គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) អះអាងថា លទ្ធផលបណ្ដោះអាសន្ននៃចំនួនអ្នកបានបោះឆ្នោតគិតត្រឹមម៉ោង ៥រសៀលថ្ងៃទី២៩ កក្កដា មានចំនួនជាង ៦ លាន ៨ សែននាក់។ ប្រធានចលនាសង្គ្រោះជាតិ លោក សម រង្ស៊ី ជឿជាក់ថា នេះជាតួលេខបំប៉ោង គ្មានការពិត ព្រោះគ្មានការចូលរួមសង្កេតការណ៍ពីអ្នកជំនាញ និងអង្គការឯករាជ្យ។
ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ស៊ិក ប៊ុនហុក ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅរសៀលថ្ងៃទី២៩ កក្កដា ថា នេះជាជោគជ័យនៃការបោះឆ្នោតដែលមានពលរដ្ឋជាង ៨២ ភាគរយ (៨២,១៧%) នៃអ្នកមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតជាង ៨ លាន ៣ សែននាក់ បានចេញទៅបោះឆ្នោតទៅតាមឆន្ទៈរបស់ខ្លួន។ លោកអះអាងថា តួលេខនេះបង្ហាញឱ្យសហគមន៍អន្តរជាតិដែលមានបំណងដាក់ទណ្ឌកម្មលើកម្ពុជានោះ ឃើញច្បាស់ថា ពលរដ្ឋខ្មែរមានឆន្ទៈពិតប្រាកដក្នុងការលើកស្ទួយប្រជាធិបតេយ្យ។ «»
ឆ្លើយតបនឹងការលើកឡើងនេះ ប្រធានចលនាសង្គ្រោះជាតិ លោក សម រង្ស៊ី ជឿជាក់ថា តួលេខដែល គ.ជ.ប បានប្រកាសនេះ ជាតួលេខដែលគ្មានការពិតឡើយ តែជាតួលេខដែលរបបក្រុងភ្នំពេញបំប៉ោងឡើងប៉ុណ្ណោះ។ ហេតុផលដែលលោកយល់ថានេះ ជាតួលេខក្លែងក្លាយ ដោយសារក្នុងការិយាល័យបោះឆ្នោតនីមួយៗមិនមានអ្នកសង្កេតការណ៍ឯករាជ្យ និងមិនមានភ្នាក់ងារគណបក្សនយោបាយគ្រប់គ្រាន់។ លោកសង្កត់ធ្ងន់ថា ការបោះឆ្នោតនេះមិនបានឆ្លុះបញ្ចាំងពីឆន្ទៈពិតរបស់ពលរដ្ឋខ្មែរឡើយ ដោយសារអវត្តមានគណបក្សសង្គ្រោះជាតិដែលមានអ្នកគាំទ្ររាប់លាននាក់នៅទូទាំងប្រទេស។ «»
នៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ ២០១៧ កន្លងទៅ ចំនួនពលរដ្ឋចេញទៅបោះឆ្នោតមានប្រហែល ៩០ ភាគរយ ដោយក្នុងនោះប្រហែល ៥០% គាំទ្រគណបក្សប្រជាជនកម្ពុជា និងជិត៤៤% គាំទ្រគណបក្សសង្គ្រោះជាតិ ក្នុងចំណោមអ្នកមានឈ្មោះបោះឆ្នោតសរុបជាង ៧ លាន ៨ សែននាក់។ ទោះបីជាយ៉ាងណា ឆន្ទៈរបស់ពលរដ្ឋជិតកន្លះប្រទេសដែលស្តែងឡើងតាមរយៈកៅអីតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិចំនួន ៥៥ អាសនៈ និងអាសនៈក្រុមប្រឹក្សាឃុំសង្កាត់ជាង ៥ពាន់អាសនៈ បូករួមទាំងតួនាទីជាសមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ជាច្រើនទៀតផងនោះ ត្រូវបានរបបលោក ហ៊ុន សែន បដិសេធចោលទាំងស្រុងតាមរយៈការរំលាយគណបក្សសង្គ្រោះជាតិ។
អតីតឧបនាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលចម្រុះអាណត្តិទី ៣ ពីខាងគណបក្សរាជានិយមហ៊្វុនស៊ិនប៉ិច លោកព្រឹទ្ធាចារ្យ លឺ ឡាយស្រេង មានប្រសាសន៍ថា អ្នកណាក៏ដឹងដែរថា គណបក្សប្រជាជនកម្ពុជារបស់លោក ហ៊ុន សែន នឹងឈ្នះឆ្នោតនៅអាណត្តិនេះបន្តទៀតយ៉ាងងាយស្រួលបំផុត ដោយសារគណបក្សនេះបានកម្ចាត់គណបក្សសង្គ្រោះជាតិដែលជាដៃគូប្រកួតប្រជែងដ៏ស្រួចស្រាល់រួចទៅហើយនោះ។ លោកបន្តថា ទាំងតួលេខនៃអ្នកបានបោះឆ្នោត ទាំងសំឡេងឆ្នោត និងទាំងអាសនៈសភានោះ គណបក្សកាន់អំណាចចង់បានប៉ុន្មានក៏បានដែរ ព្រោះបក្សនេះបានក្ដោបក្ដាប់ស្ថាប័នជាតិសំខាន់ៗអស់ទៅហើយ ប៉ុន្តែអ្វីដែលបក្សនេះត្រូវការគឺភាពស្របច្បាប់ពីពលរដ្ឋ។ លោកថាការបង្ហាញឱ្យឃើញពីតួលេខអ្នកចេញទៅបោះឆ្នោតច្រើននេះ គឺដើម្បីឱ្យរបបលោក ហ៊ុន សែន មានលេសយកទៅប្រាប់សហគមន៍អន្តរជាតិថា រដ្ឋាភិបាលថ្មីពិតជាកើតចេញពីការគាំទ្ររបស់ពលរដ្ឋខ្មែរពិតប្រាកដមែន។ ក៏ប៉ុន្តែ ព្រឹទ្ធាចារ្យរូបនេះ ព្រមានថា របបថ្មីរបស់លោក ហ៊ុន សែន នឹងត្រូវប្រឈមមុខនឹងទណ្ឌកម្មពីក្រុមប្រទេសប្រជាធិបតេយ្យលោកខាងលិចនៅពេលឆាប់ៗខាងមុខ ហើយរបបថ្មីនេះនឹងមិនអាចរស់នៅដោយពឹងផ្អែកតែទៅលើប្រទេសចិនបានឡើយ។ «»
គ.ជ.ប ប្រកាសថា លទ្ធផលបណ្ដោះអាសន្ននៃការបោះឆ្នោតនេះ នឹងត្រូវផ្សព្វផ្សាយនៅថ្ងៃទី១១ ខែសីហា រីឯលទ្ធផលផ្លូវការនឹងត្រូវផ្សព្វផ្សាយនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ ខាងមុខ ក្នុងករណីគ្មានការបោះឆ្នោតសាជាថ្មីទៀតនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។