ពលរដ្ឋមួយចំនួនមើលឃើញថា ការផាត់គណបក្សភ្លើងទៀនមិនឱ្យចូលរួមបោះឆ្នោតបង្ហាញថាបក្សកាន់អំណាចមិនហ៊ានប្រកួតប្រជែង ឬខ្លាចចាញ់ឆ្នោត។
ការបង្ហាញទស្សនៈបែបនេះរបស់ពលរដ្ឋគឺបន្ទាប់ពីក្រុមប្រឹក្សាធម្មនុញ្ញក្រុមប្រឹក្សាធម្មនុញ្ញ ដែលជាស្ថាប័នកំពូលចុងក្រោយសម្រេចមិនឱ្យគណបក្សភ្លើងទៀនចូលរួមក្នុងការបោះឆ្នោតខាងមុខនេះ។
ឆ្លើយតបនឹងរឿងនេះមន្ត្រីបក្សកាន់អំណាចអះអាងថា នេះគ្រាន់តែទស្សនៈរបស់អ្នកគាំទ្រគណបក្សភ្លើងទៀន ហើយប្រសិនបើក្រុមអ្នកមិនគាំទ្របក្សកាន់អំណាចមិនទៅចូលរួមបោះឆ្នោតគឺមានន័យថា គណបក្សកាន់អំណាចនឹងឈ្នះការបោះឆ្នោតទាំងស្រុង។
ពលរដ្ឋមួយចំនួន ដែលវិទ្យុអាស៊ីសេរីសម្ភាសចាប់ផ្ដើមអស់សង្ឃឹមនឹងការរៀបចំដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅក្នុងខែកក្កដាខាងមុខ នៅពេលដែលស្ថាប័នពាក់ព័ន្ធបានសម្រេចមិនឱ្យគណបក្សភ្លើងទៀនចូលរួមក្នុងការបោះឆ្នោត។
ពួកគេយល់ឃើញទៀតថា ការផាត់ចោលគណបក្សភ្លើងទៀនមិនឱ្យចូលរួមបោះឆ្នោតបែបនេះបង្ហាញថាគណបក្សប្រជាជនកម្ពុជា ដែលមានប្រវត្តិចូលរួមការបោះឆ្នោត និងជាបក្សកាន់អំណាចជាច្រើនទសវត្សរ៍មកនេះភ័យខ្លាចចាញ់ឆ្នោត មិនហ៊ានប្រកួតប្រជែងនឹងគណបក្សភ្លើងទៀន ដែលទើបមានដំណើរការឡើងវិញក្នុងរយៈពេលខ្លី។
ពលរដ្ឋរស់នៅរាជធានីភ្នំពេញ លោកស្រី អេង សុខា ថ្លែងថា គណបក្សកាន់អំណាចទំនងមើលឃើញពីកម្លាំងរបស់គណបក្សភ្លើងទៀនថា អាចមានសន្ទុះខ្លាំង អាចទាក់ទាញពលរដ្ឋឱ្យបោះឆ្នោតឱ្យច្រើន ទើបគណបក្សកាន់អំណាចប្រើប្រាស់ស្ថាប័នពាក់ព័ន្ធរៀបចំការបោះឆ្នោតគឺ គ.ជ.ប និងក្រុមប្រឹក្សាធម្មនុញ្ញឱ្យចាត់ការបក្សនេះនៅមុនការបោះឆ្នោត។ លោកស្រីលើកឡើងបែបនេះដោយសំអាងថា នរណាក៏ដឹងថា គណបក្សភ្លើងទៀនអាចចូលរួមការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ មិនគួរមានមូលហេតុមិនអាចចូលរួមការបោះឆ្នោតថ្នាក់ជាតិនៅពេលនេះ។ លោកស្រីចាប់ផ្ដើមអស់សង្ឃឹម និងនឿយណាយនឹងការបោះឆ្នោត។
លោកស្រី អេង សុខា៖ «បើថាមានលទ្ធិប្រជាធិបតេយ្យត្រូវឱ្យមានសំឡេងគេអី ឈរឈ្មោះបោះឆ្នោតអីទាំងអស់ហ្នឹងទាំងអស់គ្នា។ សម្បូរប្រជាជននៅក្នុងប្រទេសនៅតាមភូមិអីហ្នឹងក៏គេថាដែរ។ គេថាប្រសិនជាអត់មានគណបក្សភ្លើងទៀន ឬគណបក្សភ្លើងទៀនគេបិទហើយ គឺបិទអត់ឱ្យពលរដ្ឋបោះឆ្នោតហើយ ពួកខ្ញុំអត់ទៅទេ»។
