“រដ្ឋាភិបាល​មិន​បាន​គាំទ្រ​ព្រះមហាក្សត្រ​បំពេញ​ព្រះរាជ តួនាទី​ពេញលេញ​តាម​រដ្ឋធម្មនុញ្ញ”

0:00 / 0:00

អ្នកឃ្លាំមើល​សង្គម និង​ពលរដ្ឋ​មើល​ឃើញ​ថា រដ្ឋាភិបាល​លោក ហ៊ុន សែន មិន​បាន​គាំទ្រ​ព្រះមហាក្សត្រ​ឱ្យ​បាន​បំពេញ​ព្រះរាជ​តួនាទី​ពេញលេញ​តាម​រដ្ឋធម្មនុញ្ញ​ចែង​នោះ​ទេ​។ ពួកគេ​ថា ទង្វើ​របស់​រដ្ឋាភិបាល​ដែល​ធ្វើ​ឱ្យ​ស្ថាប័ន​ព្រះមហាក្សត្រ​ទន់ខ្សោយ​ដូច​សព្វថ្ងៃ​នេះ ព្រោះ​លោក ហ៊ុន សែន និង​បក្សពួក​ចង់​ប្រើប្រាស់​ព្រះមហាក្សត្រ​ដើម្បី​ការពារ​អំណាច​ពួកគេ។ អ្នកនាំពាក្យ​បក្ស​កាន់អំណាច​ច្រាន​ចោល​ការ​លើកឡើង​បែប​នេះ និង​ចោទ​ប្រកាន់​ថា ការ​និយាយ​បែបនេះ​គឺជា​ការប្រមាថ​ព្រះមហាក្សត្រ និង​ត្រូវ​ប្រឈមមុខ​ចំពោះ​មុខ​ច្បាប់។

ស្រប​ពេល​នៃ​ព្រះរាជ​ពិធីបុណ្យ​ខួប​លើក​ទី​១៦​នៃ​ការ​យាង​គ្រង​រាជសម្បត្តិ​របស់​ព្រះមហាក្សត្រ នរោត្តម សីហមុនី អ្នកវិភាគ​ឯករាជ្យ​បណ្ឌិត ឡៅ ម៉ុងហៃ លើកឡើង​ថា អំណាច​របស់​ព្រះមហាក្សត្រ​ត្រូវ​​​​​​​​​​បាន​រដ្ឋាភិបាល កំពុង​ដាក់​កំហិត​មិន​ឲ្យ​ប្រើប្រាស់​ព្រះរាជ​អំណាច​តាម​រដ្ឋធម្មនុញ្ញ។

លោក ឡៅ ម៉ុងហៃ សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​ថា អត់​ត្រឹមត្រូវ​ទេ​យក​តែ​មាត្រា ៧ នៃ​រដ្ឋធម្មនុញ្ញ​ដែល​ថា "​ព្រះមហាក្សត្រ​កម្ពុជា​ទ្រង់​គ្រងរាជ្យសម្បត្តិ​តែ​ទ្រង់​មិន​កាន់អំណាច​ឡើយ " មក​សំអាង ហើយ​មិន​គាំទ្រ និង​សហការ​ជាមួយ​ទង់​ដើម្បី​ឲ្យ​លោក​ប្រី​ប្រាស់​ព្រះរាជ​សិទ្ធិ និង​បំពេញ​តួនាទី​ព្រះអង្គ ដូច​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ។

