លទ្ធផល​នៃ​ដំណើរ​វិលត្រឡប់​ទៅ​កម្ពុជា​របស់​លោក សម រង្ស៊ី និង​បញ្ហា​ប្រឈម

គម្រោង​មាតុភូមិនិវត្តន៍ របស់​លោក សម រង្ស៊ី ប្រធាន​ស្តីទី និង​មន្ត្រី​មួយ​ចំនួន​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ថ្ងៃ​ទី៩ វិច្ឆិកា មិនទាន់​ដល់​គោលដៅ ដែល​គ្រោង​ទុក​នោះ​នៅ​ឡើយ ដោយ​មាន​ការរារាំង ពី​របប​ក្រុងភ្នំពេញ ទាំង​ការ​ធ្វើ​សកម្មភាព​ផ្ទាល់ និង​ប្រយោល។

ទោះ​យ៉ាងណា​ក៏ដោយ ព្រឹត្តិការណ៍​នេះ ធ្វើ​ឱ្យ​ស្ថានការណ៍​នយោបាយ​ប្រែប្រួល​លឿន​ទៅ​រក​ភាពជា​វិជ្ជមាន មេដឹកនាំ​របប​ក្រុងភ្នំពេញ លោក ហ៊ុន សែន ក៏​ហាក់​បន្ទន់​ជំហរ​ខ្លះ​ចំពោះ​បក្ស​ប្រឆាំង​ដែរ។

​អ្នកវិភាគ​ថា មួយ​រយៈ​ពេល​ចុង​ក្រោយនេះ ក្រោយពី​របប​ក្រុងភ្នំពេញ​ប្រើ​គ្រប់​មធ្យោបាយ​រារាំង​ដំណើរ​វិលត្រឡប់​របស់​លោក សម រង្ស៊ី មិន​ឱ្យ​ចូល​ស្រុក​បាន​នោះ កម្ដៅ​នយោបាយ​បាន​ស្រុត​ចុះ​ខ្លះ ប៉ុន្តែ​ជម្លោះ​នយោបាយ​រវាង​គណបក្ស​កាន់អំណាច នឹង​មិន​អាច​បញ្ចប់​ដោយ​ងាយៗ​នោះ​ទេ។

មេដឹកនាំ​គណបក្សប្រឆាំង លោក សម រង្ស៊ី ប្រកាស​ថា ដំណើរ​វិលត្រឡប់​ទៅ​កម្ពុជា មិន​ទាន់​បាន​ដល់​គោលដៅ​ក៏​ពិតមែន តែ​លោក​ទទួល​បាន​ជោគជ័យ​ផ្នែក​ការទូត និង​កិច្ចសហការ​ពី​ប្រទេស​ប្រជាធិបតេយ្យ​នៅ​តំបន់​អាស៊ី​ច្រើន​គួរ​ឱ្យ​កត់សម្គាល់។

ការ​ប្រកាស​បែបនេះ នៅ​ពេល​ដែល​លោក និង​មន្ត្រី​បក្ស​ប្រឆាំង​មួយ​ចំនួន​ទៀត បាន​ធ្វើ​ដំណើរ​ពី​ប្រទេស​បារាំង មកដល់​ប្រទេស​ប្រទេស​ម៉ាឡេស៊ី ជា​លើកដំបូង នៅ​ដើម​ខែ​វិច្ឆិកា ក្នុង​បេសកកម្ម ៩ វិច្ឆិកា បន្ទាប់ពី​លោក​ភៀសខ្លួន​ពី​កម្ពុជា​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មក​ហើយ។

ការ​មិន​សម្រេច​បាន​តាម​ផែនការ​ដូច​ការ​គ្រោងទុក​នេះ ដោយសារ​មានការ​រារាំង គ្រប់​រូបភាព​ទាំងអស់ ពី​សំណាក់​របប លោក ហ៊ុន សែន រួមការ​ចល័ត​កម្លាំង​ទ័ព​ស្ទើរ​ពេញ​ផ្ទៃ​ប្រទេស ជាពិសេស​ការ​ដាក់​កម្លាំង​ទ័ព​ប្រដាប់​ដោយ​អាវុធ និង​រថពាសដែក តាម​ព្រំដែន និង​នៅ​កណ្ដាល​ទីក្រុង​ភ្នំពេញ​ពេល​ប្រារព្ធ​ពិធីបុណ្យ​អុំទូក​ជាដើម។

ទោះ​យ៉ាងណា លោក សម រង្ស៊ី បញ្ជាក់​ថា លោក​មិន​បោះបង់ចោល​នូវ​ការ​តាំង​ចិត្ត​វិល​ទៅ​កម្ពុជា​វិញ ហើយ​អ្វីៗ​មិន​មាន​ការ​ផ្លាស់ប្ដូរ​ទេ ដោយ​គ្រាន់តែ​ពន្យារពេល​បន្តិច និង​ត្រូវ​រៀបចំ​យុទ្ធសាស្ត្រ​ជា​ថ្មី​ទៀត៖ «បន្ទាប់ពី​ការប្រកាស​បី​គម្រោង​មាតុភូមិនិវត្តន៍ របស់​យើង ស្រាប់តែ​របប​លោក​ហ៊ុន សែន ភ័យ​ស្លន់ស្លោ ឆ្លេឆ្លា​ពង្រាយ​ទ័ព ដើរ​ចាប់​គេ​ចាប់​ឯង ដើរ​សុំ​អង្វរ​ប្រទេសជិតខាង​កម្ពុជា ថា កុំ​ឱ្យ​សម រង្ស៊ី ធ្វើដំណើរ​ឆ្លងកាត់​ប្រទេស​គេ​ចូល​មក​កម្ពុជា ហួសចិត្ត ក្រែង​ថា ចង់​ចាប់ សម រង្ស៊ី ឥឡូវ​សម រង្ស៊ី ចូល​ទៅ​ឱ្យ​ចាប់ បែរ​ជា​មិន​ហ៊ាន​ចាប់ មានន័យថា សម រង្ស៊ី ខ្លាំង​ណាស់ តែ​មិនមែន សម រង្ស៊ី ខ្ញុំ​ម្នាក់​នេះ​ទេ មានន័យថា​មាន សម រង្ស៊ី រាប់​លាន​លាក់​នៅ​កម្ពុជា»។

តែ​ទោះ​យ៉ាងណា លោក​អះអាង​ថា លោក​ទទួល​បាន​ជ័យជំនះ​ធំធេង ហើយ​លោក​ថា ទោះ​មានការ​លំបាក​យ៉ាងណា ក៏​នៅតែ​ព្យាយាម​ជម្នះ​ឧបសគ្គ​នេះ​ឱ្យ​ទាល់តែ​បាន​ដើម្បី​ឱ្យ​ដល់​គោលដៅ​ដូច​ការ​រំពឹង​ទុក​របស់​ប្រជារាស្ត្រ​ខ្មែរ និង​សហគមន៍​អន្តរជាតិ ដែល​ប្រកាន់​ប្រជា​លទ្ធិប្រជាធិបតេយ្យ៖ «ការ​ដោះលែង​លោក កឹម សុខា គឺជា​ជំហាន តូច​មួយ​ទេ តែ​ត្រូវ​មាន​វិធានការ​តាម​ផ្លូវ​ហ្នឹង ផ្លូវ​វែងឆ្ងាយ​ទៅ​មុខ​ទៀត ដើម្បី​ឱ្យ​មានការ​ផ្លាស់ប្ដូរ​តាម​បែប​ប្រជាធិបតេយ្យ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​បាន​ស្គាល់​ប្រជាធិបតេយ្យ​ពិតប្រាកដ»។

គោលដៅ​ចម្បង​នៃ​ការ​ធ្វើ​មាតុភូមិនិវត្តន៍​របស់​លោក សម រង្ស៊ី និង​មន្ត្រី​មួយ​ចំនួន​នៃ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​៩ វិច្ឆិកា ដែល​បាន​ប្រកាស​មុន​ថ្ងៃ​កំណត់​ប្រមាណ ៣​ខែ​មុន​នោះ គឺ​ដើម្បី​ស្ដារ​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ឱ្យ​រស់​ឡើងវិញ ជាពិសេស​គឺ​ដើម្បី​សង្គ្រោះ​EBA ។​

​ការ​ប្រកាស​នេះ មានការ​គាំទ្រ​ភាគច្រើន​ពី​ប្រជាពលរដ្ឋ​ដែល​នៅ​មាន​ភក្ដីភាព​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ និង​បណ្ដា​ប្រទេស​ជាច្រើន​ដែល​និយម​ប្រជាធិបតេយ្យ​នៅ​លើ​ពិភពលោក ។​

