មន្ត្រីអង្គការសង្គមស៊ីវិលព្រួយបារម្ភថា សហរដ្ឋអាមេរិកអាចនឹងបន្តដាក់សម្ពាធលើរដ្ឋាភិបាល លោក ហ៊ុន សែន ដើម្បីឱ្យគិតគូរស្ដារប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនៅកម្ពុជា។ ការលើកឡើងនេះក្រោយពេល ក្រុមព្រឹទ្ធសភា និងសមាជិកសភាអាមេរិកកាលពីថ្ងៃទី១៦ សីហា បានជួបពិភាក្សាជាមួយក្រុមអង្គការសង្គមស៊ីវិល សហជីព និងអ្នកសារព័ត៌មាន ដោយពួកគាត់បានលើកឡើងអំពីការធ្លាក់ចុះនៃលទ្ធិប្រជាធិបតេយ្យ ជាពិសេសបញ្ហាសិទ្ធិសេរីភាពបញ្ចេញមតិកំពុងរងការរឹតត្បិតនៅកម្ពុជា។
ក្រុមអង្គការសមាគមដែលធ្វើការលើកស្ទួយវិស័យសិទ្ធិមនុស្សនៅកម្ពុជា នៅតែបន្តទទូចដល់រដ្ឋាភិបាល លោក ហ៊ុន សែន ឱ្យបញ្ឈប់ការរឹតត្បិតសេរីភាពលើអ្នកសារព័ត៌មាន និងប្រើកម្លាំងបង្ក្រាបដោយហិង្សាលើសកម្មជនសង្គម ពលរដ្ឋ ដែលសម្ដែងមតិឆ្អាលពីបញ្ហាប្រទេសជាតិ ដើម្បីបញ្ចៀសរាល់សម្ពាធ និងទណ្ឌកម្មនានាពីអន្តរជាតិ ជាពិសេសពីសហរដ្ឋអាមេរិក។
នាយកទទួលបន្ទុកផ្នែកសិទ្ធិមនុស្សអង្គការលីកាដូ (Licadho) លោក អំ សំអាត មានប្រសាសន៍ថា ក្រុមព្រឹទ្ធសភា និងសមាជិកសភាអាមេរិកដែលមកបំពេញទស្សនកិច្ចនៅកម្ពុជា ស្របពេលដែលមានករណីអាជ្ញាធរប្រើហិង្សា និងឃាត់ខ្លួនអ្នកសារព័ត៌មាន និងសកម្មសង្គមនោះ គឺភស្តុតាងបន្ថែមទៀតដែលស្របនឹងរបាយការណ៍កន្លងមករបស់អង្គការជាតិ និងអន្តរជាតិ ដែលរកឃើញថាស្ថានភាពសេរីភាពបញ្ចេញមតិនៅកម្ពុជាមានការធ្លាក់ចុះ។ លោកព្រួយបារម្ភថា បើកម្ពុជានៅតែគ្មានការដោះស្រាយបញ្ហាសិទ្ធិមនុស្ស និងស្តារប្រជាធិបតេយ្យទេនោះ កម្ពុជាអាចប្រឈមការដាក់ទណ្ឌសេដ្ឋកិច្ចបន្ថែមទៀត៖ «ទិដ្ឋភាពកើតលើអ្នកសារព័ត៌មាន សកម្មជនបរិស្ថានម្សិលមិញហ្នឹងការកត់ត្រា (Noted) បន្ថែមទៀត ក្រៅតែអំពីការអំពាវនាវឱ្យបើក ទូលាយ និងលើកកម្ពស់ ទៅលើសេរីភាពទាំងអស់ហ្នឹង។ អ៊ីចឹងយើងមានការបារម្ភដែរ ព្រោះសហគមន៍អឺរ៉ុប មុនពេលបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ សភាសហគមន៍អឺរ៉ុបបាន អនុម័តញត្តិ ដើម្បី តាមដានការវិវត្តន៍ ឬវឌ្ឍនភាពសិទ្ធិមនុស្សនៅកម្ពុជា។ ប្រសិនជាមិនមានអ្វី ក្នុងការកែប្រែទៅលើ ការកែលម្អសិទ្ធិមនុស្ស ដូចជាលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជាទេ អាហ្នឹងគេនឹងពិនិត្យបន្ថែមទៀត ការអនុគ្រោះពន្ធ EBA»។
