វៀតណាម​​ពង្រាយ​កម្លាំង​​ហាម​ឃាត់​​សកម្មជន​ខ្មែរ​ក្រោម​​មិន​ឱ្យជួប​​​​​ថ្នាក់​ដឹកនាំ​កម្ពុជា​នៅ​ថ្ងៃ​បុណ្យ​កឋិន

ដោយ ប្រាជ្ញ ចេវ
2024.11.05
វៀតណាម​​ពង្រាយ​កម្លាំង​​ហាម​ឃាត់​​សកម្មជន​ខ្មែរ​ក្រោម​​មិន​ឱ្យជួប​​​​​ថ្នាក់​ដឹកនាំ​កម្ពុជា​នៅ​ថ្ងៃ​បុណ្យ​កឋិន ភរិយាលោក ហ៊ុន សែន គឺអ្នកស្រី ប៊ុន រ៉ានី (រូបកណ្ដាល) ដង្ហែអង្គកឋិនទៅ​កាន់​​វត្ត​ពោធិគិរីវង្សារាម ឬ​​ វត្ត​ស្វាយសៀម​ថ្មី​ក្នុង​ខេត្ត​ព្រះត្រពាំង ទឹក​ដី​កម្ពុជាក្រោម នៅ​ថ្ងៃទី៤ ខែ​វិច្ឆិកា ឆ្នាំ​២០២៤។
រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន

អាជ្ញាធរ​វៀតណាម​​ពង្រាយ​កម្លាំង​​ហាម​ឃាត់​មិន​ឱ្យ​សកម្មជន​ខ្មែរ​ក្រោម​​ប្រមាណ ៦០​នាក់​ជួប​​​​​ថ្នាក់​ដឹក​នាំ​កម្ពុជា​ដែល​ហែ​​កឋិន​ទៅ​កម្ពុជា​ក្រោម។ សកម្មជន​ខ្មែរ​ក្រោម​ចាត់​ទុក​សកម្មភាព​របស់​អាជ្ញាធរ​វៀតណាម​នេះ​គឺ​ជា​ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ។

ការ​លើក​ឡើង​របស់​សកម្មជន​ខ្មែរ​ក្រោម​​ទាំង​នេះ​​ ធ្វើ​ឡើង​ក្រោយ​​ភរិយា​របស់​ប្រធាន​ព្រឹទ្ធសភា​​លោក ​ហ៊ុន សែន​ គឺ​អ្នកស្រី ប៊ុន រ៉ានី និង ឧត្ដម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រអ្នកស្រី ម៉ែន សំអន​ ​នៅ​ថ្ងៃ​ទី​០៤ ខែ​​វិច្ឆិកា​ បាន​ដឹកនាំ​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​មួយ​ចំនួន​ និង​ប្រជា​ពល​រដ្ឋ​ ​​ដង្ហែ​អង្គ​កឋិន​ទាន​ចេញ​ពី​រាជ​ធានី​ភ្នំពេញ ​ទៅ​កាន់​​វត្ត​ពោធិគិរីវង្សារាម ឬ​​ វត្ត​ស្វាយសៀម​ថ្មី​ក្នុង​ខេត្ត​ព្រះត្រពាំង ទឹក​ដី​កម្ពុជាក្រោម។

សកម្មជន​ខ្មែរ​ក្រោម លោក ថាច់ ង៉ា លើក​ឡើង​ថា អស់​​ពេល​ពីរ​ថ្ងៃ​ហើយ​ដែល​អាជ្ញាធរ​វៀតណាម​ខេត្ត​ព្រះត្រពាំង​​ប្រមាណ ៣០​នាក់​​បាន​​ដាក់​វេន​គ្នា​យាម​ផ្ទះ​របស់​លោក​មិន​ឱ្យ​ចេញ​ទៅ​ណា ជា​ពិសេស​មិន​ឱ្យ​​លោក​ទៅ​ចូលរួម​បុណ្យ​កឋិនទាន។ លោក​​អះអាង​ថា មូលហេតុ​ដែល​អាជ្ញាធរ​វៀតណាម​ឃ្លាំ​មើល​លោក​គឺ​ដោយ​សារ​តែ​លោក​ធ្លាប់​សរសេរ​លិខិត​ទៅ​​កាន់​ថ្នាក់​ដឹក​នាំ​កម្ពុជា​​ឱ្យ​ជួយ​​អន្តរាគមន៍​ទៅ​កាន់​រដ្ឋាភិបាល​វៀតណាម ដោះ​លែង​សកម្មជន​ខ្មែរ​ក្រោម​​ដែល​កំពុង​ជាប់​ពន្ធនាគារ។

