អ្នកប្រើបណ្ដាញសង្គមហ្វេសប៊ុកនាំគ្នាសរសេរលើហ្វេសប៊ុករបស់ពួកគេ ដោយជំរុញទៅសមត្ថកិច្ចនៃរបបក្រុងភ្នំពេញ ឱ្យស្រាវជ្រាវរកជនដៃដល់ ដែលវាយចៅសង្កាត់កោះដាច់ លោក ស៊ិន បូណា និងសកម្មជនគណបក្សសង្គ្រោះជាតិផ្សេងទៀត។ ការជំរុញរបស់អ្នកប្រើហ្វេសប៊ុកនេះ ខណៈសមត្ថកិច្ចមិនទាន់បានចាប់ជនប្រព្រឹត្តិណាមួយយកផ្ដន្ទាទោសនៅឡើយទេ។
អ្នកប្រើបណ្ដាញសង្គមហ្វេសប៊ុកលើកឡើងថា ករណីជនដៃដល់ ដែលវាយចៅសង្កាត់កោះដាច់ លោក ស៊ិន បូណា ប្រហែលសមត្ថកិច្ចមិនពិបាករកមុខជនដៃដល់នោះទេ ព្រោះរូបថត ស្លាកលេខម៉ូតូជនប្រព្រឹត្តិ និងសកម្មភាពជនដៃដល់នោះមានកាំភ្លើងខ្លីនៅចង្កេះទៀតផង។ ចំណែកករណីបង្កហិង្សាលើសកម្មជនគណបក្សសង្គ្រោះជាតិផ្សេងទៀត ដែលភាគច្រើនកើតឡើងនៅទីសាធារណៈ ពួកគេថា ក៏មិនពិបាកស្រាវជ្រាវពេកដែរ ព្រោះភាគច្រើននៅតាមផ្លូវទីសាធារណៈមានបំពាក់កាមេរ៉ាសុវត្ថិភាពហើយនៅតាមហាង ឬផ្ទះមួយចំនួនក៏មានបំពាក់កាមេរ៉ាសុវត្ថិភាពដែរ។
ហ្វេសប៊ុកឈ្មោះ សាមឌី ស៊ី (Samedy Se) បានសរសេរថា សូមសមត្ថកិច្ចជួយរកយុត្តិធម៌ជូន លោក ស៊ិន បូណា ដែលត្រូវបានជនមិនស្គាល់មុខលបវាយ។ ម្ចាស់ហ្វេសប៊ុកដដែល ថែមទាំងបង្ហាញរូបភាព ដែលគេថតបានជនដែលបានប្រើហិង្សា ទៅលើចៅសង្កាត់មកពីខាងគណបក្សសង្គ្រោះជាតិថែមទាំងផង។
អ្នកប្រើហ្វេសប៊ុកម្នាក់ទៀតឈ្មោះ PHENG Heng ផែង ហេង ទាមទារឱ្យបញ្ចប់អំពើហិង្សា និងបញ្ឈប់ការបង្ហូរឈាមខ្មែរ។ ម្ចាស់ហ្វេសប៊ុកដដែលបន្តថា ហិង្សាមិនអាចបញ្ចប់ទំនាស់បានឡើយ។ លោកសរសេរពាក្យស្លោកមួយឃ្លាថា ទូកទៅកំពង់នៅ។
រីឯហ្វេសប៊ុកឈ្មោះ ករុណា ខ្មែរ បញ្ចេញទស្សនៈថា ស្រុកមានសន្តិភាព មានអារម្មណ៍ថា ឱ្យតែឃើញមនុស្សពាក់មួកសុវត្ថិភាពពីរនាក់ ជិះម៉ូតូ ឬដើរក្បែរ គិតថា អសុវត្ថិភាពភ្លាមម៉ង ទៅជាអ៊ីចឹងហើយឥឡូវ។
ហ្វេសប៊ុកផេកឈ្មោះ Dara Sorn លើកឡើងថា ជនដៃដល់មិនបាច់បិទមុខពាក់មួកក៏បានដែរ ព្រោះមេរបស់អ្នកមិនដាក់ទោសអ្នកទេ។
ស្រដៀងគ្នានេះដែរ ហ្វេសប៊ុកផេកឈ្មោះ Um Sam An លើកឡើងថា មានទាំងលេខម៉ូតូរបស់ជនល្មើស បើសមត្ថកិច្ច ចង់ចាប់ជនសង្ស័យជាការងាយស្រួលបំផុត ប៉ុន្តែម្ចាស់ហ្វេសប៊ុកផេកយល់ថា មើលទៅដូចជាគ្មានសង្ឃឹមទេ ហើយម្នាក់នេះអាចឡើងបុណ្យធំជាងមុន ដូចអង្គរក្សលោក ហ៊ុន សែន ដែលបានវាយតំណាងរាស្ត្រសង្គ្រោះជាតិ ត្រូវបានគេ ដំឡើងបុណ្យសក្ដិឱ្យទៅជាឧត្ដមសេនីយ៍។