មិនខុសគ្នានេះដែរ នាយកប្រតិបត្តិសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (CamboJA) លោក ណុប វី ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១៧ ខែសីហាថា សេរីភាពបញ្ចេញមតិ ជាពិសេសលំហសេរីភាពសារព័ត៌មាននៅកម្ពុជាកំពុងការរឹតត្បិតកាន់តែខ្លាំង។ ជាពិសេសថ្មីៗនេះ អាជ្ញាធររដ្ឋាភិបាលលោក ហ៊ុន សែន បានប្រើអំពើហិង្សា និងឃាត់ខ្លួនសកម្មជនសង្គម និងអ្នកសារព័ត៌មានសរុប៩នាក់យកទៅសួរនាំច្រើនម៉ោង ដោយសារតែការអនុវត្តសិទ្ធិជាមូលដ្ឋានរបស់ពួកគេ ក្នុងការបង្ហាញព័ត៌មានចុងក្រោយអំពីវិនាសកម្មព្រៃឈើនៅតំបន់ព្រៃអភិរក្សសួនសត្វភ្នំតាម៉ៅ។ លោក ណុប វី ចាត់ទុកករណីនេះថា ជាការគំរាមកំហែងរឹតត្បិតសេរីភាពបញ្ចេញមតិលើសកម្មជនសង្គម និងអ្នកសារព័ត៌មានដែលបំពេញការងារជួយដល់សង្គម៖ «យើងក៏ស្នើឱ្យមានកិច្ចសន្ទនារវាង សមាជិកសភា និងសមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិកជាមួយនឹងសមាជិកសភាប្រទេសកម្ពុជា ជាមួយរដ្ឋាភិបាល ដើម្បីស្វែងរកជំហាន ដែលអាចធ្វើឱ្យមានភាពប្រសើរឡើង ធានាថា ការដាក់ចេញនូវយន្តការណាមួយ ដើម្បីការពារដល់សេរីភាពបញ្ចេញមតិ សេរីភាពអ្នកសារព័ត៌មាន ក៏ដូចជាការលើកកម្ពស់សិទ្ធិមនុស្ស គឺថាត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាព»។
កាលពីថ្ងៃទី១៦ ខែសីហា គណៈប្រតិភូដែលមានក្រុមព្រឹទ្ធសភា និងសមាជិកសភាអាមេរិកចំនួន៥រូប បានជួបពិភាក្សាជាមួយក្រុមអង្គការសង្គមស៊ីវិល សហជីព និងអ្នកសារព័ត៌មាន អំពីបញ្ហាសិទ្ធិសេរីភាពបញ្ចេញមតិ និងបញ្ហានៃការធ្លាក់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ ក្នុងជំនួបនោះ នាយកប្រតិបត្តិសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (CamboJA) លោក ណុប វី ថា គណៈប្រតិភូព្រឹទ្ធសភា និងសមាជិកសភាអាមេរិក លើកឡើងថា ពួកគាត់នៅតែបន្តជំរុញដល់រដ្ឋាភិបាលលោក ហ៊ុន សែន ឱ្យបើកចំហសេរីភាពបញ្ចេញមតិ សេរីភាពសារព័ត៌មាន និងដោះស្រាយបញ្ហាជូនកម្មករបុគ្គលណាហ្គាវើលដ៍ (Nagaworld) ដែលកំពុងតវ៉ាទាមទាររកដំណោះស្រាយការងារ។
