សកម្មជន​​មូលដ្ឋាន​​នៅ​តែ​​គាំទ្រ​ ​និង​​រំពឹង​​ការ​​វិល​ត្រឡប់​​របស់​​មន្រ្តី​បក្ស​ប្រឆាំង​

ដោយ មួង ណារ៉េត
2021.11.08
សកម្មជន​​មូលដ្ឋាន​​នៅ​តែ​​គាំទ្រ​ ​និង​​រំពឹង​​ការ​​វិល​ត្រឡប់​​របស់​​មន្រ្តី​បក្ស​ប្រឆាំង​ លោក សម រង្ស៊ី ពេល​ទៅ​វាលយន្តហោះ​ប្រទេស​ឥណ្ឌូណេស៊ី ព្រឹក​ថ្ងៃ​ទី១៤ ខែ​វិច្ឆិកា ឆ្នាំ២០១៩។
RFA/Chun Chanboth

ក្នុង​គម្រប់​ខួប​ពីរ​ឆ្នាំ​ ​នៃ​ការប៉ុនប៉ង​ធ្វើ​មាតុភូមិនិវត្តន៍​របស់​មន្រ្តី​បក្ស​ប្រឆាំង​នៅ​ក្រៅ​ប្រទេស​ ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​មូលដ្ឋាន​ ​ដែល​ជា​អ្នកទោស​​នយោបាយ​ធ្លាប់​ជាប់ពន្ធនាគារ​ ​ដោយសារ​គាំទ្រ​ដំណើរ​មាតុភូមិនិវត្តន៍​នេះ​ ​នៅតែ​បញ្ជាក់​ជំហរ​ ​និង​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​ ​ថា​ពួកគាត់​នៅតែ​តស៊ូ​ប្តូរផ្តាច់​ ​រង់ចាំ​ទទួល​ដំណើរ​ថ្នាក់​ដឹកនាំ​របស់​ខ្លួន​ ​ដើម្បី​វិល​មក​ស្តារ​សិទ្ធិមនុស្ស​ ​និង​ប្រជាធិបតេយ្យ​ឡើងវិញ​។

សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ ​ដែល​ធ្លាប់​ជាប់គុក​ ​១២​ខែ​ ​និង​ត្រូវ​តុលាការ​ពិន័យ​ជា​ប្រាក់​ ​៤​លាន​រៀល​ (​ឬ​ប្រមាណ​ ​១​​ពាន់​ដុល្លារ​អាមេរិក​) ​ដោយសារ​គាំទ្រ​ប្រធាន​​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​លោក​ ​សម​ ​រង្ស៊ី ​វិល​ចូល​ស្រុក​វិញ​នោះ​ ​ថ្លែង​ថា ​ទោះបីជា​លោក​រង​ការ​ធ្វើទុក្ខបុកម្នេញ​យ៉ាង​អយុត្តិធម៌​ ​ពីសំណាក់​អាជ្ញាធរ​របប​ក្រុងភ្នំពេញ​យ៉ាងណាក្ដី​ ​ក៏​លោក​មិន​បោះបង់​ជំហរ​គាំទ្រ​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​វិល​មក​កម្ពុជា​វិញ​នោះ​ដែរ​។

សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​មូលដ្ឋាន​ ​នៃ​ខេត្ត​កំពង់ចាម​លោក​ ​គា​ ​វិសាល​ ​ប្រាប់​វិទ្យុ​អាស៊ី​សេរី​ ​ថា​លោក​ ​សម​ ​រង្ស៊ី ​និង​មន្រ្តី​គណបក្ស​សង្គ្រោះ​ជាតិ​ដទៃទៀត​ ​ដែល​តុលាការ​របប​ក្រុងភ្នំពេញ​ផ្តន្ទាទោស​ទាំង​អយុត្តិធម៌​នោះ​ ​គឺ​មិនមែន​ជា​ទណ្ឌិត​ ​ឬ​ជន​ក្បត់ជាតិ​ ​ដូច​ការចោទប្រកាន់​នោះ​ឡើយ​។​

