គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​​​​ មិន​​​ទាមទារ​​​​យុត្តិធម៌​ពី​ព្រឹត្តិការណ៍​​​​​​បង្ហូរ​ឈាម​ថ្ងៃ​ ៥-៦ ​កក្កដា ឆ្នាំ​១៩៩៧ទេ​

ដោយ ហេង រស្មី
2021-07-05
Share
គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​​​​ មិន​​​ទាមទារ​​​​យុត្តិធម៌​ពី​ព្រឹត្តិការណ៍​​​​​​បង្ហូរ​ឈាម​ថ្ងៃ​ ៥-៦ ​កក្កដា ឆ្នាំ​១៩៩៧ទេ​ កងរថពាសដែកដែលត្រូវបានប្រើប្រាស់ក្នុងអំពើរដ្ឋប្រហារយោធាកាលពីថ្ងៃទី៥ និងទី៦ ខែកក្កដា ឆ្នាំ១៩៩៧។
រូប៖ AFP Photo

នៅ​​ឆ្នាំនេះ ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ដែល​ជា​ជនរងគ្រោះផ្ទាល់​​ក្នុង​​ព្រឹត្តិការណ៍​រដ្ឋប្រហារ​បង្ហូរ​ឈាម​ថ្ងៃ ​៥-៦​ ខែកក្កដា ​ឆ្នាំ១៩៩៧ មិន​​ប្រារព្ធ​ខួប​ ឬ​​​​ចេញ​​សេចក្ដីថ្លែងការណ៍​​​​​​ទាមទារ​​រក​​យុត្តិធម៌​​​អ្វីឡើយ​។

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ហ្វ៊ុនស៊ិនប៉ិចលោក ផាន់ សិទ្ធី ឲ្យដឹង​ថា ​​​​គណបក្ស​នេះ​នៅ​តែ​ចង​ចាំ​​ព្រឹត្តិការណ៍​​ជា​ប្រវត្តិ​សាស្ត្រ​​នេះ ​ប៉ុន្តែ​​មិន​​ចង់​​រំលឹក​​រឿងរ៉ាវ​ឈឺ​​ចាប់​​ឡើង​វិញ​​ទេ​។ លោក​បន្ត​ថា ​​មិន​ចង់​​រំលឹក​​ព្រឹត្តិការណ៍​​នោះ​​ ​​ដោយសារ​​​គណ​បក្ស​មិន​ចង់​បន្ត​ចោទ​​គ្នា​ទៅវិញ​ទៅ​មក​ និង​​មាន​បំណង​​​ចង់​​​កសាង​ប្រទេស​ជាតិ​​ទៅមុខ​ ជាជាង​ការ​រំលឹក​អតីត​កាល​​​ឈឺចាប់​៖ «ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​យើង​ចង​ចាំ​អត់​ភ្លេច​ទេ​ ក៏​ប៉ុន្តែ​យើង​អត់​ចង់​រំលឹក​វា​ដើម្បី​ឲ្យ​វា​មាន​ការ​ឈឺ​ចាប់​អ្វី​ឡើងវិញ​ទេ​​។​ យើង​ចង់​ទុក​វា​នៅ​មួយ​កន្លែង​ទៅ​ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ដែល​យើង​មិន​អាច​ភ្លេច​បាន ហើយ​យើង​ចង់​ប្រើ​ពេល​វេលា​ហ្នឹង​​​ធ្វើការ​រួបរួម​គ្នា​សាមគ្គី​ជាតិ​ទៅ​ដើម្បី​កសាង​ជាតិ​ទាំង​អស់​គ្នា​ទៅ​ វា​ប្រសើរ​ជាង​ចោទ​គ្នា​ថា ​អា​នេះ​ខុស អា​នេះ​ត្រូវ»។

