អ្នកវិភាគ៖ របប​ភ្នំពេញ​បង្ហាញ​ចរិត​ផ្ដាច់ការ​ដែល​គាំទ្រ​ការ​បង្ក្រាប​របស់​ចិន​លើ​ពលរដ្ឋ​ហុងកុង

0:00 / 0:00

អ្នកវិភាគ​នយោបាយ​លោក គឹម សុខ ថា សារ​គាំទ្រ​ការ​បង្ក្រាប​អ្នក​តវ៉ា​ទាមទារ​ប្រជាធិបតេយ្យ​នៅ​ទីក្រុង​ហុងកុង បង្ហាញ​ចរិត​មេដឹកនាំ​ផ្ដាច់ការ ដែល​ចិត្ត​ដូចគ្នា និង​បង្ហាញ​ឱ្យ​ឃើញ​កាន់តែ​ច្បាស់​ថា កម្ពុជា​មិនមែន​ជា​រដ្ឋ​អធិបតេយ្យ​ដូច​ការ​អះអាង​របស់​របប​លោក ហ៊ុន សែន ជាប្រចាំ​នោះ​ទេ ប៉ុន្តែ កម្ពុជា​រដ្ឋ​រណប​បរទេស ដោយសារ​ឥរិយាបថ​របស់​មេដឹកនាំ​បច្ចុប្បន្ន៖ «ចំណុច​សំខាន់​ទី​មួយ សំខាន់​ជាងគេ​បង្អស់ តាម​ពិត​ទៅ​រដ្ឋាភិបាល​របប​លោក ហ៊ុន សែន និយាយ​អំពី​ហុងកុង​មែន ក៏ប៉ុន្តែ​គំនិត​របស់​ក្រុម​លោក ហ៊ុន សែន ចង់​បញ្ជាក់​ប្រាប់​ចិន​ប៉េកាំង ថា ខ្លួន​មិន​ស្ទាក់ស្ទើរ​ក្នុង​ការ​រស់នៅ​ក្រោម​ការ​បញ្ជា​របស់​ចិន​ប៉េកាំង​ទេ គឺ​គ្រប់​ទម្រង់​ទាំងអស់ ឱ្យ​តែ​អាច​ជួយ​ការពារ​អំណាច​នៃ​រដ្ឋាភិបាល​របប​លោក ហ៊ុន សែន បាន»។

ប្រតិកម្ម​របស់​លោក គឹម សុខ ធ្វើ​ឡើយ​ក្រោយ​ក្រសួង​ការបរទេស នៃ​របប​លោក ហ៊ុន សែន បាន​ចេញ​សេចក្ដី​ថ្លែងការណ៍ កាលពី​ថ្ងៃ​ទី១៧ ខែ​សីហា គាំទ្រ​នូវ​រាល់​ចំណាត់​ការ​របស់​រដ្ឋាភិបាល​ចិន ទៅលើ​ក្រុម​អ្នក​តវ៉ា​នៅ​ហុងកុង។

រហូតមកដល់​ពេល​នេះ ពលរដ្ឋ​ចិន​ហុងកុង រាប់​សែន​នាក់ ដែល​ភាគច្រើន​ជា​យុវ​និស្សិត បាន​ប្រមូល​ផ្តុំ​គ្នា​តវ៉ា​ដោយ​សន្តិភាព អស់​រយៈពេល​ជាង ១១​សប្ដាហ៍​មក​ហើយ ដើម្បី​ទាមទារ​ប្រជាធិបតេយ្យ និង សិទ្ធិ​សម្រេច​ជោគវាសនា​ទីក្រុង​ហុងកុង ដោយ​ពលរដ្ឋ​ហុងកុង​ខ្លួនឯង ដោយ​មិន​ចង់​ឃើញ​ការ​ជ្រៀតជ្រែក​របស់​រដ្ឋាភិបាល​ចិន ដូច​សព្វថ្ងៃ។ ការ​តវ៉ា​ដោយ​អហិង្សា នេះ​បាន​កើត​ទៅ​អំពើ​ហិង្សា ដោយ​ក្រុម​អ្នក​តវ៉ា បាន​ប៉ះទង្គិច​គ្នា​ជាមួយ​កម្លាំង​ប៉ូលិស ក្រោយ​មាន​វត្តមាន​ប៉ូលិស ហាមឃាត់​ដំណើរ​តវ៉ា នៅ​ព្រលាន​យន្តហោះ​នៅ​ទីក្រុង​ហុងកុង។ អ្នក​តវ៉ា​ជាង ៧០០​នាក់ (៧៤៨ នាក់​) ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ឃុំ​ខ្លួន​។ ការ​វាយដំ និង​ចាប់ខ្លួន​និស្សិត ដែល​តវ៉ា ពី​អាជ្ញាធរ​បែបនេះ ធ្វើ​ឱ្យ​គ្រូបង្រៀន​ជាច្រើន​ពាន់​នាក់ បាន​ក្រោក​តវ៉ា ទាមទារ​ឱ្យ​អាជ្ញាធរ​បញ្ឈប់​ការ​វាយ​បង្ក្រាប​យុវជន ដែល​តវ៉ា​ទាមទារ​ប្រជាធិបតេយ្យ​បែបនេះ​តទៅ​ទៀត។

