រដ្ឋមន្ត្រីការពារជាតិអាមេរិកគ្រោងបំពេញទស្សនកិច្ចនៅកម្ពុជានៅដើមខែក្រោយនេះ

0:00 / 0:00

រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​អាមេរិក​លោក ឡយ អូស្ទីន (Lloyd Austin) គ្រោង​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា នៅ​ដើម​ខែ​មិថុនា​ខាង​មុខ បន្ទាប់​ពី​លោក​មក​ចូលរួម​សន្និសីទ​កំពូល​ស្ដីពី​សន្តិសុខ សាងហ្គ្រីឡា (Shangri-La Dialogue) នៅ​ប្រទេស​សិង្ហបុរី (Singapore)។

អ្នក​ឃ្លាំមើល​ភូមិសាស្ត្រ​នយោបាយ និង​មន្ត្រី​បក្ស​ប្រឆាំង​យល់​ថា ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក​ពេល​ខាង​មុខ​នេះ ដោយសារ​បារម្ភ​ពី​ឥទ្ធិពល​ចិន ខណៈ​កម្ពុជា​ និង​ចិន​កំពុង​ពង្រឹង​និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ផ្នែក​យោធា​ជាមួយ​គ្នា​កាន់​តែ​ខ្លាំង​។

រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក គ្រោង​នឹង​មក​ទស្សនកិច្ច​នៅ​កម្ពុជា​ជា​លើក​ទី២ នៅ ដើម​ខែ​មិថុនា​ខាង​មុខ បន្ទាប់​ពី​លោក​ធ្លាប់​មក​ប្រទេស​កម្ពុជា​ម្ដង​ហើយ កាល​ពី​ខែ វិច្ឆិកា ឆ្នាំ​២០២២ ដែល​កាល​នោះ លោក​មក​ចូលរួម​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន​។

ដំណឹង​នៃ​ដំណើរ​ទស្សន​កិច្ច​របស់​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​អាមេរិក​លើក​ទី២នេះ ធ្លាក់​ចុះ​ចំ​ពេល​ដែល​កម្ពុជា​និង​ចិន កំពុង​ធ្វើ​សមយុទ្ធ​យោធា «​នាគមាស​» រួម​គ្នា​ចំនួន​១៥​ថ្ងៃ នៅ​ខេត្ត​កំពង់ឆ្នាំង និង​ខេត្ត​ព្រះសីហនុ ដែល​សមយុទ្ធ​នេះ គ្រោង​នឹង​បញ្ចប់​នៅ​ថ្ងៃ​ទី​៣០ ខែ​ឧសភា​នេះ​។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការពារ​ជាតិ​អាមេរិក ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​២៤ ខែ​ឧសភា ឱ្យ​ដឹង​ថា ដំណើរ​ទស្សនកិច្ច​នេះ លោក ឡយ អូស្ទីន គ្រោង​នឹង​ជួប​ ពិភាក្សា​ការងារ​ជាមួយ​មន្ត្រី​ជាន់ខ្ពស់​របស់​កម្ពុជា​មួយ​ចំនួន ។

ក្រសួង​ការពារ​ជាតិ​អាមេរិក​បញ្ជាក់​ថា ដំណើរ​ទស្សនកិច្ច​លើក​ទី​១០​របស់​លោក ឡយ អូស្ទីន មក​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​នេះ គឺ​ធ្វើ​ឡើង​ស្រប​ពេល​ក្រសួង​ការពារ​ ជាតិ​អាមេរិក​បន្ត​ពង្រឹង​ទំនាក់ទំនង​រវាង​អាមេរិក និង​សម្ព័ន្ធមិត្ត​និង​ដៃគូ ដើម្បី​គាំទ្រ​នូវ​ទស្សនៈ​តំបន់​រួម​គ្នា សម្រាប់​សន្តិភាព ស្ថិរភាព និង​វិធានការ​បង្ការ​។

អ្នកនាំពាក្យ​ក្រសួង​ការពារ​ជាតិ លោក ឈុំ សុជាត ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី ២៦ ខែ​ឧសភា ថា លោក​បាន​ដឹង​ពី​គម្រោង​ដំណើរ​ទស្សនកិច្ច​របស់​លោក ឡយ អូស្ទីន មក​កាន់​កម្ពុជា ប៉ុន្តែ​លោក​មិន​ទាន់​ដឹង​នៅ​ឡើយ ថា​តើ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក​ នឹង​យក​បញ្ហា​អ្វី​ខ្លះ​មក​ជជែក​ជាមួយ​កម្ពុជា​នោះ​ទេ។