ចៅសង្កាត់កោះដាច់មកពីគណបក្សសង្គ្រោះជាតិលោក ស៊ិន បូណា នៅរាជធានីភ្នំពេញ ត្រូវជនមិនស្គាល់មុខពីរនាក់ ធាក់ផ្ដួលម៉ូតូ និងយកដំបងដែកដេញវាយសំពងរហូតបាក់ដៃម្ខាង រងរបួសធ្ងន់កាលពីនៅថ្ងៃទី២៥ ខែកញ្ញានេះ។ ហេតុការណ៍ហិង្សានេះ បានកើតឡើងក្នុងពេលសកម្មជនគណបក្សប្រឆាំងរូបនេះ កំពុងជិះម៉ូតូតាមផ្លូវជាតិ៦A ម្តុំវត្តគៀនឃ្លាំង ស្ថិតក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ជនដៃដល់ពាក់មួកបិទមុខជិត និងមានកាំភ្លើងនៅចង្កេះទៀតផង។
លោក ស៊ិន បូណា ឱ្យអាស៊ីសេរីដឹង នៅថ្ងៃទី២៦ កញ្ញាថា ពេលនេះលោកចេញពីពេទ្យ ហើយកំពុងសម្រាកព្យាបាលនៅផ្ទះ។ លោក ស៊ិន បូណា ឱ្យដឹងទៀតថា ដៃរបស់លោកបាក់ឆ្អឹងអស់បីកំណាត់ ហើយពេលនេះ ស្មា និងខ្នងរបស់លោកឈឺចុកចាប់ខ្លាំង៖ «ដៃហ្នឹងវះកាត់អស់ បាក់បីកំណាត់កាលពីវាយហ្នឹងយើងអត់ដឹងថា ឈឺទេ ដល់ថ្ងៃនេះហើម ហើមតាំងពីស្មាលើដល់ចុងដៃ វាវាយបំបែកមួកដែរតែអត់បែកវាយមិនប៉ុន្មានដំបងបួនដប់ដំបងដែកវាហ្នឹង ប៉ុន្តែបានមួកអត់បែកបានជាវាវាយក តែខ្ញុំយកដៃរងអ៊ីចឹងបានបាក់ដៃខ្ញុំហ្នឹង»។
លោក ស៊ិន បូណា លោករៀបរាប់ថា មុនថ្ងៃកើតហេតុប្រហែល ១០ថ្ងៃ មានជនមិនស្គាល់មក លួចមើលផ្ទះរបស់លោក និងលួចថតស្លាកលេខឡានរបស់លោក។ លោកថា ពេលនេះលោកបានដាក់ប្ដឹងទៅសមត្ថកិច្ចរួចហើយ ហើយអាជ្ញាធរខណ្ឌជ្រោយចង្វារ ក៏បានមកសួរនាំលោកបន្ថែមដល់ផ្ទះ នៅថ្ងៃទី២៦ ខែកញ្ញា។ សកម្មជនគណបក្សប្រឆាំងរូបនេះ ស្នើទៅស្ថាប័នអនុវត្តច្បាប់រកជនប្រព្រឹត្តយកមកផ្ដន្ទាទោសច្បាប់៖ «សូមឱ្យអាជ្ញាធរដែនដីវែកមុខជនដៃដល់ផ្ដន្ទាទោសតាមផ្លូវច្បាប់ កុំឱ្យមានករណីនេះបន្តបន្ទាប់ទៀត ព្រោះកន្លងមកជនប្រព្រឹត្តិបានធ្វើបន្តបន្ទាប់មករហូត»។
ហ្វេសប៊ុកផេកឈ្មោះ សូរ សមយុទ្ធ ធ្វើការសន្និដ្ឋានលើករណី បង្កហិង្សាលើប្រធានក្រុមសន្តិសុខលោក សម រង្ស៊ី គឺ ពូក ចន្តា និងករណីលោក ស៊ិន បូណា ដោយលើកឡើងថា រឿងនេះអាចជាគំនុំបុគ្គល ប្រសិនបើកើតឡើងតែម្ដង ឬកើតឡើងពីរដង តែវិធីផ្សេងគ្នា លើមនុស្សមានប្រវត្តិខុសគ្នា។ ហើយបើកើត ក្នុងរយៈពេលគម្លាតយូរពីគ្នា ពី ១ខែ ទៅ ៣ខែ គឺអាចថា ជារឿងចៃដន្យ។