ប៉ុន្តែ​​អតីត​មន្ត្រី​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​​និង​អ្នក​​​ប្រជាធិបតេយ្យ​មួយ​ចំនួន​ទៀត​មិន​​ព្រម​ទទួល​យក​ការ​បិទ​បញ្ចប់​សំណុំ​រឿង​រដ្ឋប្រហារ​ឆ្នាំ​១៩៩៧​ដោយ​បែប​នេះ​ទេ។​ ពួកគេ​នៅ​តែ​​ទាមទារ​ឲ្យ​មាន​ការ​ស្រាវជ្រាវ​ចាប់ខ្លួន​​ជន​ដៃដល់​និង​អ្នក​បញ្ជា​ពី​ក្រោយ​ក្នុង​ព្រឹត្តិការណ៍រដ្ឋប្រហារ​ពេលនោះ។

អតីត​មន្ត្រី​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​​ និង​​​ជា​អនុប្រធាន​​​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​និស្សិត​​ដើម្បី​លទ្ធិប្រជាធិបតេយ្យ ​​(SMD)​ លោក​ គឹម សុខ សោកស្ដាយ​ចំពោះ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ដែល​ជា​ជន​រងគ្រោះ​ផ្ទាល់​តែ​មិនចង់បាន​យុត្តិធម៌​ឲ្យ​សមាជិក​​បក្ស​​ខ្លួន​​​​។

ទោះ​ជា​យ៉ាង​ណាលោក គឹម សុខ អះអាងថា ​​​​​​​​​អ្នករងគ្រោះពី​​ព្រឹត្តិការណ៍​រដ្ឋ​ប្រហារ​​បង្ហូរ​ឈាម​នៅ​ឆ្នាំ​១៩៩៧​​នោះ មិន​មែន​មាន​​តែ​គណបក្សហ្វ៊ុនស៊ិន​ប៉ិច​​ទេ តែ​​​ពលរដ្ឋ​ខ្មែរ​​​​ទាំង​​អស់​​ជា​អ្នករងគ្រោះ​​ដោយសារ​​ព្រឹត្តិការណ៍​​នោះ​​បាន​​ប្ដូរ​វាសនា​​ប្រទេស​​ជាតិ​​ទាំង​​ស្រុង​​​​​ឲ្យដើរ​ថយ​ក្រោយ​និង​ត្រឡប់​ទៅ​​​​ស្ថិត​​ក្រោម​​​ការ​​គ្រប់​គ្រង​​របស់​​វៀតណាម​​​វិញ៖ «នេះ​មិន​មែន​ជា​សោកនាដកម្ម​​ត្រឹមតែ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ទេ ​ប៉ុន្តែ​ជា​សោកនាដកម្ម​ធ្វើ​ឲ្យ​ក្រឡាប់​ចាក់​នៃ​ដំណើរ​ប្រជាធិបតេយ្យ​សង្គម​​កម្ពុជា​ទាំង​មូល។​ ជា​អយុត្តិធម៌​សម្លាប់​នូវ​វាសនា​ល្អ​នៃ​ប្រជាជាតិ​ខ្មែរ។ ម្ល៉ោះ​ហើយ​មិន​ត្រឹម​តែ​មិន​រំលឹក​ទេ​ ក៏​ប៉ុន្តែ​ត្រូវ​តែ​ធ្វើ​សកម្មភាព​តស៊ូ​ឡើង​ ដើម្បី​រក​យុត្តិធម៌​ថែម​ទៀត​ទើប​ត្រឹមត្រូវ​»។

ចំណែកប្រធាន​គណៈកម្មការ​រដ្ឋបាល​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ទីក្រុង​បាងកកលោក ឃ្លាំង ប៊ុន​ឡាយ ក៏​មិន​រំពឹង​ថា ​របប​ក្រុង​ភ្នំពេញអាច​​រក​យុត្តិធម៌​ឲ្យ​ជនរងគ្រោះ​និង​ពលរដ្ឋ​ខ្មែរ​​ក្នុង​អំពើ​រដ្ឋ​ប្រហារ​ឆ្នាំ​១៩៩៧​ ដែលប្រព្រឹត្តដោយលោក ហ៊ុន សែន បានដែរ។ លោក​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ប្ដូរ​មេដឹកនាំសព្វថ្ងៃនេះ​ចេញ​ ទើប​អាច​ទទួល​បាន​យុត្តិធម៌​៖ «ទាល់​តែ​យើង​រួម​គ្នា​ប្ដូរ​លោក​ហ៊ុន​ សែន ចេញ​ ហើយ​រើស​អ្នក​ដឹកនាំ​ថ្មី​មក​ទើប​គាត់​លាត​ត្រដាង​ការពិត​ជូន​ប្រជាពលរដ្ឋ​ខ្មែរ​បាន​»។