ក្រុមគណៈប្រតិភូនេះដឹកនាំដោយសមាជិកព្រឹទ្ធសភា លោក អេដវឺត ម៉ារឃីយ៍ (Edward J. Markey (D-Mass) និងមានសមាជិកសភាចំនួន៤រូបទៀត។ ដំណើរទស្សនកិច្ចរបស់ក្រុមព្រឹទ្ធសភា និងសមាជិកសភាសហរដ្ឋអាមេរិកនៅកម្ពុជានេះ ធ្វើឡើងបន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចទៅកោះតៃវ៉ាន់ កាលពីថ្ងៃទី១៤ និង១៥ ខែសីហា កន្លងទៅនេះ។
វិទ្យុអាស៊ីសេរីនៅមិនទាន់អាចស្នើសុំព័ត៌មានបន្ថែមពីស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា ទាក់ទងនឹងដំណើរទស្សនកិច្ចរបស់ព្រឹទ្ធសភា និងសមាជិកសភាអាមេរិកមកកម្ពុជានេះបាននៅឡើយទេ កាលពីយប់ថ្ងៃទី១៧ សីហា។
នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) អ្នកស្រី ចក់ សុភាព ដែលបានជួបព្រឹទ្ធសភា និងសមាជិកសភាអាមេរិក ប្រាប់វិទ្យុអាស៊ីសេរីឱ្យដឹងថា ព្រឹទ្ធសភា និងសមាជិកសភាអាមេរិក នៅតែបង្ហាញការខ្វល់ខ្វាយពីស្ថានភាពសិទ្ធិមនុស្ស និងបញ្ហាសិទ្ធិនយោបាយនៅកម្ពុជា។ អ្នកស្រីបន្ថែមថា បើរដ្ឋាភិបាលកម្ពុជាមានឆន្ទៈពិតប្រាកដក្នុងការពង្រីកអភិបាលកិច្ចល្អ គឺរដ្ឋាភិបាលត្រូវតែផ្តល់កិច្ចគាំពារដល់សិទ្ធិសេរីភាពជាមូលដ្ឋានពលរដ្ឋ និងសកម្មជនដែលសកម្មចូលរួមការងារសង្គម៖ «ការចូលរួមពីសហគមន៍ជាតិ និងអន្តរជាតិជារឿងមួយ ប៉ុន្តែចាំបាច់បំផុតដែលរដ្ឋាភិបាលត្រូវមានទំនួលខុសត្រូវ និងធ្វើកិច្ចការងារស្របទៅតាមកាតព្វកិច្ច របស់ខ្លួនដែលមានក្នុងស្មារតីនៃរដ្ឋធម្មនុញ្ញ និងច្បាប់ពាក់ព័ន្ធ»។
ទាក់ទងនឹងបញ្ហានេះ អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សរបស់រដ្ឋាភិបាលលោក កត្តា អ៊ន ប្រាប់វិទ្យុអាស៊ីសេរីថា រដ្ឋាភិបាលបានអនុវត្តការគោរពសិទ្ធិជាទូទៅរបស់ពលរដ្ឋមានលក្ខណៈល្អប្រសើរ។ ទោះយ៉ាងណា លោកបញ្ជាក់ថា ក្រុមព្រឹទ្ធសភា និងសមាជិកសភាអាមេរិកកាលពីថ្ងៃទី១៦ សីហា ក៏បានជួបប្រជុំជាមួយតំណាងរដ្ឋសភាកម្ពុជា និងតំណាងក្រសួងការបរទេសកម្ពុជាដើម្បីចង់ដឹងពីបញ្ហាមួយចំនួនដែលនៅកម្ពុជា៖ «ម្សិលមិញមានកិច្ចប្រជុំ ជាមួយក្រសួងស្ថាប័នពាក់ព័ន្ធមួយចំនួនដែរ ពីបញ្ហាដែលសមាជិកព្រឹទ្ធសភាទាំងនោះ ចង់ដឹងទៅលើបញ្ហាមួយចំនួនទាក់ទង វិស័យផ្សេងៗនៅកម្ពុជា។ ខ្ញុំមិនបានចូលរួមប្រជុំនៅទីនោះទេ បើសិនជាលោកអាចដឹងទៅសួរខាងក្រសួងការបរទេសប្រហែលជាច្បាស់ជាង»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទង អ្នកនាំពាក្យរដ្ឋសភា លោក ឡេង ប៉េងឡុង និងអ្នកនាំពាក្យក្រសួងការបរទេស លោក ជុំ សុន្ទរី ដើម្បីសាកសួរជុំវិញរឿងនេះបានទេ នៅថ្ងៃទី១៧ ខែសីហា។