អ្នកវិភាគ​ជើងចាស់​រូប​នេះ​បន្ត​ទៀត​ថា មាត្រា ២៧ ដែល​ថា "​ព្រះមហាក្សត្រ​ទ្រង់​មាន​ព្រះរាជ​សិទ្ធិ​បន្ធូរ​បន្ថយ​ទោស និង​លើកលែងទោស​"​ដូច្នេះ​ព្រះមហាក្សត្រ​អាច​បន្ធូរ​បន្ថយ​ទោស ឬ​លើកលែងទោស​តាម​ការ​ឈ្វេង​យល់​របស់​លោក ប៉ុន្តែ​លោក​ថា ច្បាប់​ស្ដីពី​ពន្ធនាគារ មាត្រា​៧៥ និង​៧៧​មក​កំណត់​ថា ព្រះមហាក្សត្រ​អាច​ប្រើប្រាស់​ព្រះរាជ​សិទ្ធិ​នេះ​បានតែ​តាម​សំណើ​របស់​ប្រមុខ​រដ្ឋាភិបាល​តែប៉ុណ្ណោះ​នោះ ដែល​លោក​យល់ថា គឺ​មិន​ត្រឹមត្រូវ​ទេ​។ ដូច្នេះ​លោក​ថា មាត្រា​៧៥ និង​៧៧​គឺ​អ​ធម្មនុញ្ញភាព​ត្រូវ​លុបចោល និង​មិន​ត្រូវ​យក​មក​អនុវត្ត​ទេ។

អ្នកវិភាគ​រូប​នេះ​ឲ្យ​ដឹង​ទៀត​ថា ព្រះរាជ​សិទ្ធិ​របស់​ព្រះមហាក្សត្រ​ស្តីពី​ការ​បន្ធូរបន្ថយ​ទោស ឬ​លើកលែងទោស​អនុវត្ត​បាន​លុះតែ​រដ្ឋាភិបាល​និង​ស្ថាប័ន​ជាតិ​ឯទៀត​គាំទ្រ និង​សហការ​ដើម្បី​ឲ្យ​ព្រះអង្គ​បំពេញ​តួនាទី​ទាំងនោះ​។ លោក​បន្ត​ទៀត​ថា មិន​ត្រឹមតែ​គាំទ្រ​និង​សហការ​តែ​ប៉ុណ្ណោះ​ទេ តែ​ត្រូវ​ស្ដាប់​ព្រះរាជ​តម្រិះ(គំនិត​) របស់​ព្រះមហាក្សត្រ​ផង​ដែរ ក្នុង​ការ​បំពេញ​តួនាទី​របស់​ទ្រង់​ទាំងនោះ។

ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា​ប្រចាំ​ប្រទេស​ន័រវេស (Norway) លោក ម៉ែន ណាត សង្កេត​ឃើញ​ថា ព្រះរាជ​តួនាទី​របស់​ព្រះមហាក្សត្រ​មាន​ច្រើន ប៉ុន្តែ​លោក​ថា មិនសូវ​ឃើញ​ទ្រង់​បំពេញ​ហើយ ភាគច្រើន​ការងារ​ព្រះមហាក្សត្រ​ត្រូវ​លោក ហ៊ុន សែន មក​ធ្វើ​ជំនួស ។ លោក​យល់​ថា ការណ៍​ដែល​លោក ហ៊ុន សែន ព្យាយាម​ដណ្ដើម​ការងារ​ព្រះមហាក្សត្រ​ធ្វើ​បែប​នេះ​គឺ​អាច​ធ្វើ​ឱ្យ​បង្ក​ហានិភ័យ​ដល់​ជាតិ បែកបាក់​ជាតិ។ «»

រីឯ​ឧត្ដម​ទីប្រឹក្សា​ផ្ទាល់​នៃ​ព្រះមហាក្សត្រ​ធ្លាប់​បាន​លើកឡើង​ថា ព្រះរាជា​បច្ចុប្បន្ន​ដូចជាប់​ឃុំ​ក្នុង​វាំង​និង​មិន​អាច​ប្រើប្រាស់​ព្រះរាជ​សិទ្ធិ តួនាទី និង​ការទទួលខុសត្រូវ​សំខាន់ៗ ជាច្រើន ព្រោះ​ស្ថាប័ន​ពាក់ព័ន្ធ​របស់​រដ្ឋាភិបាល​មិនបាន​អនុវត្ត​ឲ្យ​ស្របតាម​រដ្ឋធម្មនុញ្ញ​ក្នុង​ការ​លើកស្ទួយ​ស្ថាប័ន​ព្រះមហាក្សត្រ​នោះ​ឡើយ។

