ពលករខ្មែរមួយចំនួនធ្វើការនៅប្រទេសថៃ ម៉ាឡេស៊ី និងកូរ៉េខាងត្បូង ប្រកាសកៀរគរកម្លាំងត្រៀមអមដំណើរប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ចូលស្រុកវិញនៅពេលខាងមុខ បើសិនបក្សប្រឆាំងនៅថៃបានគ្រប់គ្រងប្រទេស។ ពួកគាត់សុខចិត្តលះបង់សិទ្ធិ សេរីភាពដើម្បីប្តូរយកលទ្ធិប្រជាធិបតេយ្យ និងសេរីភាពជូនដល់ប្រជាពលរដ្ឋខ្មែរ ដោយមិនខ្លាចការគំរាមសម្លាប់ ឬចាប់ដាក់គុកពីលោក ហ៊ុន សែន ឡើយ។
ក្រុមពលករមួយចំនួនធ្វើការចំណាកស្រុកនៅប្រទេសថៃ ម៉ាឡេស៊ី និងកូរ៉េខាងត្បូងប្រកាសព្រមៗគ្នាថា ពួកគេនឹងប្រមូលផ្តុំគ្នាគ្រប់ទិសទីដើម្បីចាំអមដំណើរលោក សម រង្ស៊ី វិលចូលប្រទេសកម្ពុជាសាជាថ្មី ដើម្បីបញ្ចប់អំណាចផ្ដាច់ការ ស្ដារប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សឡើងវិញ។ លើសពីនេះទៅទៀត ពួកគាត់ក៏ប្រកាសយកជីវិត និងសេរីភាពជាថ្នូរនឹងការជំរុញឱ្យមេដឹកនាំប្រទេសបច្ចុប្បន្នគិតគូរពីប្រយោជន៍ជាតិឡើងវិញ។
ពលករធ្វើការនៅប្រទេសថៃ លោក ពៅ សុភ័ណ្ឌ ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២ មិថុនា ថា ក្រោយពេលលោកដឹងដំណឹងលោក សម រង្ស៊ី គ្រោងធ្វើមាតុភូមិនិវត្តន៍ចូលស្រុកវិញ តាមប្រទេសថៃ គឺប៉ុន្មានថ្ងៃមកនេះពលកររាប់សិបនាក់រស់នៅតំបន់របស់លោកសុំឈ្មោះចូលរួមយ៉ាងផុលផុស ទោះបីជាប្រឈមការជាប់គុក ឬបាត់បង់អាយុជីវិតដោយសារកាំភ្លើងធំរបស់លោក ហ៊ុន សែន ក៏ដោយ។ លោកមើលឃើញថា សន្ទុះបែបនេះ ដោយសារពលករភាគច្រើនមិនពេញចិត្តនឹងការដឹកនាំរបស់លោក ហ៊ុន សែន ដែលធ្វើឱ្យពលរដ្ឋចំណាកស្រុករងទុក្ខវេទនា។
លោក ពៅ សុភ័ណ្ឌ៖ «បើយើងនៅតែខ្លាច មិនតាំងចិត្ត គឺប្រទេសជាតិរបស់យើងនៅតែអ៊ីចឹង វាអស់ទឹកអស់ដីអស់ព្រៃអស់ប្រទេស តាមពិតទៅខ្ញុំមើលឃើញថា បើសិនយើងអត់ចូលរួមជាមួយលោក សម រង្ស៊ី គឺប្រទេសរបស់យើងនៅតែអ៊ីចឹងហើយ តែបើយើងចូលរួមជាមួយលោក សម រង្ស៊ី ដើម្បីស្តារប្រទេសជាតិរបស់យើងឡើងវិញ ដោយកុំឱ្យប្រជារាស្ត្ររងទុក្ខដូចសព្វថ្ងៃហ្នឹង»។
ពលករមួយរូបទៀតលោក ឆាយ ស៊ីនួន ថ្លែងថា លោក ហ៊ុន សែន បានប្រើប្រាស់ល្បិចកលរារាំងមិនឲ្យលោក សម រង្សី វិលចូលកម្ពុជាវិញ ពីព្រោះគាត់ភ័យខ្លាចឥទ្ធិពលមេបក្សប្រឆាំងរូបនេះ។ ទោះយ៉ាងណាលោកបញ្ជាក់ថា លោកបានត្រៀមខ្លួនរួចជាស្រេចហើយដើម្បីចូលរួមអមដំណើរថ្នាក់ដឹកនាំគណបក្សប្រឆាំងវិលចូលកម្ពុជាក្នុងការដោះស្រាយបញ្ហាប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សដែលកំពុងធ្លាក់ចុះ។