​ក៏ប៉ុន្តែ​ការប្រកាស​ដដែល​នេះ ធ្វើ​ឱ្យ​លោក នាយក រដ្ឋមន្ត្រី ហ៊ុន សែន និង​មន្ត្រី​របស់​លោក ក្តៅ​ក្រហាយ ដេក មិន​លក់ បក់​មិន​ល្ហើយ ប៉ុន្តែ​ប្រឹង​ថ្លែង​ចំអក បន្ទរ​តាម​គ្នា ថា លោក សម រង្ស៊ី នឹង​មិន​ហ៊ាន វិល​ចូល​ស្រុក​វិញ ដូច​ការប្រកាស​នោះ​ឡើយ។

ទន្ទឹម​នឹង​ការ​ចំអក​នេះ មេដឹកនាំ​របប​ក្រុងភ្នំពេញ ក៏​ប្រឹង​បញ្ចេញ​សារ​គំរាមកំហែង ដូច​ទឹកបាក់​ទំនប់​។ ដូច​ជា​ការ​គំរាម​ចាត់វិធានការ​តាម​ផ្លូវ​តុលាការ ចាប់​លោក​សម រង្ស៊ី ដាក់គុក​ព្រៃ​ស និង​ចាប់ មន្ត្រី​បក្ស​ប្រឆាំង ព្រមទាំង​សកម្មជន​ដទៃ​ទៀត ដែល​មាន​បំណង​ចូលរួម​អម​ដំណើរ និង​ទៅ​ទទួល​លោក សម រង្ស៊ី ពេល​វិល​ដល់​កម្ពុជា។

នៅ​មុន និង​ក្រោយ​ការប្រកាស​នេះ​ភ្លាមៗ អាជ្ញាធរ និង​តុលាការ របប​ក្រុងភ្នំពេញ បាន​បង្កើន​សន្ទុះ ចាប់​សកម្មជន​បក្ស​ប្រឆាំង​ដាក់​ពន្ធនាគារ កើន​ឡើង​ដល់​ប្រមាណ​ជាង​៨០​នាក់ ដែល​អ្នក​ទាំងនោះ​ជាប់​ចោទ​ថា បាន​ប្រកាស​គាំទ្រ​ដំណើរ​វិលត្រឡប់ និង​ស្ម័គ្រចិត្ត​ចូលរួម​អម​ដំណើរ លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ និង​ចំនួន​រាប់​រយ​នាក់​ផ្សេងទៀត​មានឈ្មោះ​ក្នុង​ដីកា​តុលាការ​តាម​ចាប់ខ្លួន ពី​បទ​ចូលរួម​ក្នុង​ចលនា របស់​ក្រុម​ឧទ្ទាម​ក្បត់ជាតិ។

ហើយ​នៅ​ចុងក្រោយ លោក ហ៊ុន សែន បាន​ចោទ​ដំណើរ​មាតុភូមិនិវត្តន៍ របស់ លោក សម រង្ស៊ី ថា​ជា​ដំណើរ​ឆ្ពោះ​មក​ធ្វើ​រដ្ឋប្រហារ​រដ្ឋាភិបាល​របស់​លោក។

ក៏ប៉ុន្តែ​នៅ​នា​ទី​ចុង​ក្រោយ គឺ​នៅ​ក្រោយ​ថ្ងៃ​ទី​៩ វិច្ឆិកា លោក ហ៊ុន សែន ហាក់​បន្ទន់​ឥរិយាបថ​ខ្លះ ដោយសារ​គ្រប់​ច្រក​ទាំងអស់​ដែល​ព្យាយាម​រារាំង បិទ​មិន​ឱ្យ​លោក សម រង្ស៊ី វិល​ចូល​កម្ពុជា មាន​សុវត្ថិភាព និង​អាច​ជឿ​ទុកចិត្ត​បាន​លើ​ការគ្រប់គ្រង​ស្ថានការណ៍​ក្នុងស្រុក មិន​ឱ្យ​មាន​ចលនា​ងើប​បះបោរ ពី​កម្លាំង​មហាជន។