ក្រុមប្រឹក្សាធម្មនុញ្ញនៅថ្ងៃទី២៥ ខែឧសភា សម្រេចបដិសេធបណ្តឹងរបស់បក្សភ្លើងទៀនប្តឹងតវ៉ានឹងសេចក្ដីសម្រេចរបស់ គ.ជ.ប ដែលមិនឱ្យគណបក្សភ្លើងទៀនចូលរួមការបោះឆ្នោត។ ក្រុមប្រឹក្សាធម្មនុញ្ញចាត់ទុកពាក្យបណ្ដឹងគណបក្សភ្លើងទៀន ថាត្រឹមត្រូវតាមទម្រង់ច្បាប់ ប៉ុន្តែបដិសេធចោលដោយលើកឡើង ថាខុសនឹងគតិច្បាប់។
ពលករខ្មែរធ្វើការនៅប្រទេសកូរ៉េ លោក អ៊ិន ធឿត សោកស្ដាយ ដែលបក្សភ្លើងទៀនមិនអាចចូលរួមការបោះឆ្នោតបាននេះ។ ពលកររូបនេះមើលឃើញដែរថា បក្សកាន់អំណាចអាចភ័យខ្លាចចាញ់ឆ្នោត។ លោកថាករណីបែបនេះសម្រាប់រូបលោករួមនឹងពលករនៅកូរ៉េមួយចំនួនទៀតចាត់ទុកការបោះឆ្នោតនៅពេលខាងមុខនេះថា គ្មានយុត្តិធម៌ គ្មានតម្លាភាព មិនសេរី មិនត្រឹមត្រូវ។
លោក អ៊ិន ធឿត៖ «ខ្ញុំមិនទៅបោះឆ្នោតជាដាច់ខាតព្រោះអត់មានគណបក្សណាដែលយើងពេញចិត្តក្នុងការបោះឆ្នោតឱ្យ ជាពិសេសពលករខ្មែរនៅកូរ៉េភាគច្រើនគាត់សម្ដែងការមិនពេញចិត្តនៅពេលក្រុមប្រឹក្សាធម្មនុញ្ញគាត់បដិសេធហ្នឹង»។
ពលរដ្ឋម្នាក់ទៀត លោក យុ រស់នៅភ្នំពេញឱ្យដឹងដែរថា លទ្ធផលបែបនេះរបស់គណបក្សភ្លើងទៀនគឺលោកបានស្មានដឹងជាមុនរួចទៅហើយ ព្រោះស្ថាប័នរដ្ឋទាំងឡាយមិនមែនជាទីទុកចិត្តសម្រាប់ពលរដ្ឋ ឬបក្សផ្សេងពីបក្សកាន់អំណាចទេ។ តែទោះជាយ៉ាងណាលោកថា លោកគ្មានជម្រើសណាក្រៅតែពីទៅបោះឆ្នោតទេ ដើម្បីអនុវត្តសិទ្ធិពលរដ្ឋ។
លោក យុ៖ «គេថាយើងមិនយើងមិនទៅបោះឆ្នោត យើងមិនមែនជាពលរដ្ឋក្នុងសង្គម មិនមែនជាប្រជាពលរដ្ឋរស់នៅក្នុងភូមិ ឃុំ ហ្នឹងយើងមានតែទៅ ទៅហើយគូសចោលតែម្ដងទៅ បាទទៅទាំងបង្ខំ ទៅទាំងទើសទាល់អ៊ីចឹងទៅ។ ខ្ញុំចង់និយាយថា អ្វី ដែលយើងជ្រើសរើសអ្វី ដែលយើងធ្វើវាមិនមាននៅក្នុងចិត្តយើង វាគ្មាននៅក្នុងបេះដូងយើងវាមិនមាននៅក្នុងដួងចិត្តយើងវាពិបាកដែរហ្នឹង។ ដូចពាក្យចាស់ថាមួយដំប និងបួន យើងចាំបាច់ទៅពឹង គ.ជ.ប ក្រុមប្រឹក្សាធម្មនុញ្ញអី ឳ គ.ជ.ប ឳរដ្ឋធម្មនុញ្ញអី គជប មកពីស្ថានណាក៏នៅតែប៉ុណ្ណឹង។ ចង់និយាយថា ចង់ចាប់ចោរយកទៅប្ដឹងមេចោរអ៊ីចឹងដឹងហើយថា លទ្ធផលយ៉ាងម៉េច»។
