មន្ត្រី​លោកខាងលិច​ថា "ចិន​កំពុងសង់​មូលដ្ឋានទ័ព​នៅ​កម្ពុជា​សម្រាប់​បម្រើឱ្យ​វិស័យ​យោធា​ផ្ដាច់មុខ"

ដោយ មាន ឫទ្ធិ
2022.06.08
មន្ត្រី​លោកខាងលិច​ថា "ចិន​កំពុងសង់​មូលដ្ឋានទ័ព​នៅ​កម្ពុជា​សម្រាប់​បម្រើឱ្យ​វិស័យ​យោធា​ផ្ដាច់មុខ" (ពីឆ្វេង) ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា លោក វ៉ាង វិនធាន (Wang Wentian) និង​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ លោក ទៀ បាញ់ ក្នុង​ពិធីបើកការដ្ឋានសាងសង់រោងជាងជួសជុល ផែសំចត និងស្តារឃ្លង នៅមូលដ្ឋានសមុទ្ររាម ខេត្តព្រះសីហនុ នៅ​ថ្ងៃ​ទី៨ ខែ​មិថុនា ឆ្នាំ​២០២២។
រូប៖ ហ្វេសប៊ុក លោក ទៀ បាញ់

អ្នកជំនាញ​វិទ្យាសាស្ត្រ​នយោបាយ និង​កិច្ចការ​អន្តរជាតិ​លើកឡើង​ថា កម្ពុជា​គួរតែ​បើកឱកាស​អនុញ្ញាត​ឱ្យ​អ្នក​ជំនាញ​អន្តរជាតិ​នានា ស្រាវជ្រាវ​ពិនិត្យ​ពី​ការពង្រីក​ឥទ្ធិពល​នៃ​ប្រទេស​ចិន ក្នុង​ការ​សាងសង់​មូលដ្ឋាន​កងទ័ពជើងទឹក​នៅ​សមុទ្រ​រាម​។ ការ​លើកឡើង​នេះ កើតមាន​ឡើង​ក្រោយ​ពី​មន្ត្រី​លោកខាងលិច បាន​លើកឡើង​ជា​ថ្មី​ទៀត​ថា ប្រទេស​ចិន​កុម្មុយនិស្ត​កំពុង​លួច​សាងសង់​មូលដ្ឋាន​កងទ័ព​ដោយ​សម្ងាត់​នៅ​កម្ពុជា​សម្រាប់​បម្រើ​ឱ្យ​វិស័យ​យោធា​ផ្ដាច់មុខ។

អ្នកជំនាញ​វិទ្យាសាស្ត្រ​នយោបាយ និង​កិច្ចការ​អន្តរជាតិ​លើកឡើង​ថា កម្ពុជា​គួរតែ​បើកឱកាស​អនុញ្ញាត​ឱ្យ​អ្នក​ជំនាញ​អន្តរជាតិ​នានា ស្រាវជ្រាវ​ពិនិត្យ​ពី​ការពង្រីក​ឥទ្ធិពល​នៃ​ប្រទេស​ចិន ក្នុង​ការ​សាងសង់​មូលដ្ឋាន​កងទ័ពជើងទឹក​នៅ​សមុទ្រ​រាម​។ ការ​លើកឡើង​នេះ កើតមាន​ឡើង​ក្រោយ​ពី​មន្ត្រី​លោកខាងលិច បាន​លើកឡើង​ជា​ថ្មី​ទៀត​ថា ប្រទេស​ចិន​កុម្មុយនិស្ត​កំពុង​លួច​សាងសង់​មូលដ្ឋាន​កងទ័ព​ដោយ​សម្ងាត់​នៅ​កម្ពុជា​សម្រាប់​បម្រើ​ឱ្យ​វិស័យ​យោធា​ផ្ដាច់មុខ។

