ព្រឹត្តិការណ៍កាលពីថ្ងៃទី៥-៦ ខែកក្កដា ឆ្នាំ១៩៩៧ បានទាញឲ្យអ្នកអ្នកនយោបាយបកស្រាយផ្ទុយគ្នា។ អង្គការមិនមែនរដ្ឋាភិបាល និងគណបក្សប្រឆាំង សុទ្ធតែយល់ឃើញថា វាជាព្រឹត្តិការណ៍ដណ្ដើមអំណាចគ្នារវាងបក្សនយោបាយធំៗពីរកាលណោះ គឺគណបក្សរាជានិយមហ៊្វុនស៊ិនប៉ិច និងគណបក្សប្រជាជនកម្ពុជា។ បើទោះជាមានការចោទប្រកាន់បែបនេះពីមជ្ឈដ្ឋានទូទៅ ទាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមន្ត្រីក្រោមបង្គាប់របស់លោក ថ្លែងការពារថា វាពុំមែនជាព្រឹត្តិការណ៍រដ្ឋប្រហាររបស់គណបក្សប្រជាជនកម្ពុជា ទេ ប៉ុន្តែហេតុការណ៍ដែលកើតឡើងពេលនោះ គឺគ្រាន់តែជាហេតុការណ៍ទប់ទល់សភាពការណ៍ពីកម្លាំងស្មោះត្រង់របស់ហ៊្វុនស៊ិនប៉ិច ប៉ុណ្ណោះ។
កាលពី ១៩ឆ្នាំមុន ចំថ្ងៃទី៥-៦ ខែកក្កដា ព្រឹត្តិការណ៍ផ្ទុះអាវុធកណ្ដាលទីក្រុងភ្នំពេញ បង្កការភ័យខ្លាច និងជ្រួលច្របល់ ធ្វើឲ្យអ្នករស់នៅក្នុងរាជធានីនឹកភ្នកដល់ព្រឹត្តិការណ៍ខ្មែរក្រហមចូលក្រុងភ្នំពេញកាលពីឆ្នាំ១៩៧៥។
នៅតាមដងវិថី និងនៅជាយទីក្រុងភ្នំពេញ គេឮសូរតែសំឡេងគ្រាប់ផ្លោងដាក់គ្នារវាងយោធាតស៊ូដែលស្មោះត្រង់នឹងព្រះអង្គម្ចាស់នរោត្តម រណឫទ្ធិ ជានាយករដ្ឋមន្ត្រីទី១ ប្រធានគណបក្សរាជានិយមហ៊្វុនស៊ិនប៉ិច និងកងទ័ពស្មោះស្ម័គ្រនឹងលោក ហ៊ុន សែន ដែលជានាយករដ្ឋមន្ត្រីទី២ និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា នៅពេលនោះ។

ក្រោយរដ្ឋប្រហារដោយយោធានោះមក លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងព្រះអង្គម្ចាស់នរោត្តម រណឫទ្ធិ បានសាចទឹកដាក់គ្នាទៅវិញទៅមក។ លោក ហ៊ុន សែន កាលណោះចោទប្រកាន់ថា មូលហេតុដែលនាំឲ្យមានព្រឹត្តិការណ៍ដែលឈានទៅដល់ការផ្ទុះអាវុធកណ្ដោលទីក្រុងភ្នំពេញនេះឡើង ដោយសារគណបក្សហ៊្វុនស៊ិនប៉ិច របស់សម្ដេចក្រុមព្រះមិនស្មោះ និងហ៊ានលួចយកកម្លាំងខ្មែរក្រហមដាក់អមខ្លួន។ លោកបន្តថា « យើងចោទសួរ រណឫទ្ធិ យកកម្លាំងខ្មែរក្រហម និងកម្លាំងអង្គភាពនានាដើម្បីអ្វី ? យើងចោទសួរថា រណឫទ្ធិ យកអាវុធខុសច្បាប់ និងបង្កើនកម្លាំងប្រដាប់អាវុធមកភ្នំពេញធ្វើអ្វី ? រណឫទ្ធិ ឬអ្នកណាមិនដឹងទេបានបញ្ជាឲ្យឯកឧត្ដម ទា ចំរាត់ វាយយកឃ្លាំងគេហៅថា ឃ្លាំងកា៤ របស់ស្នងការបច្ចេកទេសក្រសួងការពារជាតិ »។