លោក ឆាយ ស៊ីនួន៖ «យើងមានការសម្រេចចិត្តដោយចង់ឱ្យរឿងហ្នឹងកើតឡើងឆាប់ៗ ពីព្រោះពលករមិនថា នៅក្នុងប្រទេសថៃទេ គឺជុំវិញពិភពលោកដែលមានបញ្ហាចំណាកស្រុកពួកគាត់ចង់វិលត្រឡប់ទៅជួបជុំគ្រួសារនៅក្នុងប្រទេសវិញ ដោយមានការងារធ្វើសមរម្យ ត្រឹមត្រូវ ល្មមដែលអាចដោះស្រាយជីវភាពបាន ខ្ញុំត្រេកអរ និងសប្បាយពេលឮដំណឹងហ្នឹង ពលករជាច្រើននាក់ហើយដែលចង់បានការវិលត្រឡប់របស់លោក សម រង្ស៊ី វិញ ដោយសារលោកជាអ្នកជួយជ្រោងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជារបស់យើងឱ្យមានដំណើរការ»។
ស្រដៀងគ្នានេះដែរពលករមួយរូបទៀតលោក សុះ សល់ ប្រាប់ថា ក្រុមពលករសប្បាយចិត្តពេលដឹងថា លោក សម រង្ស៊ី គ្រោងវិលចូលកម្ពុជាវិញតាមប្រទេសថៃដែលជាប្រទេសជាប់ព្រំដែនកម្ពុជា និងមានខ្មែររស់នៅ និងធ្វើការច្រើន។ លោកឱ្យដឹងថា ក្រុមការងាររបស់លោកកំពុងរៀបចំពង្រឹងកម្លាំងទទួលលោក សម រង្ស៊ី ឱ្យបានរាប់ម៉ឺននាក់ដើម្បីឱ្យលោក ហ៊ុន សែន គ្មានគុកដាក់អ្នកស្លូតត្រង់។
លោក សុះ សល់៖ «បងប្អូនក្រុមការងារដែលស្រឡាញ់លទ្ធិប្រជាធិបតេយ្យនៅប្រទេសថៃទាំងមូល គឺពួកគាត់សប្បាយចិត្តរីករាយមែនទែនឮដំណឹងថា លោក សម រង្ស៊ី មកដល់ប្រទេសម៉ាឡេស៊ី ហើយឮដំណឹងថា លោកជិតមកដល់ប្រទេសថៃទៀត ដោយសារយើងគិតមើលបើសិនប្រជាពលរដ្ឋនៅទីនេះយើងអាចប្រមូលរហូតដល់រាប់ម៉ឺននាក់ចេញពីប្រទេសថៃ ដោយសារការឈឺចាប់ការដឹកនាំរបស់របបលោក ហ៊ុន សែន ហ្នឹងលោក ហ៊ុន សែន អត់មានគុកដាក់ទេ គឺយើងទៅលក្ខណៈអហិង្សា»។
ពលករមួយរូបទៀតនៅប្រទេសថៃ លោក កែវ វិឆាយ អះអាងថា ទឹកចិត្ត និងកម្លាំងគាំទ្ររបស់ក្រុមពលករពេលនេះមិនខុសនឹងព្រឹត្តិការណ៍មាតុភូមិនិវត្តន៍កាលពីឆ្នាំ២០១៩នោះទេ។ លោកបន្តថាក្រុមកម្មករចំណាកស្រុកនៅប្រទេសថៃ នៅតែត្រៀមខ្លួនជានិច្ចក្នុងការវិលត្រឡប់ចូលកម្ពុជាវិញជាមួយថ្នាក់ដឹកនាំគណបក្សប្រឆាំង ដោយមិនខ្លាចការគំរាមសម្លាប់ពីលោក ហ៊ុន សែន នោះឡើយ។ លោកយល់ថា វត្តមានរបស់លោក សម រង្ស៊ី នៅកម្ពុជាក្នុងស្ថានភាពនយោបាយបច្ចុប្បន្នមានសារៈសំខាន់ណាស់ ដើម្បីរំដោះប្រទេសពីការដឹកនាំបែបផ្ដាច់ការ។