ក្រុម​អ្នកជំនាញ​វិទ្យាសាស្ត្រ​នយោបាយ និង​កិច្ចការ​អន្តរជាតិ ព្រួយបារម្ភ​ថា បើ​កម្ពុជា​នៅតែ​បន្ត​អូស​បន្លាយពេល​ក្នុង​ការ​បង្ហាញ​ព័ត៌មាន​ឱ្យ​បាន​ស៊ីជម្រៅ នៅ​ទីតាំង​កំពង់ផែ​ជើង​ទឹក​រាម​ដែល​រង​ការ​ចោទប្រកាន់​ពី​សហរដ្ឋអាមេរិក​ថា អាច​មាន​វត្តមាន​យោធា​ចិន នោះ​កម្ពុជា​នឹង​បន្ត​រង​ការ​ចោទប្រកាន់​ពី​ខាង​បស្ចិមប្រទេស ដែល​អាច​ធ្វើ​ឱ្យ​កម្ពុជា​កាន់តែ​ខាតបង់​ផល​ប្រយោជន​ជាច្រើន​ទៀត។

អ្នកជំនាញ​ខាង​វិទ្យាសាស្ត្រ​នយោបាយ លោក ឯម សុវណ្ណរា ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា កម្ពុជា​គួរតែ​បង្ហាញ​តម្លាភាព ក្នុង​ការ​លាង​ជម្រះ​នូវ​មន្ទិលសង្ស័យ​នៅ​ទីតាំង​ការដ្ឋាន​ធ្វើ​ទំនើបកម្ម​កំពង់ផែ​រាម​ដែល​ចិន​ជា​អ្នក​ជួយឧបត្ថម្ភ នៅ​ក្នុង​ក្របខណ្ឌ​ណាមួយ​ដែល​កម្ពុជា​គិតថា មិន​ប៉ះពាល់​ដល់​អធិបតេយ្យ និង​សន្តិសុខ​ជាតិ។ លោក ឯម សុវណ្ណរា បន្ត​ថា បើ​កម្ពុជា​ស្ថិត​ក្នុង​បរិបទ​នៃ​ការ​មន្ទិលសង្ស័យ​របស់​សហរដ្ឋអាមេរិក​បែប​នេះ កម្ពុជា​នឹង​មិន​មាន​ភាព​ល្អ​ប្រសើរ​ឡើយ​ទាក់ទង វិស័យ​នយោបាយ​ការទូត នយោបាយ​សន្តិសុខ​ជាតិ និង​សន្តិសុខ​សណ្ដាប់ធ្នាប់​ក្នុង​តំបន់ និង​នៅ​លើ​សកលលោក​។ បន្ថែម​ពី​នេះ លោក​ថា បើ​កម្ពុជា​នៅតែ​បង្ហាញ​ព័ត៌មាន​មិន​គួរ​ឱ្យ​ទុកចិត្ត​លើ​បញ្ហា​មន្ទិល​សង្ស័យ​ពី​មូលដ្ឋាន​កងទ័ព​ចិន​នេះ នោះ​ក៏​អាច​ជះឥទ្ធិពល​អវិជ្ជមាន​លើ​ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​ក្នុង​ការ​នាំចេញ​ផលិតផល​ទៅកាន់​សហរដ្ឋអាមេរិក៖ «ប៉ុន្តែ កន្លង​មក ដំណើរ​ទស្សនកិច្ច​នៅពេល​ដែរ​អ្នកស្រី វិនឌី ហ្សឺមែន (Wendy Sherman) អនុរដ្ឋមន្ត្រី​ការបរទេស​អាមេរិក មាន​សេនានុព័ន្ធ យោធា​សហរដ្ឋអាមេរិក មក​ទស្សនកិច្ច​នៅ​ផែ​រាម​ដែរ ប៉ុន្តែ បានតែ​ពាក់កណ្ដាល​ហើយ​លុបចោល​វិញ ដោយសារតែ​គិត​ថា​មិន​បាន​មើល​អស់ ពី​កន្លែង​ដែល​ខ្លួន​សង្ស័យ​មួយ​ចំនួន។ ករណី​ហ្នឹង ខ្ញុំ​គិតថា​ភាគី​កម្ពុជា ប្រសិន​ជា កន្លែង​ណាមួយ​មិន​ប៉ះពាល់ សុវត្ថិភាព សន្តិសុខ​ជាតិ កម្ពុជា​ទេ​។ ខ្ញុំ​គិតថា គួរតែ​មាន​ការ​បង្ហាញ ដើម្បី​ឱ្យ​មាន​លាង​ជម្រះ ភាព​មន្ទិល​សង្ស័យ រវាង​សហរដ្ឋអាមេរិក និង​កម្ពុជា»