ពេលនោះ​មេដឹកនាំ​របប​ក្រុងភ្នំពេញ លោក ហ៊ុន សែន បាន​បញ្ជា​ឱ្យ​ដោះលែង និង​បញ្ឈប់​ការ​ចាប់ចង ឬ​ធ្វើទុក្ខបុកម្នេញ ដល់​អ្នក​ទោស​នយោបាយ ដែល​ត្រូវ​រង​ការ​បង្ក្រាប​ក្នុង​កំឡុង​ពេល​យុទ្ធនាការ ធ្វើ​មាតុភូមិនិវត្តន៍​របស់​លោក សម រង្ស៊ី​នោះ៖ «ខ្ញុំ​អំពាវនាវ​ឱ្យ​មនុស្ស​ទាំងអស់​ដែល​កំពុង​រត់​គេច​ខ្លួន ត្រឡប់​ផ្ទះ​វិញ កុំ​លាក់ខ្លួន​នៅ​កន្លែង​នេះ កន្លែង​នោះ​តទៅទៀត ហើយ​អាជ្ញាធរ​មូលដ្ឋាន កម្លាំង​មាន​សមត្ថកិច្ច ដែល​អនុវត្ត​ច្បាប់ កុំ​ធ្វើ​អី​ឱ្យ​សោះ ឱ្យ​គេ​មក​ផ្ទះ​យ៉ាង​ស្រួល ហើយ​រាប់អាន ធ្វើការ​ជាមួយគ្នា​ទៅ»។

លោក ហ៊ុន សែន អះអាង​ថា ការ​ដោះលែង និង​បញ្ឈប់​ការ​ចាប់​ចង​នេះ ដោយសារ​លោក​ពិភាក្សា​ជាមួយ លោក ស ខេង យល់​ថា អ្នកគាំទ្រ​បក្ស​ប្រឆាំង​ទាំងនោះ ជា​អ្នក​ចាញ់បោក ក្រុម​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ និង​យល់ថា ផែនការ​ធ្វើ​រដ្ឋប្រហារ​នៅ​ថ្ងៃ​ទី​៩ វិច្ឆិកា បាន​បរាជ័យ។

ការ​បន្ទន់​ឥរិយាបថ​នេះ ក៏​ស្រប​ពេល​ដែល​គណៈកម្មការ​អឺរ៉ុប បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​អំពី​របាយការណ៍​បឋម ស្ដីពី​ការ​ព្យួរ​ការ​អនុគ្រោះ​ពន្ធ EBA។

មេ​បក្ស​ប្រឆាំង លោក សម រង្ស៊ី ក៏​បាន​កកូរកកាយ លើ​នយោបាយ​ការទូត ដុត​រោល​ស្ថានការណ៍​ឱ្យ​ក្តៅ​ឡើង​ថែមទៀត តាំងពី​ទ្វីប​អឺរ៉ុប និង​អាមេរិក រហូត​រំកិល​ខ្លួន​មកដល់​តំបន់​អាស៊ី ជិត​កម្ពុជា ដោយ​លាត​ត្រដាង ឱ្យ​ឃើញ​កាន់​ច្បាស់ ប្រាប់​ទៅ​សហគមន៍​អន្តរជាតិ​ថា របប លោក ហ៊ុន សែន បាន​ប្រើ​អំណាច​ផ្ដាច់ការ ប្រើ​កម្លាំង​ប្រដាប់​អាវុធ តុលាការ​ក្រោម​បញ្ជា​របស់​របប​ឯក​បក្ស គំរាមកំហែង​ប្រជា​ពលរដ្ឋ​ស្លូតត្រង់ ដែល​ខុស​ពី​គោលការណ៍​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ។

ក៏ប៉ុន្តែ​អ្នកនាំពាក្យ​រដ្ឋាភិបាល​វិញ លោក ផៃ ស៊ីផាន ប្រាប់​ថា ការ​ប្រកាស​ឱ្យ​ដោះលែង និង​អំពាវនាវ​ឱ្យ​សកម្មជន​បក្ស​ប្រឆាំង​វិល​ចូល​ស្រុក​ជួបជុំ​ក្រុម​គ្រួសារ មិន​ពាក់ព័ន្ធ​នឹង​វិធានការ​សម្ពាធ​អន្តរជាតិ ឬ EBA ឡើយ៖ «គឺជា​រឿង​ដាច់ដោយឡែក ចំណែក​រឿង​ឃាត់ខ្លួន​គឺជា​ការ​បង្ការ កុំ​ឱ្យ​មានការ​ចូលរួម​ធ្វើ​រដ្ឋប្រហារ»។