លោក កែវ វិឆាយ៖ «ឮដំណឹងថាលោក សម រង្ស៊ី វិលត្រឡប់ចូលទៅប្រទេសកម្ពុជាវិញ ដោយសារនៅពេលនេះយើងឃើញស្រាប់ហើយបាទក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺមានតែធ្វើទុក្ខបុកម្នេញប្រជាពលរដ្ឋ និងពលរដ្ឋរងគ្រោះគ្រប់បែបយ៉ាង អ៊ីចឹងហើយបានជាខ្ញុំត្រេកអរលោក សម រង្ស៊ី អញ្ជើញទៅប្រទេសកម្ពុជាវិញ ដើម្បីស្តារលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសយើង»។
ជាមួយគ្នានេះដែរក្រុមពលករនៅប្រទេសម៉ាឡេស៊ី និងប្រទេសកូរ៉េខាងត្បូង ក៏ប្រកាសចូលរួមជាមួយលោក សម រង្ស៊ី ដោយមិនរាថយដែរ។
ពលករកំពុងធ្វើការតាមផ្ទះនៅទីក្រុងកូឡាឡាំពួរ (Kuan Lumpur) ប្រទេសម៉ាឡេស៊ី (Malaysia) កញ្ញា នួន តឿន ថ្លែងថាវត្តមានរបស់លោក សម រង្ស៊ី ជាន់ទឹកដីម៉ាឡេស៊ីកាលពីថ្មីៗនេះគឺជាក្តីសង្ឃឹមរបស់ពលករដែលនឹងរួចផុតពីការដឹកនាំប្រទេសជិះជាន់គាបសង្កត់ដូចសព្វថ្ងៃ។ កញ្ញាបញ្ជាក់ជំហរថា កញ្ញាត្រៀមសុំច្បាប់ថៅកែឈប់សម្រាកពីការងារនៅក្នុងការចូលរួមជាមួយពលករផ្សេងទៀតនៅប្រទេសថៃ អមដំណើរមេដឹកនាំបក្សប្រឆាំងចូលកម្ពុជាវិញ ដើម្បីស្ដារលទ្ធិប្រជាធិបតេយ្យ និងបញ្ចប់អំពើអយុត្តិធម៌ក្នុងសង្គម។
កញ្ញា នួន តឿន៖ «ខ្ញុំមានអារម្មណ៍សប្បាយ បើលោក សម រង្ស៊ី ចូលដល់ស្រុកខ្មែរឱ្យមានការផ្លាស់ប្តូរ គឺមិនមែនតែខ្ញុំទេ ប្រជាពលរដ្ឋខ្មែរសប្បាយដែរ ដោយសារសព្វថ្ងៃសូម្បីសេដ្ឋកិច្ចនៃការលក់ដូរនៅតាមទីផ្សារក៏ស្ងប់ស្ងាត់ ពលរដ្ឋបែងចែកបក្ខពួក បែងចែកក្រុមគ្រួសារតែម្តង»។
ទន្ទឹមនឹងនេះពលករធ្វើការរដ្ឋប៉ាហាំង (Pahang) ប្រទេសម៉ាឡេស៊ី (Malaysia) លោក អាដាម សាអីត ឱ្យដឹងថា ពលករភាគច្រើនចង់បានការផ្លាស់ប្ដូរមេដឹកនាំដូចប្រទេសជិតខាង ទើបពលរដ្ឋមានការងារធ្វើដោយលែងចំណាកស្រុក ប្រទេសគ្មានអំពើពុករលួយ និងអយុត្តិធម៌សង្គម ដូច្នេះពួកគេត្រេកអរចំពោះដំណឹងដែលថា លោក សម រង្ស៊ី គ្រោងវិលត្រឡប់ចូលស្រុកជាថ្មីម្តងទៀតនេះ។
លោក អាដាម សាអីត៖ «ពលរដ្ឋខ្មែរយើងរស់នៅតំបន់ដាច់ស្រយាលហ្នឹងលំបាកវេទនាខ្លាំងដែរបាទ ប្រទេសកម្ពុជាគឺខ្ញុំចង់ឱ្យមានការផ្លាស់ប្ដូររដ្ឋាភិបាលដូចប្រទេសគេដែរ ដូចជាប្រទេសជិតខាង និងប្រទេសនានាអ៊ីចឹងទៅ អត់មានរដ្ឋាភិបាលដឹកនាំប្រទេសអមតៈអ៊ីចឹងទេ»។
ចំណែកពលករខ្មែរធ្វើការនៅប្រទេសកូរ៉េខាងត្បូង (South Korea) វិញ លោក លី សៀវលិញ មើលឃើញថា ពលរដ្ឋខ្មែរត្រូវការមេដឹកនាំបក្សប្រឆាំងចូលដោះស្រាយវិបត្តិនយោបាយក្នុងស្រុកជាបន្ទាន់។ លោកបន្តថា ពលករមួយចំនួននៅប្រទេសកូរ៉េខាងត្បូងក៏ត្រៀមធ្វើដំណើរទៅទីក្រុងបាងកកចូលរួមអមដំណើរមាតុភូមិនិវត្តន៍ជាមួយលោក សម រង្ស៊ី ក្នុងពេលវេលាជាក់លាក់ខាងមុខ ចំណែកពលករខ្លះដែលរវល់ការងារ ហើយមិនបានចូលរួមនោះយ៉ាងហោចណាស់ពួកគាត់នឹងជួយឧបត្ថម្ភថវិកាផ្ទាល់ខ្លួន ឬជំរុញសមាជិកគ្រួសារ ឬសាច់ញាតិចូលរួមនៅក្នុងដំណើរមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី នេះដែរ។