Ream_Military_Base_Construction_060822_Tea_Banh_FB.jpg
មន្ត្រីយោធា​បង្ហាញ​គម្រោងបូមខ្សាច់សាងសង់កំពង់ផែរាម ដល់​លោក ទៀ បាញ់ រដ្ឋមន្ត្រីការពារ​ជាតិ និង​លោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា នៅ​ថ្ងៃ​ទី៨ ខែមិថុនា ឆ្នាំ២០២២។ រូប៖ ហ្វេសប៊ុក​លោក ទៀ បាញ់


មន្ត្រី​ជំនាញ​លោកខាងលិច​បាន​លើកឡើង​ប្រាប់​កាសែត ឌឹ វ៉ាស៊ីនតោន ប៉ុស្តិ៍ (The Washington Post) ចេញ​ផ្សាយ​កាលពី​ថ្ងៃទី​៦ មិថុនា ក្នុង​លក្ខខណ្ឌ​សុំ​មិន​បញ្ចេញ​ឈ្មោះ ដោយ​បន្ត​ចោទប្រកាន់​ថា ប្រទេស​ចិន​កំពុង​លួច​សាងសង់​មូលដ្ឋាន​កងទ័ពជើងទឹក​ដោយ​សម្ងាត់​នៅ​កម្ពុជា​សម្រាប់​បម្រើ​ឱ្យ​វិស័យ​យោធា​ផ្ដាច់មុខ​។ មន្ត្រី​រូប​នោះ អះអាង​ថា វត្តមាន​យោធា​ចិន នឹង​ស្ថិតនៅ​ចំណែក​មួយ​នៅ​ផ្នែក​ខាងជើង​នៃ​មូលដ្ឋាន​ទ័ពជើងទឹក​រា​ម​របស់​កម្ពុជា​។ មន្ត្រី​លោកខាងលិច​រូប​នោះ​បន្ត​ថា ការបង្កើត​មូលដ្ឋាន​ទ័ព​ជើងទឹក​របស់​ចិន​នៅ​កម្ពុជា ដែល​នឹង​ក្លាយជា​មូលដ្ឋាន​កងទ័ព​របស់​ចិន​ទីមួយ​ក្នុង​តំបន់​យុទ្ធសាស្ត្រ​ឥណ្ឌូ​ប៉ាស៊ីហ្វិក និង​ជា​មូលដ្ឋាន​កងទ័ព​របស់​ចិន​ទី​ពីរ​នៅ​លើ​ពិភពលោក​របស់​ចិន គឺជា​ផ្នែក​នៃ​យុទ្ធសាស្ត្រ​របស់​ក្រុង​ប៉េកាំង​ក្នុង​ការ​កសាង​បណ្ដាញ​មូលដ្ឋាន​កងទ័ព​ជុំវិញ​ពិភពលោក​គាំទ្រ​ដល់​សេចក្តី​ប្រាថ្នា​របស់​រដ្ឋាភិបាល​ចិន​ដើម្បី​ក្លាយជា​មហាអំណាច​ពិតប្រាកដ​មួយ​នៅ​លើ​សកលលោក។

រដ្ឋមន្ត្រី​ការពារ​ជាតិ​កម្ពុជា លោក ទៀ បាញ់ និង​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា លោក វ៉ាង វិនធាន (Wang Wentian) នឹង​បើក​ការដ្ឋាន​សាងសង់​រោង​ជាង​ជួសជុល​នាវា ផែ​សំចត និង​ស្តារ​ឃ្លង ដែល​ជា​ជំនួយឥតសំណង​របស់​ចិន នៅ​កំពង់ផែ​កងទ័ពជើងទឹក​រាម នៅ​ថ្ងៃទី​៨ ខែ​មិថុនា។

