យុវជន​ពីរ​នាក់​ឈរ​ឈ្មោះ​បេក្ខជន​មេ​ឃុំ​គណបក្ស​ភ្លើងទៀន​ខេត្ត​សៀមរាប​ ប្ដេជ្ញា​ដោះស្រាយ​បញ្ហា​បរិស្ថាន និង​សេវា​សាធារណៈ

ដោយ សេក បណ្ឌិត
2022.05.30
យុវជន​ពីរ​នាក់​ឈរ​ឈ្មោះ​បេក្ខជន​មេ​ឃុំ​គណបក្ស​ភ្លើងទៀន​ខេត្ត​សៀមរាប​ ប្ដេជ្ញា​ដោះស្រាយ​បញ្ហា​បរិស្ថាន និង​សេវា​សាធារណៈ លោក នង ធារ៉ា (ខាងឆ្វេង)និង លោកស្រី ប៊ិត គឹមលាន( ខាងស្តាំនៅចមកណ្តាល ) បេក្ខភាព​ចៅសង្កាត់​ខេត្ត​សៀមរាប និង​ក្រុម​ការងារ​បាន​ចុះ​ចែក​ខិត្តប័ណ្ណ​ អំពី​សារ​គោលនយោបាយ​ជូន​ទៅ​ដល់​ពលរដ្ឋ​នៅ​ក្នុង​សង្កាត់។
រូប៖ ហ្វេសប៊ុកលោក នង ធារ៉ា

យុវជន​មួយចំនួន នៅ​ខេត្តសៀមរាប ​ស្ម័គ្រ​ចិត្ត​ឈរ​ឈ្មោះ​ បេក្ខភាព​ឃុំ/សង្កាត់​ឱ្យ​គណបក្ស​ភ្លើង​ទៀន ​ដើម្បី​ដោះស្រាយ ​វិបត្តិ​បរិស្ថាន បញ្ហា​គ្រឿង​ញៀន និង​សេវា​សាធារណៈ។​ ការ​លើក​ឡើង​នេះ ​ក្រោយពី​ពួកគាត់​សង្កេត​ឃើញ​ថា ​អាជ្ញាធរ​មូលដ្ឋាន​ ខ្វះ​ចន្លោះ​ច្រើន​ ក្នុង​ការ​ដោះស្រាយ​បញ្ហា​នេះ ​ដោយសារ​គ្មាន​វត្តមាន​គណបក្ស​ប្រឆាំង​ ធ្វើ​ឱ្យ​ក្តី​កង្វល់​ទាំង​ឡាយ​របស់​ពលរដ្ឋ​ មិន​ត្រូវ​បាន​ដោះស្រាយ​។

បញ្ហា​បរិស្ថាន បញ្ហា​គ្រឿង​ញៀន ​និង ​ការ​ផ្តល់​សេវា​សាធារណៈ ​គឺ​ជា​ប្រធាន​បទ​សំខាន់​ ដែល​យុវជន​មួយ​ចំនួន​ នៅ​ខេត្ត​សៀមរាប​ សម្រេចចិត្ត​ឈរ​ឈ្មោះ​បេក្ខភាព​ឃុំ/សង្កាត់​ឱ្យ​គណបក្ស​ភ្លើង​ទៀន ​ដើម្បី​រក​ដំណោះស្រាយ​ជូន​ពលរដ្ឋ​ និង​សង្គមជាតិ ​នៅ​ថ្នាក់​មូលដ្ឋាន​។

បេក្ខភាព​ចៅ​សង្កាត់ សាលាកំរើក​ក្រុង​សៀមរាប​គណបក្ស​ភ្លើងទៀន ​លោក ​នង ធារ៉ា​ ប្រាប់​វិទ្យុអាស៊ីសេរី​នៅ​ថ្ងៃ​ទី​៣០ ខែឧសភា​ថា ​មូលហេតុ ​ដែល​លោក​សម្រេច​ចិត្ត​ឈរ​ឈ្មោះ​ចៅសង្កាត់​នេះ ​ដោយសារ​ការ​ផ្តល់​សេវា​សាធារណៈ​យឺត​យ៉ាវ ​អំពើ​ពុករលួយ ​បញ្ហា​សំរាម​ និង​គ្រឿង​ញៀន ​​គឺជា​ដំបៅ​សង្គម​ ដែល​មេឃុំ​មាន​តួនាទី​សំខាន់ ​ចូលរួម​ដោះស្រាយ​ជូន​ពលរដ្ឋ​ និង​សង្គមជាតិ​។