កាលពី​ថ្ងៃ​ទី​៥​ និង​ទី​៦ ​ខែ​កក្កដា ​ឆ្នាំ​១៩៩៧ ​​​អំពើ​រដ្ឋប្រហារ​មួយ​បាន​ផ្ទុះ​ឡើង​កក្រើក​​ក្រុង​ភ្នំពេញ​ដោយ​មាន​ម្ខាង​ជា​ក្រុម​យោធា​គាំទ្រ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​របស់​សម្ដេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ និង​ម្ខាង​ទៀត​ គឺជា​ក្រុម​យោធា​ស្មោះស្ម័គ្រ​នឹង​លោក ហ៊ុន សែន ដែល​គ្រានោះ​ជា​​នាយក​រដ្ឋ​មន្ត្រី​ទី​២។

របាយការណ៍​របស់​អង្គការសហប្រជាជាតិ​បង្ហាញ​​ថា ​ក្នុង​ព្រឹត្តិការណ៍​ហិង្សា​កាល​នោះ​ ​​​​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​រាប់​រយ​នាក់​និង​មាន​​មន្ត្រី​គណបក្ស​នយោបាយ​ប្រមាណ​៤០ ទៅ ​៦០​នាក់​ ត្រូវ​បាន​គេ​សម្លាប់​ក្រៅ​ប្រព័ន្ធ​ច្បាប់។​​​ ជនរងគ្រោះ​ភាគច្រើន​​ គឺជា​មន្ត្រី​ជាន់​ខ្ពស់​និង​​យោធា​​ស្មោះស្ម័គ្រ​នឹង​គណបក្ស​រាជា​និយម​​ហ៊្វុនស៊ិនប៉ិច​មាន​ដូច​ជា ​ឧត្ដម​សេនីយ៍​​ ​ហូ សុខ ​ក្រូច យឿម​ ជា ឫទ្ធីឈុត ​លី សេងហុង​ ចៅ សម្បត្តិ និង​ម៉ែន ប៊ុនថន​ ជាដើម​។

លោក ហ៊ុន សែន បាន​ចោទ​សម្ដេច ក្រុមព្រះ​នរោត្តម រណឫទ្ធិ ថា​ជា​អ្នក​បង្ក​តាម​រយៈ​ការទិញ​អាវុធ​ចូល ការ​ចល័ត​កងកម្លាំង​ខុសច្បាប់​និង​ការ​នាំ​កម្លាំង​ខ្មែរក្រហម​​ចូល​ក្រុង​ភ្នំពេញ។ ​លោក ហ៊ុន សែន​ អះអាង​ថា​ លោក​​បង្ខំ​ចិត្ត​បង្ក្រាប​ភាព​អនាធិបតេយ្យ​ទាំង​នោះ ក្នុង​ឋានៈ​ជា​នាយក​រដ្ឋមន្ត្រី​ទី​២ ​ដើម្បី​ការពារ​ខ្លួន​។

តែ​សម្ដេច ក្រុមព្រះ នរោត្តម រណឫទ្ធិ ​បដិសេធ​។ ព្រះអង្គ​​អះអាង​​ថា លោក ហ៊ុន សែន ​​បង្កើត​លេស​​ដើម្បី​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​ព្រះអង្គ ​ខណៈ​​ដែល​មាន​កង​ទ័ព​ខ្មែរ​ក្រហម ​ដឹកនាំ​ដោយ​លោក កែវ ពង្ស និង​​ ភុន ភាព ជាដើម បាន​ចូល​​ភ្នំពេញ​​​ជួយ​គាំទ្រ​​កង​ទ័ព​​របស់​លោក ហ៊ុន សែន​។ ទោះ​ជា​មាន​ការ​សម្លាប់​មនុស្ស​ច្រើន​យ៉ាង​ណា​ក្ដី​ រហូត​មក​ដល់​ពេល​នេះ ​គ្មាន​នរណា​ម្នាក់​ត្រូវ​បាន​យក​មក​កាត់​ទោស​ទេ។