អ្នកជំនាញ​ផ្នែក​ច្បាប់ និង​វិទ្យាសាស្ត្រ​នយោបាយ​អន្តរជាតិ កញ្ញា សេង ធារី លើកឡើង​ថា មុននឹង​ឈាន​ដល់​ការចោទប្រកាន់​ពី​ការសាងសង់​មូលដ្ឋាន​កងទ័ព​ចិន​នេះ សហរដ្ឋអាមេរិក អាច​នឹង​មាន​របាយការណ៍ ឬ​ភស្តុតាង​គ្រប់គ្រាន់​និង​មាន​ភាព​ជាក់លាក់ តាមរយៈ​ក្រុម​អ្នកជំនាញ​ផ្នែក​ស៊ើបអង្កេត និង​ឧបករណ៍​មធ្យោបាយ​ទំនើបៗ​ក្នុង​ការ​តាមដាន​តាម​លំហ​អាកាស។ កញ្ញា សេង ធារី បន្ត​ថា របត់​នយោបាយ​នៅ​កម្ពុជា​បច្ចុប្បន្ន កំពុងតែ​ទទួលរង​ភាព​ផុយ​ស្រួយ ក្នុង​ការ​កសាង​ទំនាក់ទំនង​ល្អជា​មួយ​បណ្តា​ប្រទេស​លោក​សេរី ដោយសារ​មេដឹកនាំ​កម្ពុជា​បាន​រម្លាយ​គណបក្សប្រឆាំង​ដែល​ជា​ដៃគូ​ប្រកួតប្រជែង ដើម្បី​អាច​ដឹកនាំ​ប្រទេស​បែប​ផ្ដាច់ការ​។ កញ្ញា​យល់ថា ភាព​ចម្រូងចម្រាស​នៃ​បរិបទ​នយោបាយ​នៅ​កម្ពុជា​បែប​នេះ​ធ្វើ​ឱ្យ​ចិន អាច​ឆ្លៀត​ឱកាស​ពង្រីក​ឥទ្ធិពល ក្នុង​ការ​សាងសង់​មូលដ្ឋាន​កងទ័ព​របស់​ចិន​នៅ​កម្ពុជា​បាន៖ «ចិន​អះអាង​ថា គ្មាន​ក៏ដោយ យើង​ដឹង​ថា មិន​មាន​តម្លាភាព ពី​ជួរ​រដ្ឋាភិបាល ផ្ដាច់ការ​នេះ​ក៏ដោយ​។ ប៉ុន្តែ យើង​មាន​ភស្តុតាង​ច្រើន​។ ទី​១ យើង​អាច ទស្សនា​ឃើញ វត្តមាន​ចិន ហូរហែ ពេញ​ប្រទេស​កម្ពុជា​។ មិនមែន​តែ​ជា ទេសចរណ៍ ធម្មតា​ទេ ហើយ​មិនមែន​អ្នក​រកស៊ី​ធម្មតា​ទេ វា​ជា​ពួក​យោធា ហើយ​ពួក​ឧក្រិដ្ឋកម្ម។ ពួក​ដែល​បាន​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ដែល​គេ​បញ្ជូន​មក​កម្ពុជា​យើង ឱ្យ​មាន​ភាព​រញ៉េរញ៉ៃ​បន្ថែម​ទៀត»

