អ្នកវិភាគ៖ ប្រជាប្រិយបក្សកាន់អំណាចនឹងធ្លាក់ចុះបើលុបចោលក្រុមភាគតិចភាគច្រើនក្នុងសភា
2017.01.20
![សម រង្ស៊ី កឹម សុខា ហ៊ុន សែន ៦១០ សម រង្ស៊ី កឹម សុខា ហ៊ុន សែន ៦១០](https://www.rfa.org/khmer/news/politics/cnrp-cpp-07222014231424.html/sen-sy-car610.jpg/@@images/29a46126-a393-4c18-8c8f-1b931c1a2103.jpeg)
តាមការគ្រោងទុកគណៈកម្មាធិការអចិន្ត្រៃយ៍របស់រដ្ឋសភានឹងពិនិត្យលើសេចក្ដីស្នើសុំរបស់សមាជិកសភាពីខាងបក្សកាន់អំណាច នៅថ្ងៃច័ន្ទ ទី ២៣ ដើមសប្ដាហ៍ក្រោយនេះហើយ។ មេដឹកនាំបក្សប្រឆាំងចំអកថា នេះជាមធ្យោបាយដើរដល់ផ្លូវទាល់ច្រករបស់លោក ហ៊ុន សែន ដែលព្យាយាមបំបែកបក្សប្រឆាំងមិនបាន ហើយងាកទៅលុបចោលអ្វីៗគ្រប់បែបយ៉ាងដូចនេះទៅវិញ។
អ្នកនាំពាក្យរដ្ឋសភាបញ្ជាក់ជំហរថា ចំនួនសមាជិកត្រឹម ៥០រូបប៉ុណ្ណោះ ល្មមគ្រប់គ្រាន់ក្នុងការអនុម័តបានហើយ។
អ្នកវិភាគនយោបាយមើលឃើញថា ការសម្រេចលុបចោលមតិភាគតិច និងមតិភាគច្រើនរបស់គណបក្សប្រជាជនកម្ពុជា ដែលធ្លាប់មានជាមួយបក្សប្រឆាំងនេះ វាគឺជាការដើរសម្លាប់ជីវិតនយោបាយរបស់បក្សកាន់អំណាចទៅវិញទេ ខណៈដែលមានមន្ទិលសង្ស័យជាច្រើនលើអនុប្រធានបក្សប្រឆាំងថា អាចមានទំនោរនយោបាយមិនរឹងមាំ ឬត្រូវបានលោក ហ៊ុន សែន ទិញបាន ក្រោយសម្របសម្រួលនយោបាយកាលពីដើមខែធ្នូ ឆ្នាំ២០១៦។
ការរិះគន់របស់អ្នកវិភាគនយោបាយ និងសង្គមនៅពេលនេះ ស្របពេលសមាជិកសភាពីខាងបក្សកាន់អំណាចចំនួន ៥០រូប បានផ្ញើលិខិតរួមគ្នាទៅអគ្គលេខាធិការដ្ឋាននៃរដ្ឋសភា កាលពីថ្ងៃទី១៩ ខែមករា ស្នើឲ្យលុបចោលបទបញ្ជាផ្ទៃក្នុងរដ្ឋសភាត្រង់ប្រការ ៤៨ ថ្មី (បី)។ សំណើរបស់សមាជិកសភាពីបក្សកាន់អំណាច ដែលស្នើឲ្យប្រធានរដ្ឋសភាធ្វើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងរដ្ឋសភាត្រង់ប្រការ ៤៨ ថ្មី (បី) នេះធ្វើឡើងប្រមាណ ៤ថ្ងៃប៉ុណ្ណោះក្រោយពេលលោក ហ៊ុន សែន ប្រាប់កាសែតក្នុងស្រុកកាលពីថ្ងៃទី១៦ មករា ថា បើពិបាកដល់ការចរចារវាងបក្សទាំងពីរពេក លោកស្នើតាមរយៈរដ្ឋសភាត្រូវធ្វើវិសោធនកម្មចំណុចប្រការ ៤៨ ថ្មី (បី) នេះចេញ ដោយបកទៅប្រការ ៤៨ (ពីរ) ចាស់វិញ។
ទាក់ទិនរឿងនេះ អ្នកវិភាគនយោបាយ និងសង្គម លោក គឹម សុខ យល់ឃើញថា ការជ្រើសរើសវិធីរបស់បក្សកាន់អំណាចដូចនេះ ជាមធ្យោបាយជួយលាងភាពមន្ទិលសង្ស័យរបស់បក្សប្រឆាំងថា អាចបែកបាក់ផ្ទៃក្នុងឲ្យមានភាពស្អាតស្អំទៅវិញទេ។ ម្យ៉ាងទៀត យន្តការនេះជាការធ្វើឲ្យនយោបាយរបស់បក្សកាន់អំណាចកាន់តែចុះខ្សោយថែមទៀតផង៖ «គាត់ធ្វើហ្នឹងធ្វើឲ្យអ្នកខាងក្រោមមើលឃើញថា អូ! លោក កឹម សុខា ពីមុនមកដែលគេសង្ស័យថាបែបនេះបែបនោះហើយជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាប់ក្នុងក្លេ និងជាប់អន្ទាក់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយនឹងទៅជាជ្រះអស់ទៅវិញ។ ដូច្នេះខ្ញុំមើលឃើញថា វាជាការខាតបង់ធំ បរាជ័យធំ ឬក៏ភាពអស់លាក់ក្នុងល្បិចនយោបាយក្នុងការកម្ទេចនយោបាយគណបក្សសង្គ្រោះជាតិ ដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន»។