ផ្ទុយទៅវិញ​លោក​ថា ​លោក​ ​សម​ ​រង្ស៊ី ​និង​មន្រ្តី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​ឯទៀត​ ​ជា​អ្នកស្នេហាជាតិ​ ​និង​បាន​ចូល​រួមចំណែក​យ៉ាង​ធំធេង​ ​ក្នុង​ដំណើរ​ប្រជាធិបតេយ្យ​ ​និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ​ ​តាំងពី​ដើម​រៀងមក​ ​ដោយ​មិន​អាច​ផាត់ចេញ​បាន​នោះ​ឡើយ​។​ ​ដូច្នេះ​លោក​នៅតែ​ត្រៀម​ខ្លួន​រួចជាស្រេច​ ​ដើម្បី​ទទួល​ដំណើរ​វិល​ត្រឡប់​​មក​មាតុភូមិ​វិញ​របស់​មន្រ្តី​ទាំងនោះ៖ «ឆន្ទៈ​ ​មនសិការ​ ​និង​ឧត្តមគតិ​របស់​ខ្ញុំ​ ​គឺ​ខ្ញុំ​មិនបាន​បោះបង់​ចោល​ ​ហើយ​ខ្ញុំ​គាំទ្រ​នូវ​គ្រប់​អ្វី​ដែល​លោក​ប្រធាន​ ​សម​ ​រង្ស៊ី ​និង​ថ្នាក់​ដឹកនាំ​ជាន់ខ្ពស់​ ​ដែល​និរទេស​នៅ​ក្រៅ​ប្រទេស​ ​ត្រូវ​វិលត្រឡប់​ចូល​ប្រទេស​។​ ​វា​ជា​រឿង​សមហេតុសមផល​ ​ដែល​ថា​ក្នុងនាម​គាត់​ជា​ជន​ជាតិខ្មែរ​ ​ដើមកំណើត​កើត​នៅ​លើ​ដី​ខ្មែរ​ ​ត្រូវតែ​មាន​សិទ្ធិ​វិល​ត្រឡប់មកវិញ​។​ ​ខ្ញុំ​នៅតែ​ទទួល​ ​គោរព​ ​និង​ស្វាគមន៍​គ្រប់ពេល​វេលា»

Kea Visal_CNRP_on_15_09_2021.jpeg
លោក គា វិសាល ជា​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​អ្នក​ទោស​នយោបាយ និមន្ត​លោក​ស្រោច​ទឹកតាម​ជំនឿ​ពុទ្ធសាសនា ពេល​ចេញ​ពី​ពន្ធនាគារ​ព្រៃ​ស នៅ​ថ្ងៃ​ទី១៥ ខែ​កញ្ញា ឆ្នាំ២០២០។ ( រូប៖ ហ្វេសប៊ុក​នាយកដ្ឋាន​កិច្ចការ​បោះឆ្នោត និង​នីតិកម្ម គណបក្ស​សង្គ្រោះ​ជាតិ)

ដំណើរ​មាតុភូមិនិវត្តន៍​របស់​លោក​ ​សម​ ​រង្ស៊ី ​និង​មន្រ្តី​ជាន់ខ្ពស់​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ជាច្រើន​រូប​​កាលពី​ថ្ងៃ​ទី​៩​ ​ខែវិច្ឆិកា​ ឆ្នាំ​២០១៩​ ​ត្រូវ​របប​លោក​ ​ហ៊ុន​ ​សែន​ ​រារាំង​យ៉ាង​ចាស់ដៃ​ ​និង​គ្រប់រូប​ភាព​ ​មាន​ទាំង​ការ​ចល័ត​ទ័ព​តាម​បណ្ដោយ​ព្រំដែន​ ​និង​ទី​ក្រុងភ្នំពេញ​ ​ហាមឃាត់​ក្រុមហ៊ុន​យន្តហោះ​មិន​ឱ្យ​ដឹក​លោក​ ​សម​ ​រង្ស៊ី ​មក​កម្ពុជា​ ​និង​ស្នើសុំ​ប្រទេស​ថៃ​កុំ​អនុញ្ញាត​ឱ្យ​មេ​បក្ស​ប្រឆាំង​រូប​នេះ​ ​ចូល​ទឹកដី​ថៃ​ ​ជាដើម​។​