កាលពី​ចុង​សប្តាហ៍​មុន មន្ត្រី​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​បញ្ជាក់​ប្រាប់​កាសែត ឌឹ វ៉ាស៊ីនតោន ប៉ុស្តិ៍ ថា ផ្នែក​មួយ​នៃ​មូលដ្ឋានទ័ព​កងទ័ពជើងទឹក​រាម​នឹង​ត្រូវ​គ្រប់គ្រង និង​ប្រើប្រាស់​ដោយ​ភាគី​យោធា​ចិន​។ ទោះ​យ៉ាងណា មន្ត្រី​របស់​រដ្ឋាភិបាល​ចិន​រូប​នោះ បាន​បដិសេធ​ថា មូលដ្ឋាន​កងទ័ពជើងទឹក​រាម​នេះ មិន​ត្រូវ​បាន​ប្រើប្រាស់​ផ្តាច់​មុខតែ​សម្រាប់​វិស័យ​យោធា​ឡើយ ក៏ប៉ុន្តែ​ក៏​អាច​មាន​ក្រុម​អ្នក​វិទ្យាសាស្ត្រ​ប្រើប្រាស់​ទីតាំង​នោះ​ដែរ​។ មន្ត្រី​រដ្ឋាភិបាល​ចិន​រូប​នោះ​បន្ត​ថា យោធា​ចិន​ក៏​មិន​ជាប់​ពាក់ព័ន្ធ​នឹង​សកម្មភាព​ណាមួយ​នៅ​លើ​ចំណែក​ផ្សេងទៀត​នៃ​មូលដ្ឋាន​កងទ័ពជើងទឹក​រាម​ដែល​គ្រប់គ្រង​ដោយ​កម្ពុជា​នោះ​ទេ។ កាសែត​របស់​អាមេរិក​ដដែល​ក៏​បាន​រាយការណ៍​ឱ្យ​ដឹង​ដែរ​ថា កាល​ពី​ឆ្នាំ​កន្លង​ទៅ អគារ​មិត្តភាព​វៀតណាម​ដែល​សាងសង់​ដោយ​វៀតណាម​នៅក្នុង​ទីតាំង​កំពង់ផែ​កងទ័ពជើងទឹក​រាម​នេះ ក៏​ត្រូវ​បាន​ផ្លាស់ប្ដូរ​ចេញពី​កំពង់ផែ​កងទ័ពជើងទឹក​រាម ដើម្បី​បញ្ចៀស​កុំ​ឱ្យ​មាន​ទំនាស់​ជាមួយ​មន្ត្រី​យោធា​ចិន​នៅ​កំពង់ផែ​កងទ័ពជើងទឹក​រាម​នេះ។ មន្ត្រី​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ដដែល​ក៏​បាន​ទម្លាយ​ប្រាប់​កាសែត ឌឹ វ៉ាស៊ីនតោន ប៉ុស្តិ៍ ឱ្យ​ដឹង​ដែរ​ថា ស្ថានីយ​បច្ចេកវិទ្យា​ប្រព័ន្ធ​ផ្កាយរណប​កំណត់​ទីតាំង ឈ្មោះ​បៃឌូ (BeiDou Navigation Satellite System) របស់​ចិន ត្រូវ​បាន​ដំឡើង​នៅ​ចំណែក​មួយ​ដែល​គ្រប់គ្រង​ដោយ​កងទ័ព​ចិន​នៅក្នុង​កំពង់ផែ​ជើង​ទឹក​រាម​។ ប្រព័ន្ធ​ផ្កាយ​រណប​កំណត់​ទីតាំង ឈ្មោះ​បៃឌូ របស់​ចិន​គឺជា​ប្រព័ន្ធ​កំណត់​ទីតាំង​ជាក់លាក់​ជា​សាកល (GPS) របស់​ចិន ដើម្បី​ជួយ​សម្រួល​ដល់​ការ​ចល័ត​ទីតាំង​ទ័ព និង​កំណត់​គោលដៅ​បាញ់​កាំជ្រួច។