សេចក្ដីប្រកាសព័ត៌មានរបស់របស់រដ្ឋសភា នៅថ្ងៃទី២០ ខែមករា ឲ្យដឹងថា លោក ហេង សំរិន ប្រធានរដ្ឋសភានឹងដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា នៅថ្ងៃទី២៣ មករា ខាងមុខ។
មេដឹកនាំគណបក្សប្រឆាំង លោក សម រង្ស៊ី បានផ្ដល់បទសម្ភាសន៍ឲ្យអាស៊ីសេរី ដឹងកាលពីថ្ងៃទី១៨ មករា ថា ការជ្រើសរើសលុបចោលអ្វីៗគ្រប់បែបយ៉ាងនេះ បញ្ជាក់ថា លោក ហ៊ុន សែន អស់លទ្ធភាពបំបែកបក្សប្រឆាំងតទៅហើយ៖ «គេចង់បានលោក កឹម សុខា ចង់ឲ្យលោក កឹម សុខា បែកពី សម រង្ស៊ី។ ប៉ុន្តែ កឹម សុខា មិនព្រមបែកពី សម រង្ស៊ី។ អ៊ីចឹងម្ខាងទៀតគេខាងមែនហ្មង។ ខឹងទាំង សម រង្ស៊ី ខឹងទាំង កឹម សុខា និងខឹងទាំងគណបក្សសង្គ្រោះជាតិ ទាំងមូល»។
អាស៊ីសេរី ពុំអាចសុំការបំភ្លឺបន្ថែមពីអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានពីទេនៅថ្ងៃទី២០ មករា។
កាលពីដើមខែធ្នូ ឆ្នាំ២០១៦ តាមរយៈការសម្របសម្រួលនយោបាយ លោក កឹម សុខា ត្រូវបានសមាជិកសភាផ្ដល់សេចក្ដីទុកចិត្ត តែងតាំងជាប្រធានក្រុមមតិភាគតិចនៅក្នុងរដ្ឋសភា ដែលពីដើមតួនាទីនេះគឺជារបស់លោក សម រង្ស៊ី ទេ។
យ៉ាងណាអគ្គលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋសភាលោក ឡេង ប៉េងឡុង បញ្ជាក់ថា សំណើរបស់សមាជិកបក្សកាន់អំណាចទាំង ៥០រូបនេះ បានប្រគល់ដល់ដៃគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភារួចហើយ។ លោកបន្តថា ផ្អែកតាមនីតិវិធី ការស្នើសុំធ្វើវិសោធនកម្មនេះ គឺគ្រប់កូរ៉ុមក្នុងការអនុម័តហើយដែរ៖ «គណៈកម្មាធិការអចិន្ត្រយ៍នឹងប្រជុំថ្ងៃច័ន្ទ ដើម្បីបញ្ជូនទៅគណៈកម្មការជំនាញពិនិត្យសិក្សាតាមនីតិវិធី។ តាមច្បាប់មានតែ ៣១រូប អាចស្នើសុំធ្វើវិសោធនកម្មបានហើយ»។
បទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភាត្រង់កថាខណ្ឌទី៥ នៃប្រការ ៤៨ ថ្មី (បី) ចែងថា ប្រធានក្រុមតំណាងរាស្ត្របក្សនយោបាយក្រៅរដ្ឋាភិបាល ដែលមានអាសនៈនៅក្នុងរដ្ឋសភាចាប់ពី ២៥ភាគរយឡើងទៅ មានឈ្មោះថា ជាប្រធានក្រុមមតិភាគតិចនៅក្នុងរដ្ឋសភាហើយ។
បើទោះជាបែបនេះក្ ដីលោក ហ៊ុន សែន ប្រាប់កាសែតក្នុងស្រុកថា លក្ខខណ្ឌនេះគឺជាគំនិតផ្ដួចផ្ដើមរបស់លោក ។ ម្យ៉ាងវិញទៀត បើការចរចាដែលឈានទៅដល់ពិគ្រោះយោបល់លើកលែងអ្នកទោសដែលកិច្ចការនេះ កំពុងស្ថិតនៅក្នុងយុត្តាធិការរបស់តុលាការនៅឡើយផងនោះ គឺមិនបាច់ទុកទៀតទេ៕