ជារួម បាតុកម្ម​ដែល​អូស​បន្លាយ​ពេល​យូរ និង​មិន​ទាន់​មាន​ដំណោះស្រាយ​នេះ គឺ​អ្នក​តវ៉ា​សុំ​ឱ្យ​រដ្ឋាភិបាល​ចិន ឈប់​លូកដៃ​ចូល​ក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​ពលរដ្ឋ​ហុងកុង ដោយ​ទុក​ឱ្យ​ពលរដ្ឋ​ហុងកុង មាន​ប្រជាធិបតេយ្យ និង​មាន​សិទ្ធិ​បោះឆ្នោត​ជ្រើស​មេដឹកនាំ​របស់​ខ្លួន ដោយ​ខ្លួនឯង និង​ទាមទារ​សិទ្ធិ​សេរីភាព​ពេញ​លេញ។

រដ្ឋាភិបាល​ចិន មិន​ត្រឹមតែ មិន​ធ្វើតាម​សំណូមពរ​របស់​អ្នក​តវ៉ា​ទេ គឺ​មានតែ​បង្ក្រាប និង បង្កើន​កម្លាំង​សន្តិសុខ និង ប៉ូលិស​ដើម្បី​បង្ក្រាប​អ្នក​តវ៉ា និង ដាក់​ពង្រាយ​កម្លាំងយោធា និង​គ្រឿង​សព្វាវុធ​នៅ​ព្រំដែន​ចិន និង​ហុងកុង ដើម្បី​គំរាម​អ្នក​តវ៉ា​ថែម​ទៀត​ផង។

ទង្វើ​បែបនេះ រង​ការ​ថ្កោលទោស​ពី​អង្គការ​សិទ្ធិមនុស្ស និង​ប្រទេស​ប្រជាធិបតេយ្យ ប៉ុន្តែ​ទទួល​បាន​ការ​ស្វាគមន៍ និង​គាំទ្រ​យ៉ាង​កក់ក្ដៅ ពី​របប​លោក ហ៊ុន សែន។ លោក គឹម សុខ បន្ថែម​ថា ការណ៍​ដែល​របប​លោក ហ៊ុន សែន ត្រូវ​ថ្លែងការណ៍​គាំទ្រ​អំពើ​ហិង្សា​បង្ក្រាប​អ្នក​និយម​ប្រជាធិបតេយ្យ​នៅ​ទីក្រុង​ហុងកុង គឺជា​ការ​ចង់​ផ្ញើ​សារ​ដល់​អ្នក​និយម​ប្រជាធិបតេយ្យ នៅ​កម្ពុជា អំពី​ការ​មិន​លើកលែង​របស់​របប​នេះ ក្នុង​ការ​បង្ក្រាប​បែបនេះ​ដែរ៖ «មក​ពី​អ្វី​ដែល​ជា​ការ​ទាមទារ​របស់​បាតុករ​ហុងកុង​ហ្នឹង វា​ដូច​ទៅ​នឹង​ការ​ចង់​បាន​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ច្រើន គឺ​សិទ្ធិ​សម្រេច​វាសនា​ប្រទេសជាតិ នៅ​លើ​ប្រទេស​របស់​ខ្លួន។ បាតុករ​ហុងកុង ចង់​ឱ្យ​ពលរដ្ឋ​ហុងកុង​សម្រេច អំពី​វាសនា​ជាតិ​ហុងកុង​របស់​ខ្លួន។ ចំណែក​ឯ​នៅ​ប្រទេស​កម្ពុជា ពលរដ្ឋ​ខ្មែរ​ក៏​ចង់បាន ការសម្រេចចិត្ត​ដើម្បី​ដាក់​វាសនា​ជាតិខ្មែរ នៅ​ក្នុង​ដៃ​របស់​ខ្លួន​ដែរ។ ដូច្នេះ​ហើយ ប្រសិនបើ​បាតុករ​ហុងកុង​ទាមទារ​បាន គឺ​វា​នាំ​ឱ្យ​ក្រុម​លោក ហ៊ុន សែន រអើល​ខ្លួន ព្រោះ​កាលណា​បាតុករ​នៅ​ហុងកុង ទាមទារ​បាន វា​គឺជា​ចំណែក​ដ៏​ធំ​មួយ នៃ​ការ​លើក​ទឹកចិត្ត អ្នក​ប្រជាធិបតេយ្យ​នៅ​កម្ពុជា មិន​ឱ្យ​បាក់​ស្មារតី ក្នុង​ការ​តវ៉ា និង​តស៊ូ​ដើម្បី​ចង់​ឃើញ​ប្រទេស​របស់​ខ្លួន​វិល​ទៅ​រក​ដំណើរ​ប្រជាធិបតេយ្យ ជាពិសេស​ចាប់ផ្ដើម​ពី​ដំណើរការ​បោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​ជាដើម»។