ទាក់ទង​នឹង​រឿង​នេះ ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន បាន​ប្រតិកម្ម​ខ្លាំងៗ ដោយ​ចាត់ទុក​ការ​បន្ត​លើកឡើង​របស់​មន្ត្រី​លោកខាងលិច​ថា គ្រាន់តែ​ជា​ការ​ចោទប្រកាន់​មួយ​មិន​ត្រឹមត្រូវ ដែល​ធ្វើ​ឱ្យ​កម្ពុជា​ទទួលរង​ភាព​អយុត្តិធម៌​។ លោក​បន្ត​ថា ករណី​ដែល​សហរដ្ឋអាមេរិក​នៅ​តែ​មាន​មន្ទិលសង្ស័យ​ពី​មូលដ្ឋានទ័ព​ចិន​នេះ កម្ពុជា​នៅតែ​បន្ត​ស្វាគមន៍​ការ​ចុះ​ត្រួតពិនិត្យ និង​ការបង្កើត​កិច្ចព្រមព្រៀង​ជាថ្មី ដើម្បី​អនុវត្ត​ស្របតាម​លក្ខខណ្ឌ​ច្បាប់ និង​អធិបតេយ្យ​កម្ពុជា​។ លោក ផៃ ស៊ីផាន បន្ត​ថា ការណ៍​ដែល​សហរដ្ឋអាមេរិក​បាន​មើលឃើញ​ទីតាំង​មូលដ្ឋាន​សង្ស័យ តាមរយៈ​ផ្កាយរណប​កន្លង​មក​នេះ កម្ពុជា​ក៏បាន​ធ្វើ​សេចក្ដី​ព្រមព្រៀង​មួយ​ដើម្បី​អនុញ្ញាត​ឱ្យ​ត្រួតពិនិត្យ​ស្របតាម​លក្ខខណ្ឌ៖ «ទី​១៖ ការសាងសង់​នេះ គឺ​មិនដែល​តាមរយៈ ច្បាប់ តាមរយៈ​ការព្រមព្រៀង​ណា ដែល​បង្ហាញថា​ជា​ការ​សាងសង់​មួយ សម្រាប់​ឱ្យ​ប្រយោជន៍​ផ្ដាច់មុខ​ទៅ​ឱ្យ​ប្រទេស​ចិន​។ ប៉ុន្តែ​កាល​មុន ការ​ស្នើ​សុំ ចំណុច​ដែល​មើលឃើញ​ពី​ផ្កាយរណប​របស់​ស្ថានទូត​សហរដ្ឋអាមេរិក​កម្ពុជា​ស្វាគមន៍​ឱ្យទៅ​មើល​។ ប៉ុន​ពេល​ទៅ​ដល់ មើល​ហើយ សុំ​ការ​ស្នើ​មើល​កន្លែង​ផ្សេង​ម្ដង​ហើយ ស្នើសុំ​មើល​ម្ដងទៀត​។ ដូច្នេះ ហាក់បីដូចជា អធិបតេយ្យ​របស់​កម្ពុជា​អត់​មាន​ទាល់តែសោះ​។ អាហ្នឹង វា​អត់​មាន​ភាពជា​ដៃគូ​ទេ​បាទ​។ កម្ពុជា យល់​ឃើញ​ថា ភាពជា​ដៃគូ​អាស្រ័យ​ហេតុ​ដូច្នេះហើយ កម្ពុជា​ស្នើ​សុំ​ឱ្យ​ត្រឡប់​ទៅវិញ ហើយ​ធ្វើ​សេចក្ដី​ស្នើ​សុំ​ជាថ្មី​មក»

ក្នុង​ពេល​បំពេញ​ទស្សនកិច្ច​មកកាន់​កម្ពុជា​កាលពីដើម​ខែ​មិថុនា ឆ្នាំ​២០២១ អនុរដ្ឋមន្ត្រី​ការបរទេស​អាមេរិក អ្នកស្រី វិនឌី ហ្សឺមែន (Wendy Sherman) បាន​លើកឡើង​ជា​ថ្មី​ទៀត​ពី​កង្វល់​របស់​សហរដ្ឋអាមេរិក​ជាមួយ​រដ្ឋាភិបាល​កម្ពុជា និង​ចោទ​សួរ​ពី​ការ​វាយកម្ទេច​អគារ​ជា​ជំនួយ​របស់​អាមេរិក​នៅ​ក្នុង​មូលដ្ឋាន​កងទ័ព​រាម​ដោយ​មិន​ឱ្យ​មិន​ប្រាប់​សហរដ្ឋអាមេរិក​ឱ្យ​បានដឹង​ជាមុន​នោះ​។ អ្នកស្រី​ក៏បាន​ស្នើ​លោក ហ៊ុន សែន អនុញ្ញាត​ឱ្យ​អនុព័ន្ធយោធា​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​ចុះ​ពិនិត្យ​ផ្ទាល់​ទិដ្ឋភាព​មូលដ្ឋានទ័ព​នៅ​ទីនោះ​។ យ៉ាងណាក៏ដោយ រហូត​មក​ដល់​ពេល​នេះ ខាង​ភាគី​អាមេរិក​នៅតែ​មិនទាន់​អស់ចិត្ត​ដដែល ដោយ​សហរដ្ឋអាមេរិក​លើក​ហេតុផល​ថា ពេល​ចុះ​ពិនិត្យ​នោះ ខាង​កម្ពុជា​មិន​អនុញ្ញាត​ឱ្យ​មន្ត្រី​យោធា​អាមេរិក​ចូល​មើល​ពេញលេញ​ឡើយ ដោយមាន​ការ​រិតត្បិត និង​ការ​បិទបាំង​ច្រើន។

