ប្រធានរដ្ឋសភាកម្ពុជាថ្មីសន្យាចំពោះមុខមេដឹកនាំវៀតណាមថា នឹងបន្តជួយពលរដ្ឋវៀតណាមរស់នៅខ្មែរហើយខ្វះឯកសារផ្លូវច្បាប់។ ការសន្យានេះ ត្រូវបានមន្ត្រីបក្សប្រឆាំង និងអ្នកឃ្លាំមើលថា ជាហានិភ័យសម្រាប់កម្ពុជា ដែលមានព្រំដែនជាប់វៀតណាម។
ប្រធានរដ្ឋសភាកម្ពុជាថ្មី អ្នកស្រី ឃួន សុដារី បានសន្យាចំពោះមុខប្រធានរដ្ឋសភាវៀតណាមថា នឹងបន្តជួយដល់ពលរដ្ឋវៀតណាមដែលរស់នៅខ្មែរ ពាក់ព័ន្ធនឹងការខ្វះឯកសារផ្លូវច្បាប់ ស្របពេលពលរដ្ឋវៀតណាមមួយចំនួនបានចូលសញ្ជាតិខ្មែរ និងជាង ១០ម៉ឺននាក់ទៀត ទទួលបានប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍។
ការសន្យានេះ ធ្វើឡើងក្នុងជំនួបទ្វេភាគីរវាងប្រធានរដ្ឋសភាវៀតណាម លោក វឿង ឌិញហ្វេ និងប្រធានរដ្ឋសភាថ្មីកម្ពុជាអ្នកស្រី ឃួន សុដារី នៅថ្ងៃទី១ ធ្នូ អំឡុងពេលអ្នកស្រី ឃួន សុដារី ទៅបំពេញទស្សនកិច្ចជាផ្លូវការ និងចូលរួមកិច្ចប្រជុំកំពូល សភាកម្ពុជា-ឡាវ-វៀតណាម នៅទីក្រុងហាណូយ ថ្ងៃទី៣០ វិច្ឆិកា ដល់ថ្ងៃទី២ ធ្នូ។
សារព័ត៌មាន Vietnam Plus ឱ្យដឹងថា ក្នុងជំនួបនោះ ប្រធានរដ្ឋសភាវៀតណាម បានអបអរចំពោះជោគជ័យរបស់គណបក្សប្រជាជនកម្ពុជាដោយពឹងថា ជោគជ័យនេះ នឹងបង្កើនទំនាក់ទំនង បែបប្រពៃណីរបស់កម្ពុជា និងវៀតណាមកាន់តែល្អប្រសើរឡើង។
ក្រៅពីអបអរជោគជ័យគណបក្សកាន់អំណាចនោះ ប្រធានរដ្ឋសភាវៀតណាម លោក វឿង ឌិញហ្វេ បានស្នើប្រធានរដ្ឋសភាកម្ពុជាអ្នកស្រី ឃួន សុដារី ឱ្យបន្តផ្តល់បរិយាកាសអំណោយផល សម្រាប់សហគមន៍វៀតណាម ដែលកំពុងរស់នៅ និងធ្វើការក្នុងប្រទេសកម្ពុជា។
ជុំវិញរឿងនេះ ទីប្រឹក្សាគណបក្សកម្លាំងជាតិលោក រ៉ុង ឈុន ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី២ ធ្នូថា លោកព្រួយបារម្ភ ពីព្រោះការផ្ដល់ប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ និងការផ្ដល់សញ្ជាតិខ្មែរដល់ពលរដ្ឋវៀតណាម អាចមានភាពមិនប្រក្រតី ជាពិសេសពាក់ព័ន្ធបញ្ហាអំពើពុករលួយជាដើម។
លោកថា ការព្រួយបារម្ភនេះ មិនមែនជាការរើសអើង និងប្រកាន់ជាតិសាសន៍នោះទេ ពីព្រោះប្រទេសណាក៏មានជនជាតិវៀតណាម និងបរទេស ផ្សេងៗរស់ នៅដែរ ប៉ុន្តែមុននឹងផ្ដល់ប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ និងការផ្ដល់សញ្ជាតិឱ្យនោះ គេតែងតែវាយតម្លៃ និងពិនិត្យច្បាស់លាស់ ដែលផ្ទុយពីកម្ពុជា។
លោក រ៉ុង ឈុន ក៏បានស្នើរដ្ឋាភិបាលកម្ពុជាពិនិត្យមើល និងអន្តរាគមន៍ទៅមេដឹកនាំវៀតណាមឱ្យបញ្ឈប់ធ្វើទុក្ខបុកម្នេញលើពលរដ្ឋខ្មែរក្រោម និងពលរដ្ឋ ខ្មែរដែលចូលទៅលេងទឹកដីកម្ពុជាក្រោមបន្តទៀតផងដែរ។
លោក រ៉ុង ឈុន៖ «មានការរឹតត្បិត ការគាបសង្កត់គ្រប់សព្វបែបយ៉ាង ហើយរដ្ឋាភិបាល កម្ពុជា មិនដែលលឺសូរការស្នើសុំទៅអាជ្ញាធរវៀតណាមឱ្យគោរពឱ្យយកចិត្តទុកដាក់ ផ្ដល់សិទ្ធិដល់ខ្មែរក្រោមនោះទេ។ អានេះជាចំណុចខុសគ្នា បើយើងធៀប ពីមេដឹកនាំកម្ពុជា ទៅនឹងមេដឹកនាំវៀតណាម»។