កន្លងទៅសហរដ្ឋអាមេរិក រួមទាំងប្រទេសប្រជាធិបតេយ្យមួយចំនួន និងអង្គការជាតិ អន្តរជាតិជាច្រើនស្ថាប័ន ជាពិសេសទីភ្នាក់ងារអង្គការសហប្រជាជាតិតែងតែជំរុញដល់រដ្ឋាភិបាលលោក ហ៊ុន សែន ឱ្យមានការគោរពគោលការណ៍ប្រជាធិបតេយ្យដោយត្រូវបញ្ចប់រាល់ការរឹតត្បិតសិទ្ធិសេរីភាពបញ្ចេញជាមូលដ្ឋានរបស់ពលរដ្ឋ សកម្មជនសិទ្ធិមនុស្ស សកម្មជនសង្គម និងនយោបាយ ដែលពួកគាត់តែងតែបំពេញការងារក្នុងសង្គមស្របតាមច្បាប់។
ទាក់ទងនឹងស្ថានភាពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជានេះ សមាជិកព្រឹទ្ធសភាមកពីគណបក្សកាន់អំណាចគឺ គណបក្សប្រជាធិបតេយ្យ ប្រចាំរដ្ឋម៉ាស្សាឈូសេត (Massachusetts) លោក អេដវឺត ម៉ារឃីយ៍ កន្លងមកនេះបានស្នើសេចក្ដីស្នើច្បាប់ដាក់ទណ្ឌកម្មជាក់លាក់លើមន្ត្រីកម្ពុជា ឬ S.3052 មានឈ្មោះជាផ្លូវការថា «ច្បាប់ស្ដីពីប្រជាធិបតេយ្យ និងសិទ្ធិមនុស្សកម្ពុជាឆ្នាំ២០២២» ដែលបច្ចុប្បន្នឆ្លងផុតគណៈកម្មាធិការទំនាក់ទំនងបរទេសដ៏មានឥទ្ធិពលរបស់ព្រឹទ្ធសភាអាមេរិក និងកំពុងបញ្ជូនបន្តមកឱ្យព្រឹទ្ធសភាពេញអង្គអនុម័ត៕
....................
ព័ត៌មានបឋម
នាយកប្រតិបត្តិសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា លោក ណុប វី ដែលបានជួនពិភាក្សាជាមួយក្រុមព្រឹទ្ធសភា និងសមាជិកសភាអាមេរិកប្រាប់វិទ្យុអាស៊ីសេរី កាលពីយប់ថ្ងៃទី១៦ ខែសីហាថា ក្រុមអង្គការសង្គមស៊ីវិល និងអ្នកសារព័ត៌មានបានលើកឡើងប្រាប់ក្រុមព្រឹទ្ធសភា និងសមាជិក អាមេរិកអំពីក្ដីបារម្ភរបស់ពួកគេ ទាក់ទងនឹងការរំលោភបំពានសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋ ការធ្វើទុក្ខបុកម្នេញអ្នកសារព័ត៌មាន ការអូសបន្លាយមិនផ្ដល់ដំណោះស្រាយវិវាទការងារ និងការរំលោភបំពានស្រ្តីជាកូដករនៅក្រុមហ៊ុនណាហ្គាវើលដ៏ជាដើម។