ឧត្ដម​ទីប្រឹក្សា​ផ្ទាល់​នៃ​ព្រះមហាក្សត្រ លោក សឺន ស៊ូប៊ែរ្តិ៍ បញ្ជាក់​ថា អង្គ​ព្រះមហាក្សត្រ ព្រះបាទ​សម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី កុំថាឡើយ​កិច្ចការ​ដោះស្រាយ​បញ្ហា​ជាតិ​ធំៗ​សូម្បីតែ​សេរីភាព​ក្នុង​ការ​បំពេញ​ព្រះរាជកិច្ច​ដូចជា​គ្រាន់តែ​ចុះ​សួរសុខទុក្ខ​ប្រជារាស្ត្រ​នៅ​កន្លែង​ណា​ទៅតាម​ការ​សព្វព្រះរាជហឫទ័យ​របស់​ព្រះអង្គ​ក៏​ទ្រង់​មិន​អាច​ធ្វើ​បាន​ផង គឺ​ទ្រង់​មិន​ដែល​បាន​ទៅ​តាម​ព្រះទ័យ​លោក​នោះ​ទេ។ «»

ជុំវិញ​ការ​ឡើង​ទាំងនេះ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន អះអាង​ថា ទាំង​ព្រះមហាក្សត្រ​និង​រដ្ឋាភិបាល​បាន​អនុវត្ត​ត្រឹមត្រូវ​តាម​រដ្ឋធម្មនុញ្ញ​។ លោក​និយាយ​ទៀត​ថា ចំពោះ​ករណី​ដែល​ព្រះមហាក្សត្រ​អាច​ប្រើប្រាស់​ព្រះរាជ​សិទ្ធិ​បន្ធូរ​បន្ថយ​ទោស ឬ​លើកលែងទោស​លុះ​ត្រា​មាន​សំណើ​របស់​ប្រមុខ​រដ្ឋាភិបាល​នោះ គឺ​ព្រះមហាក្សត្រ​នៅ​តែ​មាន​ព្រះរាជ​សិទ្ធិ​សម្រេច ឬ​មិន​សម្រេច​ដដែល​។ លោក​ថា ចំពោះ​ការ​ស្នើ​របស់​នាយករដ្ឋមន្ត្រី​គឺជា​នីតិវិធី​ក្នុង​ការ​អនុវត្ត ត្បិត​នាយករដ្ឋមន្ត្រី​ជា​អ្នករាយការណ៍​លម្អិត​ជៀសវាង​មាន​ភាព​លម្អៀង ឬ​បញ្ហា​អ្វី​កើតឡើង​ក្រោយ​មាន​ការ​លើកលែង​ទោស។ «»

ព្រះបាទ​សម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ត្រូវ​បាន​ក្រុមប្រឹក្សារាជសម្បត្តិ ដែល​ក្នុង​នោះ​មាន​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ផង ជ្រើសតាំង​ជា​ព្រះមហាក្សត្រ​គ្រង​រាជសម្បត្តិ​កាលពី​ថ្ងៃ​ទី​២៨ ខែ​តុលា ឆ្នាំ​២០០៤ បន្ទាប់​ពី​ព្រះបិតា​របស់​ព្រះអង្គ​ដាក់រាជ្យ។