លោក​សង្កេត​ឃើញ​ថា ​បញ្ហា​ទាំង​នេះ ​កើត​ឡើង​ជាច្រើន​ឆ្នាំ​មក​ហើយ​ នៅតែ​ជា​ក្តី​កង្វល់​រួម​របស់​ពលរដ្ឋ ​ដែល​បាន​ជះឥទ្ធិពល​អាក្រក់​ដល់​សង្គមជាតិ ​ហេតុនេះ​ ប្រសិនបើ​លោក​ជាប់​ឆ្នោត​ជា​ចៅ​សង្កាត់ ​លោក​នឹង​ព្យាយាម​ដោះស្រាយ​រឿង​នេះ ​ដោយ​ស្មោះត្រង់​ និង​មាន​ការ​ទទួលខុស​ត្រូវ​ខ្ពស់​ ៖«សូម​ពុក​ម៉ែ ​បងប្អូន​បោះឆ្នោត​ជូន​គណបក្ស​ភ្លើង​ទៀន​ទាំង​អស់​គ្នា​ ដើម្បី​ឱ្យ​មាន​កា​ផ្លាស់​ប្ដូរ​ជា​វិជ្ជមាន​ ។​ មេឃុំ/ចៅ​សង្កាត់​មក​ពី​គណបក្ស​ភ្លើង​ទៀន​បម្រើ​ពលរដ្ឋ​ចេញ​ចិត្ត​ និង​បេះដូង»

យុវជន​វ័យ ​៣០​ ឆ្នាំ​រូប​នេះ ​បញ្ចប់​បរិញ្ញាបត្រ​ ព័ត៌មាន​វិទ្យា ​និង​កំពុង​បន្ត​សិក្សា​ថ្នាក់​អនុបណ្ឌិត​។ លោក​ នង ធារ៉ា ​ចង់​ឃើញ ​ភូមិ/ឃុំ​របស់​លោក ​មាន​សណ្ដាប់​ធ្នាប់​ល្អ ​ពលរដ្ឋ​មាន​ទម្លាប់​ទុកដាក់​សំរាម​ត្រឹមត្រូវ ​ហើយ​ការ​ផ្តល់​សេវា​សាធារណៈ ​លឿន​រហ័ស ​និង​គ្មាន​អំពើ​ពុករលួយ។​

សង្កាត់​សាលាកំរើក ​ក្រុង​សៀមរាប ​មាន​គណបក្ស​នយោបាយ​ចំនួន ​០៥ ​ដាក់​បេក្ខភាព​រួមមាន​ គណបក្ស​ប្រជាជន​កម្ពុជា ​គណបក្ស​ភ្លើងទៀន ​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ ​គណបក្ស​ខ្មែរ​រួបរួមជាតិ ​និង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​។ ​សង្កាត់​នេះ​ មាន​ ១១ ​អាសនៈ ​ដោយ​មាន​ពលរដ្ឋ​ចុះ​ឈ្មោះ​បោះឆ្នោត​ជាង ​១​ម៉ឺន ​៥ ​ពាន់​នាក់​។ ​កាល​ពី​ឆ្នាំ​ ២០១៧ ​ក្នុង​អាណត្តិ​ទី ​០៤​ គណបក្ស​សង្គ្រោះ​ជាតិ​ទទួល​បាន​ជ័យ​ជម្នះ ​ក្នុង​សង្កាត់​នេះ ​ដោយ​ជាប់​ឆ្នោត​ជា​ប្រធាន​ក្រុម​ប្រឹក្សា​សង្កាត់​។