លោក លី សៀវលិញ៖ «បើសិនវត្តមានលោក សម រង្ស៊ី នៅទឹកដីថៃមានភាគច្រើនដែរចូលប្រទេសកម្ពុជារបស់យើង អ៊ីចឹងបងប្អូននៅកូរ៉េ ក៏លោកគាំទ្រច្រើនដែរ កុំថាឡើយទៅដល់ប្រទេសថៃ បើគាត់មានវត្តមានដល់ប្រទេសកូរ៉េមានពលករច្រើនរាប់ម៉ឺននាក់មកចូលរួមគាំទ្រ»។
ការប្រកាសរបស់ពលករនៅប្រទេសថៃ ម៉ាឡេស៊ី និងកូរ៉េខាងត្បូងនេះធ្វើឡើងបន្ទាប់ពីពួកគេទទួលដំណឹងថា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី មានគម្រោងវិលចូលស្រុកវិញនៅពេលខាងមុខ។
ការប្រកាសធ្វើមាតុភូមិនិវត្តន៍ជាថ្មីរបស់លោក សម រង្ស៊ី នេះ បានធ្វើឲ្យលោក ហ៊ុន សែន ផ្ទុះកំហឹងលាយឡំជាមួយក្តីបារម្ភ។ កាលពីថ្ងៃទី៣១ ខែឧសភា លោក ហ៊ុន សែន បានប្រកាសប្រើកាំភ្លើងធំបេអឹម(BM)២១បាញ់សម្លាប់លោក សម រង្ស៊ី និងក្រុមអ្នកគាំទ្រ ប្រសិនបើពួកគេហ៊ានឆ្លងកាត់តាមព្រំដែនថៃចូលមកកម្ពុជា។ កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក សម រង្ស៊ី បានព្យាយាមវិលទៅកម្ពុជាវិញម្ដងរួចមកហើយ តែមិនបានសម្រេច ដោយសារតែរបបលោក ហ៊ុន សែន បានដាក់កងកម្លាំងប្រដាប់អាវុធពង្រាយតាមព្រំដែនកម្ពុជាថៃ ដើម្បីរារាំង និងហាមមិនឱ្យក្រុមហ៊ុនយន្តហោះដឹកលោក សម រង្ស៊ី ទៅកម្ពុជា និងថែមទាំងស្នើឲ្យមេដឹកនាំប្រទេសជាសមាជិកអាស៊ានរួមទាំងប្រទេសថៃ ជាដើម កុំអនុញ្ញាតឲ្យលោក សម រង្ស៊ី ជាន់ទឹកដី។ កាលណោះក៏មានពលករខ្មែររាប់ពាន់នាក់រង់ចាំអមដំណើរជាមួយលោក សម រង្ស៊ី នៅប្រទេសថៃដែរ។
របាយការណ៍ក្រសួងការងារបង្ហាញថា មកទល់ពេលនេះ ពលករកម្ពុជា កំពុងធ្វើការនៅក្រៅប្រទេសជាង១លាន ៣សែននាក់ (១.៣២១.៥០៦) ក្នុងនោះនៅប្រទេសកូរ៉េខាងត្បូង ចំនួនជិត៥ម៉ឺននាក់ (៤៩.៧៣៨) ។ ប៉ុន្តែរបាយការណ៍ពីអង្គការសង្គមស៊ីវិលមួយចំនួនបង្ហាញថា ពលករកម្ពុជានៅក្រៅប្រទេសទាំងស្របច្បាប់និងមិនស្របច្បាប់អាចមានច្រើនជាងនេះ ដោយគ្រាន់តែនៅប្រទេសថៃ ពលករចំណាកស្រុកមានចំនួនជាង ២លាននាក់ និងប្រទេសម៉ាឡេស៊ីមានចំនួនប្រមាណ ១០ម៉ឺននាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។