ឆ្លើយតបនឹងរឿងនេះមន្ត្រីនាំពាក្យបក្សកាន់អំណាច លោក សុខ ឥសាន អះអាងថា នេះគ្រាន់តែទស្សនៈរបស់ពលរដ្ឋមួយចំនួន ដែលជាអ្នកគាំទ្រគណបក្សភ្លើងទៀនតែប៉ុណ្ណោះ។ លោក សុខ ឥសាន មានអំនួតថា ប្រសិនបើក្រុមអ្នកមិនគាំទ្របក្សកាន់អំណាចមិនទៅចូលរួមបោះឆ្នោតគឺមានន័យថា លើកពានឱ្យគណបក្សកាន់អំណាចរបស់លោកបានឈ្នះការបោះឆ្នោតទាំងស្រុង និងបន្តគ្រប់គ្រងប្រទេសតទៅទៀត។
លោក សុខ ឥសាន៖ «វាធម្មតាទេក្មួយឯងគិតមើល បើសិនណាគាត់ភ្លើងទៀននេះគាត់ភាគតិចគាត់មិនទៅបោះអាហ្នឹងដូចលើកជើងពានឱ្យគណបក្សប្រជាជន ដែលគួរតែកត់សម្គាល់។ ក្មួយឯងចំណាំពាក្យខ្ញុំទៅបើសិនណាជាគាត់មិនទៅបោះឆ្នោតទេ អាហ្នឹងមួយរយភាគរយមកលើគណបក្សប្រជាជនទាំងអស់ហើយ។ ទៅបោះ ឬមិនទៅបោះរបស់បងប្អូនមួយចំនួនជាសិទ្ធិរបស់គាត់ ប៉ុន្តែបើនិយាយពីកាតព្វកិច្ច និងករណីយកិច្ចរបស់ពលរដ្ឋគាត់ខ្វះ ទោះបីគាត់បោះប្រឆាំងក៏ដោយគាត់ត្រូវអញ្ជើញទៅបោះឆ្នោត»។
យ៉ាងនេះក្ដី ពលរដ្ឋម្នាក់ទៀតរស់នៅខេត្តកំពង់ឆ្នាំង លោក ឈាង ឆ័ង ថ្លែងថាបន្ថែមលើរឿងរ៉ាវមិនប្រក្រតីកើតលើគណបក្សនយោបាយមួយចំនួននៅមុនការបោះឆ្នោតនេះ ស្ថានភាពនៅពេលបោះឆ្នោតក៏ពិបាកនឹងទទួលបានទំនុកចិត្តពីពលរដ្ឋដែរ ដោយសារបណ្ដាប្រទេសធំៗ ដែលគាំទ្រដំណើរការប្រជាធិបតេយ្យនៅកម្ពុជាមិនបានបញ្ជូនអ្នកសង្កេតការណ៍មកកម្ពុជាទេ។ លោកថាស្ថានភាពនេះមានតែពលរដ្ឋគ្រប់រូបយកចិត្តទុកដាក់លើការអនុវត្តច្បាប់ និងរួមគ្នាស្នើទៅប្រទេសជាម្ចាស់ហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដើម្បីមេដឹកនាំងាកមកគោរពប្រជាធិបតេយ្យឡើងវិញ។
លោក ឈាង ឆ័ង៖ «ត្រូវតែលូកដៃពីព្រោះពួកគាត់បានចុះហត្ថលេខាហើយសន្យានៅក្នុងឯកសារកិច្ចព្រមព្រៀងទៀត ថានឹងជំរុញដំណើរការប្រជាធិបតេយ្យ បោះឆ្នោតដោយសេរី និងត្រឹមត្រូវ ពីព្រោះពួកគាត់ ដែលជាប់កាតព្វកិច្ចនៅក្នុងឯកសារហ្នឹងបណ្ដោយ។ អ៊ីចឹងមានតែពលរដ្ឋឈ្វេងយល់ពីច្បាប់កិច្ចព្រមព្រៀងហ្នឹង ហើយជំរុញឱ្យហត្ថលេខី ដើម្បីជូនដំណឹងហ្នឹងទៅស្នើទៅដល់រដ្ឋាភិបាលផងដែរ»។
សម្រាប់លោក ឈាង ឆ័ង លោកថា ទោះក្នុងកាលៈទេសៈបែបណាក៏លោកនៅតែទៅចូលរួមបោះឆ្នោត ព្រោះនេះជាសិទ្ធិរបស់លោកជា ពលរដ្ឋនៅក្នុងសង្គមប្រជាធិបតេយ្យ៕
កំណត់ចំណាំចំពោះអ្នកបញ្ចេញមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិ ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។