លោក ថាច់ ង៉ា ថា អាជ្ញាធរ​វៀតណាម​​ក៏​បាន​ហាម​ឃាត់​សកម្មជន​​ខ្មែរ​ក្រោម​ប្រមាណ ៦០​នាក់​ផ្សេង​ទៀត​មិន​ឱ្យ​ទៅ​ចូល​រួម​បុណ្យ​កឋិនទាន​ដូច​រូប​លោក​ដែរ។ លោក​​ចាត់​ទុក​សកម្មភាព​របស់​អាជ្ញាធរ​វៀតណាម​នេះ​គឺ​ជា​ការ​រំលោភ​បំពាន​​សេរីភាព​ជំនឿ​សាសនា។

លោក ថាច់ ង៉ា៖ «គេ​ព័ទ្ធ​ជុំ​វិញ​ផ្ទះ​យើង​ គេ​ធ្វើ​ដូច​យើង​​ជា​កម្ចាត់​មេរោគ​​មួយ​ក៏​យើង​មិន​ដឹង​ ក៏​ប៉ុន្តែ​គំនិត​គេ​សំដៅ​មក​​ខ្ញុំ​បាទ​នេះ​ឯង​ គេ​ថា​​ខ្ញុំ​ដើរ​ទៅ​ណា​ក៏​ឃ្លាំ​មើល​​ និង​ហាម​ឃាត់​គ្រប់​វិធីសាស្ត្រ​​​ទាំង​អស់​​ដើម្បី​កុំ​ឱ្យ​បង​ប្អូន​ខ្មែរ​ក្រោម​ហ្នឹង​ទៅ​ជួប​បង​ប្អូន​​ខ្មែរ​​កណ្ដាល​ដែល​ធ្វើ​កឋិន​មហាសាមគ្គី​ខ្មែរ​​នៅ​ដែន​ដី​កម្ពុជា​ក្រោម​យើង​នេះ»

ចំណែក​សកម្មជន​ម្នាក់​ទៀត​​រស់​នៅ​ខេត្ត​មាត់​ជ្រូក​​ដែល​វៀតណាម​ហៅ​ថា​ អានយ៉ាង (An Giang) លោក ចៅ លីណា ថា នគរបាល​​វៀតណាម​មួយ​ក្រុម​​ និង​ប្រធាន​ភូមិ​បាន​ចុះ​សួរ​​​​​លោក​ដល់​ផ្ទះ​នាំ​ក្នុង​រយៈ​៥​ថ្ងៃ​ចុង​​ក្រោយ​មក​នេះ ពាក់​ព័ន្ធ​នឹង​​ការ​ទៅ​ចូលរួម​បុណ្យ​កឋិនទាន។ លោក​ថា នគរបាល​វៀតណាម​ថ្ងៃ​​អាទិត្យ​នេះ​​បាន​ហាម​ឃាត់​មិន​ឱ្យ​​លោក​ទៅ​ផ្សារ​ និង​​ទាមទារ​​លោក​លុប​វីដេអូ​​ពី​សកម្មភាព​​ពួកគេ​ផង​ដែរ។

លោក ចៅ លីណា ព្រួយបារម្ភ​ថា អាជ្ញាធរ​​វៀតណាម​អាច​​នឹង​​ចាប់​ខ្លួន​សកម្មជន​ខ្មែរ​ក្រោម​បន្ត​ទៀត​​ ដូច្នេះ​លោក​អំពាវនាវ​ដល់​អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ​ និង​ពលរដ្ឋ​ខ្មែរ​ទូទាំង​ពិភពលោក​ជួយ​តាម​ដាន​ករណី​នេះ។