ផ្ទុយពីការចោទប្រកាន់នេះ សម្ដេចក្រុមព្រះនរោត្តម រណឫទ្ធិ មានបន្ទូលក្រោយព្រឹត្តិការណ៍ថា លោក ហ៊ុន សែន ទៅវិញទេដែលចង់ធ្វើរដ្ឋប្រហារផ្ដួលរំលំព្រះអង្គចេញពីអំណាច ក្នុងឋានៈជានាយករដ្ឋមន្ត្រីទី១។
បើទោះជាបែបណា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅតែចាត់ទុកថា ព្រឹត្តិការណ៍យោធានៅពេលនោះ គឺពុំមែនផ្ដើមចេញពីរូបលោកឡើយ ប៉ុន្តែហេតុការណ៍នេះ គឺព្រះអង្គម្ចាស់នរោត្តម រណឫទ្ធិ គឺជាអ្នកពាក់ព័ន្ធក្នុងសំណុំរឿងដ៏ហិង្សាមួយនេះ។ លោកបន្តថា « ខ្ញុំសូមច្បាប់ រណឫទ្ធិ ៥ថ្ងៃ។ ខ្ញុំចេញដំណើរនៅថ្ងៃទី១ ហើយខ្ញុំគ្រោងត្រឡប់នៅថ្ងៃទី៦។ អ៊ីចឹងតាមទម្លាប់ធម្មតានាយករដ្ឋមន្ត្រីទាំងពីរ បើនាយករដ្ឋមន្ត្រីមួយទៅ នាយករដ្ឋមន្ត្រីមួយត្រូវចាត់ការទាំងអស់។ អ៊ីចឹងពេលហ្នឹងសិទ្ធិអំណាចស្ថិតនៅក្នុងដៃ រណឫទ្ធិ ទាំងអស់ ទាំងផ្នែករដ្ឋ និងផ្នែកកងទ័ព »។
បើទោះជាមានការចោទប្រកាន់បែបនេះពីលោក ហ៊ុន សែន ក៏ដោយចុះ គេសង្កេតឃើញថា ក្នុងពេល និងក្រោយព្រឹត្តិការណ៍បានផ្ទុះឡើង មានមន្ត្រីយោធានៃគណបក្សរាជានិយមហ៊្វុនស៊ិនប៉ិច រាប់សិបនាក់ ត្រូវបានប្រហារជីវិតក្រៅច្បាប់។ មន្ត្រីសិទ្ធិមនុស្សនៃការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា បានឲ្យដឹងថា ភាគច្រើននៃសាកសពជនរងគ្រោះដែលបានរកឃើញនៅតំបន់ពេជ្រនិល នៅក្នុងខេត្តកំពង់ស្ពឺ នៅតាមដងផ្លូវជាតិលេខ៥ និងជុំវិញទីក្រុងភ្នំពេញ ស្លាប់ក្នុងដៃជាប់ចំណង ដែលបញ្ជាក់អំពីការរងទារុណកម្មមុននឹងត្រូវប្រហារជីវិត។ បញ្ហានេះ អង្គការសហប្រជាជាតិ ចាត់ទុកថា វាគឺជាទម្រង់នៃអំពើរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។
អតីតមន្ត្រីខុទ្ទកាល័យសម្ដេចក្រុមព្រះនរោត្តម រណឫទ្ធិ ទទួលបន្ទុកផ្នែកព័ត៌មាន លោក គឹម សុខ រកឃើញថា ព្រឹត្តិការណ៍បង្ហូរឈាមកាលពី ១៩ឆ្នាំមុន គឺជារដ្ឋប្រហារយោធារបស់គណបក្សប្រជាជនកម្ពុជា។ លោកបន្តថា មូលហេតុដែលនាំឲ្យកើតមានព្រឹត្តិការណ៍នេះឡើង ក្រោមហេតុផលមួយចំនួន ដូចជាលោក ហ៊ុន សែន បារម្ភខ្លាចការចាញ់ឆ្នោតនៅឆ្នាំ១៩៩៨ ដែលជាអាណត្តិទី២។ បន្ថែមពីលើនេះ មានមន្ត្រីជាន់ខ្ពស់ដែលស្និទ្ធនឹងព្រះអង្គម្ចាស់នរោត្តម រណឫទ្ធិ មួយចំនួន ក្បត់នឹងព្រះអង្គ។ លោក គឹម សុខ យល់ឃើញថា ស្ថិតក្រោមហេតុផលនេះហើយ ដែលជំរុញនាំឲ្យមានព្រឹត្តិការណ៍រដ្ឋប្រហារយោធាកាលពីឆ្នាំ១៩៩៧ កើតឡើង។ លោកបន្តថា « មូលហេតុសំខាន់ គឺគណបក្សប្រជាជនកម្ពុជា ហ្នឹងខ្លាចបាត់បង់អំណាចទាំងស្រុងនៅក្រោយការបោះឆ្នោតឆ្នាំ១៩៩៨។ ប្រសិនបើមិនបង្កើតព្រឹត្តិការណ៍ថ្ងៃទី៥ - ៦ ខែកក្កដា ឆ្នាំ១៩៩៧ ទេ អ្នកណាក៏ដឹងដែរការបោះឆ្នោតឆ្នាំ១៩៩៨ អាណត្តិទី២ ហ្នឹង ច្បាស់ជាគណបក្សហ៊្វុនស៊ិនប៉ិច ឈ្នះហើយ »។