មិនតែប៉ុណ្ណោះ​របប​លោក​ ​ហ៊ុន​ ​សែន​ ​បាន​បើក​យុទ្ធនាការ​ទ្រង់ទ្រាយ​ធំ​ ​ចាប់ខ្លួន​សកម្មជន​គណបក្សប្រឆាំង​យ៉ាងហោចណាស់​ជាង​ ​៧​០​ ​នាក់​ដាក់​ពន្ធ​នាគា​រ​ ​និង​ចោទប្រកាន់​សកម្មជន​ជាង​ ​១​០​០​នាក់​ ​ពី​បទ​ ​«​រួមគំនិតក្បត់​»​ ​និង​ ​«​ញុះញង់​»​ ​ដោយសារតែ​ពួកគាត់​គាំទ្រ​ដំណើរ​មាតុភូមិនិវត្តន៍​នេះ​។

លោក​ ​ហ៊ុន​ ​សែន​ ​ដែល​អួតអាង​ថា​ ​លោក​មិន​ខ្លាច​វត្តមាន​លោក​ ​សម​ ​រង្ស៊ី ​និង​ធ្លាប់​អួត​ថា​ លោក​ស្វាគមន៍​ដំណើរ​វិលមកវិញ​របស់​លោក​ ​សម​ ​រង្ស៊ី ​តាម​ច្រក​ណា​ក៏បាន​នោះ​ ​រហូតមក​ទល់​ពេលនេះ​ ​តុលាការ​របប​លោក​ ​នៅតែ​បន្ត​ប្រើប្រាស់​សំណុំរឿង​ព្រឹត្តិការណ៍​ ​៩​វិច្ឆិកា​ ​ជាហេតុ​ផល​ដើម្បី​ចោទប្រកាន់​ ​ចាប់ខ្លួន​ ​និង​ផ្ដន្ទាទោស​មន្ត្រី​ ​និង​សកម្មជន​បក្ស​ប្រឆាំង​ ​ដើម្បី​បំបិទ​សិទ្ធិ​សេរីភាព​នយោបាយ​របស់​ពួកគេ​ដដែល​។​

Sam_Rainsy_Return_Home_09_11_2019.jpeg

លោក សម រង្ស៊ី ពេល​ទៅ​វាលយន្តហោះ​ប្រទេស​ឥណ្ឌូណេស៊ី ព្រឹក​ថ្ងៃ​ទី១៤ ខែ​វិច្ឆិកា ឆ្នាំ២០១៩។

គិត​ត្រឹម​ដើម​ខែវិច្ឆិកា​ ​ឆ្នាំ​២០២១​ ​នេះ​ ​មាន​សកម្មជន​ច្រើនជាង​ ​២៥​នាក់​ ​ត្រូវ​បាន​តុលាការ​ផ្ដន្ទាទោស​ដាក់​ពន្ធ​នាគា​រ​ពី​ ​៥​ ​ឆ្នាំទៅ​ ​៧​ ​ឆ្នាំ​ ​ស្រប​ពេល​ដែល​សកម្មជន​​រាប់​រយ​នាក់​ផ្សេងទៀត​ ​កំពុង​រង់ចាំ​សវនាការ​។​

សហគមន៍​អន្តរជាតិ​ ​រួម​ទាំង​អង្គការសហប្រជាជាតិ​ផង​ ​បាន​ហៅ​ការ​ចាប់ខ្លួន​ទាំងនេះ​ថា​ ​ជា​ការ​ធ្វើទុក្ខបុកម្នេញ​ផ្នែក​នយោបាយ​។​

សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​រូប​ទៀត​ ​នៅ​ឯ​ខេត្ត​ព្រះសីហនុ​ឯណោះ​គឺលោក​ ​ម៉ៃ​ ​ហុង​ស្រៀង ដែល​ធ្លាប់​ជាប់គុក​ ​៨​ខែ​ ​ដោយសារតែ​បង្ហាញ​ជំហរ​គាំទ្រ​ដំណើរ​មាតុភូមិ​និវត្តិន៍​របស់​លោក សម ​រង្ស៊ី​ ដែរ​នោះ ​លោក​ថា ​លោក​ក៏​មិន​ខុស​ពី​លោក​ ​សម​ ​រង្ស៊ី ​និង​មន្រ្តី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ជាច្រើន​ទៀត​ ​ដែល​លះបង់​អ្វីៗ​គ្រប់យ៉ាង​ ​ដើម្បី​សង្គមជាតិ​ ​មិនមែន​ដើម្បី​ផល​ប្រយោជន៍ផ្ទាល់ខ្លួន​។​ ​លោក​ ​ម៉ៃ​ ​ហុង​ស្រៀង​ ​ថា​លោក​រង​ការ​ធ្វើទុក្ខបុកម្នេញ​ពីរ​ប​ប​ក្រុងភ្នំពេញ​ឆ្អែតឆ្អន់​ហើយ​ ​គ្មានអ្វី​ឡើយ​ដែល​លោក​ត្រូវ​តក់ស្លុត​ ​ក្នុង​ការ​បន្ត​គាំទ្រ​បេសកកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នេះ​នោះ​ទេ​។

លោក​ថា​ ​ច្បាស់​ណាស់​ ​លោក​និង​សកម្មជន​មូលដ្ឋាន​ឯទៀត​ ​នៅតែ​រំពឹង​ ​សង្ឃឹម​ ​និង​គាំទ្រ​ដំណើរ​វិលត្រឡប់​មក​មាតុប្រទេស​វិញ​ ​របស់​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ ​ដើម្បី​សង្គ្រោះ​ជាតិ​ ​និង​ស្តារ​សិទ្ធិមនុស្ស​ ​និង​ប្រជាធិបតេយ្យ​ឡើងវិញ៖ «ខ្ញុំ​មិន​ខ្លាច​នឹង​ចាំ​ទទួល​គាត់​ទេ​! ​ខ្ញុំ​ចាត់ទុកថា​ជា​ឳពុកម្ដាយ​ខ្ញុំ​។​ ​សម​ ​រង្ស៊ី ​អី​ហ្នឹង​ ​គាត់​មិនបាន​បំផ្លាញ​ជាតិ​បន្តិច​ទេ​។​ ​ខ្ញុំ​មើលឃើញ​ទង្វើ​សកម្មភាព​ហ្នឹង​។​ ​គាត់​មិនបាន​ទៅ​ស៊ីញ៉េ​កាត់​ដី​ឲ្យទៅ​អ្នកនេះ​ឬ​អ្នកនោះ​ ​លក់​ព្រៃឈើ​ ​វា​អត់មាន​។​ ​កន្លងមក​ខ្ញុំ​ឃើញ​ ​សម​ ​រង្ស៊ី ​បម្រើ​ផលប្រយោជន៍​ពលរដ្ឋ​ ​បំពេញ​សេរីភាព​ឲ្យ​ពលរដ្ឋ​។​ ​គាត់​មិនបាន​បំបិទ​ ​ឬ​ធ្វើទុក្ខបុកម្នេញ​ដល់​ពលរដ្ឋ​ទេ»។

Mai Hong Sreang_CNRP_Prah_Sihanouk_Vill_on_03_04_2020.jpeg
លោក ម៉ៃ ហុងស្រៀង សកម្មជន​បក្ស​ប្រឆាំង ពេល​ចេញ​ពី​ពន្ធនាគារ​ព្រៃ​ស និង​អ្នក​ទៅ​ទទួល​លោក នៅ​ថ្ងៃ​ទី៣ ខែ​មេសា ឆ្នាំ២០២០។ (រូប៖ សកម្មជនគណបក្សសង្គ្រោះជាតិ)