ព្រះមហាក្សត្រ​ទ្រង់​គ្រង​រាជសម្បត្តិ និង​មិន​កាន់អំណាច​ក្ដី រដ្ឋធម្មនុញ្ញ​ក៏​ចែង​ថា ព្រះមហាក្សត្រ​មាន​ព្រះរាជ​តួនាទី​សំខាន់ៗ​មួយ​ចំនួន​ដូចជា ព្រះ​អង្គជា​ឧត្ដមក្រុមប្រឹក្សា​នៃ​អង្គចៅក្រម ជា​ឧត្ដមក្រុមប្រឹក្សា​ការពារ​ជាតិ ពិសេស​ជាងនេះ​ទៅទៀត​នោះ នៅ​ពេល​ប្រទេស​មាន​បញ្ហា​ផ្នែក​នយោបាយ​ព្រះអង្គ​មាន​តួនាទី​ដ៏​ខ្ពង់ខ្ពស់​ជា​អាជ្ញាកណ្ដាល និង​រក្សា​សន្តិសុខ​សាធារណៈ ពីព្រោះ​ទ្រង់​ជា​និមិត្តរូប​នៃ​ឯកភាព​ជាតិ និរន្តរភាព​ជាតិ ហើយ​ទ្រង់​ជា​អ្នកធានា​ការ​គោរព​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ ការ​គោរព​សន្ធិសញ្ញា​អន្តរជាតិ​ជាដើម។

លោក ម៉ែន ណាត សង្កេត​ឃើញ​ថា អតីត​ព្រះមហាក្សត្រ សម្ដេច សីហនុ បាន​បំពេញ​ព្រះរាជកិច្ច​បាន​ច្រើន និង​ធ្លាប់​បាន​ដោះស្រាយ​វិបត្តិ​យោ​បាយ​បាន​ជោគជ័យ​ជា​ច្រើនដង​ផង​ដែរ​។ លោក ម៉ែន ណាត ស្នើ​ទៅ​ព្រះមហាក្សត្រ​សព្វថ្ងៃ​ផ្សះផ្សា​បញ្ហា​នយោបាយ​រវាង​គណ​បក្ស​កាន់អំណាច​និង​គណបក្សប្រឆាំង។ «»

ជុំវិញ​បញ្ហា​នយោបាយ​នេះ​ដែរ សមាគម​ខ្មែរ​នៅ​បរទេស​និង​កម្ពុជា​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​បារាំង​បាន​សរសេរ​លិខិត​មួយ​ច្បាប់​ទូល​ថ្វាយ​ទៅ​ព្រះមហាក្សត្រ​ធ្វើ​ព្រះរាជ​អន្តរាគមន៍ ដើម្បី​ឱ្យ​អ្នក​នយោបាយ​ផ្សះផ្សា​គ្នា​ឡើងវិញ​។ លិខិត​ចុះ​ថ្ងៃ​ទី​២៨ ខែ​តុលា លើកឡើង​ថា ជាច្រើន​ឆ្នាំ​មក​ហើយ​វិបត្តិ​នយោបាយ​រវាង​ខ្មែរ​និង​ខ្មែរ​កាន់តែ​ធ្ងន់ធ្ងរ​ទៅ​។ ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​រស់នៅ​ក្រោម​កា​រ​គៀប​សង្កត់​គ្មាន​សិទ្ធិ​សេរី​បញ្ចេញមតិ គ្មាន​ការងារ​ធ្វើ​ជាក់​លាក់ សរុបទៅ​ពលរដ្ឋ​គ្មាន​សន្តិភាព​ទាំង​ផ្លូវកាយ និង​ផ្លូវចិត្ត​។ ចំណែក​រដ្ឋាភិបាល​ខ្លាច​ពលរដ្ឋ​បញ្ចេញមតិ​រិះគន់​ក្រោក​ឡើង​ធ្វើ​បាតុកម្ម​។ សមាគម​ដដែល​ក៏​បាន​ទូល​ថ្វាយ​នូវ​សំណូមពរ​សូម​ព្រះរាជ​អន្តរាគមន៍ ដើម្បី​ឱ្យ​មាន​ជំនួប​នយោបាយ​ផ្សះផ្សា​ជាតិ​រវាង​លោកនាយ​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក សម រង្ស៊ី ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ដោះស្រាយ​ភាព​រាំង​ស្ទះ​ក្នុង​ការ​វិបត្តិ​ឆ្ពោះ​ទៅ​រក​ភាព​ជឿនលឿន​ដូច​ប្រទេស​ដទៃ តាម​ក្ដី​ប្រាថ្នា​ចង់បាន​របស់​រាស្ត្រ​គ្រប់ៗ​គ្នា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។