លោក ណុប វី បន្តថា ក្រុមរបស់លោក ក៏បានស្នើដល់ក្រុមព្រឹទ្ធសភា និងសមាជិកសភាអាមេរិកឱ្យជួយគាំទ្រទាំងស្មារតី និងធនធានចាំបាច់នានា ដើម្បីធានាឱ្យក្រុមអង្គការសង្គមស៊ីវិល សហជីព និងអ្នកសារព័ត៌មានអាចបំពេញការងាររបស់ខ្លួនបានក្នុងការការពារសិទ្ធិសេរីភាព ជាពិសេស សិទ្ធិនយោបាយ និងសេរីភាពបញ្ចេញមតិរបស់ពលរដ្ឋ និងសិទ្ធិការងារ។ លើសពីនេះ លោក ណុប វី ថា ក្រុមអង្គការសង្គមស៊ីវិលបានស្នើដល់ក្រុមព្រឹទ្ធសភា និងសមាជិកសភាអាមេរិកធ្វើយ៉ាងណាជួយជំរុញដល់រដ្ឋាភិបាលបើកចំហ និងផ្ដល់ឱកាសឱ្យអង្គការសង្គមស៊ីវិលអាចចូលរួមជជែកពិភាក្សាពីគម្រោងបង្កើតបទដ្ឋានច្បាប់ទាក់ទងនឹងឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឹណិត (Internet) ដើម្បីបញ្ចៀសការរឹតត្បិតសិទ្ធិសេរីភាពមូលដ្ឋានរបស់ពលរដ្ឋ៖ « យើងក៏ទទូចឱ្យសហរដ្ឋអាមេរិកជជែកជាមួយរដ្ឋាភិបាលកម្ពុជាក្នុងភាពជាដៃគូ ដើម្បីធានាថា មតិយោបល់ប្រជាពលរដ្ឋជុំវិញច្បាប់ទាំងអស់ហ្នឹងត្រូវបានទទួលយក ហើយធានាយ៉ាងណាថា ច្បាប់ ដែលបានបង្កើតឡើងហ្នឹងបម្រើដល់ប្រយោជន៍សាធារណៈបម្រើដល់ផលប្រយោជន៍ប្រជាពលរដ្ឋជាជាងបម្រើទៅដល់មន្ត្រីតែមួយចំនួនតូច តែមួយក្រុមតូច » ។
លោក ណុប វី បញ្ជាក់ថា លោកបានដឹងថា ក្រុមព្រឹទ្ធសភា និងសមាជិកសភាអាមេរិកបានជួបជាមួយតំណាងរដ្ឋសភាកម្ពុជាដែរ។
វិទ្យុអាស៊ីសេរីនៅមិនទាន់អាចសុំព័ត៌មានបន្ថែមពីស្ថានទូតសហរដ្ឋអាមេរិកនៅភ្នំពេញអំពីដំណើរទស្សនកិច្ចរបស់សមាជិកព្រឹទ្ធសភា និងសមាជិកសភានេះបាននៅឡើយទេ នៅយប់ថ្ងៃទី១៦ ខែសីហា។
ចំណែកនាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា អ្នកស្រី ចក់ សុភាព ដែលបានជួនពិភាក្សាជាមួយក្រុមព្រឹទ្ធសភា និងសមាជិកសភាអាមេរិក បានសរសេរនៅលើហ្វេសប៊ុករបស់អ្នកស្រី ដោយផ្សារភ្ជាប់ដំណើរទស្សនកិច្ចរបស់ក្រុមព្រឹទ្ធសភា និងសមាជិកសភាអាមេរិកទៅនឹងការឃាត់ខ្លួន និងវាយតប់យុវជនស្រឡាញ់បរិស្ថាន និងអ្នកសារព័ត៌មាននៅតំបន់ភ្នំតាម៉ៅ ប្រព្រឹត្តដោយអាជ្ញាធររដ្ឋ ដែលកើតឡើងស្របគ្នានឹងដំណើរទស្សនកិច្ចនេះ។ អ្នកស្រី ចក់ សុភាព ចោទសួរថា តើសេរីភាពសារព័ត៌មាន និងសិទ្ធិមនុស្សពិតជាល្អប្រសើរ បើអ្នកសារព័ត៌មាន និងពលរដ្ឋត្រូវរងអំពើហិង្សាពីមន្ត្រីមានសមត្ថកិច្ចបែបនេះ? អ្នកស្រីសរសេរបន្តថា ករណីប្រើហិង្សានេះ មិនមែនតែមួយករណី ដែលទើបកើតមានទេ ផ្ទុយទៅវិញកន្លងមក មានករណីជាច្រើនទៀតកើតឡើង នៅពេលសហគមន៍អនុវត្តសិទ្ធិជួបប្រជុំតវ៉ារបស់ពួកគេ តួយ៉ាងករណីស្ត្រីថ្ងៃសុក្រ និងណាហ្គាវើលដ៏។