លោក ឈុំ សុជាត​៖«គាត់​លើក​រឿង​អី​ខ្លះ​យើង​មិន​អាច​ទាយ​ដឹង​​មុន​ទេ ប៉ុន្តែ​ជំហរ​កម្ពុជា​យើង​ស្វាគមន៍​មិត្តភ័ក្ដិ​ទាំង​អស់​ហ្នឹង យើង​អត់មាន​ប្រកាន់​ខាង​ណា​ទេ​។ ការ​ធ្វើ​សមយុទ្ធ​កន្លងមក គ្រាន់​តែ​ពង្រឹង​សមត្ថភាព​និង​កិច្ច​សហប្រតិបត្តិការ​ប្រទេស​ទាំង​ពីរ​ទេ មិន​មាន​ការ​គំរាមកំហែង អត់​មាន​បញ្ហា​អី​ជាមួយ​អ្នក​ណា​ទេ​។ គ្រាន់​តែ​ពង្រឹង​សមត្ថភាព ពង្រឹង​កងទ័ព​យើង​ទៅ​ទាន់​បច្ចេកវិទ្យា​ទំនើប​ទេ​បាទ​»​។

ទោះជា​យ៉ាង​ណា អតីត​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​លោក អ៊ុំ សំអាន ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី​២៦ ខែ​ឧសភា​ថា ដំណើរ​ទស្សនកិច្ច​នេះ ដោយសារ​តែ សហរដ្ឋ​អាមេរិក បារម្ភ​ពី​ឥទ្ធិពល​របស់​ចិន​លើ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត បន្ទាប់​ពី​កម្ពុជា​ធ្វើ​សមយុទ្ធ​យោធា​ជាមួយ​ចិន ហើយ​លុបចោល​សមយុទ្ធ​យោធា ជាមួយ​អាមេរិក​និង​អូស្ត្រាលី​តាំង​ពី​ឆ្នាំ ២០១៧​មក​។

លោក​ជឿជាក់​ថា ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក​នឹង​ លើក​ឡើង​ពី​បញ្ហា​សិទ្ធិ​មនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ដែល​សហគមន៍​ ជាតិ និង​អន្តរជាតិ​រិះគន់​កន្លងមក ថា​កម្ពុជា​បាន​សម្លាប់​ប្រជាធិបតេយ្យ និង​រំលោភ​ សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​។

លោក អ៊ុំ សំអាន​៖ «បើ​សិន​កម្ពុជា​ងាក​ទៅ​ចិន​ខ្លាំង​ពេក អាច​ឱ្យ​អាមេរិក​សង្ស័យ​ពី​ការ​ដាក់​មូលដ្ឋាន​ទ័ព​នៅ​កំពង់ផែ​រាម​។ យើង​ឃើញ​កន្លងមក អាមេរិក​បាន​ដាក់​ទណ្ឌ​កម្ម​មក​លើ​កម្ពុជា​មក​មន្ត្រី​ អាហ្នឹង ជា​រឿង​មិន​ល្អ​សម្រាប់​កម្ពុជា​នោះ​ទេ។ នៅ​ពេល​យើង​ពឹង​ផ្អែក​លើ​ចិន​ខ្លាំង​ពេក អ្នក​វិនិយោគ​ទុន​​ពី​ប្រទេស​លោក​សេរី ពី​អាមេរិក​អីហ្នឹង​ក៏​មាន​ច្រើន​ពី​ប្រទេស​ចិន​ដែរ។ អ៊ីចឹង​កម្ពុជា គួរ​ស្ថិត​នៅ​អព្យាក្រឹត្យ កុំ​លម្អៀង​ទៅ​ខាង​ចិន​ពេក និង​ខាង​អាមេរិក​ពេក​អាហ្នឹងទើប​កម្ពុជា​យើង​បាន​សុខ»។

