការរៀបចំការបោះឆ្នោតខេត្តក៏បានទូរស័ព្ទទៅ គ.ជ.ប ដើម្បីការអនុញ្ញាតឲ្យគេសម្រេចឲ្យទទួលលុយនឹងទៅ។ រឿងនេះវាបញ្ហាអំពីការដែលងាយរងគ្រោះ ចំពោះពលរដ្ឋទន់ខ្សោយនៅពេល ដែលមន្ត្រីបក្សកាន់អំណាច ឬអាជ្ញាធររបបនេះមានបំណងចោទប្រកាន់អីពួកគាត់ត្រូវរងគ្រោះនឹងទង្វើមួយចំនួនដែលពួកគាត់មិនដឹងខ្លួន»។
កាលពីថ្ងៃទី១៣ ធ្នូកន្លងទៅប្រធាន គ.ជ.ប លោក ស៊ិក ប៊ុកហុក បានចេញលិខិតបង្គាប់ឲ្យមន្ត្រីគណបក្សប្រឆាំងចំនួន ៣រូប ដែលជាប់ក្នុងសំណុំរឿងធ្វើយុទ្ធការម្រាមដៃស្អាតនៅបាត់ដំបង ប្រញាប់ទៅបង់ប្រាក់ផាកពិន័យនៅគណៈកម្មការរៀបចំការបោះឆ្នោតខេត្តបាត់ដំបង ឬនៅទីស្ដីការគ.ជ.ប យ៉ាងយូរ ៣០ថ្ងៃ។ ក្នុងករណីមិនបានបង់ប្រាក់ផាកពិន័យតាមការកំណត់ គ.ជ.ប នឹងអនុវត្តការផាកពិន័យនេះទៅតាមច្បាប់។
គ.ជ.ប បានផាកពិន័យលោក ជា ជីវ ជាប្រាក់ ១០លានរៀល ចំណែកមន្ត្រីបក្សប្រឆាំងពីររូបទៀត គឺលោក ថោង សារឿន និងលោក គ្រុយ គឹមសាំង ពិន័យ ប្រាក់ ៥លានរៀល។
អាស៊ីសេរីមិនអាចទាក់ទងប្រធានលេខាធិការគណៈកម្មការរៀបចំការបោះឆ្នោតខេត្តបាត់ដំបងលោក វន ពន ដើម្បីសុំអត្ថាធិប្បាយបន្ថែមជុំវិញបញ្ហានេះបានទេនៅថ្ងៃទី១៨មករា ដោយលោកមិនទទួលទូរស័ព្ទ។
ប៉ុន្តែលោក វន ពន បានចុះហត្ថលេខាលើលិខិតទទួលប្រាក់ផាកពិន័យពីលោក សួន ចំរើន តំណាងឲ្យមន្ត្រីគណបក្សប្រឆាំង ៣រូប ចំនួនទឹកប្រាក់ ២០លានរៀននៅថ្ងៃទី១៨ មករា។
កាលពីថ្ងៃទី១៤ មករា លោក វន ពន មានប្រសាសន៍ប្រាប់អាស៊ីសេរីថា ថ្ងៃផុតកំណត់ឱសានវាទការបង់ប្រាក់ផាកពិន័យនៅថ្ងៃទី១៣ មករា ហើយ គ.ជ.ប និងបញ្ជូនសំណុំរឿងនេះទៅតុលាការដើម្បីចាត់ការតាមផ្លូវច្បាប់បន្តទៀតក្នុងពេលឆាប់ៗ ដោយមិនទុកឲ្យអ្នកទាំង៣រូបរួចខ្លួននោះទេ។
មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្ស អាដហុក (Adhoc) ខេត្តបាត់ដំបងលោក យិន ម៉េងលី លើកឡើងថា រឿងនេះមន្ត្រីគណបក្សប្រឆាំងគ្មានកំហុសទេ ព្រោះការជួបជុំគ្នាលើកម្រាមដៃគឺជាការបញ្ចេញមតិរបស់ពលរដ្ឋ៖ «កាលណាយើងយកសេរីភាពការបញ្ចេញមតិនេះមករឹតត្បិតដោយច្បាប់ គឺមិនមែនជាប្រទេសប្រជាធិបតេយ្យទេ ដូចក្នុងករណីនេះជាក់ស្ដែងដូច្នេះដែរ ហើយធ្វើឲ្យមានការរិះយ៉ាងច្រើនពីមហាជន ហើយអ្នកច្បាប់ក៏គេថាវាមិនមែនជាបទល្មើសទេ ក៏ប៉ុន្តែបញ្ហានេះ គឺជាបញ្ហានយោបាយ ដូច្នេះវាមានបញ្ហាលំបាកនៅក្នុងការអនុវត្តច្បាប់ បើសិនជាពាក់ព័ន្ធនឹងច្បាប់សុទ្ធយើងស្រួលក្នុងនិយាយដោះស្រាយតាមផ្លូវ តែបញ្ហានយោបាយ គឺដាច់ខាតមិនអាចដោះស្រាយតាមផ្លូវច្បាប់បានទេ»។
គ.ជ.ប បានសម្រេចផាកពិន័យមន្ត្រីបក្សទាំង ៣នាក់ បន្ទាប់ពីពួកគេបានបង្ហោះ រូបភាពលើកម្រាមចង្អុលដៃ ជានិមិត្តរូបនៃការធ្វើពហិការមិនទៅបោះឆ្នោត នៅតាមបណ្ដាញសង្គម Facebook។ ប៉ុន្តែអ្នកច្បាប់ចាត់ទុកថា ទង្វើនេះ ជាការអនុវត្តសិទ្ធិបញ្ចេញមតិរបស់ពលរដ្ឋ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ មិនមានអ្វីខុសច្បាប់នោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។