ចំណែកឯ​អ្នកវិភាគ​នយោបាយ លោក គឹម សុខ វិញ លោក​យល់​ថា រដ្ឋាភិបាល​កម្ពុជា និង​ចិន ទំនង​មិន​អាច​លាក់បាំង​ពី​សកម្មភាព​របស់​កង​ទ័ព​ចិន​នៅ​មូលដ្ឋាន​កងទ័ពជើងទឹក​រាម​នេះ​បាន​ទេ ដោយសារតែ​អាច​បែកធ្លាយ​ព័ត៌មាន​តាមរយៈ​កងទ័ព​កម្ពុជា​ដែល​មាន​ស្មារតី​សេរីនិយម និង​តាមរយៈ​ការស្រាវជ្រាវ​របស់​សហ​រដ្ឋ​អាមេរិក​។ លោក​បន្ត​ថា ការ​បដិសេធ​របស់​ប្រទេស​ចិន និង​កម្ពុជា​ជាច្រើន​ដង​មកនេះ គ្រាន់តែ​ជា​លេស​ដើម្បី​គេចវេះ​ក្នុង​ការ​បង្ហាញ​ព័ត៌មាន​ដោយ​តម្លាភាព និង​ជាក់លាក់​ណាមួយ ពី​ទីតាំង​មូលដ្ឋាន​សមុទ្រ​រាម​តែប៉ុណ្ណោះ៖ «​ប្រសិនបើ វិបត្តិ​នៃ​ការសង្ស័យ មូលដ្ឋានទ័ព​ចិន​នៅ​កម្ពុជា មិន​អាច​ដោះស្រាយ​សមរម្យ​ទេ ប្រទេស​កម្ពុជា​នឹង​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ណាស់ មិន​ត្រឹមតែ​វិបត្តិ​ការទូត និង​ការ​ប្រឈម​នឹង​សម្ពាធ​សេដ្ឋកិច្ច​ពី​សហរដ្ឋអាមេរិក ពី​អឺរ៉ុប និង​សម្ព័ន្ធមិត្ត​ទេ អាច​ធ្លាក់​ទៅដល់​វិបត្តិ​អសន្តិសុខ​ផង​ដែរ ពីព្រោះ​ករណីនេះ​វា​ហៀរ​ទៅដល់​បញ្ហា​តំបន់​ទៅ​ហើយ​ប្រសិនបើ​នៅតែ​អូស​បន្លាយ​ឱ្យ​កាន់តែ​វែងឆ្ងាយ»

កាសែត ឌឹ វ៉ាស៊ីនតោន ប៉ុស្តិ៍ ក៏បាន​ស្រង់​សម្ដី​អតីត​ទីប្រឹក្សា​មេបញ្ជាការ​កងទ័ព​អាមេរិក​ប្រចាំ​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក លោក អេរ៊ីក សេយឺរស៍ (Eric Sayers) ដែល​បាន​មានប្រសាសន៍​ថា ការសាងសង់​ជា​សម្ងាត់​របស់​ចិន​នៅ​មូលដ្ឋាន​កងទ័ពជើងទឹក​រាម​នេះ មាន​ភាព​ស្រដៀងគ្នា​ទៅ​នឹង​វិធីសាស្ត្រ​ដែល​ចិន​បាន​ធ្វើ​នៅ​លើ​ប្រជុំ​កោះ​ស្ព្រែតលី (Spratly Islands) នៅ​តំបន់​ជម្លោះ​ដណ្តើម​អធិបតេយ្យ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​ចាប់​តាំង​ពី​ឆ្នាំ​២០១៥​មក​។ លោក​ថា កាល​នោះ​ដំបូង​ឡើយ​ចិន​ក៏បាន​អះអាង​ដែរ​ថា ការសាងសង់​កោះ​សិប្បនិមិត្ត​នៅ​លើ​តំបន់​ទាំងនោះ​គឺ​ដើម្បី​បម្រើ​ឱ្យ​គោលដៅ​រក្សា​សន្តិភាព ដោយ​បាន​សន្យា​ថា មិន​បម្រើ​ឱ្យ​វិស័យ​យោធា​នោះ​ទេ​។ ក៏ប៉ុន្តែ ក្រោយ​មក នៅ​ពេលដែល​អ្វីៗ​ហួសពេល​ទៅ​ហើយ គេ​បានឃើញ​នៅ​ការ​ធ្វើ​យោធូបនីយកម្ម​ជា​អចិន្ត្រៃយ៍ និង​មិនអាច​កែប្រែ​បាន​នៅ​តំបន់​ទាំងនោះ។