ជារឿយៗ មេដឹកនាំវៀតណាម តែងតែស្នើឱ្យរដ្ឋាភិបាលកម្ពុជាជួយមើលថែ និងផ្ដល់ភាពស្របច្បាប់ដល់ពលរដ្ឋវៀតណាម ដែលកំពុងរស់នៅកម្ពុជាកន្លងមក និងបច្ចុប្បន្ន។
ផ្ទុយទៅវិញ មេដឹកនាំកម្ពុជា មិនដែលបានស្នើសុំទៅរដ្ឋាភិបាលវៀតណាម ឲ្យគោរពនិងយកចិត្តទុកដាក់ចំពោះពលរដ្ឋខ្មែរក្រោមដែលកំពុងរស់នៅក្រោមការគាបសង្កត់របស់អាជ្ញាធរឬពលរដ្ឋខ្មែរដែលចូលទៅលេងកម្ពុជាក្រោមនោះម្តងម្កាលនោះឡើយ។
ជាក់ស្តែង កាលពីថ្ងៃទី៦ តុលា អាជ្ញាធរវៀតណាម បានឃាត់រថយន្តក្រុង ៣គ្រឿង របស់ពុទ្ធបរិស័ទ និងព្រះសង្ឃខ្មែរជាច្រើនម៉ោង ដោយគ្រាន់ តែពួកគាត់ ធ្វើដំណើរទៅប្រារព្ធពិធីកាន់បិណ្ឌនៅវត្តផ្នោកំបុត ក្នុងខេត្តព្រះត្រពាំង។ កាលនោះអាជ្ញាធរវៀតណាម ថែមទាំងចុះទៅហាមអ្នកលក់ដូរ និងបាយ ម្ហូប កុំឱ្យលក់ឱ្យពលរដ្ឋខ្មែរ និងព្រះសង្ឃទៀតផង។
លើសពីនេះ អាជ្ញាធរវៀតណាមតែងតែធ្វើទុក្ខបុកម្នេញលើពលរដ្ឋខ្មែរកម្ពុជាក្រោម ដូចជា គំរាមកំហែង ប្រើអំពើហិង្សា និងចាប់ដាក់ពន្ធនាគារជាដើម បន្ទាប់ពួកគាត់តស៊ូមតិរក្សាអត្តសញ្ញាណជនជាតិដើមខ្មែរក្រោម និងរៀនច្បាប់ ស្ដីពីសិទ្ធិមនុស្ស និងសិទ្ធិជនជាតិដើម។ ប៉ុន្តែករណីទាំងនេះ រដ្ឋាភិបាលការដឹកនាំដោយលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត បែរជានៅស្ងៀមស្ងាត់ទៅវិញ។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី២ ធ្នូ ថា រដ្ឋាភិបាលកម្ពុជា មិនហ៊ានបដិសេធចំពោះសំណើវៀតណាមឡើយ ដោយសារតែ លោក ហ៊ុន សែន ធ្លាប់ចុះហត្ថលេខា លើឯកសារសារាចរណែនាំចំពោះនិគមជនវៀតណាម កាលពីឆ្នាំ១៩៨៦ ដោយថែរក្សាជនជាតិវៀតណាមនៅរស់ខុសច្បាប់ឱ្យមានសិទ្ធិដូចពលរដ្ឋខ្មែរដែរ។
លោក ម៉ែន ណាត៖ «មេដឹកនាំសភា[អ្នកស្រី]ឃួន សុដារី ក្ដី[លោក]ហ៊ុន ម៉ាណែត ក្ដី[លោក]ហ៊ុន សែន ក្ដី ពួកគាត់ត្រូវភ្ញាក់រលឹក ដើម្បីការពារបូរណភាពទឹកដី ការពារអធិបតេយ្យផលប្រយោជន៍ខ្មែរមិនចេះអឺអើ នឹងការស្នើសុំនានា ជាឱឡារិក ជាមួយវៀតណាមទេ ព្រោះវៀតណាមជាប្រទេសជិតខាង ហើយវៀតណាមមានប្រវត្តិឈ្លានពានយូរអង្វែងសម្រាប់កម្ពុជា ដូច្នេះយើងត្រូវមានការប្រយ័ត្ន។ ការប្រយ័ត្ននោះគ្មានអី ពិបាកទេតែយកច្បាប់អន្តោប្រវេសន៍យកច្បាប់សញ្ជាតិអនុវត្តឱ្យបានត្រឹមត្រូវទៅចាត់វិធានការលើជនពុករលួយនានាក្នុងជួរមន្ត្រីរដ្ឋាភិបាលហើយរឹតបន្តឹងការស្នើនានា»។
យោងតាមរបាយការណ៍របស់ក្រសួងមហាផ្ទៃឱ្យដឹងថា គិតមកត្រឹមឆ្នាំ២០២២ ពលរដ្ឋវៀតណាមជាង ១០ម៉ឺននាក់ទទួលបានប័ណ្ណស្នាក់នៅស្របច្បាប់ក្នុងប្រទេសកម្ពុជា ខណៈពលរដ្ឋវៀតណាមជិត ១០០នាក់ បានចូលសញ្ជាតិខ្មែរពេញលេញ។
ប្រធានសមាគមខ្មែរ-វៀតណាម លោក ស៊ឹម ជី ប្រាប់វិទ្យុអាស៊ីសេរីកាលពីថ្ងៃទី៩ វិច្ឆិកាថា ពលរដ្ឋវៀតណាមទទួលបាន ប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ ពីក្រសួងមហាផ្ទៃ ជាង ១០ ម៉ឺននាក់ (១០០.០០០) នោះ ពេលនេះ ពួកគេមួយចំនួនកំពុងព្យាយាមបំពេញលក្ខខណ្ឌរបស់ក្រសួងមហាផ្ទៃ ដើម្បីទទួលបានសញ្ជាតិខ្មែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។