ក្រសួងការបរទេសអាមេរិកបញ្ជាក់ថា ខ្លួនកំពុងធ្វើការយ៉ាងជិតដិតជាមួយអាស៊ានដើម្បីត្រៀមរៀបចំកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក (ASEAN-US Special Summit) ឱ្យបានជោគជ័យ។ ការគូសបញ្ជាក់នេះ ធ្វើឡើងក្រោយពេលប្រធានប្តូរវេនអាស៊ាន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអះអាងថា ប្រទេសសមាជិកអាស៊ានមួយចំនួន នៅមិនទាន់ឯកភាពគ្នានៅឡើយចំពោះពេលវេលាដែលអាមេរិកគ្រោងនឹងរៀបចំកិច្ចប្រជុំកំពូលពិសេសនេះនៅចុងខែមីនា។
កាលបរិច្ឆេទជាក់លាក់នៃការរៀបចំកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិកដែលគ្រោងធ្វើនៅថ្ងៃទី២៨ និង២៩ ចុងខែមីនានេះ នៅមិនទាន់កែប្រែនៅឡើយទេ។ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកបញ្ជាក់ប្រាប់វិទ្យុអាស៊ីសេរី តាមសារអេឡិចត្រូនិក កាលពីថ្ងៃទី៧ ខែមីនា ថាសហរដ្ឋអាមេរិកកំពុងធ្វើការយ៉ាងជិតដិតជាមួយអាស៊ានដើម្បីត្រៀមរៀបចំកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិកនេះ ឱ្យបានជោគជ័យ។ ក្រសួងការបរទេសអាមេរិកថា ប្រធានាធិបតីអាមេរិក ទន្ទឹងរង់ចាំស្វាគមន៍ក្រុមមេដឹកនាំអាស៊ានមកកាន់រដ្ឋធានីវ៉ាស៊ីនតុន (Washington) ដើម្បីចូលរួមកិច្ចប្រជុំពិសេសនេះ។
កាលពីថ្ងៃទី៧ ខែមីនា ប្រធានប្តូរវេនអាស៊ានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអះអាងថា រហូតមកទល់ពេលនេះ នៅមិនទាន់មានការឯកភាពគ្នាចំពោះពេលវេលានៃការរៀបចំកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិកនៅឡើយទេ ដោយសារយ៉ាងហោចណាស់មានប្រទេសសមាជិកអាស៊ានចំនួន ៣ ចង់ឱ្យដូរពេល៖«ប៉ុន្តែ ក្នុងពេលដែលប្រទេសឥណ្ឌូនេស៊ី ដែលជាប្រទេសសម្របសម្រួលមិនទាន់បានសម្របសម្រួលពេលវេលា នៅឡើយទេ ឥឡូវមេដឹកនាំអាស៊ានជាច្រើន ទាមទារឱ្យមានការប្រជុំ នៅថ្ងៃទី២៦-២៧ ហើយខាងសហរដ្ឋអាមេរិកបញ្ជាក់ថា ថ្ងៃទី២៦-២៧ សហរដ្ឋអាមេរិក មិនអាចទទួលពេលវេលានោះបានទេ ឯមេដឹកនាំអាស៊ាន ៣ថា មិនអាចចូលរួមប្រជុំ នៅថ្ងៃទី២៦-២៧ បានទេ អញ្ចឹងវានៅខុសគ្នា»។
លោក ហ៊ុន សែន មិនបានបង្ហើបឱ្យដឹងថា តើមេដឹកនាំប្រទេសសមាជិកអាស៊ានទាំង៣នោះ ជាប្រទេសណាខ្លះនោះទេ ដែលចង់ផ្លាស់ប្តូរពេលវេលានៃកិច្ចប្រជុំកំពូលពិសេសនេះ។ វិទ្យុអាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាលោក ជុំ សុន្ទរី ដើម្បីសុំការបញ្ជាក់បន្ថែមជុំវិញប្រសាសន៍របស់លោក ហ៊ុន សែន នេះនៅឡើយទេ គិតត្រឹមល្ងាចថ្ងៃទី៨ ខែមីនា។
អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ និងកិច្ចការអន្តរជាតិលោក ឯម សុវណ្ណារ៉ា យល់ថា ការលើកពេលណាមួយនៃកិច្ចប្រជុំកំពូលនេះ អាចធ្វើឱ្យកម្ពុជាខាតបង់ទៅវិញទេ ដោយសារតែកម្ពុជាក៏ចង់ស្តារមុខមាត់ និងទំនាក់ទំនងជាមួយអាមេរិកឡើងវិញដែរ៖ « វាបន្សល់នៅមន្ទិលសង្ស័យមួយចំនួនដែលមិនអាចទាន់ដោះស្រាយបានដូចជាការលើកឡើងរបស់សហរដ្ឋអាមេរិកទាក់ទងទៅនឹងវត្តមានយោធាចិននៅកម្ពុជា វាអត់ទាន់បានលាងជម្រះ ឬក៏ផ្តល់ជំនឿជឿជាក់គ្នាទៅវិញទៅមកឱ្យវាស្រឡះស្រឡំនៅឡើយ។ អ៊ីចឹង បើយើងជួបគ្នាផ្ទាល់ ឧទាហរណ៍ថា កម្ពុជាដឹកនាំប្រតិភូអាស៊ានទៅជួបនៅកិច្ចប្រជុំអាស៊ានជាមួយសហរដ្ឋអាមេរិក កិច្ចប្រជុំពិសេសហ្នុង កម្ពុជាអាចមានឱកាសមានពេលវេលាជជែកក្រៅផ្លូវការក្រៅពីជំនួបប្រជុំអាស៊ានអាមេរិកឱ្យច្បាស់អំពីកម្ពុជាអាមេរិក ថាវាអត់មានបញ្ហាអីដែលអាមេរិកនៅសង្ស័យ»។
រីឯ អ្នកជំនាញច្បាប់ និងវិទ្យាសាស្ត្រនយោបាយអន្តរជាតិ កញ្ញា សេង ធារី ដែលបច្ចុប្បន្នក៏កំពុងរងនូវការធ្វើទុក្ខបុកម្នេញពីសំណាក់ប្រព័ន្ធតុលាការរបស់រដ្ឋាភិបាលលោក ហ៊ុន សែន ផងនោះ យល់ថា រដ្ឋាភិបាលលោក ហ៊ុន សែន ចង់ឱ្យការរៀបចំកិច្ចប្រជុំកំពូលពិសេសជាមួយអាមេរិកនេះ ប្រព្រឹត្តទៅយ៉ាងឆាប់រហ័សដើម្បីកេងចំណេញពីកិច្ចប្រជុំនេះ៖ « ការនិយាយថា មកពីប្រទេសផ្សេងទៀតគាត់ចង់បានពេលវេលាមួយទៀតអី វាពិបាកយល់បន្តិចពីព្រោះសហរដ្ឋអាមេរិកគេបានអញ្ជើញឱ្យចូលប្រជុំទីកន្លែងកំពូលដូចសេតវិមានហើយ ទាំងអស់គ្នាមែនទែនគេរីករាយ គេនឹងសម្រួលពេលវេលារបស់គេនៅក្នុងការចូលរួមតាមថ្ងៃកំណត់ហ្នុង។ យើងពិបាកយល់ដែរ ។ ប៉ុន្តែ ខ្ញុំដឹងថា មិនមែនចេញពីរបបផ្តាច់ការនេះទេ ពីព្រោះខ្ញុំដឹងថា ពួកគាត់ចង់បានឱ្យវារហ័ស ឱ្យមានរូបភាពហ្នុង ទោះបីពេលវេលាហ្នុងវាគៀកជាមួយថ្ងៃខួបបោកគ្រាប់បែកក្តី ពីព្រោះប្រសិនបើគាត់បានចូលសេតវិមានជាក់ស្តែងហើយ រូបភាពហ្នុងអាចជួយលុបបំបាត់ក្នុងមួយកម្រិតធំអ្វីដែលកំពុងកើតឡើងនៅប្រទេសបារាំង »។
ប្រសិនបើគ្មានអ្វីប្រែប្រួល កាលបរិច្ឆេទនៃការរៀបចំកិច្ចប្រជុំកំពូលពិសេសរវាងអាស៊ាន និងអាមេរិកនេះ ធ្វើឡើងនៅមួយថ្ងៃចំខួបលើកទី២៥ នៃព្រឹត្តិការណ៍គប់គ្រាប់បែកមកលើក្រុមបាតុករ ដែលដឹកនាំដោយប្រធានស្តីទីគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧។ ព្រឹត្តិការណ៍នេះបានបណ្តាលឱ្យមនុស្ស ១៦នាក់ស្លាប់ និងមនុស្សជាង ១៥០ នាក់រងរបួសធ្ងន់និងស្រាល។ មន្ត្រីសិទ្ធិមនុស្សអន្តរជាតិអះអាងថា ប្រធានប្តូរវេនអាស៊ាន គឺលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងរងនូវការចោទប្រកាន់ពីតុលាការបារាំងថាបានពាក់ព័ន្ធដោយប្រយោលករណីសម្លាប់មនុស្ស «ទ្រង់ទ្រាយធំ» ក្នុងសំណុំរឿងបោកគ្រាប់បែកនេះ ខណៈតុលាការបារាំងចេញដីកាបង្គាប់ឱ្យចាប់ខ្លួនមន្ត្រីជំនិតរបស់លោក ហ៊ុន សែនពីររូបគឺ លោក ហ៊ីង ប៊ុន ហៀង និងលោក ហ៊ុយ ពិសិដ្ឋ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។