គេហទំព័ររបស់ការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា រាយការណ៍ថា មនុស្សប្រមាណ ៦០នាក់ ត្រូវបានសម្លាប់ក្រៅច្បាប់នៅក្នុងអំឡុងពេលរដ្ឋប្រហារ គិតចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៧ ខែកក្កដា ឆ្នាំ១៩៩៧ កាលពី ១៩ឆ្នាំមុន។
ភាគច្រើននៃជនរងគ្រោះជាទាហាន មន្ត្រីយោធា និងប៉ូលិសរបស់គណបក្សរាជានិយមហ៊្វុនស៊ិនប៉ិច។ ចំនួននេះមិនរាប់បញ្ចូលជីវិតជនស៊ីវិល និងទាហានដែលបានស្លាប់ក្នុងការប្រយុទ្ធគ្នារវាងកងទ័ពស្មោះត្រង់នឹងសម្ដេចក្រុមព្រះនរោត្តម រណឫទ្ធិ នាយករដ្ឋមន្ត្រីទី១ និងកងទ័ពស្មោះត្រង់នឹងលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីទី២ នោះទេ។
សម្ដេចក្រុមព្រះនរោត្តម រណឫទ្ធិ ប្រធានគណបក្សហ៊្វុនស៊ិនប៉ិច កាលពីថ្ងៃទី១ ខែកក្កដា នេះ ព្រះអង្គបដិសេធក្នុងការផ្ដល់បទសម្ភាសន៍អំពីការទទួលខុសត្រូវព្រឹត្តិការណ៍កាលពី ១៩ឆ្នាំមុន។ ព្រះអង្គមានបន្ទូលនៅពេលនេះតាមរយៈមន្ត្រីដែលស្និទ្ធនឹងព្រះអង្គថា រឿងកន្លងផុតទៅអស់ពេលជាយូរឆ្នាំណាស់មកហើយ ព្រះអង្គមិនចង់រំឭក ឬគាស់កកាយវាឡើងវិញទេ។
របាយការណ៍បន្តថា ក្រៅពីមន្ត្រីដែលពុំមានឋានៈបុណ្យស័ក្ដិត្រូវសម្លាប់ហើយ ក្នុងនោះក៏នៅមានមន្ត្រីជាន់ខ្ពស់របស់ហ៊្វុនស៊ិនប៉ិច មួយចំនួនទៀតដូចជា លោកឧត្ដមសេនីយ៍ ចៅ សម្បត្តិ លោកឧត្ដមសេនីយ៍ ក្រូច យឿម និងលោក ហូ សុខ ជាដើម។ លោក ហូ សុខ ដែលមានតួនាទីជារដ្ឋលេខាធិការនៃក្រសួងមហាផ្ទៃ និងជាមេបញ្ជាការក្រុមអង្គរក្សរបស់សម្ដេចក្រុមព្រះនរោត្តម រណឫទ្ធិ នាយករដ្ឋមន្ត្រីទី១ ត្រូវបានចាប់ខ្លួននៅថ្ងៃទី៧ កក្កដា ដោយកម្លាំងរបស់លោកនាយករដ្ឋមន្ត្រីទី២ ហ៊ុន សែន។ ការចាប់ខ្លួននេះ នៅពេលលោកកំពុងដើរចេញពីផ្ទះរបស់ឯកអគ្គរដ្ឋទូតសិង្ហបុរី ក្នុងក្រុងភ្នំពេញ។ ក្នុងថ្ងៃតែមួយ ពេលល្ងាច លោក ហូ សុខ ត្រូវបានផ្ដាច់ជីវិតនឹងគ្រាប់កាំភ្លើង ខណៈកំពុងជាប់ឃុំក្នុងបន្ទប់មួយក្នុងក្រសួងមហាផ្ទៃ។
ព្រឹត្តិការណ៍រដ្ឋប្រហារដែលបានអូសបន្លាយជិត ២០ឆ្នាំមកនេះ អ្នកស្លាប់ក្រៅប្រព័ន្ធច្បាប់រាប់ទាំងជនស៊ីវិល និងយោធាផង ពុំមានអ្នកណាចេញមុខទទួលខុសត្រូវ ឬរកយុត្តិធម៌ឲ្យនៅឡើយទេ។ សាច់ញាតិរបស់លោក ហូ សុខ ម្នាក់ក្នុងចំណោមអ្នករងគ្រោះដទៃទៀតយល់ឃើញថា រហូតមកដល់ពេលនេះ ថ្វីបើស្ថានការណ៍បានវិវឌ្ឍន៍កន្លងផុតទៅយូរឆ្នាំហើយក្ដី ហេតុការណ៍កាលណោះនៅតែស្ថិតក្នុងចិត្តក្រុមគ្រួសារជនរងគ្រោះដូចហាក់នៅថ្មីៗនៅឡើយ។ ប៉ុន្តែគ្រួសារនៃអតីតមេបញ្ជាការក្រុមអង្គរក្សរបស់សម្ដេចក្រុមព្រះរូបនេះ យល់ឃើញថា ពួកគេមិនចង់រំឭកវាទៀតទេ ព្រោះយុត្តិធម៌ដែលបានកប់ទៅជាយូរហើយនេះ មិនរំពឹងថានឹងបានឡើយ។
លោកស្រី ហូ គឹមសែ ដែលត្រូវជាប្អូនស្រីទី៨ ក្នុងចំណោមបងប្អូន ៩នាក់ បង្ហាញការសោកស្ដាយចំពោះការបាត់បង់ជីវិតរបស់លោក ហូ សុខ។ លោកស្រីមិនរំពឹងថានឹងទទួលបានយុត្តិធម៌ចំពោះឃាតកម្មលើបងប្រុសលោកស្រីទេ។ ប៉ុន្តែអ្វីដែលក្រុមគ្រួសាររបស់លោក ហូ សុខ ទទូច និងទាមទារចង់បានយុត្តិធម៌ពីរដ្ឋាភិបាលនោះ គឺអ្នកនៅរស់សព្វថ្ងៃនេះវិញ។ បន្ថែមពីលើនេះ លោកស្រី ហូ គឹមសែ បញ្ជាក់ថា ចាប់ពីបងប្រុស គឺលោក ហូ សុខ ត្រូវគេបាញ់សម្លាប់ ដីមួយកន្លែងនៅស្រុកស្អាង ខេត្តកណ្ដាល ត្រូវបានមន្ត្រីរដ្ឋាភិបាលសហការជាប្រព័ន្ធ បានចូលកាន់កាប់ និងរំលោភធ្វើជាកម្មសិទ្ធិទល់សព្វថ្ងៃ។ លោកស្រីបន្តថា « ចង់បានយុត្តិធម៌រឿងដីធ្លីរបស់គាត់ដែលគេបានយកហ្នឹង ព្រោះដីហ្នឹងគាត់បានទិញដោយលុយរបស់គាត់ផ្ទាល់។ ដូច្នេះ ប្រពន្ធកូនគាត់ចង់មកទាមទារសម្ដេចនាយកជួយ »។
ការិយាល័យសិទ្ធិមនុស្សអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា បានផ្ញើរបាយការណ៍ស្ដីពីលទ្ធផលនៃការស៊ើបអង្កេតរបស់ខ្លួនចុះថ្ងៃទី២១ ខែសីហា ឆ្នាំ១៩៩៩ ដាក់ទៅរដ្ឋាភិបាល។ នៅក្នុងរបាយការណ៍ពិស្ដារនោះ កំណត់ហេតុសង្ខេបមួយដែលមានចំណងជើងថា ភស្តុតាងបញ្ជាក់អំពីការប្រហារជីវិតក្រៅច្បាប់ ការធ្វើទារុណកម្ម និងការបាត់ខ្លួនពីថ្ងៃទី២ ដល់ថ្ងៃទី៧ ខែកក្កដា ឆ្នាំ១៩៩៧ បានបរិយាយថា នៅចន្លោះថ្ងៃទី៥ ដល់ថ្ងៃទី៩ កក្កដា សាកសពមនុស្សចំនួន ៤៦នាក់ ត្រូវបានទាហានរបស់គណបក្សប្រជាជនកម្ពុជា ដឹកជញ្ជូនទាំងថ្ងៃទាំងយប់យកទៅទម្លាក់នៅក្នុងវត្តមួយក្នុងទីក្រុងភ្នំពេញ។
ក្រោយសភាពការណ៍បានវិលទៅរកប្រក្រតី នាយករដ្ឋមន្ត្រីទី២ លោក ហ៊ុន សែន បានទម្លាក់កំហុសឲ្យសម្ដេចក្រុមព្រះនរោត្តម រណឫទ្ធិ ដោយចោទថា ព្រះអង្គបានដឹកអាវុធចូលខុសច្បាប់ និងនាំកម្លាំងខ្មែរក្រហមចូលទីក្រុងភ្នំពេញ ហើយកងកម្លាំងរបស់លោក គ្រាន់តែជាអ្នកការពារខ្លួនប៉ុណ្ណោះ។ លោកបន្តថា « រណឫទ្ធិ បានប្រកាសថា ខ្ញុំធ្វើរដ្ឋប្រហារមុនពេលខ្ញុំចេញសេចក្ដីប្រកាសជាង ១២ម៉ោង។ ឥឡូវនេះ គឺខ្ញុំសូមជម្រាបថា យើងខ្ញុំគ្មានការធ្វើរដ្ឋប្រហារអីណា។ បញ្ហាសំខាន់ដែលយើងខ្ញុំត្រូវដោះ គឺដោះស្រាយបញ្ហាអនាធិបតេយ្យ »។
ទោះបីជាយ៉ាងណា មន្ត្រីសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា ឲ្យដឹងថា បើទោះជាមានរបាយការណ៍ថា នៅមុនពេលរដ្ឋប្រហារ គណបក្សហ៊្វុនស៊ិនប៉ិច មានការចរចាជាមួយខ្មែរក្រហមក្តី ដូចគ្នានឹងគណបក្សប្រជាជនកម្ពុជា ដែរនោះ មិនមានភស្តុតាងជាដុំកំភួនណាមួយបញ្ជាក់ថា កងទ័ពខ្មែរក្រហមបានចូលមកជួយកងទ័ពរបស់សម្ដេចក្រុមព្រះនរោត្តម រណឫទ្ធិ នៅអំឡុងពេលរដ្ឋប្រហារនោះទេ។ ផ្ទុយទៅវិញ គេឃើញកងទ័ពខ្មែរក្រហមបានចូលមកជួយកងទ័ពដែលស្មោះត្រង់នឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ឧទាហរណ៍ មានក្រុមខ្មែរក្រហមលោក ភុន ភាព ជាដើម។
ចំណែកអតីតមន្ត្រីខុទ្ទកាល័យសម្ដេចក្រុមព្រះ គឺលោក គឹម សុខ អះអាងថា មូលហេតុដែលនាំឲ្យកើតមានព្រឹត្តិការណ៍រដ្ឋប្រហារដោយយោធា គឺដោយសារលោក ហ៊ុន សែន ដែលពេលនោះជានាយករដ្ឋមន្ត្រីទី២ និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា បារម្ភខ្លាចចាញ់ឆ្នោតក្នុងអាណត្តិទី២ ឆ្នាំ១៩៩៨។
តាមការស្រាវជ្រាវរបស់ការិយាល័យសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ប្រចាំនៅកម្ពុជា ទាហាន និងមន្ត្រីនៃគណបក្សហ៊្វុនស៊ិនប៉ិច ដែលបានទម្លាក់អាវុធ និងត្រូវបានចាប់ខ្លួន មិនត្រូវបានគេចាត់ទុកជាឈ្លើយសឹកឡើយ។ នៅអំឡុងពេលរដ្ឋប្រហារនោះ ឈ្លើយសឹករាប់សិបនាក់ ត្រូវបានសម្លាប់ដោយទាហានស្មោះត្រង់នឹងលោក ហ៊ុន សែន។
មន្ត្រីសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ បញ្ជាក់ថា ទង្វើនេះជាឧក្រិដ្ឋកម្មសង្គ្រាម ដែលជនដៃដល់ និងអ្នកបញ្ជាត្រូវប្រឈមចំពោះមុខច្បាប់។ ទោះជាយ៉ាងណា ជិត ២០ឆ្នាំក្រោយរដ្ឋប្រហារដ៏បង្ហូរឈាមនេះ ជនរងគ្រោះទាំងនោះនៅមិនទាន់ទទួលបានយុត្តិធម៌នៅឡើយទេ៕
វីដេអូ៖ អ្នកនយោបាយបកស្រាយផ្សេងៗគ្នាជុំវិញថ្ងៃទី៥-៦កក្តដា
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។