តែ​ទោះ​យ៉ាង​ណា​ក្តី ក្នុង​រយៈពេល​ប្រមាណ​២​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ​ទី១៤ ដល់​១៦ វិច្ឆិកា​របប​ក្រុងភ្នំពេញ​ភ្នំពេញ​បាន​ដោះលែង អ្នក​ជាប់ឃុំ​ប្រមាណ​៧៥​នាក់ ក្នុង​ចំណោម​អ្នក​ជាប់ឃុំ​ជាង ៨០​នាក់​។​

​អ្វី​ដែល​វិវឌ្ឍ​លឿន និង​គួរ​ឱ្យ​ភ្ញាក់ផ្អើល​នោះ គឺ​តុលាការ​បាន​បន្ធូរបន្ថយ​លើ​លក្ខខណ្ឌ​ឃុំខ្លួន លោក កឹម សុខា ដោយ​អនុញ្ញាត​ឱ្យ​លោក​មាន​សេរីភាព​ដើរហើរ​ពេញ​ផ្ទៃ​ប្រទេស ប៉ុន្តែ​ហាម​ធ្វើ​សកម្មភាព​នយោបាយ និង​ត្រូវ​ឆ្លើយតប​ចំពោះ​ការ​កោះហៅ​ពី​គ្រប់​សមត្ថកិច្ច។

វិធានការ​នេះ​ក៏​ធ្វើឡើង​នៅ​ក្រោយ​ពេល រដ្ឋាភិបាល​ប្រទេស​ប្រជាធិបតេយ្យ​មួយ​ចំនួន ដូចជា សហរដ្ឋអាមេរិក បារាំង អង់គ្លេស សហភាព​អឺរ៉ុប ជាដើម សុទ្ធតែ​ចង់​ឃើញ​រដ្ឋាភិបាល​កម្ពុជា​លើកលែង​ការចោទប្រកាន់​ប្រឆាំង​នឹង​លោក កឹម សុខា ព្រមទាំង​ផ្ដល់​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ​ដល់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ​វិញ។

ដោយ​មិន​អាច​វិល​ចូល​កម្ពុជា បាន​ដូច​ការ​រំពឹងទុក លោក លោក សម រង្ស៊ី ស្នាក់នៅ​ប្រទេស​ម៉ាឡេស៊ី និង​ប្រទេស​ឥណ្ឌូណេស៊ី មួយ​រយៈ ដោយ​មាន​ការ​គាំទ្រ ពី​សហភាព​អឺរ៉ុប និង​សហគមន៍​អន្តរជាតិ​ផ្សេង​ទៀត ដែល​ចង់​ឱ្យ​មាន​ដំណោះស្រាយ​នយោបាយ​នៅ​កម្ពុជា។

ចំណែក លោក សម រង្ស៊ី ប្រាប់​អាស៊ីសេរី នៅ​ថ្ងៃទី​១៨ វិច្ឆិកា ពី​ប្រទេស​បារាំង ក្រោយ​ពី​លោក ចាក​ចេញ ពី​ម៉ាឡេស៊ី និង​ឥណ្ឌូណេស៊ី នោះ​ថា ក្នុង​ឱកាស​ស្នាក់នៅ ក្នុង​ប្រទេស​ទាំងពីរ​នេះ លោក ទទួល​បាន​ការ​ស្វាគមន៍ និង​ធ្វើ​ការងារ​បាន​ច្រើន​ជាមួយ​មេដឹកនាំ​ប្រទេស​ប្រកាន់​ប្រជាធិបតេយ្យ នៅ​ក្នុង​តំបន់​អាស៊ី ដោយ​ពួកគេ​បាន​គោរព និង​ឱ្យ​តម្លៃ​លើ​រូបលោក ព្រមទាំង​មន្ត្រី គណបក្ស​សង្គ្រោះ​ជាតិ​ដទៃ​ទៀត ដោយ​ពួកគេ​មិន​ជឿ​លើ​តាម​ការ​ចោទ​ប្រកាន់​របស់​លោក ហ៊ុន សែន ឡើយ៖ «ដូច្នេះ អ្វី​ដែល​គេ​ផ្ដល់​ឱ្យ​មកនេះ គឺ​គេ​ផ្ដល់​កិត្តិយស សេរីភាព សុវត្ថិភាព ដល់​ខ្ញុំ និង​សហការី គឺ​គេ បញ្ជាក់​ថា គេ​អត់​ជឿ ការ​ឃោសនា​របស់​លោក ហ៊ុន សែន ទេ ដែល​គេ​ចោទ​ថា ខ្ញុំ ជា​ទណ្ឌិត ខ្ញុំ​មានទោស អី​នោះ​ទាំងអស់ បើ​គេ​ជឿ​គេ​អត់​ឱ្យ​ខ្ញុំ​ចូល ប្រទេស​គេ​ទេ ហាក់​ដូច​គេ​ទះកំផ្លៀង លោក ហ៊ុន សែន គេ​ថា ហ៊ុន សែន ឯង​មនុស្ស​ព្រៃផ្សៃ ..​ អ៊ីចឹង​នេះ​ជា​ជោគជ័យ ធំ​ណាស់»។