អវត្តមាន​របស់​មន្រ្តី​បក្ស​ប្រឆាំង​ ​នៅ​ក្នុង​សង្វៀន​នយោបាយ​កម្ពុជា​ ​បាន​អូស​បន្ថាយ​អស់​រយៈពេល​ជិត​ ​៤​ ​ឆ្នាំ​មក​ហើយ​ ​ចាប់តាំង​ពីរ​ប​ប​ក្រុងភ្នំពេញ​ ​បាន​រម្លាយ​គណបក្ស​សង្គ្រោះ​ជាតិ​ ​និង​ហាមឃាត់​សិទ្ធិ​នយោបាយ​មន្រ្តី​ជាន់ខ្ពស់​ ​ដែល​ជា​ក្បាលម៉ាស៊ីន​ដឹកនាំ​បក្ស​នេះ​ចំនួន​ ​១១៨​ ​រូប​ ​កាលពី​ថ្ងៃ​ទី​១៦​ ​ខែ​​វិច្ឆិកា​ ​ឆ្នាំ​២០១៧​។​ ​មិនតែប៉ុណ្ណោះ​ ​របប​នេះ​បន្ត​ធ្វើទុក្ខបុកម្នេញ​មន្រ្តី​ជាន់ខ្ពស់​គណបក្សប្រឆាំង​ឥត​ស្រាកស្រាន្ត​។​

ជា​លទ្ធផល​ ​ដោយសារតែ​ការរំលោភ​សិទ្ធិមនុស្ស​ ​និង​បំផ្លាញ​ប្រជាធិបតេយ្យ​ធ្ងន់ធ្ងរ​នេះ​ ​សហគមន៍​អន្តរជាតិ​ ​ដាក់ទណ្ឌកម្ម​កម្ពុជា​ជុំ​ទិស​។​ ​សហរដ្ឋអាមេរិក​អាមេរិក​ កាត់ផ្តាច់​ជំនួយ​ទាំងស្រុង​ ​ដែល​ធ្លាប់​ផ្តល់​ដល់​រដ្ឋាភិបាល​កម្ពុជា​ ​ទុក​តែ​ជំនួយ​មនុស្សធម៌​។​ ​តំណាង​រាស្រ្ត​អាមេរិក​ ​ធ្វើ​ច្បាប់​ដាក់ទណ្ឌកម្ម​លើ​មន្រ្តី​របប​លោក​ ​ហ៊ុន​ ​សែន​ ​និង​ស្នើ​ឲ្យ​ពិចារណា​ដក​ប្រព័ន្ធ​ការ​អនុគ្រោះ​ពន្ធ​ទូទៅ​ ​ឬ​ ​GSP​ ​ពី​កម្ពុជា​ថែមទៀត​ផង​។​ ​ក្នុង​សេចក្តីស្នើ​ច្បាប់​នោះ​ ​មាន​ចំណុច​មួយ​ដែល​និយាយ​អំពី​ការ​ស្នើ​ឲ្យ​របប​ក្រុងភ្នំពេញ​ ​បញ្ឈប់​ការរារាំង​មិន​ឲ្យ​លោក​ ​សម​ ​រង្ស៊ី ​វិលត្រឡប់​ទៅ​ប្រទេស​កម្ពុជា​វិញ​នោះ​ដែរ​។​ ​ចំណែក​ឯ​សហភាព​អឺរ៉ុប​ឯណោះ​ ​ពួកគេ​បាន​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ ​EBA​ ​២០​% ​ស្មើនឹង​ទឹកប្រាក់​ជាង​ ​១.១០០​ ​លាន​ដុល្លារ​។​

