លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាឲ្យស៊ើបអង្កេត និងស្វែងរកចាប់ខ្លួនអ្នកជាប់ពាក់ព័ន្ធមួយចំនួនទាក់ទងនឹងសំណុំរឿងកម្មករធ្វើបាតុកម្មនៅផ្លូវវ៉េងស្រេង ក្នុងរាជធានីភ្នំពេញ កាលពីឆ្នាំ២០១៤។
ក្នុងចំណោមអ្នកជាប់ពាក់ព័ន្ធទាំងនោះក៏អាចមានគណបក្សប្រឆាំងទាំងមូលផងដែរ ហើយបើរកឃើញភស្តុតាងថាមានជាប់ពាក់ព័ន្ធពិតប្រាកដមែននោះ គណបក្សនេះត្រូវរំលាយចោលតែម្តង។ លោក ហ៊ុន សែន ចោទថា បាតុកម្មនោះមានគោលដៅផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់របស់លោក ជាជាងការតវ៉ាទាមទារដំឡើងប្រាក់ខែកម្មករ៖ « មេខ្លោងដែលបំផ្លាញនៅតាមផ្លូវវ៉េងស្រេងបានចេញមុខចាប់ខ្លួន ហើយនៅចាប់ទៀតអាក្រុមពាក់ព័ន្ធរឿងនេះ ព្រោះយើងកំពុងរករឿងអីអ្នកឯងធ្វើបាតុកម្ម ម៉ោងពីរភ្លឺ ...? វាមិនដែលមាន មានតែបាតុកម្មផ្តួល រំលំតែប៉ុណ្ណោះដែល ធ្វើបែបនេះ ...! ដូច្នេះយើងមិនអាចថយ ក្រោយទេ ហើយយើង នឹងពិនិត្យមើល នរណា ខ្លះពាក់ ព័ន្ធ តើបក្សទាំងមូលពាក់ព័ន្ធឬអត់ ? បើបក្សទាំងមូល ពាក់ព័ន្ធ វាច្បាស់ណាស់ ថាបក្សត្រូវបានរំលាយចោលតែម្តង អំពើឃុបឃិតក្បត់ជាតិ ក្បត់ប្រទេស »។
លោក ហ៊ុន សែន បានថ្លែងបញ្ជាក់ដូច្នេះក្នុងកិច្ចសំណេះសំណាលជាមួយតំណាងកម្មករកម្មការិនីរាប់ពាន់នាក់នៅកោះពេជ្រ កាលពីព្រឹកថ្ងៃទី១០ ខែកញ្ញា។
អាស៊ីសេរី មិនទាន់អាចទាក់ទងមន្ត្រីគណបក្សសង្គ្រោះជាតិ ដើម្បីសុំការឆ្លើយតបជុំវិញរឿងនេះបាននៅឡើយទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។