ទោះបីជា​របប​លោក ហ៊ុន សែន មិន​ចាំបាច់​សរសេរ​សារ​គាំទ្រ​រដ្ឋាភិបាល​ចិន ក្នុង​ការ​បង្ក្រាប​អ្នក​តវ៉ា​នៅ​ហុងកុង ដើម្បី​បង្ហាញ​ថា ខ្លួន​គោរព​អធិបតេយ្យភាព​ប្រទេស​ដទៃ ក្នុង​សម្រេច​កិច្ចការ​ផ្ទៃក្នុង​របស់​ខ្លួន​យ៉ាង​ណាក្តី ក៏​របប​លោក ហ៊ុន សែន នៅតែ​ត្រូវ​សរសេរ​សារ​ទៅ​ប្រទេស​នេះ ដោយ​បញ្ជាក់​ថា កម្ពុជា​គោរព​នយោបាយ​ចិន​តែមួយ ហើយ​ចាត់​ទុក​ស្ថានការណ៍​ដែល​កំពុង​វិវត្ត​នៅ​ទីក្រុង​ហុងកុង ជា​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​ចិន។

លោក គឹម សុខ ចាត់​ទុក​របប​លោក ហ៊ុន សែន ថា កេង​ចំណេញ​ពី​ព្រឹត្តិការណ៍​បាតុកម្ម​នៅ​ហុងកុង ដើម្បី​ផ្គាប់ចិត្ត​ចៅហ្វាយនាយ​ចិន ដើម្បី​ជួយ​កាង​ការ​ក្រាញ​អំណាច​របស់​ខ្លួន​តែ​ប៉ុណ្ណោះ៖ «មែនទែន​ទៅ គឺ​លោក ហ៊ុន សែន ឆ្លៀត​យក​ឱកាស​ហ្នឹង ដើម្បី​យកចិត្ត​ចិន​ប៉េកាំង នៅ​ក្នុង​ការ​ទាញ​យក​កម្លាំង​សមានចិត្ត ទាំង​ការទូត​របស់​ចិន​ប៉េកាំង និង​ជំនួយ​គ្រប់​រូបភាព ទាំង​លុយកាក់​និង​អាវុធ ក្នុង​ការ​ការពារ​អំណាច​របស់​ខ្លួន​។ នៅ​ពេល​ដែល​ប្រទេស​ចិន កំពុង​មាន​បញ្ហា​ជាមួយ​ចិន​ហុងកុង​បែបនេះ វា​ជា​ឱកាស​នៃ​ការ​ឆ្លៀត​ប្រើ​ពេល​វេលា​ហ្នឹង ក្នុង​ការ​ចូល​ឱ្យ​កាន់តែ​កៀក ជាមួយ​នឹង​ចិន​ប៉េកាំង​កាន់តែ​ខ្លាំង​ឡើង»។

របប​លោក ហ៊ុន សែន រង​ការ​រិះគន់​ថា បាន​ផ្ដេកផ្ដួល​ខ្លាំង​ជ្រុល ទៅ​រក​ប្រទេស​ចិន​កុម្មុយនិស្ត ដែល​ធ្វើ​ឱ្យ​របប​នេះ ស្ថិត​ក្រោម​ឥទ្ធិពល​របស់​ចិន ក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា រួម​ទាំង​វិស័យ​យោធា​ផង ដែល​ជា​ក្តី​កង្វល់​ដល់​សន្តិសុខ​ក្នុង​តំបន់​។ ថ្មីៗ​នេះ សារព័ត៌មាន​អាមេរិក The Wall Street Journal បាន​ចុះផ្សាយ​អំពី​កិច្ច​ព្រមព្រៀង​សម្ងាត់ ដែល​កម្ពុជា ចុះ​ជាមួយ​ចិន ក្នុង​ការ​យល់ព្រម​ឱ្យ​ចិន​គ្រប់គ្រង​មូលដ្ឋានទ័ព​រាម នៅ​ខេត្ត​ព្រះសីហនុ​។ មិនតែប៉ុណ្ណោះ ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច ឱ្យ​ចិន​កាន់កាប់​រយៈពេល ៩៩ ឆ្នាំ​នៅ​ក្នុង​ខេត្ត​កោះកុង​ឯណោះ ក៏​ធ្វើ​ឱ្យ​សហគមន៍​អន្តរជាតិ ព្រួយបារម្ភ​ខ្លាំង អំពី​ការសាងសង់​ព្រលាន​យន្តហោះ ដែល​អាច​ឱ្យ​យន្តហោះ​ចម្បាំង​ចិន​ប្រើប្រាស់​ជា​មូលដ្ឋានទ័ព​បាន ទោះ​របប​លោក ហ៊ុន សែន ប្រកែក​ថា មិន​ពិត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។