រីឯ​យុវនារី​ឈរ​ឈ្មោះ​បេក្ខភាព​សង្កាត់​សៀមរាប ​ក្រុង​សៀមរាប​ គណបក្ស​ភ្លើង​ទៀន​គឺ​ លោកស្រី​ ប៊ិត គឹមលាន ​ឱ្យ​ដឹង​ថា ​សង្កាត់​សៀមរាប​ ក៏​មាន​បញ្ហា​ប្រឈម​ស្រដៀង​គ្នា​ នឹង​សង្កាត់​សាលាកំរើក​ដែរ ​ហើយ​មក​ទល់​ពេល​នេះ ​គ្មាន​ដំណោះស្រាយ​នៅ​ឡើយ​ទេ​ ធ្វើ​ឱ្យ​ពលរដ្ឋ​ពិបាក​នឹង​ទទួល​បាន​សេវា​រដ្ឋបាល​ល្អ​។

លោកស្រី​សង្កេត​ឃើញ​ថា ​កន្លង​ទៅ​ការ​ផ្តល់​សេវា​សាធារណៈ​របស់​អាជ្ញាធរ​មាន​ការ​រើស​អើង​ និន្នាការ​នយោបាយ ​និង ​យឺតយ៉ាវ ​បង្ក​ការ​លំបាក​ដល់​ពលរដ្ឋ​ ហេតុ​នេះ​ប្រសិនបើ​លោកស្រី​ឈ្នះ​ឆ្នោត​ នឹង​ព្យាយាម​ដោះស្រាយ​បញ្ហា​នេះ​ឱ្យ​មាន​ប្រសិទ្ធភាព​ ដោយ​គ្មាន​អំពើ​ពុក​រលួយ។​ លោកស្រី​ប្ដេជ្ញា​ថា ​ការ​អនុវត្ត​យន្តការ ​០៧ ​ចំណុច​របស់​គណបក្ស​ភ្លើង​ទៀន ​ឱ្យ​មាន​ប្រសិទ្ធភាព​ គឺជា​ដំណោះស្រាយ​ល្អ ​ធ្វើ​ឱ្យ​ពលរដ្ឋ​មាន​ជីវភាព​ប្រសើរ​ ៖«ប្ដេជ្ញា​ចិត្ត​ថា ​បម្រើ​ពលរដ្ឋ​ដោយ​ភាព​រីករាយ​រាក់​ទាក់ ​នឹង​យក​ទុក្ខ​លំបាក​ នៅ​ឃុំ​ដែល​ខ្ញុំ​គ្រប់​គ្រង​ ខ្ញុំ​នឹង​ដោះស្រាយ​ជូន​ពួកគាត់ ​មិន​មាន​ពុក​រលួយ ​ហើយ​ស្អាតស្អំ​។

ស្ត្រី​វ័យ​ជាង​ ៣០​ ឆ្នាំ​រូប​នេះ​សិក្សា​បញ្ចប់​ថ្នាក់​បរិញ្ញាប័ត្រ​ផ្នែក​គណនេយ្យ ​និង​ធនាគារ​។ ​លោកស្រី​ ស្រមៃ​ថា ​សេដ្ឋកិច្ច​ពលរដ្ឋ​នឹង​រីក​ចម្រើន ​ប្រសិនបើ​អាជ្ញាធរ​មូលដ្ឋាន​ យក​ចិត្ត​ទុក​ដាក់​បម្រើ​ពលរដ្ឋ​ដោយ​ស្មោះត្រង់​ ស្អាតស្អំ ​និង​មិន​ប្រព្រឹត្ត​អំពើ​ពុក​រលួយ។​

សង្កាត់​សៀមរាប ​ក្រុង​សៀមរាប​មាន​គណបក្ស​នយោបាយ​ចំនួន ​០៥ ​ដាក់​បេក្ខភាព​រួមមាន​ គណបក្ស​ប្រជាជន​កម្ពុជា ​គណបក្ស​ភ្លើង​ទៀន ​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ ​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​ និង​គណបក្ស​ហ្វ៊ុន​ស៊ិនប៉ិច​។ ​កាល​ពី​ឆ្នាំ​ ២០១៧ ​ក្នុង​អាណត្តិ​ទី ​០៤​ គណបក្ស​សង្គ្រោះ​ជាតិ​ទទួល​បាន​ជ័យ​ជម្នះ ​ក្នុង​សង្កាត់​នេះ ​ដោយ​ជាប់​ឆ្នោត​ជា​ប្រធាន​ក្រុម​ប្រឹក្សា​សង្កាត់​។