លោក ចៅ លីណា«ខ្ញុំ​មាន​សំណូម​ពរ​ទៅ​ដល់​​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​​ ឬ​អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ​​នៅ​ទូទាំង​ពិភព​លោក​ សូម​ជួយ​សង្កេត​មើល​​ដល់​សកម្មជន​សិទ្ធិ​មនុស្ស​នៅ​ដែន​ដី​កម្ពុជា​ក្រោម​ផង​ដែរ​ សព្វថ្ងៃ​នេះ​អាជ្ញាធរ​វៀតណាម​កំពុង​រឹតត្បិត​​សេរីភាព​​យ៉ាង​ខ្លាំង​ក្លា​​ ខ្ញុំ​មាន​សំណូមពរ​ប៉ុណ្ណឹង​​ ហើយ​ថ្ងៃ​មុខ​ថ្ងៃ​ក្រោយ​បើ​ខ្ញុំ​មាន​បញ្ហា​​​ត្រូវ​បាត់​ខ្លួន​ គ្រោះថ្នាក់​អ្វី​ ឬ​ក៏​មាន​រឿង​អ្វី​នោះ​​​ គឺ​មិន​មែន​ជា​រឿង​ចៃដន្យ​ទេ​ គឺ​អាជ្ញាធរ​វៀតណាម​គេ​ប៉ុន​ប៉ង​​ធ្វើ​អ្វី​មួយ​នៅ​ថ្ងៃ​ក្រោយ​ ខ្ញុំ​សូម​អរគុណ»

ចំណែក​តារា​ចម្រៀង​​មក​ពី​ទឹក​ដី​កម្ពុជា​ក្រោម​ លោក ថាច់ សាថេន​ បាន​លើក​ឡើង​​លើ​ទំព័រ​ហ្វេសបុក​របស់​លោក កាល​ពី​ចុង​ខែ​តុលា​កន្លង​ទៅ​ថា លោក​សោកស្ដាយ​ដែល​ លោក​ និង​តារា​ចម្រៀង​ផ្សេង​ទៀត​មិន​បាន​ចូលរួម​កម្មវិធី​បុណ្យ​កឋិនទាន​នៅ​កម្ពុជា​ក្រោម​ គឺ​ដោយ​សារ​​​​រដ្ឋាភិបាល​វៀតណាម​​​ហាមឃាត់​ ដោយ​លើក​ហេតុផល​ឬ​លេស​ថា ខ្លាច​មាន​ចំនួន​មនុស្ស​ចូល​រួម​ច្រើន​ពេក មិន​អាច​គ្រប់​គ្រង​បាន។

វិទ្យុ​អាស៊ីសេរី​មិន​ទាន់​អាច​សុំ​ការ​ឆ្លើយ​តប​រឿង​នេះ ពី​ស្ថានទូត​វៀតណាម​ប្រចាំ​នៅ​កម្ពុជា និង ប្រធាន​អង្គភាព​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​ លោក ប៉ែន បូណា បាន​ទេ នៅ​ថ្ងៃ​ទី៤ វិច្ឆិកា។

អាជ្ញាធរ​​វៀតណាម​ខេត្ត​លង់​ហោ​​​​​ដែល​វៀតណាម​ហៅ​ថា​ខេត្ត វិញឡុង (Vinh Long ) កាល​ពី​ខែ​មីនា បាន​ចាប់​ផ្សឹក​​ព្រះសង្ឃ​​​​គង់​នៅ​វត្ត​ប្រជុំ​ពល​មង្គលបូរី ឬ​ហៅ​ថា​វត្ត​ទ្រនំ​សេក​ចំនួន​៥អង្គ​​រួមមាន​ ព្រះចៅ​អធិការ​វត្ត​​​ទ្រនំ​សេក​ព្រះភិក្ខុ ថាច់ ចន្ទតារា​ និង​ព្រះភិក្ខុ យឿង ខាយ​ និង​​ចាប់​ឃុំ​ខ្លួន​​ពលរដ្ឋ​ខ្មែរ​ក្រោម​ចំនួន​​​បី​នាក់​​ក្រោម​បទ​ចោទ​ប្រកាន់ «កេង​ចំណេញ​លើ​សិទ្ធិ​សេរីភាព និង​លទ្ធិប្រជាធិបតេយ្យ» តាម​មាត្រា ៣៣១ និង​ ​​ពី​បទ «ការ​ចាប់ខ្លួន ឃាត់ខ្លួន ឬ​ឃុំ​ខ្លួន​មនុស្ស​ដោយ​ខុស​ច្បាប់» តាម​មាត្រា ១៥៧ នៃ​ក្រម​ព្រហ្មទណ្ឌ​វៀតណាម។ គិត​មក​ទល់​ពេល​នេះ​ មាន​ព្រះសង្ឃ សកម្មជន និង​ពលរដ្ឋ​ខ្មែរ​ក្រោម​ចំនួន​ ១៣​អង្គ​នាក់​ហើយ​ត្រូវ​បាន​អាជ្ញាធរ​វៀតណាម​ចាប់​ដាក់​ពន្ធនាគារ។