ចំណែក​អ្នក​តាម​ដាន​ភូមិ​សាស្ត្រ​នយោបាយ តំបន់​អាស៊ី​អាគ្នេយ៍ និង​ប៉ាស៊ីហ្វិក លោក សេង វណ្ណលី លើក​ឡើង​ថា ដំណើរ​ទស្សនកិច្ច​របស់​លោក ឡយ អូស្ទីន នេះ គឺ​បង្ហាញ​អំពី​ការ​យក​ចិត្ត​ទុក​ដាក់​ជា​ខ្លាំង​របស់​អាមេរិក ចំពោះ​បញ្ហា​សន្តិសុខ​នៅ​ក្នុង​តំបន់ ដោយសារ​តែ​កម្ពុជា​និង​ចិន ហាក់​បាន​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ ផ្នែក​យោធា​ជាមួយ​គ្នា​កាន់​តែ​ខ្លាំង ខណៈ​កំណើន​ភាព​តានតឹង នៅ​ក្នុង​តំបន់​ក៏​កាន់​តែ​កើន​ឡើង។ លើស​ពី​នេះ ការ​បង្កើន​កិច្ច​សហប្រតិបត្តិការ​លើ​ផ្នែក​យោធា​រវាង​កម្ពុជា និង​ចិន​នេះ បាន​បង្ក​ការ​ព្រួយបារម្ភ​ដល់​ឥទ្ធិពល​របស់​អាមេរិក​នៅ​ក្នុង​តំបន់​ដែរ។

លោក​ថា ទោះបីជា​អាមេរិក​នៅ​តែ​មាន​សុទិដ្ឋិនិយម ចំពោះ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក្នុង​ការ​ស្ដារ​ទំនាក់ទំនង​ប្រទេស​ទាំង​ពីរ​ឡើង​វិញ​ក្ដី ក៏​រដ្ឋាភិបាល​ កម្ពុជា​បច្ចុប្បន្ន​ពិបាក​នឹង​ទទួល​យក ដោយសារ​តែ​អាមេរិក​តែង​តែ​ជំរុញ​ឱ្យ​ រដ្ឋាភិបាល​កម្ពុជា ស្ដារ​នូវ​លទ្ធិប្រជាធិបតេយ្យ បើក​លំហ​សិទ្ធិ​នយោបាយ និង​គោរព​សិទ្ធិ​មនុស្ស​ជា​ដើម។

លោក សេង វណ្ណលី​៖ «ប្រសិន​បើ​រដ្ឋាភិបាល​បច្ចុប្បន្ន បើក​លំហ​នយោបាយ ការ​គោរព​សិទ្ធិ​មនុស្ស ក៏​ដូចជា សេរីភាព​ការ​បញ្ចេញមតិ កាន់​តែ​ទូលំទូលាយ​ នឹង​ប៉ះពាល់​ដល់​ហានិភ័យ​គ្រប់គ្រង​របស់​របប​នយោបាយ​បច្ចុប្បន្ន។ ដូច្នេះ មាន​តែ​ការ​ពឹង​ផ្អែក​លើ​កិច្ច​សហប្រតិបត្តិការ​របស់​ខ្លួន​ជាមួយ​នឹង​ចិន លើ​បញ្ហា​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​យោធា​ទេ ដែល​ធ្វើ​ឱ្យ​រដ្ឋាភិបាល​បច្ចុប្បន្ន​រស់រាន​មាន​ជីវិត​បាន»។

យ៉ាងណា លោក សេង វណ្ណលី ថា ប្រសិន​បើ​កម្ពុជា​មិន​អនុវត្ត​តាម​ការ​ស្នើ​សុំ​របស់​ សហរដ្ឋ​អាមេរិក ទាក់ទង​ការ​ស្ដារ​លទ្ធិប្រជាធិបតេយ្យ ហើយ​នៅ​តែ​បង្កើន​កិច្ច សហប្រតិបត្តិការ​យោធា ឬ​ចូលរួម​សកម្មភាព​សមយុទ្ធ​ជាមួយ​ចិន​បន្ថែម​ទៀត​នោះ លោក​ថា កម្ពុជា​នឹង​រង​សម្ពាធ​កាន់​តែ​ខ្លាំង​ពី​សហរដ្ឋ​អាមេរិក។