ឆ្លើយ​តប​រឿង​នេះ ​ចៅ​សង្កាត់​សាលាកំរើក​ និង​ជា​បេក្ខភាព​ចៅ​សង្កាត់​សាលា​កំរើក​ មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា ​លោក ​សាម ឡម ​ប្រាប់​វិទ្យុ​អាស៊ីសេរី​យ៉ាង​ខ្លី​ថា ​ការ​បោះឆ្នោត​ឃុំ/សង្កាត់​គឺ​ជា​ការ​ សម្រេចចិត្ត​របស់​ពលរដ្ឋ​។ ​លោក​បដិសេធ​មិន​ឆ្លើយ​នឹង​សំណួរ​ផ្សេង​ទៀត​ ដោយ​លោក​បាន​បិទ​ទូរស័ព្ទ ៖«ឱ្យ​ខ្ញុំ​សុទិដ្ឋិនិយម​ចំពោះ​ខ្លួន​ឯង​ ខ្ញុំ​ឆ្លើយ​ម៉េច​ចេញ ​ខ្ញុំ​អត់​ទទួល​យក​បាន​ទេ ​រឿង​ហ្នឹង​ ជា​រឿង​របស់​ពលរដ្ឋ​ទេ»

ជុំវិញ​រឿង​នេះ ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​ការ​អភិវឌ្ឍ​នៅ​កម្ពុជា លោក យង់ គិមអេង​ គាំទ្រ ​យុវជន ​និង​យុវនារី ​មាន​កម្រិត​វប្បធម៌​ថ្នាក់​បរិញ្ញាបត្រ​ឡើង​ទៅ​ ឈរ​ឈ្មោះ​បេក្ខភាព​ឃុំ​សង្កាត់​ ដើម្បី​បម្រើ​ពលរដ្ឋ​ និង​ សង្គម​ជាតិ ​ឱ្យ​បាន​ត្រឹមត្រូវ ​និង​យុត្តិធម៌​។ ​លោក​បញ្ជាក់​ថា​ ប្រជាពលរដ្ឋ​គួរតែ​មាន​ការ​លើក​ទឹក​ចិត្ត​ចំពោះ​យុវជន​ទាំង​នេះ ​បើ​យុវជន​មាន​ចំណេះ​ដឹង​ខ្ពស់​ នឹង​ជួយ​ឃុំ/សង្កាត់​បាន​ច្រើន ៖«កិច្ចការ​ជួយ​ដល់​ពលរដ្ឋ​នៅ​មូលដ្ឋាន​តាម​រយៈ​វិមជ្ឈការ​ អំណាច​ដែល​គេ​ប្រគល់​ឱ្យ ​ទាំង​អស់​នេះ ​ខ្ញុំ​គិត​ថា ​មាន​សារៈសំខាន់ ​ហើយ​ខ្ញុំ​រីករាយ​ អ្នក​ឈរ​ឈ្មោះ​ឃុំ​សង្កាត់​មាន​ចំណេះ​ដឹង​ខ្ពស់ ​រហូត​ដល់ ​បរិញ្ញាបត្រ»

ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិ​ទី​៥ នេះ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃអាទិត្យ ទី​៥ ខែមិថុនា​ខាងមុខ​។ ក្នុង​នោះ​គណបក្ស​នយោបាយ​ចំនួន​១៧ បាន​ចូល​ប្រកួតប្រជែង​ដណ្ដើម​យក​អាសនៈ​សមាជិក ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ មាន​ចំនួន​ជាង ១​ម៉ឺន (១១.៦២២) អាសនៈ ហើយ​ប្រជា​ពលរដ្ឋ​ជាង ៩​លាន​២​សែន​នាក់​បាន​ចុះឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។