របាយការណ៍​​របស់​ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក​ឆ្នាំ​២០២៣​ លើក​ឡើង​ថា រដ្ឋាភិបាល​កុម្មុយនិស្ត​​​វៀតណាម​​បន្ត​ធ្វើ​ទុក​បុក​ម្នេញ​ទៅ​លើ​​​​​​​ក្រុម​ជនជាតិ​ភាគ​តិច សាសនា ​ជាពិសេស​ជនជាតិ​​ភាគតិច​នៅ​តំបន់​ខ្ពង់​រាប​កណ្ដាល​ ខ្ពង់រាប​ខាង​ជើង​ និង​​​​ជនជាតិ​ខ្មែរ​ក្រោម​ដែល​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​វៀតណាម​អស់​រយៈ​ពេល​ជា​​​ច្រើន​ឆ្នាំ​មក​ហើយ។ រដ្ឋាភិបាល​សហរដ្ឋអាមេរិក​តែង​ស្នើ​ឱ្យ​រដ្ឋាភិបាល​វៀតណាម​បញ្ឈប់​ការ​ធ្វើ​​ទុក្ខបុកម្នេញ​ទៅ​លើ​​​​សកម្មជន​ទាំង​នេះ​ និង​បើក​លំហ​​សេរីភាព​ជំនឿ​សាសនា​ឡើង​វិញ។

ងាក​មក​ពិធី​ហែ​កឋិនទាន​របស់​ថ្នាក់​ដឹក​នាំ​កម្ពុជា កាល​ពី​ថ្ងៃ​ចន្ទ​ទៅ​កាន់​វត្ត​ក្នុង​ទឹកដី​កម្ពុជា​ក្រោម​វិញ ​ប្រធាន​ព្រឹទ្ធសភា​ លោក ហ៊ុន សែន និង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត មិន​បាន​ចូលរួម​ហែ​ទៅ​ទេ ប៉ុន្តែ​លោក​ទាំង​ពីរ​បាន​ចូល​រួម​ជូន​ដំណើរ​មុន​ចេញ​ពី​ទី​ក្រុង​ភ្នំពេញ។ ក្នុង​គ្រួសារ​លោក ហ៊ុន សែន អ្នក​ដែល​ដឹក​នាំ​ហែ​កឋិន​ទៅ​កាន់​វត្ត​ពោធិគិរីវង្សារាម ឬ​ វត្ត​ស្វាយ​សៀម​ថ្មី​ក្នុង​ខេត្ត​ព្រះ​ត្រពាំង ទឹក​ដី​កម្ពុជា​ក្រោម មានអ្នកស្រី ប៊ុន រ៉ានី លោក ហ៊ុន ម៉ានី និង ហ៊ុន ម៉ានិត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
ពលរដ្ឋ និង​អ្នក​ការពារ​សិទ្ធិមនុស្ស​ធ្វើ​ធម្មយាត្រា​ពី​ក្រុងកំពត​មក​ភ្នំពេញ ដើម្បី​លើក​កម្ពស់​ការ​គោរព​សិទ្ធិមនុស្ស
អត្ថបទពេញនិយម
នយោបាយ
អ្នកវិភាគ​ថា របប​ផ្ដាច់ការ​ត្រកូល​ហ៊ុន នឹង​ដួល​រលំ​ដូច​របប​ផ្ដាច់ការ​នៅ​ស៊ីរី​ដែរ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។