អ្នក​សិក្សា​ ​និង​ឃ្លាំមើល​ការ​អភិវឌ្ឍ​សង្គម​ ​និង​ជា​អ្នកវិភាគ​នយោបាយ​ផង​ ​ថា​កម្ពុជា​ខាតបង់​ប្រយោជន៍ជាតិ​ច្រើន​ណាស់​ ​តាំងពី​រម្លាយ​គណបក្ស​សង្គ្រោះ​ជាតិ​។​ ​លោក​បណ្ឌិត​ ​សេង​ ​សារី​ ​ថ្លែង​ក្នុង​ការផ្សាយ​របស់​វិទ្យុ​អាស៊ី​សេរី​ ​កាលពី​រាត្រី​ថ្ងៃ​ទី​៦​ ​ខែ​វិច្ឆិកា​ ​ថា​វត្តមាន​របស់​មន្រ្តី​គណបក្ស​សង្គ្រោះ​ជាតិ​ ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ​ដើម្បី​ចូល​ប្រឡូក​ក្នុង​ឆាក​នយោបាយ​ ​ពិតជា​មាន​សារសំខាន់៖ «យ៉ាងហោចណាស់​ក៏បាន​ត្រឡប់មក​ចូលក្នុង​សង្វៀន​នយោបាយ​ឡើងវិញ​ដែរ​ ​ជាជាង​នៅ​ក្រៅ​សង្វៀន​។​ ​ហើយ​កន្លងមក​យើង​ឃើញ​ថា​នៅពេលដែល​អវត្តមាន​របស់​អ្នក​តស៊ូ​ ​ឬ​អ្នក​ដែល​ប្រឆាំង​ហ្នឹង​ ​គឺ​យើង​ឃើញ​មាន​បញ្ហា​សង្គម​កើតឡើង​ច្រើន​ណាស់​ ​ដែល​វា​ជា​ក្ដី​បារម្ភ​របស់​ពលរដ្ឋ​។​ ​ដូច្នេះ​គួរតែ​មាន​វត្តមាន​របស់​គណបក្សប្រឆាំង​ឡើងវិញ»។

ទោះ​ជា​យ៉ាងនេះ​ក្ដី​ ​វត្តមាន​របស់​មន្រ្តី​គណបក្សប្រឆាំង​ឡើងវិញ​នេះ​ ​អាច​កើតមាន​ទៅ​បាន​ ​ទាល់តែ​លោកនាយក​រដ្ឋ​មន្រ្តី ​ហ៊ុន​ ​សែន​ ​ដក​បម្រាម​ទាំងអស់​ ​ដែល​លោក​បាន​ហាម​មន្រ្តី​បក្ស​ប្រឆាំង​មិន​ឲ្យ​ចូល​ស្រុក​វិញ​។​ ​នោះ​ក៏​ជា​សំណូមពរ​របស់​ប្រធាន​ស្តី​គណបក្ស​សង្គ្រោះ​ជាតិ​លោក​ ​សម​ ​រង្ស៊ី ​ដែរ​។​

ជា​ការ​រម្លឹក​ខួប​ពីរ​ឆ្នាំ​នៃ​ឆន្ទៈ​ ​និង​ការ​ប្តេជ្ញា​វិលត្រឡប់​ទៅ​កម្ពុជា​វិញ​នេះ​លោក​ ​សម​ ​រង្ស៊ី ​កាលពី​ថ្ងៃ​ទី​៥​ ​ខែ​​វិច្ឆិកា​ ​នៅតែ​បញ្ជាក់​ជំហរ​ ​ថា​លោក​នឹង​វិលត្រឡប់​ទៅ​ប្រទេស​កម្ពុជា​វិញ​ភ្លាម​ ​ឲ្យតែ​លោក​ ​ហ៊ុន​ ​សែន​ ​ដក​បម្រាម​ទាំងនោះ​ចេញ​ទាំងអស់​។​

លោក​ថា​ ​លោក​ចង់​ឃើញ​លោក​ ​ហ៊ុន​ ​សែន​ ​មាន​ភាព​ក្លាហាន​ ​ដោយ​លើក​បម្រាម​ ​ដែល​ហាម​ក្រុមហ៊ុន​អាកាសចរណ៍​ ​មិន​ឲ្យ​ដឹក​លោក​ទៅ​ប្រទេស​កម្ពុជា​ ​ហើយ​ដក​សំណើ​ ​ដែល​សុំ​រដ្ឋាភិបាល​ថៃ​ ​ឲ្យ​ហាមឃាត់​មិន​ឲ្យ​លោក​ធ្វើដំណើរ​តាមផ្លូវ​គោក​ ​ពី​ប្រទេស​ថៃ​ ​មក​ប្រទេស​កម្ពុជា​នោះ​ចេញ​ដែរ​។