រដ្ឋាភិបាល លោក ហ៊ុន សែន រង​ការ​ចោទប្រកាន់​ថា បាន​លួច​ចុះ​កិច្ចព្រមព្រៀងសម្ងាត់​ជាមួយ​ប្រទេស​ចិន​កុម្មុយនិស្ត ដើម្បី​អនុញ្ញាត​ឱ្យ​កងទ័ព​ចិន​បោះ​ទីតាំង​ឈរជើង​នៅ​លើ​ទឹកដី​ខ្មែរ​។ សារព័ត៌មាន​ល្បី​ឈ្មោះ​របស់​សហរដ្ឋអាមេរិក ឌឹ វ៉លស្រ៊ីត ជ័រណល (The Wall Street Journal) បាន​រាយការណ៍​កាលពី​ខែកក្កដា ឆ្នាំ​២០១៩ ថា កិច្ចព្រមព្រៀងសម្ងាត់​នោះ​អនុញ្ញាត​ឱ្យ​កងទ័ព​ចិន​គ្រប់គ្រង​កំពង់ផែ​ទ័ពជើងទឹក​រាម​ផ្ដាច់មុខ​រហូតដល់​ទៅ ៣០​ឆ្នាំ ហើយ​កិច្ចព្រមព្រៀង​នេះ​អាច​បន្ត​បាន​រៀងរាល់ ១០​ឆ្នាំ​ម្ដង​។ ថ្វីដ្បិត​តែ​រដ្ឋាភិបាល​កម្ពុជា និង​ចិន បាន​ចេញមុខ​បដិសេធ​រឿង​នេះ​ក្តី ប៉ុន្តែ​ខាង​ភាគី​ទាំងពីរ​មិនដែល​បង្ហាញ​ភស្តុតាង និង​ព័ត៌មាន​ដែល​អាច​គួរ​ឱ្យ​ជឿជាក់​បាន​នោះ​ឡើយ​។ លើស​ពី​នេះ​ទៀត មូលដ្ឋាន​ទ័ពជើងទឹក​រាម​ដែល​ត្រូវ​បាន​គេ​សង្ស័យ​អំពី​វត្តមាន​យោធា​របស់​ចិន​ជាច្រើន​ឆ្នាំ​មក​ហើយ​នោះ បាន​ប្រែប្រួល​ខ្លាំង​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ​។ សំណង់​ថ្មីៗ​មួយចំនួន រួម​ទាំង​ហេដ្ឋារចនាសម្ព័ន្ធ​ដទៃទៀត បាន​លេចចេញ​ជា​រូបរាង​ឡើង ខណៈ​មន្ត្រី​កម្ពុជា វាយកម្ទេច​អាគារ​ដែល​ជំនួយ​របស់​អាមេរិក​ដោយ​គ្មាន​ជូនដំណឹង​ជាមុន ព្រមទាំង​មាន​សកម្មភាព​បូម​ខ្សាច់​ស្ដារ​ជម្រៅ​ទឹកសមុទ្រ​នៅ​មូលដ្ឋាន​កងទ័ពជើងទឹក​រាម​ជាដើម​។ ក្រុម​អ្នកឃ្លាំមើល​ថា ទោះបីជា​មានការ​បកស្រាយ​ត្រឹមតែ​ការ​លើក​ឡើងជា​សាធារណៈ​ពី​សំណាក់​លោក ហ៊ុន សែន និង​មន្ត្រី​របស់​លោក​ក៏ដោយ ក៏​មិនអាច​លាង​ជម្រះ​មន្ទិលសង្ស័យ​ពី​សហរដ្ឋអាមេរិក​បាន​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។