លោក សេង វណ្ណលី៖ «បើ​សហរដ្ឋ អាមេរិក មើល​ឃើញ​ថា ដំណើរ​កិច្ច​សហប្រតិបត្តិការ​កាន់​តែ​កើន​ឡើង​វា​បង្ក​ហានិភ័យ​ដល់​វត្តមាន​អាមេរិក នៅ​ក្នុង​តំបន់​នោះ​ទំនាក់ទំនង​នៅ​ឆ្នាំ២០២៥ បើ​សិន​គណបក្ស​ប្រជាធិបតេយ្យ​របស់​លោក បៃ ឌិន កាន់​រដ្ឋបាល​ឬ​ម៉ាស៊ីន​នយោបាយ​ទៀត​។ ខ្ញុំ​គិត​ថា សម្ពាធ​នឹង​កើន​ឡើង ហើយ​ទំនាក់ទំនង​កម្ពុជា និង​អាមេរិក នឹង​មាន​ភាព​រកាំរកូស​ជាង​បច្ចុប្បន្ន។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ខ្ញុំ​គិត​ថា អាមេរិក​នឹង​ជំរុញ​ឱ្យ​សម្ព័ន្ធភាព​ក្នុង​តំបន់​ដាក់​សម្ពាធ​កម្ពុជា​កាន់​តែ​ខ្លាំង។

កងទ័ព​កម្ពុជា​និង​កងទ័ព​ចិន កំពុង​ធ្វើ​សមយុទ្ធ​យោធា«​នាគមាស​» លើក​ទី​៦ រយៈពេល​១៥​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​១៦ ដល់​ថ្ងៃ​ទី​៣០ ខែ​ឧសភា ក្រោម​ប្រធាន​បទ «​ប្រតិបត្តិការ​ប្រឆាំង​អំពើ​ភេរវកម្ម​រួម និង​ការ​សង្គ្រោះ​មនុស្ស​ធម៌​»​។ សមយុទ្ធ​នេះ មាន​នាវា​ចម្បាំង​ចិន៣គ្រឿង ចូល​ចត​នៅ​កំពង់​ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ​បន្ថែម លើ​នាវា​ចម្បាំង​២​គ្រឿង​ទៀត ដែល​បាន​ចត​នៅ​កំពង់​ផែ​រាម​ជាង​៥​ខែ ហើយ​មិន​បាន​ត្រឡប់​ទៅ​វិញ​ឡើយ ខណៈ​អ្នក​ជំនាញ​អាមេរិក​ថា​ចិន​អាច​ប្រើប្រាស់​ កំពង់​ផែ​រាម ដើម្បី​ឈ្លប​យក​ការណ៍ និង​ប្រមូល​ព័ត៌មាន​សម្ងាត់​ពី​ប្រទេស​នានា​ក្នុង​តំបន់។

ក្រុម​អ្នក​ជំនាញ​ភូមិ​សាស្ត្រ​នយោបាយ លើក​ឡើង​ថា ដើម្បី​បង្ការ​ទំនាស់​ភូមិ​សាស្ត្រ​រវាង​អាមេរិក​ជាមួយ​ចិន កម្ពុជា​ត្រូវ​កាត់​បន្ថយ​កិច្ច​សហប្រតិបត្តិការ​ជា​ពិសេស​ផ្នែក​យោធា​ជាមួយ​ចិន ហើយ​ងាក​មក​ចូលរួម​កិច្ច​សន្ទនា​ផ្នែក​សន្តិសុខ​ជាមួយ​បណ្ដា​ប្រទេស​អាស៊ាន ដោយ​ប្រកាន់​គោល​ការណ៍​អាស៊ាន​ជា​ស្នូល​ឱ្យ​កាន់​តែ​ខ្លាំង ទើប​អាច​គេច​ពី​ការ​រិះគន់ និង​ការ​ចោទ​ប្រកាន់​នានា ទាក់ទង​នឹង​ទំនាក់ទំនង​រវាង​កម្ពុជា​ជាមួយ​នឹង​ចិន​។ ទន្ទឹម​នឹង​នេះ កម្ពុជា​ត្រូវ​ធ្វើ​កិច្ចសហការ​ផ្នែក​យោធា ដោយ​ពង្រឹង​ កិច្ច​សហប្រតិបត្តិការ​ជាមួយ​បណ្ដា​ប្រទេស​លោក​សេរី និង​ប្រទេស​នៅ​ក្នុង​តំបន់​បន្ថែម​ទៅ​លើ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ចិន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។