ម្ចាស់ហ្វេសប៊ុកផេកឈ្មោះ សូរ សមយុទ្ធ បន្តថា ករណីទាំងពីរនេះ ប្រើវីធីធ្វើដូចគ្នា គឺជិះម៉ូតូលួច វាយតាមផ្លូវពីក្រោយខ្នង ពីក្រោយក្បាល ដោយដែកបំពង់ទីប និងដែកស្វិត។ ពីរករណី ក្នុងរយៈពេល ៧២ម៉ោង ទៅលើក្រុមមនុស្ស ដែលធ្លាប់មានទំនាក់ទំនងនយោបាយ ឬជាអតីតសកម្មជនបក្សប្រឆាំង។
ម្ចាស់ហ្វេសប៊ុកផេកនេះយល់ថា ទង្វើនេះ ហាក់ពុំមែនជា គំនុំផ្ទាល់ខ្លួនទេ ហើយរឹតតែមិនមែនជាករណីលួចប្លន់ ព្រោះទ្រព្យសម្បត្តិមិនបាត់បង់ ប៉ុន្តែទំនងជាមាន "ក្រុមមនុស្ស ត្រូវបានបញ្ជាជាប្រព័ន្ធ ឱ្យអនុវត្តវិធីសាស្ត្របន្លាច ដោយវាយ ហើយរត់។
គិតត្រឹមថ្ងៃទី២៦ កញ្ញា ក្រៅតែពីសកម្មជនគណបក្សសង្គ្រោះជាតិនៅរាជធានី ភ្នំពេញចំនួន ១២នាក់ ដែលរងការលួចវាយធ្វើបាប ក៏មានសកម្មជនបក្សប្រឆាំងចំនួន ២៩នាក់ផ្សេងទៀត ត្រូវអាជ្ញាធររបបក្រុងភ្នំពេញចាប់ខ្លួនដាក់ពន្ធនាគារ និង ១៥៨នាក់ ត្រូវបានកោះហៅទៅសាកសួរផងដែរ។
អាស៊ីសេរីបានព្យាយាមសុំការបំភ្លឺពីអ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិលោក ឆាយ គឹមខឿន ចាប់តាំងពីថ្ងៃទី២៥ និងថ្ងៃទី២៦ ខែកញ្ញា ប៉ុន្តែទូរស័ព្ទចូលគ្មានអ្នកទទួល។
អ្នកនាំពាក្យនគរបាលរូបនេះបានប្រាប់សារព័ត៌មានក្នុងស្រុក (វិទ្យុបារាំងអន្តរជាតិ) ថា អាជ្ញាធរកំពុងធ្វើការស្រាវជ្រាវលើករណីនេះ។ អ្នកនាំពាក្យដដែល ស្នើឱ្យជនរងគ្រោះ ឬសាធារណៈ កុំប្រញាប់ធ្វើការសន្និដ្ឋាន និងទាញភ្ជាប់សំណុំទៅនឹងរឿងនយោបាយមុនការរកឃើញរបស់សមត្ថកិច្ច។
ទោះមានការលើកឡើងបែបនេះក្តី ប៉ុន្តែករណីហិង្សាលើលោក ស៊ិន បូណា ជាករណីទី១២ ហើយដែលជនដៃដល់វាយសំពងសកម្មជនគណបក្សប្រឆាំង ហើយគ្មានសំណុំរឿងមួយណាដែលសមត្ថកិច្ចបានរកឃើញជនប្រព្រឹត្តនោះទេ។
នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការ លីកាដូ (LICADHO) លោក អំ សំអាត លើកឡើងថា បើសមត្ថកិច្ចមិនអាចស្វែងរកអ្នកប្រព្រឹត្តិមកផ្ដន្ទាទោសបាននោះទេ សាធារណជននឹងរិះគន់ថា ករណីហិង្សានេះ គឺជាការធ្វើទុក្ខបុកម្នេញ និងជាការគំរាមកំហែង សកម្មជនគណបក្សប្រឆាំងដែលមានការរៀបចំជាប្រព័ន្ធ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។