ដំណើរទស្សនកិច្ចរបស់ក្រុមព្រឹទ្ធសភា និងសមាជិកសភាសហរដ្ឋអាមេរិក ដែលទៅបំពេញទស្សនកិច្ចនៅកម្ពុជានេះ ជាផ្នែកមួយនៃដំណើរទស្សនកិច្ចរបស់គណៈប្រតិភូមកពីគណបក្សទាំងពីរនៅក្នុងរដ្ឋសភាអាមេរិកទៅតំបន់អាស៊ី។ ក្រុមគណៈប្រតិភូនេះដឹកនាំដោយសមាជិកព្រឹទ្ធសភា លោក អេដវឺត ម៉ារឃីយ៍ (Edward J. Markey (D-Mass.)) និងមានសមាជិកសភាចំនួន ៤នាក់ទៀត គឺលោក ហ្ស៊ន ហ្គារ៉ាមិនឌី ( John Garamendi (D-CA 3rd District) លោក អាឡេន ឡូវិនថល (Alan Lowenthal (D-CA 47th District)) លោក ដុន បេយើ (Don Beyer (D-VA 8th District)) និងអ្នកស្រី អូម៉ូអា អាម៉ាតា ខូលមែន រ៉េដវេហ្គិន (Aumua Amata Coleman Radewagen (R- American Samoa))។
ដំណើរទៅកម្ពុជារបស់គណៈប្រតិភូនេះ ធ្វើឡើងបន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចទៅកោះតៃវ៉ាន់ កាលពីថ្ងៃទី១៤ និងទី១៥ ខែសីហាកន្លងទៅនេះ។ ទស្សនកិច្ចរបស់គណៈប្រតិភូនេះទៀតសោតគឺ នៅក្រោយពេល ដែលប្រទេសចិនខឹងសម្បារ និងប្រកាសដាក់ទណ្ឌកម្មប្រធានសភាសហរដ្ឋអាមេរិក អ្នកស្រី ណេនស៊ី ផេឡូស៊ី (Nancy Pelosi) ព្រមទាំងធ្វើសមយុទ្ធរបស់កងទ័ពរំដោះប្រជាជនចិន កាលពីដើមខែសីហារហូតមកដល់ពេលនេះ ដោយគ្មានកំណត់កាលបរិច្ឆេទបញ្ចប់ ឆ្លើយតបនឹងដំណើរទស្សនកិច្ចរបស់ប្រធានសភាសហរដ្ឋអាមេរិក ទៅកោះតៃវ៉ាន់។
ទាក់ទងនឹងស្ថានភាពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជានេះ សមាជិកព្រឹទ្ធសភាមកពីគណបក្សកាន់អំណាច គឺគណបក្សប្រជាធិបតេយ្យ ប្រចាំរដ្ឋម៉ាស្សាឈូសេត (Massachusetts) លោក អេដវឺត ម៉ារឃីយ៍ កន្លងមកនេះបានស្នើសេចក្ដីស្នើច្បាប់ដាក់ទណ្ឌកម្មជាក់លាក់លើមន្ត្រីកម្ពុជា ឬ S.3052 មានឈ្មោះជាផ្លូវការថា «ច្បាប់ស្ដីពីប្រជាធិបតេយ្យ និងសិទ្ធិមនុស្សកម្ពុជាឆ្នាំ២០២២» ដែលបច្ចុប្បន្នឆ្លងផុតគណៈកម្មាធិការទំនាក់ទំនងបរទេសដ៏មានឥទ្ធិពលរបស់ព្រឹទ្ធសភាអាមេរិក និងកំពុងបញ្ជូនបន្តមកឱ្យព្រឹទ្ធសភាពេញអង្គអនុម័ត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។