លោក​បន្ត​ថា ប្រទេស ទាំងពីរ​នោះ សុទ្ធតែ​មាន​បទ​ពិសោធន៍ ក្នុង​ការ​តស៊ូ​រើ​បម្រាស់​ចេញ ពី​អំណាច​ផ្ដាច់ការ​បាន​ជោគជ័យ ហើយ​គេ​ផ្ដល់​កម្លាំងចិត្ត ដល់​គណបក្សប្រឆាំង គឺ​គណបក្ស​សង្គ្រោះជាតិ និង​ប្រជាពលរដ្ឋ​កម្ពុជា ឱ្យ​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​តស៊ូ​នេះ ដើម្បី​បាន​ស្គាល់​លទ្ធិប្រជាធិបតេយ្យ​ពិតប្រាកដ​ដូចគ្នា​ដែរ នៅ​ថ្ងៃ​ណាមួយ​នោះ​ជាមិនខាន។

អ្នកវិភាគ​សង្គម​ចាស់​វស្សា គឺ លោក បណ្ឌិត ឡៅ ម៉ុងហៃ មាន​ប្រសាសន៍​ថា មាន​ប្រសាសន៍ថា មួយ​រយៈ​ពេលនេះ​ចុងក្រោយ​នេះ នយោបាយ​របស់​បក្ស​សង្គ្រោះ​ជាតិ កំពុង​មាន​ប្រៀប​លើ​បក្ស​កាន់​អំណាច។

លោក​បន្ត​ថា ការ​ប្រកែក​ដោះសា​របស់​រដ្ឋាភិបាល ថា​មិន​រង​សំពាធ​ពី​អ្នកណា​នោះ លោក​យល់ថា នេះ​គឺជា​សំនួនវោហារ​សព្ទ​នយោបាយ។ តែ​ការពិត​នៅ​ពីក្រោយ​រឿង​នេះ គឺ​រដ្ឋាភិបាល​ប្រើ​វិធានការ​ជា​វិជ្ជមាន ដើម្បី​ឆ្លើយតប​នឹង​សម្ពាធ​របស់​សហគមន៍​អន្តរជាតិ៖ «អ្នកនយោបាយ​ច្រើន​និយាយ​អ្វី​តាម​តែ​អារម្មណ៍ ចំណែក​ហេតុការណ៍​ជាក់ស្ដែង​ជា​រឿង​មួយទៀត ខ្ញុំ​ហ៊ាន​និយាយ​ថា ជម្លោះ​នយោបាយ​រវាង​គណបក្ស​កាន់អំណាច និង​បក្ស​ប្រឆាំង​នៅតែ​បន្ត​…​ហើយ​មួយ​ស្រប​បក់​នេះ សង្គ្រោះ​ជាតិ​មានប្រៀប​ច្រើន»។

ចំណែក ប្រជាពលរដ្ឋ​នៅ​តាម​ព្រំដែន​ភាគច្រើន និង​ពលរដ្ឋ​នៅ​ក្រៅ​ប្រទេស នៅតែ​គាំទ្រ​ចង់​ឱ្យ​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ លោក សម រង្ស៊ី វិល​ចូល​វិញ​ឱ្យ​បាន​ឆាប់​កាន់តែ​ល្អ ដើម្បី​ស្ដារ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឱ្យ​រស់​ឡើងវិញ ជាពិសេស​ចង់​ឱ្យ​ផ្លាស់ប្ដូរ​របប​ដឹកនាំ​ថ្មី ដែល​មេដឹកនាំ​ចេះ​អាណិត​ស្រលាញ់​ប្រជាពលរដ្ឋ និង​មិន​ចាត់​ទុក​ពលរដ្ឋ​ជា​សត្រូវ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។