នាវាចម្បាំងរបស់ប្រទេសចិន (China) ចំនួន ២គ្រឿងបានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុកាលពីថ្ងៃទី១៩ ខែឧសភា ខណៈសមយុទ្ធយោធាលើគោករវាងកងទ័ពនៃប្រទេសទាំងពីរកំពុងបន្តដំណើរការ។ ចំណែក អ្នកវិភាគលើកឡើងថា ការបញ្ជូននាវាចម្បាំងធ្វើសមយុទ្ធជាមួយកងទ័ពកម្ពុជា ចិនហាក់ចង់បង្ហាញឥទ្ធិពលយោធារបស់ខ្លួន ជាជាងផ្ដល់ប្រយោជន៍សម្រាប់កងទ័ពកម្ពុជា។
នាវាច្បាំងរបស់ចិន ២គ្រឿងដែលមានឈ្មោះ ឈីជីគ័ង (Qijiguang) និងជីងកាងស៊ាន (Jinggangshan) បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ត្រៀមចូលរួមសមយុទ្ធយោធា «នាគមាស» លើកទី៦។ ការចូលចតនេះមានរយៈពេល ៥ថ្ងៃ គឺចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៣ ខែឧសភា។
ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោក វ៉ាង វិនធាន (Wang Wentian) ដែលចូលរួមទទួលស្វាគមន៍នាវាចម្បាំងចិនចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កាលពីថ្ងៃទី១៩ ខែឧសភា បានប្រាប់ក្រុមអ្នកសារព័ត៌មានថា កិច្ចសហប្រតិបត្តិការរវាងកងទ័ពចិន និងកម្ពុជា នឹងផ្ដល់ផលប្រយោជន៍លើការការពារសន្តិសុខប្រទេសទាំងពីរ និងសន្តិសុខក្នុងតំបន់។ លោកទាត់ចោលកង្វល់ជុំវិញវត្តមាននាវាចម្បាំងចិននៅកម្ពុជា ដោយអះអាងថា នាវាចម្បាំងចិននាំមកនូវ «មិត្តភាព» និង «កិច្ចសហប្រតិបត្តិការ»។

ក្រសួងការពារជាតិចិន ធ្លាប់បញ្ជាក់ថា ការបញ្ជូននាវាចម្បាំងរបស់ចិនចូលរួមធ្វើសមយុទ្ធគឺជាផ្នែកមួយដែលកងទ័ពជើងទឹកចិនបានកំណត់ទុកសម្រាប់កម្មវិធីហ្វឹកហ្វឺននៅលម្ហសមុទ្រជាមួយកងទ័ពជើងទឹកកម្ពុជា និងកងទ័ពនៃប្រទេសក្នុងតំបន់។
កាលពីថ្ងៃទី១៣ ខែឧសភា ចិនក៏បានបញ្ជូនកងទ័ពជើងទឹកប្រមាណ ៣០០រយនាក់ និងនាវាចម្បាំងពហុមុខងារប្រភេទ លេខ-០៧១ (Type-071) ដែលមានបណ្ដោយប្រវែងជាង ២រយម៉ែត្រ (២១០ម៉ែត្រ) ទទឹងប្រវែង ២៨ម៉ែត្រ និងជម្រៅទឹកប្រវែង ០៧ម៉ែត្រ ទម្ងន់ ២ម៉ឺន ៥ពាន់ តោន (២៥.០០០តោន) ចូលចតនៅកំពង់ផែក្រុងព្រះសីហនុ។
ដោយឡែក នាវាចម្បាំងចិនពីរគ្រឿងផ្សេងទៀត ដែលកំពុងចតនៅកំពង់ផែរាមស្រាប់កាលពីអំឡុងខែធ្នូ ឆ្នាំ២០២៣ នោះ ត្រូវគេជឿថា ជានាវាចម្បាំងរបស់ចិនល្បឿនលឿនខ្នាតតូចទម្ងន់ ១.៥០០តោន ប្រភេទបាញ់មីសីល និងមានបំពាក់គ្រាប់បាញ់នាវា និងអាចដឹកឧទ្ធម្ភាគចក្របាន។
កងទ័ពកម្ពុជាជាង ១ពាន់នាក់ (១.៣១៥នាក់) និងកងទ័ពចិនជាង ៧រយនាក់ (៧៦០នាក់) កំពុងផ្ដើមធ្វើសមយុទ្ធយោធា «នាគមាស» ប្រចាំឆ្នាំ២០២៤ ក្រោមប្រធានបទ «ប្រតិបត្តិការប្រឆាំងអំពើភេរវកម្មរួម និងការសង្គ្រោះមនុស្សធម៌» ដែលរៀបចំធ្វើឡើងនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ នៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង និងនៅលើផ្ទៃសមុទ្រ និងដែនអាកាសកម្ពុជាក្នុងតំបន់ខេត្តព្រះសីហនុ។
ប្រទេសចិនកុម្មុយនិស្តបានបញ្ជូនអាវុធទំនើប រថពាសដែកយន្តគ្រប់ប្រភេទ គ្រឿងសព្វាវុធចុងក្រោយមួយចំនួន ដូចជាឆ្កែរ៉ូប៉ូតសង្គ្រាម និងដ្រូន (Drone) ស៊ើបការណ៍ជាដើម ដើម្បីហ្វឹកហ្វឺនដល់កងទ័ពជើងគោកកម្ពុជា។ រីឯ វិញ្ញាសាសមយុទ្ធយោធាកងទ័ពជើងទឹកនៅលើផ្ទៃសមុទ្រតំបន់ខេត្តព្រះសីហនុវិញអ្នកនាំពាក្យអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ លោក ថោង សូលីម៉ូ បញ្ជាក់ថា នឹងមាននាវាចូលរួមសរុប ១៤គ្រឿង និងឧទ្ធម្ភាគចក្រ ២គ្រឿង។
សមយុទ្ធយោធារវាងកងទ័ពជើងគោកកម្ពុជា និងចិន ចំនួន ៥ថ្ងៃកន្លងទៅនេះ ភាគីកងទ័ពចិនបានបង្ហាត់ និងពន្យល់បច្ចេកទេសការបាញ់កាំភ្លើងរបស់ប្រទេសចិនប្រភេទកាំភ្លើងខ្លី ឃ្យូប៊ីយូ-១៩១ (QBU-191) ការជួយសង្គ្រោះចំណាប់ខ្មាំង និងការប្រឆាំងនឹងដ្រូន (Drone) ស៊ើបការណ៍របស់សត្រូវ។ ក្រៅពីនេះ កងទ័ពនៃប្រទេសទាំងពីរក៏បើកការហាត់សមបាញ់អាវុធធុនស្រាល និងអាវុធធុនធ្ងន់រួមគ្នា ជាដើម។
ជុំវិញរឿងនេះ អ្នកវិភាគ និងជាអ្នកស្រាវជ្រាវផ្នែកអភិវឌ្ឍន៍សង្គម បណ្ឌិត មាស នី លើកឡើងថា កម្ពុជាគួរតែរិះរកការចរចាធ្វើសមយុទ្ធជាមួយកងទ័ពអាមេរិកឡើងវិញ ដើម្បីឱ្យជួយពង្រឹងសមត្ថភាពកងទ័ពកម្ពុជាដែរ ព្រោះលោកយល់ថា ការធ្វើសមយុទ្ធជាមួយកងទ័ពចិនតែមួយមិនអាចជួយពង្រឹងសមត្ថភាពកងទ័ពកម្ពុជាបានទេ។ ម្យ៉ាងទៀត លោកមើលឃើញថា ចិនផ្ដល់កិច្ចសហការជាមួយកម្ពុជាជាបន្តបន្ទាប់ ចិនអាចសម្លឹងឃើញផលប្រយោជន៍ពីកម្ពុជាធំជាងកម្ពុជាសម្លឹងឃើញផលប្រយោជន៍ពីចិន ព្រោះកម្ពុជាជាតំបន់ស្នូលដែលចិនត្រូវការក្នុងការជ្រើសតាំងជាភូមិសាស្ត្រនយោបាយ ដើម្បីប្រជែងឥទ្ធិពលជាមួយលោកសេរី។
បណ្ឌិត មាស នី៖«ខ្ញុំមិនចោទប្រកាន់ថា រដ្ឋាភិបាលកម្ពុជាផ្ដល់វត្តមានឱ្យកងទ័ពចិន ប៉ុន្តែសំខាន់រដ្ឋាភិបាលកម្ពុជាត្រូវតែស្មោះត្រង់ស្ដីដែលខ្លួនឯងបានប្រកាសផងដែរ ទើបបានសុខ។ ប៉ុន្តែ បើយើងគ្រាន់តែថា ដៃនៅតែធ្វើ ជើងនៅតែដើរ បានន័យថា ចង់មិនចង់យើងកំពុងបណ្ដោយឱ្យខ្លួនយើងធ្លាក់ចូលក្នុងអន្ទាក់ភូមិសាស្ត្រនយោបាយ ហើយជាគ្រោះថ្នាក់ណាស់សម្រាប់ប្រទេសមួយតូច នៅចន្លោះប្រទេសគេធំៗ ប្រទេសយើងតូច ហើយក្រទៀតយើងពិបាកនឹងការពារខ្លួនឯងណាស់ នៅពេលដែលមានវិបត្តិពិភពលោកធំៗ កើតឡើង»។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យក្រសួងការពារជាតិ លោក ឈុំ សុជាត ដើម្បីសាកសួរបន្ថែមជុំវិញរឿងនេះបានទេនៅថ្ងៃទី២០ ខែឧសភា។
ក្រុមអ្នកជំនាញភូមិសាស្ត្រនយោបាយ តែងតែជំរុញឱ្យកម្ពុជាមានកិច្ចចរចាជាមួយអាមេរិក និងសម្ពន្ធមិត្តអាមេរិក ដើម្បីរៀបចំការធ្វើសមយុទ្ធយោធារួមគ្នា ខណៈការប្រជែងឥទ្ធិពលរវាងប្រទេសមហាអំណាច និងបញ្ហាក្នុងតំបន់កាន់តែមានភាពតានតឹង។ ពួកគេលើកឡើងថា ការណ៍ដែលកម្ពុជាមិនខ្វល់ពីតុល្យភាពនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសមហាអំណាច និងចាប់យកចិនតែមួយ កម្ពុជាអាចនឹងត្រូវចិនប្រើប្រាស់ជាឈ្នាន់សម្រាប់បម្រើភូមិសាស្ត្រ ដែលទាញឱ្យកម្ពុជាគ្មានជំហរនយោបាយអព្យាក្រឹត្យ និងធ្វើអ្វីតាមតែប្រទេសចិនចង់បាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។