​អាស៊ី​សេរី​មិន​អាច​សុំ​ការ​បញ្ជាក់​​​បន្ថែម​ពី​អ្នក​នាំ​ពាក្យ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិលោក ឆាយ គឹមខឿន និង​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាលលោក ផៃ ស៊ីផាន បាន​ទេ​នៅ​ថ្ងៃ​ទី​០៥​ ខែកក្កដា​។

តែ​យ៉ាង​ណា លោក​ ផៃ ស៊ីផាន ធ្លាប់​ប្រាប់​អាស៊ី​សេរី​ថា ​ព្រឹត្តិការណ៍​នោះ​​បិទ​បញ្ចប់​​​យូរ​ហើយ​។ លោក​បញ្ជាក់​ថា ​​​រដ្ឋាភិបាល​ជំនាន់​នោះ ​ក៏​​​បាន​ផ្ញើ​របាយការណ៍​ពន្យល់​ប្រាប់​សហគមន៍​​អន្តរជាតិ​រួច​អស់​​ដែរ​​។ លោក​​ជំរុញ​ឲ្យ​ភាគី​​​មិន​សុខចិត្ត​​ដាក់​បណ្ដឹង​ទៅ​តុលាការ​​​​។

ប៉ុន្តែ​ទាំង​អ្នក​នយោបាយ និង​អ្នក​ឃ្លាំមើល​សិទ្ធិ​មនុស្ស​មិន​ជឿ​ថា ​តុលាការ​កម្ពុជា​អាច​រក​យុត្តិធម៌​ជូន​ជន​រងគ្រោះ​ក្នុង​ព្រឹត្តិការណ៍​នោះ​បាន​ទេ។

ប្រធាន​សមាគមការពារសិទ្ធិ​មនុស្ស​អាដហុកលោក នី សុខា យល់​ថា ​​ដរាប​ណា​​មិន​អាច​រក​យុត្តិធម៌​បាន​ រដ្ឋាភិបាល​នឹង​បន្ត​ជាប់​ឈ្មោះ​មិន​ល្អ​​ ដោយ​សារ​តែ​ព្រឹត្តិការណ៍​ពេលនោះ ​គឺ​ជា​អំពើ​អមនុស្សធម៌​​ និង​​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ច្រើន​ ​ព្រម​ទាំង​​ជា​បទ​ឧក្រិដ្ឋ​មិន​អាច​លើក​លែង​បាន៖ «រឿង​ហ្នឹង​គឺជា​រឿង​មួយ​ដែល​មាន​ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​។​ ដូច្នេះ​រដ្ឋាភិបាល​យើង​ត្រូវ​តែ​ជាប់​​ឈ្មោះ​នៅ​ក្នុង​ការ​រំលោភ​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ស្ថានភាព​ថ្ងៃ​៥-៦-៧​ ខែកក្កដា​ ហ្នឹង​។​ ហ្នឹង​បើ​យើង​មិន​រក​យុត្តិធម៌​សម្រាប់​អ្នក​រងគ្រោះ​ទេ​​នៅ​ជាប់​ឈ្មោះ​អ៊ីចឹង​ណា»។ 

ក្រុម​អ្នក​សង្កេតការណ៍​ជាតិ និង​អន្តរជាតិ​ យល់ឃើញ​​​ថា ​ដើមហេតុ​នៃ​ការ​ធ្វើ​រដ្ឋ​ប្រហារ​ថ្ងៃ​ទី​ ៥-៦​ ខែកក្កដា​នោះ គឺ​ដោយសារ​​​លោក ហ៊ុន សែន បារម្ភ​​ចាញ់​ឆ្នោត​នៅ​អាណត្តិ​ទី​២ ​ឆ្នាំ​១៩៩៨ ហើយ​ភាព​ជោគជ័យ​នៃ​ការ​ធ្វើ​រដ្ឋប្រហារ​​កាល​នោះ​​ បាន​ជួយ​ពង្រឹង​អំណាច​​លោក ហ៊ុន សែន កាន់តែ​ខ្លាំង និង​កាន់តែ​ផ្ដាច់ការ​

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល