នៅឆ្នាំនេះ គណបក្សហ្វ៊ុនស៊ិនប៉ិច ដែលជាជនរងគ្រោះផ្ទាល់ក្នុងព្រឹត្តិការណ៍រដ្ឋប្រហារបង្ហូរឈាមថ្ងៃ ៥-៦ ខែកក្កដា ឆ្នាំ១៩៩៧ មិនប្រារព្ធខួប ឬចេញសេចក្ដីថ្លែងការណ៍ទាមទាររកយុត្តិធម៌អ្វីឡើយ។
មន្ត្រីជាន់ខ្ពស់គណបក្សហ្វ៊ុនស៊ិនប៉ិចលោក ផាន់ សិទ្ធី ឲ្យដឹងថា គណបក្សនេះនៅតែចងចាំព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ ប៉ុន្តែមិនចង់រំលឹករឿងរ៉ាវឈឺចាប់ឡើងវិញទេ។ លោកបន្តថា មិនចង់រំលឹកព្រឹត្តិការណ៍នោះ ដោយសារគណបក្សមិនចង់បន្តចោទគ្នាទៅវិញទៅមក និងមានបំណងចង់កសាងប្រទេសជាតិទៅមុខ ជាជាងការរំលឹកអតីតកាលឈឺចាប់៖ « ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រយើងចងចាំអត់ភ្លេចទេ ក៏ប៉ុន្តែយើងអត់ចង់រំលឹកវាដើម្បីឲ្យវាមានការឈឺចាប់អ្វីឡើងវិញទេ។ យើងចង់ទុកវានៅមួយកន្លែងទៅជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដែលយើងមិនអាចភ្លេចបាន ហើយយើងចង់ប្រើពេលវេលាហ្នឹងធ្វើការរួបរួមគ្នាសាមគ្គីជាតិទៅដើម្បីកសាងជាតិទាំងអស់គ្នាទៅ វាប្រសើរជាងចោទគ្នាថា អានេះខុស អានេះត្រូវ»។
ប៉ុន្តែអតីតមន្ត្រីគណបក្សហ្វ៊ុនស៊ិនប៉ិចនិងអ្នកប្រជាធិបតេយ្យមួយចំនួនទៀតមិនព្រមទទួលយកការបិទបញ្ចប់សំណុំរឿងរដ្ឋប្រហារឆ្នាំ១៩៩៧ដោយបែបនេះទេ។ ពួកគេនៅតែទាមទារឲ្យមានការស្រាវជ្រាវចាប់ខ្លួនជនដៃដល់និងអ្នកបញ្ជាពីក្រោយក្នុងព្រឹត្តិការណ៍រដ្ឋប្រហារពេលនោះ។
អតីតមន្ត្រីគណបក្សហ្វ៊ុនស៊ិនប៉ិច និងជាអនុប្រធានក្រុមប្រឹក្សាភិបាលនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ (SMD) លោក គឹម សុខ សោកស្ដាយចំពោះគណបក្សហ្វ៊ុនស៊ិនប៉ិចដែលជាជនរងគ្រោះផ្ទាល់តែមិនចង់បានយុត្តិធម៌ឲ្យសមាជិកបក្សខ្លួន។
ទោះជាយ៉ាងណាលោក គឹម សុខ អះអាងថា អ្នករងគ្រោះពីព្រឹត្តិការណ៍រដ្ឋប្រហារបង្ហូរឈាមនៅឆ្នាំ១៩៩៧នោះ មិនមែនមានតែគណបក្សហ្វ៊ុនស៊ិនប៉ិចទេ តែពលរដ្ឋខ្មែរទាំងអស់ជាអ្នករងគ្រោះដោយសារព្រឹត្តិការណ៍នោះបានប្ដូរវាសនាប្រទេសជាតិទាំងស្រុងឲ្យដើរថយក្រោយនិងត្រឡប់ទៅស្ថិតក្រោមការគ្រប់គ្រងរបស់វៀតណាមវិញ៖ « នេះមិនមែនជាសោកនាដកម្មត្រឹមតែគណបក្សហ្វ៊ុនស៊ិនប៉ិចទេ ប៉ុន្តែជាសោកនាដកម្មធ្វើឲ្យក្រឡាប់ចាក់នៃដំណើរប្រជាធិបតេយ្យសង្គមកម្ពុជាទាំងមូល។ ជាអយុត្តិធម៌សម្លាប់នូវវាសនាល្អនៃប្រជាជាតិខ្មែរ។ ម្ល៉ោះហើយមិនត្រឹមតែមិនរំលឹកទេ ក៏ប៉ុន្តែត្រូវតែធ្វើសកម្មភាពតស៊ូឡើង ដើម្បីរកយុត្តិធម៌ថែមទៀតទើបត្រឹមត្រូវ»។
ចំណែកប្រធានគណៈកម្មការរដ្ឋបាលគណបក្សសង្គ្រោះជាតិនៅទីក្រុងបាងកកលោក ឃ្លាំង ប៊ុនឡាយ ក៏មិនរំពឹងថា របបក្រុងភ្នំពេញអាចរកយុត្តិធម៌ឲ្យជនរងគ្រោះនិងពលរដ្ឋខ្មែរក្នុងអំពើរដ្ឋប្រហារឆ្នាំ១៩៩៧ ដែលប្រព្រឹត្តដោយលោក ហ៊ុន សែន បានដែរ។ លោកអំពាវនាវឲ្យពលរដ្ឋប្ដូរមេដឹកនាំសព្វថ្ងៃនេះចេញ ទើបអាចទទួលបានយុត្តិធម៌៖ «ទាល់តែយើងរួមគ្នាប្ដូរលោកហ៊ុន សែន ចេញ ហើយរើសអ្នកដឹកនាំថ្មីមកទើបគាត់លាតត្រដាងការពិតជូនប្រជាពលរដ្ឋខ្មែរបាន»។
កាលពីថ្ងៃទី៥ និងទី៦ ខែកក្កដា ឆ្នាំ១៩៩៧ អំពើរដ្ឋប្រហារមួយបានផ្ទុះឡើងកក្រើកក្រុងភ្នំពេញដោយមានម្ខាងជាក្រុមយោធាគាំទ្រគណបក្សហ៊្វុនស៊ិនប៉ិចរបស់សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ និងម្ខាងទៀត គឺជាក្រុមយោធាស្មោះស្ម័គ្រនឹងលោក ហ៊ុន សែន ដែលគ្រានោះជានាយករដ្ឋមន្ត្រីទី២។
របាយការណ៍របស់អង្គការសហប្រជាជាតិបង្ហាញថា ក្នុងព្រឹត្តិការណ៍ហិង្សាកាលនោះ បណ្ដាលឲ្យមនុស្សស្លាប់រាប់រយនាក់និងមានមន្ត្រីគណបក្សនយោបាយប្រមាណ៤០ ទៅ ៦០នាក់ ត្រូវបានគេសម្លាប់ក្រៅប្រព័ន្ធច្បាប់។ ជនរងគ្រោះភាគច្រើន គឺជាមន្ត្រីជាន់ខ្ពស់និងយោធាស្មោះស្ម័គ្រនឹងគណបក្សរាជានិយមហ៊្វុនស៊ិនប៉ិចមានដូចជា ឧត្ដមសេនីយ៍ ហូ សុខ ក្រូច យឿម ជា ឫទ្ធីឈុត លី សេងហុង ចៅ សម្បត្តិ និងម៉ែន ប៊ុនថន ជាដើម។
លោក ហ៊ុន សែន បានចោទសម្ដេច ក្រុមព្រះនរោត្តម រណឫទ្ធិ ថាជាអ្នកបង្កតាមរយៈការទិញអាវុធចូល ការចល័តកងកម្លាំងខុសច្បាប់និងការនាំកម្លាំងខ្មែរក្រហមចូលក្រុងភ្នំពេញ។ លោក ហ៊ុន សែន អះអាងថា លោកបង្ខំចិត្តបង្ក្រាបភាពអនាធិបតេយ្យទាំងនោះ ក្នុងឋានៈជានាយករដ្ឋមន្ត្រីទី២ ដើម្បីការពារខ្លួន។
តែសម្ដេច ក្រុមព្រះ នរោត្តម រណឫទ្ធិ បដិសេធ។ ព្រះអង្គអះអាងថា លោក ហ៊ុន សែន បង្កើតលេសដើម្បីធ្វើរដ្ឋប្រហារទម្លាក់ព្រះអង្គ ខណៈដែលមានកងទ័ពខ្មែរក្រហម ដឹកនាំដោយលោក កែវ ពង្ស និង ភុន ភាព ជាដើម បានចូលភ្នំពេញជួយគាំទ្រកងទ័ពរបស់លោក ហ៊ុន សែន។ ទោះជាមានការសម្លាប់មនុស្សច្រើនយ៉ាងណាក្ដី រហូតមកដល់ពេលនេះ គ្មាននរណាម្នាក់ត្រូវបានយកមកកាត់ទោសទេ។
អាស៊ីសេរីមិនអាចសុំការបញ្ជាក់បន្ថែមពីអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិលោក ឆាយ គឹមខឿន និងអ្នកនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផាន បានទេនៅថ្ងៃទី០៥ ខែកក្កដា។
តែយ៉ាងណា លោក ផៃ ស៊ីផាន ធ្លាប់ប្រាប់អាស៊ីសេរីថា ព្រឹត្តិការណ៍នោះបិទបញ្ចប់យូរហើយ។ លោកបញ្ជាក់ថា រដ្ឋាភិបាលជំនាន់នោះ ក៏បានផ្ញើរបាយការណ៍ពន្យល់ប្រាប់សហគមន៍អន្តរជាតិរួចអស់ដែរ។ លោកជំរុញឲ្យភាគីមិនសុខចិត្តដាក់បណ្ដឹងទៅតុលាការ។
ប៉ុន្តែទាំងអ្នកនយោបាយ និងអ្នកឃ្លាំមើលសិទ្ធិមនុស្សមិនជឿថា តុលាការកម្ពុជាអាចរកយុត្តិធម៌ជូនជនរងគ្រោះក្នុងព្រឹត្តិការណ៍នោះបានទេ។
ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុកលោក នី សុខា យល់ថា ដរាបណាមិនអាចរកយុត្តិធម៌បាន រដ្ឋាភិបាលនឹងបន្តជាប់ឈ្មោះមិនល្អ ដោយសារតែព្រឹត្តិការណ៍ពេលនោះ គឺជាអំពើអមនុស្សធម៌ និងបណ្ដាលឲ្យមនុស្សស្លាប់ច្រើន ព្រមទាំងជាបទឧក្រិដ្ឋមិនអាចលើកលែងបាន៖ « រឿងហ្នឹងគឺជារឿងមួយដែលមានការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។ ដូច្នេះរដ្ឋាភិបាលយើងត្រូវតែជាប់ឈ្មោះនៅក្នុងការរំលោភសិទ្ធិមនុស្សនៅក្នុងស្ថានភាពថ្ងៃ៥- ៦- ៧ ខែកក្កដា ហ្នឹង។ ហ្នឹងបើយើងមិនរកយុត្តិធម៌សម្រាប់អ្នករងគ្រោះទេនៅជាប់ឈ្មោះអ៊ីចឹងណា»។
ក្រុមអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ យល់ឃើញថា ដើមហេតុនៃការធ្វើរដ្ឋប្រហារថ្ងៃទី ៥-៦ ខែកក្កដានោះ គឺដោយសារលោក ហ៊ុន សែន បារម្ភចាញ់ឆ្នោតនៅអាណត្តិទី២ ឆ្នាំ១៩៩៨ ហើយភាពជោគជ័យនៃការធ្វើរដ្ឋប្រហារកាលនោះ បានជួយពង្រឹងអំណាចលោក ហ៊ុន សែន កាន់តែខ្លាំង និងកាន់តែផ្ដាច់ការ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។