លោក​ ​សម​ ​រង្ស៊ី ​បន្ថែម​ថា​ ​បើ​លោក​ ​ហ៊ុន​ ​សែន​ ​បញ្ឈប់​ការ​ទប់​ស្កាត់​មាតុភូមិនិវត្តន៍​របស់​លោក​ ​ហើយ​អនុញ្ញាតិ​ឲ្យ​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ ​មក​ទទួល​លោក​ដោយសេរី​ ​ដូច​ពួកគេ​បាន​ធ្វើ​ ​នៅ​ពេល​មាតុភូមិនិវត្តន៍​ចុងក្រោយ​របស់​លោក​ ​កាលពី​ថ្ងៃ​ទី១៩​ ខែ​កក្កដា​ ឆ្នាំ​២០១៣​ ​នោះ​ ​នោះ​លោក​នឹង​ទៅដល់​ប្រទេស​កម្ពុជា​ ​ភ្លាម​មួយរំពេច​ ​ហើយ​សុខចិត្ត​ឲ្យ​រដ្ឋអំណាច​ចាប់​ ​និង​យក​លោក​ទៅ​ដាក់​ពន្ធ​នាគា​រ​។​

វិទ្យុ​អាស៊ី​សេរី​ ​មិនទាន់​អាច​សុំ​ការ​បំភ្លឺ​ពី​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល​លោក​ ​ផៃ​ ​ស៊ីផា​ន​ ​ជុំវិញ​រឿង​ដក​បម្រាម​នេះ​ ​បាន​នៅឡើយ​ទេ​។

ប៉ុន្តែ​ ​អ្នកនាំពាក្យ​គណបក្សប្រជាជន​កម្ពុជា​លោក​ ​សុខ​ ​ឥ​សាន្ត​ ​ថា​ការ​បិទផ្លូវ​មន្រ្តី​បក្ស​ប្រឆាំង​ ​មិន​ឱ្យ​វិល​ចូល​ស្រុក​វិញ​នោះ​ ​គឺ​ដោយសារ​រដ្ឋាភិបាល​ចាត់​ទុក​អ្នក​ទាំងនោះ​ថា​ ​ជា​ក្រុម​ខុសច្បាប់​ ​និង​ថាបើ​ឱ្យ​ក្រុម​បក្ស​ប្រឆាំង​ចូល​ស្រុក​ ​សង្គម​ខ្មែរ​នឹង​ខ្វះ​ក្តី​សុខ​សន្តិភាព​ ​និង​ភាព​សុខុដុមរ​ម​នា​នឹងគ្នា៖ «គឺថា​មិនបាច់​ឱ្យ​ចូល​ទេ​ ​មិន​ខ្វល់​ទេ​ ឱ្យ​អ្នកឯង​នៅ​ក្រៅ​ប្រទេស​រហូត​ទៅ​ ​ទាល់​ងាប់​ទៅ​ ​និយាយ​ឱ្យ​ស្រួល​ស្ដាប់​»​។​

ផ្ទុយពី​ការ​អះអាង​របស់​អ្នកនាំពាក្យ​របស់​បក្ស​កាន់អំណាច​ ​មន្រ្តី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ ​ដែល​កំពុង​រស់នៅ​និរទេស​ខ្លួន​នៅ​ឯក្រៅ​ប្រទេស​ ​ថា​ការ​ផាត់ចេញ​គណបក្ស​សង្គ្រោះ​ជាតិ​ ​និង​ធ្វើទុក្ខបុកម្នេញ​សកម្មជន​ ​និង​មន្រ្តី​បក្ស​នេះ​ឥត​ស្រាកស្រាន្ត​ឯណោះ​ទៅវិញ​ទេ​ ​ដែល​ធ្វើឲ្យ​កម្ពុជា​ខ្វះ​ភាព​សុខុដុមរមនា​នឹងគ្នា​នោះ​។​

អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​អ្នកស្រី​ ​មូរ​ ​សុខហួរ​ ​ថា​អ្នកស្រី​សង្ឃឹម​លើ​ការ​ប្តេជ្ញា​ ​និង​តស៊ូ​របស់​សកម្មជន​ ​និង​មន្រ្តី​គណបក្ស​នេះ​នៅ​គ្រប់ទិសទី​ ​ដែល​នៅតែ​បន្ត​សកម្មភាព​របស់​ខ្លួន​ ​ធ្វើ​យ៉ាងណា​តស៊ូ​មតិ​ ​ដើម្បី​ឈាន​ទៅ​រកការ​វិលត្រឡប់​ទៅ​ប្រទេស​កម្ពុជា​វិញ​ ​ដើម្បី​ស្តារ​សិទ្ធិមនុស្ស​ ​និង​ប្រជាធិបតេយ្យ​ឡើងវិញ៖ «យើង​នៅតែ​មាន​ជំហាន​ទៅមុខ​។​ ​ការឈឺចាប់​ទាំងឡាយ​យើង​មិន​អាច​​​យកមក​គិតថា​ ជា​ការ​បរាជ័យ​ទេ​។​ ​ពេលណា​គេ​ដាក់​យើង​ចូលក្នុង​ពន្ធនាការ​ ​យើង​ឃើញ​ថា​ អ្នក​ចេញ​មកវិញ​ ​គាត់​ថា​ គាត់​នឹង​បន្ត​ទៅទៀត​។​ គាត់​មិនដែល​បញ្ចប់​នូវ​ការ​តស៊ូ​របស់​គាត់​ទេ​។​ ​សូម​ផ្ញើ​សារ​ជូន​ទៅ​អ្នក​ដែល​ផ្តាច់ការ​ ​ថា​ព្រលឹង​ ​បេះដូង​ ​ឈាម​អ្នកស្នេហាជាតិ​ ​អ្នក​ប្រជាធិបតេយ្យ​ឈ្នះ​ជានិច្ច​! ​ចុងក្រោយ​ប្រជាធិបតេយ្យ​ជា​អ្នកឈ្នះ​»។

ទោះបី​របប​ក្រុងភ្នំពេញ​បាន​ដាក់​បម្រាម​ ​និង​ធ្វើ​ច្បាប់​ជាហូរហែ​រ​ ​ដើម្បី​ផ្តាច់​ដង្ហើម​គណបក្ស​សង្គ្រោះ​ជាតិ​ ​ក៏​របប​នេះ​ ​នៅតែ​មិន​ទុកចិត្ត​ចិត្ត​ខ្លួនឯង​ ​រហូតដល់​ពេលថ្មីៗនេះ​ ​បាន​នាំគ្នា​ធ្វើ​ច្បាប់​កំណត់​សញ្ជាតិ​តែមួយ​ ​ដើម្បី​រារាំង​កុំឲ្យ​លោក​ ​សម​ ​រង្ស៊ី ​អាច​ធ្វើជា​នាយក​រដ្ឋ​មន្រ្តី​បាន​។

ប៉ុន្តែ​ ​សកម្មជន​មូលដ្ឋាន​របស់​គណបក្ស​នេះ​ ​នៅតែ​ជឿជាក់​ថា​ ​លោក​ ​សម​ ​រង្ស៊ី ​នៅតែ​អាច​ធ្វើជា​នាយក​រដ្ឋ​មន្រ្តី ​ដោយ​លា​សញ្ជាតិ​បារាំង​។​ ​ជាង​នេះ​ទៅទៀត​ ​ពួកគាត់​សង្ឃឹម​ថា​សម្ពាធ​ ​និង​ទណ្ឌកម្ម​ពី​សហគមន៍​អន្តរជាតិ​ ​ដែល​កំពុងតែ​មាន​ជាបន្តបន្ទាប់​ ​នឹង​អាច​ធ្វើឲ្យ​របប​ក្រុងភ្នំពេញ​ ​គ្មាន​ជម្រើស​អ្វី​ក្រៅពី​បន្ធូរបន្ថយ​ស្ថានការណ៍​នយោបាយ​ ​ដោយ​ងាក​មករ​ក​ការចរចា​ ​និង​ការផ្សះផ្សា​រ​ជាតិ​ ​ដើម្បី​ស្តារ​សិទ្ធិមនុស្ស​ ​និង​ប្រជាធិបតេយ្យ​ឡើងវិញ​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។